News — novel

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

គ្រួសារត្រកូលគូពិតជាចម្លែកណាស់! និពន្ធដោយ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប “រើសលឿនៗទៅ!” គូអ៊ីងយ៉ាងនិយាយបែបធុញទ្រាន់មកខ្ញុំ។  “បើធុញក៏ទៅវិញទៅ! ខ្ញុំចេះប្រាប់ផ្លូវស៊ីក្លូហើយ!” ខ្ញុំតបបែបមិនដឹងចំហាយបិសាចរបស់គូអ៊ីយ៉ាង កំពុងចង់ហោះមកស៊ីក្បាលខ្ញុំទៅហើយ។  ខ្ញុំកំពុងតែជ្រើមជ្រួលនឹងសម្លៀកបំពាក់នាសម័យនេះ ដែលនៅចំពោះមុខ។ “បើមានឱកាសត្រលប់ទៅវិញ ហើយបានយកឈុតនេះទៅតាម ខ្ញុំនឹងថតផុសលក់ដេញថ្លៃតែម្តង!” ខ្ញុំនិយាយបណ្តើរ សើចបណ្តើរម្នាក់ឯង។ “រួចហើយ! តោះ!” “អស់ឬនៅ?” គេងាកមកសួរមុននឹងឡើងឡាន។ “អស់ហើយ!” ចូលអង្គុយភ្លាម ខ្ញុំក៏នឹកឃើញរឿងសំខាន់មួយភ្លាម “អូ! ជីងជីងប្រាប់ខ្ញុំថាគ្រួសារលោកជាអ្នកនាំចូលនាឡិកាត្រូវដែរទេ? ខ្ញុំអាចសុំមួយបានដែរទេ? យកអាចាស់ៗក៏បានដែរ! ខ្ញុំអត់ទម្លាប់ពេលទៅណាអត់ដឹងម៉ោង។” មិនត្រឹមតែមិនតបទេ គេនៅបើកឡានទៅមុខធ្វើមិនដឹងទៀត។ អេ… ម្តុំនេះដូចធ្លាប់ស្គាល់! ខ្ញុំរកនឹកថា ទីនេះគឺនៅម្តុំណានៅឯសម័យថ្មី។ “ចង់នៅក្នុងនេះរហូតឬអី?” គេហៅខ្ញុំចុះ ព្រោះយើងមកដល់តាំងអង្កាល់ក៏មិនដឹង។ “នែ! ហៅចុះស្រួលបួលទៅប្រកាច់ឬអី?! អឺ… គឺថា ហៅចុះស្រួលៗក៏បាន…” ខ្ញុំកែពាក្យភ្លាម ព្រោះមិនចង់អោយគេចាប់កាច់កកប់នៅទីនេះ។ វោវ! ហាងនាឡិកាធំស្មើរហាងមាសទៅហើយ! មានគ្រប់ម៉ូតតែម្តង! “សួស្តីថៅកែតូច!” សម្លេងនារីម្នាក់ ស្លៀកពាក់បែបចិន ដើរមកអោនដាក់គូអ៊ីងយ៉ាង។ ខ្ញុំបានត្រឹមញញឹមដាក់នាង រួចដើរតាមគេទៅបន្ទប់មួយ។ “អូហូ! ស្អាតជាងនៅអ៊ីអនទៀតនេះ!” អ្នកនៅក្នុងបន្ទប់ស្ងាត់ ព្រោះមិនដឹងខ្ញុំនិយាយពីអី។ “អឺ… គឺថាស្អាត! ហិហិហិ…” ខ្ញុំងើបមុខឡើង និយាយកែសម្រួលពាក្យវិញ។  កំពុងតែសម្លឹងម៉ូតដែលត្រូវចិត្ត​ ដៃខ្ញុំក៏ត្រូវគូអ៊ីងយ៉ាងទាញទៅស៊កនាឡិកាអោយ។ “ពាក់មួយនេះហើយ!” ថារួចគេក៏អូសខ្ញុំចេញមក ហើយឡើងឡានទៅផ្ទះវិញ។ តាមផ្លូវមកវិញ ខ្ញុំរៀបសួរគេពីរឿងជាច្រើន តែពេលក្រឡេកឃើញគេមុខមាំស្ងៀមស្ងាត់ ខ្ញុំក៏លេបសំណួរចូលពោះវិញអស់… - “អូយ៎!” “ដើរមិនបើកភ្នែកទេឬយ៉ាងម៉េច?” “នែ! លោកដើរៗក៏ឈប់ឆ្ងក់! ខ្ញុំចាប់ហ្រ្វាំងម៉េចនឹងទាន់?!” ដើរសុខៗក៏ឈប់ ហើយនៅមកថាអោយគេទៀត! “ដើរតាមផ្លូវនេះទៅ រួចបត់ចុះជណ្តើរបន្តិច គឺដល់កន្លែងងូតទឹកហើយ។” គេចង្អុលប្រាប់ផ្លូវ។ “ចុះយប់នេះ ខ្ញុំគេងនៅឯណា?” “ហឹស?” គេលើកចញ្ចើមម្ខាង ទំនងចង់អោយខ្ញុំបញ្ជាក់សំណួរ។ “គឺថា… នេះបន្ទប់លោក! ចុះបន្ទប់ខ្ញុំ?” “នាងមកទីនេះជាឋានៈអ្វី?...” មិនត្រឹមតែនិយាយទេ គេនៅដើរមកជិត ហើយយកមុខសង្ហារៗគេមកជិតខ្ញុំទៀត។ “តិចថប់ដង្ហើមស្លាប់!” និយាយរួច គេថយចេញហើយដើរទៅបើកទ្វារបន្ទប់គេ។ “ចង់ដេកក្រៅបន្ទប់?...”...

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី២)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី២)

អាម៉ា ជាមនុស្សល្អទេតើ! អ្នកនិពន្ធ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប ខ្ញុំដើរមកវិញ រុញទ្វារថ្មមៗ ព្រោះខ្លាចភ្ញាក់មនុស្សម្នាក្នុងផ្ទះ។ កំពុងតែរុញទ្វារ ក៏មានពន្លឺភ្លើងចង្កៀងភ្លឺឡើង។ “សុំទោស! ខ្ញុំប្លែកភ្នែកពេក ទើបដើររៀងជ្រុល…” អាម៉ាដើរមកអង្គុយលើកៅអីឈើគាត់ ហើយនិយាយភាសាចិនម្នាក់ឯង ធ្វើអោយខ្ញុំបានត្រឹមធ្វើមុខឆ្ងល់។ “អាម៉ា! ម៉េចក៏ដូចជាចិត្តល្អដាក់ខ្ញុំម្ល៉េះ?” គាត់មិនបានតប ទើបខ្ញុំនិយាយបន្ត “ពេលខ្ញុំទៅដល់ទីនោះ ខ្ញុំអាចមកលេងអាម៉ាបានទេ? ខ្ញុំអាចដើរហើរបានទៀតទេ? គេនឹងធ្វើបាបខ្ញុំទេ? ខ្ញុំគ្រាន់តែទៅក្នុងនាមជាប្រពន្ធក្លែងក្លាយរបស់អាគាត់ជឺយាននោះទេត្រូវទេ? ពេលការងារចប់ ខ្ញុំនឹង​មានសេរីភាពវិញហើយត្រូវទេ?” ខ្ញុំសួរបែបមិនដកដង្ហើម។ អាម៉ាគាត់សម្លឹងមុខខ្ញុំហើយក៏និយាយសំលេងបែបស្រាលៗ៖ “កុំនិយាយភាសាប្លែកៗ!” ហើយគាត់ក៏ងើបឡើងរួចនិយាយបន្ត “ចូលដេកទៅ! យើងចេញទៅព្រឹកស្អែក ហើយខោអាវនៅលើតុ។” ខ្ញុំសម្លឹងមើលគាត់ដើរចូលក្នុងវិញ ហើយបានត្រឹមអង្គុយសម្លឹងភ្លើងចង្កៀង។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនដឹងថាខ្លួនឯងភ័យឬអត់ ពេលមកជួបរឿងបែបនេះ ព្រោះខ្ញុំគិតថាវាដូចនៅក្នុងក្តីស្រមៃនៅឡើយ។ ព្រោះអារឿងឆ្លងភពឆ្លងវេហានេះ វាមានតែក្នុងរឿងប៉ុណ្ណោះ។ ហើយម្យ៉ាង បើរកផ្លូវទៅវិញមិនបាន ខ្ញុំក៏ប្រហែលត្រូវចោលជីវិតនៅទីនេះ។ ខ្ញុំបារម្ភតែអ្នកនៅខាងនោះទេ។ មិនដឹងអ្នកផ្ទះដើររកខ្ញុំយ៉ាងណាខ្លះទេ។ តែពាក្យលា ក៏មិនបាននិយាយ… បងៗលក់តែបៃតង ឆ្ងល់យ៉ាងណាទៅ ពេលបាត់ម៉ូយដុំដូចខ្ញុំបែបនេះ! ហឹម... អាគាត់មុខស្អាត សម្លេងក្រុកក្រាក់ៗ ធ្វើអោយខ្ញុំស្ទុះងើបឡើងមក។ “ហូយ៎! ខ្ញុំភ័យសឹងស្លាប់!” “ដេកទ្រមក់បែបនេះ បើឯងទៅដល់គ្រួសារត្រកូលឈិន ឯងត្រូវគេវាយមិនខាន!” អាម៉ានិយាយមកបែបតឹងចិត្ត។  “នេះម៉ោងប៉ុន្មានហើយ អាម៉ា?” “៥ហើយ!” “អាម៉ា! ខ្ញុំសុំនាឡិកាមួយបានទេ? ខ្ញុំសុំអាចាស់ៗក៏បានដែរ គ្រាន់មានម៉ោងមើល។” “ចាំទៅសុំអ្នកនៅទីនោះទៅ! មាត់ឯងចឹងដឹងតែសុំបានហើយ។ ងូតទឹករៀបចំខ្លួនទៅ! បបរឆ្អិនហើយ។”  ក្លិនឈ្ងុយសាច់ជ្រូកលីងធ្វើអោយពោះខ្ញុំកូរគ្រូកៗ។ “អីយ៉ា! មានឃីនឆាយផង! អាម៉ានៅម្នាក់ឯងទេឬ? ចុះអាហ៊ាមុខកាចៗម្សិលម៉ិញ?” “ជៀកលឿនៗទៅ!” “ចា៎!” ពេលហូបបបរហើយ ខ្ញុំក៏លើកចានទៅលាង។ ខ្ញុំដើរចុះមកដល់ក្រោម ក៏ឃើញមានមនុស្សម្នាអ៊ូរអរ ហើយមានសុទ្ធតែកង់តាមដងផ្លូវ។ បើបានថតទុកមិនដឹងជាល្អយ៉ាងណា ព្រោះទូរស័ព្ទខ្ញុំ វាអស់ថ្មរលត់បាត់ទៅហើយ… អាម៉ាហៅស៊ីក្លូមកឈប់ រួចហៅខ្ញុំអោយឡើងអង្គុយ ហ្នឹងអាលបានទៅ។ ជិះបានរៀងឆ្ងាយគួរសម ខ្ញុំចាប់ផ្តើមដឹងហើយថា ខ្លួនឯងនៅម្តុំណា។ ស៊ីក្លូបានឈប់នៅមុខរោងកុនមនោរម្យ ដូចដែលអាម៉ាបានប្រាប់ពីម្សិល។ តាមពិត ទីនេះគឺនៅទល់មុខបេនឡានផ្សារដើមគរយើងហ្នឹង​ឯង! អាម៉ាហុចលុយអោយពូស៊ីក្លូ រួចគាត់ដើរឆ្លងមកផ្ទះមួយរៀងធំកាច់ជ្រុងម្ខាងទៀត ដែលមានអ្នកអង្គុយមុខផ្ទះសុទ្ធតែកាចៗ។...

Read more →

រឿង ខ្សែដៃរូបផ្កា (ភាគទី១)

Posted by Team GooShop on

រឿង ខ្សែដៃរូបផ្កា (ភាគទី១)

ខ្ញុំត្រលប់មករស់នៅក្នុងសម័យសង្គមរាស្រ្តនិយមឬ? អ្នកនិពន្ធ៖ ដំឡូង រក្សាសិទ្ធដោយ៖ ហ្គូសប សម្លេងកង្ហារមិនដឹងរលត់តាំងពីពេលណា តែអាកាសធាតុក៏មិនក្តៅ ព្រោះមេឃដូចជាចុះត្រជាក់ជាងធម្មតា។ ច្រមុះដែលមិនសមប្រកបនឹងភាពត្រជាក់ ធ្វើអោយខ្ញុំងើបមកទាំងមីងមាំង។ មិនទាន់ដឹងទិសតំបន់នៅឡើយ តែខ្ញុំដឹងច្បាស់ប្រហែលហាសិបភាគរយថា ខ្ញុំមិនបាននៅផ្ទះរបស់ខ្លួនឯងទេ។​ ពេលចាប់បានថាមានភាពមិនប្រក្រតីបែបនេះ ខ្ញុំក៏ប្រឹងស្ទុះឡើងមក បើកភ្នែកក្នុងភាពងងឹត ហើយព្យាយាមសម្លឹងរកកូនពន្លឺ ដើម្បីអោយស្ងប់ចិត្តបានខ្លះ។  ក្រឺងៗ ក្រឺងៗ… ម៉ោងរោទ៍ចេញពីទូរស័ព្ទដែលនៅក្នុងហោប៉ៅអាវក្រៅ បញ្ជាក់ថាម៉ោង៥ គឺជាពេលដែលខ្ញុំត្រូវងើបទៅធ្វើការដូចរាល់ដង។ ប៉ុន្តែ ថ្ងៃនេះគឺមិនមែនដូចសព្វដងទេ ព្រោះខ្ញុំមិនបាននៅគ្រែគេងរបស់ខ្លួនឯង។ មិនទាន់បានប្រមូលស្មារតីគ្រប់ផង ខ្ញុំចាប់អារម្មណ៏ថា នៅទីនេះមិនមានសេវាទេ។ មិនចាំយូរទៀតឡើយ ខ្ញុំត្រូវបើកពិលពីទូរស័ព្ទ រកច្រកចេញសិនទើបបាន។   រាជធានីភ្នំពេញ ឆ្នាំ១៩៥៧ ពេលចាំងពិលរកទ្វារឃើញ ខ្ញុំដើរលបៗមិនចង់បញ្ចេញសំលេង ព្រោះក្រែងលោដូចក្នុងរឿងចាប់ជំរិត មិនចង់អោយអ្នកយាមដឹង។ សម្លេងអ៊ូរអរដូចអាប៉ិកៗឆុងកាហ្វេ… លឺបែបនេះមិនបានធ្វើអោយខ្ញុំភ័យទៀតឡើយ​។ ខ្ញុំចាប់គន្លឹះទ្វារ រួចរុញដូចតួស្រីក្នុងរឿងដូច្នោះដែរ។ មិនអាចទេ! ខ្ញុំមិនអាចសុបិន្តបែបនេះឡើយ! អាប៉ិកៗនិងអាម៉ាៗ ដែលកំពុងរៀបចំតៀមកាហ្វេរបស់គាត់ កំពុងសម្លឹងមកខ្ញុំមិនដាក់ភ្នែក។ ខ្ញុំដើរចេញមក ហើយសម្លឹងរកមើលកន្លែងដែលអាចអោយខ្ញុំដឹងបានថា​ តើខ្ញុំកំពុងនៅម្តុំណាអោយប្រាកដ។ មនុស្សម្នាដែលកំពុងរៀបចំបើកតូបលក់ មើលមកខ្ញុំដូចប្លែកៗ។ ខ្ញុំដើររហូតដល់កន្លែងមួយ ហើយឈប់ឆ្កឹង ព្រោះមិនទាន់ជឿថា ខ្ញុំអាចយល់សុបិន្តក្នុងទិដ្ឋភាពបែបនេះ។  ផ្សារធំថ្មី! មិនខុសទេ! ខ្ញុំកំពុងនៅមុខផ្សារធំថ្មី ក្នុងសភាពពីសម័យសង្គមរាស្រ្តនិយម។ "ក្មួយ!" សម្លេងមួយបន្លឺឡើងជិតខ្ញុំ តែដោយភាពកំពុងរន្ធត់ ខ្ញុំបានត្រឹមតែងាកសម្លឹងគាត់ ដោយភាពសង្ស័យខ្លួនឯង ព្រោះខ្ញុំរាងប្រាកដបន្តិចហើយថា នេះមិនមែនសុបិន្តទៀតទេ។ ខ្ញុំរេភ្នែកចំកញ្ចក់ហាងកាត់វែនតាមួយ រួចសម្លឹងមើលជើងខ្លួនឯង។ ទេ… នៅមានជើងតាស៎! មិនទាន់ស្លាប់ឯណា! មុខក៏នៅដដែល ពណ៌សក់ក៏មិនបានប្រែ ខោខ្លីអាវយឺតក៏មិនបានប្តូរ។ មិនអាចអោយចម្ងល់នៅក្នុងខួរបានយូរទេ ខ្ញុំដើរចូលក្នុងហាងភ្លាម។ "សួស្តីអ៊ំ!" ម្ចាស់ហាងគាត់ធ្វើមុខបែបរាងផ្អើលៗដាក់ខ្ញុំ តែគាត់នៅមិនទាន់និយាយ ទើបខ្ញុំនិយាយបន្ត "អ៊ំ! ខ្ញុំសុំសួរបន្តិច។ ថ្ងៃនេះជាថ្ងៃទីប៉ុន្មានដែរ?" "ថ្ងៃទី១៣… បារាំងអីនិយាយខ្មែរច្បាស់ម្ល៉េះ!" "ខ្មែរទេអ៊ំ!" អ៊ំធ្វើមុខដូចស្រាយចម្ងល់ រួចគាត់បន្ត៖ "ឃើញសក់ក្រហមៗស្មានតែពួកបារាំងសែស!" "លាបទេអ៊ំ! ថ្ងៃ១៣ ហើយឆ្នាំប៉ុន្មានដែរអ៊ំ?"  "ថ្ងៃ១៣ ខែ៧ ឆ្នាំ១៩៥៧" “ហាក៎!!!” ស្លុត! មិនមែនតែខ្ញុំទេដែលផ្អើល សូម្បីអ៊ំម្ចាស់ហាងក៏គាត់ចង់រត់...

Read more →


Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS