រឿង ខ្សែដៃរូបផ្កា (ភាគទី៣)

Posted by Team GooShop on

គ្រួសារត្រកូលគូពិតជាចម្លែកណាស់!

និពន្ធដោយ៖ ដំឡូង
រក្សាសិទ្ធដោយ៖ ហ្គូសប

“រើសលឿនៗទៅ!” គូអ៊ីងយ៉ាងនិយាយបែបធុញទ្រាន់មកខ្ញុំ។ 

“បើធុញក៏ទៅវិញទៅ! ខ្ញុំចេះប្រាប់ផ្លូវស៊ីក្លូហើយ!” ខ្ញុំតបបែបមិនដឹងចំហាយបិសាចរបស់គូអ៊ីយ៉ាង កំពុងចង់ហោះមកស៊ីក្បាលខ្ញុំទៅហើយ។ 

ខ្ញុំកំពុងតែជ្រើមជ្រួលនឹងសម្លៀកបំពាក់នាសម័យនេះ ដែលនៅចំពោះមុខ។

“បើមានឱកាសត្រលប់ទៅវិញ ហើយបានយកឈុតនេះទៅតាម ខ្ញុំនឹងថតផុសលក់ដេញថ្លៃតែម្តង!” ខ្ញុំនិយាយបណ្តើរ សើចបណ្តើរម្នាក់ឯង។

“រួចហើយ! តោះ!”

“អស់ឬនៅ?” គេងាកមកសួរមុននឹងឡើងឡាន។

“អស់ហើយ!” ចូលអង្គុយភ្លាម ខ្ញុំក៏នឹកឃើញរឿងសំខាន់មួយភ្លាម “អូ! ជីងជីងប្រាប់ខ្ញុំថាគ្រួសារលោកជាអ្នកនាំចូលនាឡិកាត្រូវដែរទេ? ខ្ញុំអាចសុំមួយបានដែរទេ? យកអាចាស់ៗក៏បានដែរ! ខ្ញុំអត់ទម្លាប់ពេលទៅណាអត់ដឹងម៉ោង។”

មិនត្រឹមតែមិនតបទេ គេនៅបើកឡានទៅមុខធ្វើមិនដឹងទៀត។

អេ… ម្តុំនេះដូចធ្លាប់ស្គាល់!

ខ្ញុំរកនឹកថា ទីនេះគឺនៅម្តុំណានៅឯសម័យថ្មី។

“ចង់នៅក្នុងនេះរហូតឬអី?” គេហៅខ្ញុំចុះ ព្រោះយើងមកដល់តាំងអង្កាល់ក៏មិនដឹង។

“នែ! ហៅចុះស្រួលបួលទៅប្រកាច់ឬអី?! អឺ… គឺថា ហៅចុះស្រួលៗក៏បាន…” ខ្ញុំកែពាក្យភ្លាម ព្រោះមិនចង់អោយគេចាប់កាច់កកប់នៅទីនេះ។

វោវ! ហាងនាឡិកាធំស្មើរហាងមាសទៅហើយ! មានគ្រប់ម៉ូតតែម្តង!

“សួស្តីថៅកែតូច!” សម្លេងនារីម្នាក់ ស្លៀកពាក់បែបចិន ដើរមកអោនដាក់គូអ៊ីងយ៉ាង។

ខ្ញុំបានត្រឹមញញឹមដាក់នាង រួចដើរតាមគេទៅបន្ទប់មួយ។

“អូហូ! ស្អាតជាងនៅអ៊ីអនទៀតនេះ!”

អ្នកនៅក្នុងបន្ទប់ស្ងាត់ ព្រោះមិនដឹងខ្ញុំនិយាយពីអី។

“អឺ… គឺថាស្អាត! ហិហិហិ…” ខ្ញុំងើបមុខឡើង និយាយកែសម្រួលពាក្យវិញ។ 

កំពុងតែសម្លឹងម៉ូតដែលត្រូវចិត្ត​ ដៃខ្ញុំក៏ត្រូវគូអ៊ីងយ៉ាងទាញទៅស៊កនាឡិកាអោយ។

“ពាក់មួយនេះហើយ!” ថារួចគេក៏អូសខ្ញុំចេញមក ហើយឡើងឡានទៅផ្ទះវិញ។

តាមផ្លូវមកវិញ ខ្ញុំរៀបសួរគេពីរឿងជាច្រើន តែពេលក្រឡេកឃើញគេមុខមាំស្ងៀមស្ងាត់ ខ្ញុំក៏លេបសំណួរចូលពោះវិញអស់…

-

“អូយ៎!”

“ដើរមិនបើកភ្នែកទេឬយ៉ាងម៉េច?”

“នែ! លោកដើរៗក៏ឈប់ឆ្ងក់! ខ្ញុំចាប់ហ្រ្វាំងម៉េចនឹងទាន់?!”

ដើរសុខៗក៏ឈប់ ហើយនៅមកថាអោយគេទៀត!

“ដើរតាមផ្លូវនេះទៅ រួចបត់ចុះជណ្តើរបន្តិច គឺដល់កន្លែងងូតទឹកហើយ។” គេចង្អុលប្រាប់ផ្លូវ។

“ចុះយប់នេះ ខ្ញុំគេងនៅឯណា?”

“ហឹស?” គេលើកចញ្ចើមម្ខាង ទំនងចង់អោយខ្ញុំបញ្ជាក់សំណួរ។

“គឺថា… នេះបន្ទប់លោក! ចុះបន្ទប់ខ្ញុំ?”

“នាងមកទីនេះជាឋានៈអ្វី?...” មិនត្រឹមតែនិយាយទេ គេនៅដើរមកជិត ហើយយកមុខសង្ហារៗគេមកជិតខ្ញុំទៀត។

“តិចថប់ដង្ហើមស្លាប់!” និយាយរួច គេថយចេញហើយដើរទៅបើកទ្វារបន្ទប់គេ។

“ចង់ដេកក្រៅបន្ទប់?...” គេសួរមក

ខ្ញុំមិនតប បានត្រឹមដើរចូលតាមគេ។

-

ខ្ញុំដេកសម្លឹងមើលមនុស្សស្រីចំណូលថ្មីទាំងអារម្មណ៍ប្លែកៗ។ ខ្ញុំមិនដឹងថាហេតុអ្វីខ្ញុំមិនប្រកែកថា មិនព្រមទទួលយកនាងមកពាក់ព័ន្ធនឹងគ្រួសារយើង។

“តែបៃតងទឹកដោះគោមួយ…”

“ម៉ាក់…”

សម្លេងរអ៊ូរង៉ូវៗចេញពីមាត់នាង នៅពេលនាងគេងលង់លក់ កាន់តែធ្វើអោយខ្ញុំចង់ដឹងថានាងមកពីណា ព្រោះសូម្បីអាម៉ាក៏មិនព្រមប្រាប់ ទាំងដែលអាម៉ាមិនដែលលាក់ខ្ញុំសូម្បីមួយរឿង។

“កុំបើកកង្ហារមើស៎!” នាងនិយាយទាំងរួញខ្លួន។

ខ្ញុំដើរទៅទាញបង្អួចបិទ ហើយយកភួយគ្របអោយនាង។ ទំនងនៅទីនេះត្រជាក់ពេក ទើបនាងសម្របមិនបាន។ 

-

“ហាច់ឈីស! ហាច់ឈីស! អូយ៎… ម៉ែអើយ! ឈឺច្រមុះណាស់… ម៉ាក់! ឯណាថ្នាំបាញ់ច្រមុះខ្ញុំ?” ខ្ញុំស្រែក ដៃរាវរកដបថ្នាំបាញ់ច្រមុះ។

អេ?... ដៃខ្ញុំប៉ះស្អីនេះ?! ទន់ៗដូចសាច់មនុស្ស…

“អា៎៎!!! មនុស្ស!!!”

“នាងចង់ស្រែកអោយផ្អើលដល់ចុងភូមិឬយ៉ាងម៉េច?!” ជាសម្លេងគូអ៊ីងយ៉ាងគ្រងួរៗ។

ខ្ញុំបានត្រឹមងើបអង្គុយឆ្ងក់ ព្រោះភ្លេចថាខ្លួនមិនបាននៅផ្ទះ។

ត្រូវហើយ! នេះជាថ្ងៃទី២ទៅហើយ ដែលខ្ញុំមកនៅទីនេះ។

“សូមទោស!” ខ្ញុំបានត្រឹមអោនមុខនិយាយសូមទោស។

តែតាមពិតទៅ អាការដែលអោនមុខនេះ គឺខ្ញុំមិនចង់ព្រឈមភ្នែកនឹង 6PACKS របស់គូអ៊ីងយ៉ាងទៅវិញទេ។

លោកអើយ! ចេះដេកដោះអាវទៅកើត!

“ខ្ញុំទៅងូតទឹកហើយ!” ខ្ញុំនិយាយរួច រត់ចុះពីលើគ្រែបើកទ្វារ។ 

“ឈប់!” គេងាកមកស្រែកអោយខ្ញុំឈប់។

“មិនយកអីទៅផ្លាស់ទេ?”

“ភ្ល-ភ្លេច!”

គូអ៊ីងយ៉ាងសម្លឹងមើលរាងតូចៗរត់ទៅ ព្រមទាំងរអ៊ូខ្សឹបម្នាក់ឯង។

“ស្អីគេ?! តែបៃតងទឹកដោះគោ!” និយាយរួច គេងើបរៀបចំគ្រែ ហើយដើរទៅរៀបចំខ្លួនដែរ។

ថៅកែស្រី

“អរុណសួស្តីបងហួយ! អរុណសួស្តីថៅកែតូច!” ជីងជីងនិយាយទាំងមុខញញឹម សឹងរហែកមាត់ទៅហើយ។

“វោវ! ខជើងជ្រូក!” គ្រាន់តែឃើញអាហារព្រឹកនេះភ្លាម ក្រពះខ្ញុំរមួលសឹងព័ន្ធគ្នាទៅហើយ។

“ឯណាថៅកែធំ?” គូអ៊ីងយ៉ាងងាកទៅសួរអ្នកបម្រើប្រុសម្នាក់ ទំនងជាមេការនៅទីនេះ។

“ថៅកែធំប្រាប់ថា គាត់ត្រូវទៅចិនវិញ។ គាត់នឹងមកវិញខែក្រោយឬ២ខែទៀត ជាមួយលោកស្រីនិងលោកស្រីធំតែម្តង!” អ្នកបម្រើស្ងាត់បន្តិចហើយគេបន្ត “ចំណែកឯអ្នកប្រុសជឺយាន…”

“ខ្ញុំមិនចង់ដឹងទេ!” គូអ៊ីងយ៉ាងនិយាយកាត់។

“ជីងជីង!” ខ្ញុំហៅនាងតូច។

“ត្រូវការបបរថែមមែនទេ?” ក្មេងតូចរត់មកជិតកៅអីខ្ញុំអង្គុយ។ 

“អត់ទេ!” ខ្ញុំប្រកែក។ ខ្ញុំហៅព្រោះចង់ដឹងរឿងខនេះទៅវិញទេ “តែខនេះ អ្នកណាធ្វើដែរ?”

“ម៉ាក់ខ្ញុំអ្នកធ្វើ។ មិនឆ្ងាញ់ឬបង?” នាងនិយាយទំនងធ្វើមុខភ័យៗ។

“អត់ទេ! តែថ្ងៃក្រោយអោយគាត់ខជាមួយខ្ញីបានដែរទេ?” នាងធ្វើមុខមិនយល់ទើបខ្ញុំបន្ថែម “អឺ… ចេះវិញ! ចាំញុំារួច នាំបងទៅជួបម៉ាក់អូនផងណា! បងចង់ប្រាប់គាត់ផ្ទាល់!”

“ចា៎!” ជីងជីងនិយាយទាំងមុខមិនយល់។

“លោក!” ខ្ញុំងាកទៅនិយាយជាមួយគូអ៊ីងយ៉ាង។

“ខ្ញុំត្រូវធ្វើអី? មានអីអោយខ្ញុំធ្វើដែរទេ?” 

“មាន…” គេនិយាយរួចងាកខ្លួនមួយចំហៀង យកដៃម្ខាងមកកាន់កៅអីខ្ញុំ “ប្រពន្ធខ្ញុំ!”

“ហា៎!” ខ្ញុំនិយាយលឺ ព្រោះភាំងនឹងពាក្យគេនិយាយ។

និយាយហើយគេងើបទៅបាត់ ទុកអោយជីងជីងនិងអ្នកបម្រើប្រុសនោះឈរសើច។

“លោកឈ្មោះអីដែរ?” ខ្ញុំងាកទៅសួរអ្នកបម្រើប្រុសនោះ។

“ហៅខ្ញុំ មេការហ្វុង។”

“អូ៎! សួស្តីមេការហ្វុង!”

“អ្នកនាងគួរស្តាប់ថៅកែតូច កុំចចេះដាក់គាត់។ ព្រោះគាត់មិនងាយមកអង្គុយអោយពួកខ្ញុំឃើញបែបនេះទេ។” និយាយរួច គេដើរចុះទៅក្រោមទំនងទៅតាមថៅកែតូចគេ។

“ជីងជីង! នៅទីនេះមានអីអោយបងធ្វើបានដែរទេ?”

“ខ្ញុំអត់ហ៊ានទេ! បងសួរថៅកែតូចម្តងទៀតទៅ! ខ្ញុំប្រមូលចានសិនហើយ!”

“ចាំបងជួយ!”

“កុំៗ… បើបងមិនចង់អោយថៅកែតូចវាយខ្ញុំទេ កុំជួយខ្ញុំអី!”

“គេធ្លាប់វាយឯងហ៎?” ខ្ញុំសួរទាំងភ័យ។

“អត់ទេ! ខ្ញុំចេះតែនិយាយទៅ…”

“ឯងនេះ! បងខំតែភ័យ!”

ខ្ញុំបានត្រឹមដើរចុះឡើងៗទៅមកៗ រហូតដើរដល់ផ្ទះបាយ។ ខ្ញុំឃើញអ៊ំស្រីវ័យចំណាស់ម្នាក់កំពុងអង្គុយចិតបន្លែ ទំនងទុកធ្វើម្ហូបថ្ងៃត្រង់។

“នេះគឺ…” គាត់រៀបនឹងរកសួរ។

“បងស្រីគាត់ឈ្មោះហួយ ប្រពន្ធថៅកែតូចណាម៉ាក់!” ជីងជីងនិយាយ ព្រមទាំងបន្តបុកសណ្តែកដី។ 

“ថៅកែស្រីមានអ្វីត្រូវអោយខ្ញុំធ្វើបន្ថែមទៀតមែនទេ?”

“អត់… អត់មានទេ​! ហៅខ្ញុំហួយបានហើយ!” ខ្ញុំបដិសេធរួចនិយាយបន្ត “មានអ្វីអោយខ្ញុំជួយដែរទេ?”

“អត់មានទេ! អ្នកនាងទៅអង្គុយលេងចុះ!”

“ខ្ញុំជួយចិតបន្លែល្អដែរទេ?” ខ្លាចថាគាត់ប្រកែកទៀត ខ្ញុំទៅយកកូនកំបិតមកជួយចិតគាត់។

ស្រាប់តែចិតៗ គាត់ក៏ឈប់ចិតហើយងើបឈរអោនមុខចុះ។

“អ្នកណាអោយនាងមកទីនេះ?” គូអ៊ីងយ៉ាងឈរនិយាយពីមាត់ទ្វារមក។

“ខ្ញុំអត់មានអីធ្វើ! ខ្ញុំអផ្សុក! គ្រាន់តែមកជួយក៏មិនបានឬអីនេះ?!”

“ចង់ធ្វើអីត្រូវទេ?”

“មែន!” ខ្ញុំនិយាយទាំងខឹងផងអីផង។

អាឆ្កួតនេះ! គ្រាន់តែចឹងសោះមកឈរស្រែក ដូចនរណាធ្វើអីធ្ងន់ធ្ងរចឹង!
“មកនេះ!” គេមិនត្រឹមតែនិយាយ នៅចាប់ដៃខ្ញុំអូសឡើងទៅលើ រុញខ្ញុំអោយដួលលើគ្រែគេមួយទំហឹង។

“នែ! ឈឺ!... ធ-ធ្វើ-ធ្វើអី?!”

គូអ៊ីងយ៉ាងយកដៃលាត់អាវគេឡើង ដើរអោនមកទ្រោបខ្ញុំសឹងថប់ដង្ហើមទៅហើយ។
“នាងអ្នកនិយាយខ្លួនឯងទេថា ចង់ធ្វើអីព្រោះអផ្សុក! ខ្ញុំបានតឿនហើយថាស្អីក៏មិនបាច់ធ្វើដែរ តាំងពីព្រឹក!”

គេចាប់ចង្ការខ្ញុំងើយឡើង អោនមកថើបភ្លាមៗ រហូតខ្ញុំខំរើសឹងជ្រុះកពីក្បាល។

“បើនៅតែរើ ធានាថាមិនបញ្ចប់ត្រឹមថើប!” គូអ៊ីងយ៉ាងញោចមាត់សើច ហើយគំរាម។

“លែង!... ខ្ញុំមករកមើលស្រីវា!” សម្លេងឡូឡាបន្លឺឡើងនៅក្រៅបន្ទប់ ព្រមទាំងមានកំលាំងរុញទ្វារបន្ទប់អោយបើក។

រូបភាពនៅពេលនេះគឺ បើទោះជាប្រាប់ថាមិនបានធ្វើអី ក៏គេមិនជឿដែរ!

ខ្ញុំបានត្រឹមងាកមុខចេញ រួចប្រឹងរុញគូអ៊ីងយ៉ាងអោយងើបឡើង។

“អឺ… យើងថាយើងមិនបាច់ចង់ដឹងទៀតទេ… បង្ហើយចុះ! យើងទៅចាំនៅខាងក្រោម…” ថារួចគេម្នាក់នោះដើរចេញព្រមទាំងបិទទ្វារថ្មមៗ។

“គេគឺ...” ខ្ញុំប្រឹងប្រមូលស្មារតី ងាកទៅចង្អុលទ្វារ។

“អ៊ីសឹង!” ថារួច គូអ៊ីងយ៉ាងក៏ដើរចេញទៅតាមបុរសអំបាញ់មិញ។

-

ថ្ងៃនេះមនុស្សម្នាច្រើនខុសពីធម្មតានៅក្នុងផ្ទះ។ ខ្ញុំក៏ចុះជណ្តើរទៅមើល។

“អ្នកនាងឡើងទៅវិញទៅ! គ្រោះថ្នាក់ណាស់!” មេការហ្វុងនិយាយបែបដង្ហក់។

“មានរឿងអី?”

“ពួកអាកាងបនល្បែងនៅម្តុំផ្សារមករករឿង ទើបមានការប៉ះគ្នាខ្លះ។”

“គ្រូពេទ្យប្រចាំ គាត់ទៅស្រុកបាត់ហើយ!” អ្នកបម្រើក្នុងផ្ទះម្នាក់រត់ពីក្នុងមក ត្រហេបត្រហបនិយាយទៅកាន់មេការហ្វុង។

មនុស្សប្រុស២នាក់ ក្រៀកបុរសម្នាក់ទៀតសុទ្ធតែឈាម ដូចទើបត្រូវគ្រាប់ហើយ។

“ចុះថៅកែតូច?” មេការហ្វុងសួរយ៉ាងរហ័ស។

“មិននៅទេ!”

“ខ្ញុំចេះវះគ្រាប់ចេញ!” ខ្ញុំស្នើរជួយភ្លាម។

“អ្នកនាងចេះឬ?”

“ចេះ! ខ្ញុំធ្លាប់រៀនពេទ្យ!”

“ធ្លាប់រៀន?” មេការហ្វុងធ្វើមុខភ័យលើសបុរសដែលត្រូវគ្រាប់ទៀត។

“ធ្លាប់! តែខ្ញុំអាចវះបាន! កុំភ័យ!” និយាយរួច ខ្ញុំក៏រត់តាមមេការហ្វុងនិងអ្នកត្រូវគ្រាប់ទៅជាន់ទី២។

“មានអាកុលទេ?”

“នេះ!” ថារួច ប្រុសម្នាក់ក៏ហុចដបអោយខ្ញុំ។

“ចុះថ្នាំបំបាត់ការឈឺចាប់?”

“គ្មានទេ…”

“ម៉េចមិននាំទៅពេទ្យ?” ខ្ញុំសួរទាំងចង់ដឹង។

“មានរឿងបែបនេះ ថៅកែតូចផ្តាំថា ហាមនាំទៅ! ព្រោះយ៉ាងណាយើងក៏មានពេទ្យប្រចាំផ្ទះ។ ហើយបើពេទ្យមិននៅ ក៏ថៅកែតូចអាចធ្វើបាន។”

ដៃដែលកំពុងចាប់កាំបិតសម្រាប់វះគ្រាប់ក៏ចាប់ផ្តើមញ័រ ព្រោះដូចមានចំហាយខ្យល់ដង្ហើមធ្លាប់ស្គាល់មកម្តុំកញ្ចឹងក។

“អ្នកណាអោយហៅថៅកែស្រីមក?”

“ថៅកែតូច!!!” មេកា​រហ្វុងនិងអ្នកនៅក្នុងបន្ទប់ នាំគ្នាភ័យជាងបុរសដែលត្រូវគ្រាប់ទៅទៀត។

“គឺថា…” មេការហ្វុងចាប់ផ្តើមនិយាយរដាក់រដុបឡើងមក “គ្រូពេទ្យមិននៅ! ទើបថៅកែស្រីគាត់មកជួយ…”

ខ្ញុំងាកទៅសម្លក់គូអ៊ីយ៉ាងរួចថា៖

“គ្រាន់តែមកជួយវះគ្រាប់នេះ ខុសស្អីណាស់ណាទៅ?!”

“ខុស! តួនាទីរបស់នាងនៅទីនេះមិនមែនជាពេទ្យ! ចង់អោយខ្ញុំបញ្ជាក់គ្រប់គ្នានៅលើគ្រែនេះទេ?!” ថារួច គេឆក់យកកំបិតវះគ្រាប់ពីខ្ញុំ ហើយងាកទៅសួរបុរសដែលត្រូវគ្រាប់។

“ទ្រាំរួចទេ?” បុរសនោះបានត្រឹមខាំកន្សែងហើយងក់ក្បាល។

បើតាមមើលស្ថានភាពទៅ ថៅកែតូចគេនេះហើយជាថ្នាំស្ពឹកដ៏ល្អបំផុត​!

-

“អ្នកណាជាអ្នកបញ្ជាពួកនោះមក?” គូអ៊ីងយ៉ាងសួរទាំងភ្នែកបិទ ដូចកំពុងប៉ានស្មានចម្លើយពីមាត់កូនចៅរបស់គេ។

“គ្នាវាម្នាក់ថា ទទួលបញ្ជាពីអ្នកប្រុសជឺយាន!”

“បងប្រុសខ្ញុំ បើទោះគាត់ស្អប់ខ្ញុំរឿងដណ្តើមតំណែងរបស់គាត់ ក៏គាត់មិនធ្វើរឿងល្ងីល្ងើកូនក្មេងបែបនេះដែរ!” គូអ៊ីងយ៉ាងនិយាយឡើង ដូចដឹងច្បាស់ពីចរឹករបស់បងប្រុសរបស់គេ។

គេនិយាយរួចងើបឡើងដើរទៅក្រៅ ហើយបើកឡានទៅបាត់…

-

វាលស្មសាន សម្បូរដោយផ្នូរតម្រៀបជួរគ្នា មានផ្លាកនៅពីមុខ​។ មានផ្នូរខ្លះក៏ដូចមានអ្នកទើបនឹងសែនរួច ខ្លះក៏សល់តែសំបកចានដូចត្រូវបានទុកចោលជាយូរ ហើយខ្លះទៀតក៏មានផ្កាលើនោះ។ បុរសម្នាក់ក្នុងឈុតពណ៌ស ឈរកាន់នំពងទានិងទឹកតែមួយប៉ាន់ រួចលុតជង្គង់ចុះ។ កំពុងតែចាក់តែលើពែង ក៏មានស្រមោលមួយកាន់ឆ័ត្រមកជាមួយផង។

“បន្តិចទៀតមេឃនឹងភ្លៀង!”

គេមិនបានចាប់អារម្មណ៍​នឹងជនដែលកាន់ឆ័ត្រនោះទេ។ គេនៅចាក់តែបន្ត រួចក៏និយាយ៖

“ម៉ាក់! ខ្ញុំមកលេង…” មើលតាមទឹកមុខដ៏កាចរបស់គេ មិនសមណាគេមកទន់ជ្រាយ នៅក្នុងស្ថានភាពបែបនេះសោះ។

“មានគេទៅរករឿងនៅបនល្បែងធំថ្ងៃនេះ…” គូអ៊ីងយ៉ាងដែលកាន់ឆ័ត្រក៏ទាញមកបិទ ហើយនិយាយបន្ត “គ្នាខ្ញុំម្នាក់ត្រូវគ្រាប់ ហើយខ្លះទៀតរបួសធ្ងន់។ ខ្ញុំដឹងថាមិនមែនហ៊ា…”

គេស្ងាត់រួចនិយាយបន្ត៖

“ខ្ញុំចង់ពឹងហ៊ាជួយខ្ញុំរកពួកនោះ។”

“សមត្ថភាពឯងមិនមែនរកមិនបាន។” គូជឺយាននិយាយទាំងដែលភ្នែកសំលឹងលើផ្លាកផ្នូរ។

“ខ្ញុំរកបានតែយូរ… ម្យ៉ាងខ្ញុំគិតថាបងចាប់អារម្មណ៍ក្នុងការរកពួកនោះ ព្រោះវាជាគ្នាតែមួយដែលធ្វើអោយម៉ាក់ធំស្លាប់។”

“យើងប្រាប់ថាកុំរំលឹក!” គូរជឺយាននិយាយ រួចងើបទៅដាល់គូអ៊ីងយ៉ាងរហូតដល់ដួល។

“ហ៊ាចង់ឈប់ដល់ពេលណា? ខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនជាដើមហេតុ!” គូអ៊ីងយ៉ាងតបហើយងើបដាល់គូជឺយានវិញ។

ពួកគេវាយគ្នារហូតហត់រាងៗខ្លួន ហើយដេកលើស្មៅជិតផ្នូរម្តាយរបស់ជឺយាន​។ ស្ងាត់បន្តិច គូជឺយានក៏ងើបឡើង រួចបោះពាក្យទៅគូអ៊ីងយ៉ាងថា៖

“មិនមែនយើងមិនដឹងនរណាធ្វើ គ្រាន់តែយើងមិនចង់អោយវាដឹងមុន។” គេដើរទៅមុខពីរទៅបីជំហាន គេក៏ងាកមកបន្ថែម “ប្រយ័ត្នស្រីឯងផង! ប្រយ័ត្នដូច យានអឺ…”

ថាហើយ គេក៏ដើរចេញទៅ…

 

អានភាគទី៤

Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS