រឿង ខ្សែដៃរូបផ្កា (ភាគទី១)

Posted by Team GooShop on

ខ្ញុំត្រលប់មករស់នៅក្នុងសម័យសង្គមរាស្រ្តនិយមឬ?

អ្នកនិពន្ធ៖ ដំឡូង
រក្សាសិទ្ធដោយ៖ ហ្គូសប

សម្លេងកង្ហារមិនដឹងរលត់តាំងពីពេលណា តែអាកាសធាតុក៏មិនក្តៅ ព្រោះមេឃដូចជាចុះត្រជាក់ជាងធម្មតា។ ច្រមុះដែលមិនសមប្រកបនឹងភាពត្រជាក់ ធ្វើអោយខ្ញុំងើបមកទាំងមីងមាំង។ មិនទាន់ដឹងទិសតំបន់នៅឡើយ តែខ្ញុំដឹងច្បាស់ប្រហែលហាសិបភាគរយថា ខ្ញុំមិនបាននៅផ្ទះរបស់ខ្លួនឯងទេ។​ ពេលចាប់បានថាមានភាពមិនប្រក្រតីបែបនេះ ខ្ញុំក៏ប្រឹងស្ទុះឡើងមក បើកភ្នែកក្នុងភាពងងឹត ហើយព្យាយាមសម្លឹងរកកូនពន្លឺ ដើម្បីអោយស្ងប់ចិត្តបានខ្លះ។ 

ក្រឺងៗ ក្រឺងៗ…

ម៉ោងរោទ៍ចេញពីទូរស័ព្ទដែលនៅក្នុងហោប៉ៅអាវក្រៅ បញ្ជាក់ថាម៉ោង៥ គឺជាពេលដែលខ្ញុំត្រូវងើបទៅធ្វើការដូចរាល់ដង។ ប៉ុន្តែ ថ្ងៃនេះគឺមិនមែនដូចសព្វដងទេ ព្រោះខ្ញុំមិនបាននៅគ្រែគេងរបស់ខ្លួនឯង។ មិនទាន់បានប្រមូលស្មារតីគ្រប់ផង ខ្ញុំចាប់អារម្មណ៏ថា នៅទីនេះមិនមានសេវាទេ។ មិនចាំយូរទៀតឡើយ ខ្ញុំត្រូវបើកពិលពីទូរស័ព្ទ រកច្រកចេញសិនទើបបាន។

 

រាជធានីភ្នំពេញ ឆ្នាំ១៩៥៧

ពេលចាំងពិលរកទ្វារឃើញ ខ្ញុំដើរលបៗមិនចង់បញ្ចេញសំលេង ព្រោះក្រែងលោដូចក្នុងរឿងចាប់ជំរិត មិនចង់អោយអ្នកយាមដឹង។ សម្លេងអ៊ូរអរដូចអាប៉ិកៗឆុងកាហ្វេ… លឺបែបនេះមិនបានធ្វើអោយខ្ញុំភ័យទៀតឡើយ​។ ខ្ញុំចាប់គន្លឹះទ្វារ រួចរុញដូចតួស្រីក្នុងរឿងដូច្នោះដែរ។

មិនអាចទេ! ខ្ញុំមិនអាចសុបិន្តបែបនេះឡើយ!

អាប៉ិកៗនិងអាម៉ាៗ ដែលកំពុងរៀបចំតៀមកាហ្វេរបស់គាត់ កំពុងសម្លឹងមកខ្ញុំមិនដាក់ភ្នែក។ ខ្ញុំដើរចេញមក ហើយសម្លឹងរកមើលកន្លែងដែលអាចអោយខ្ញុំដឹងបានថា​ តើខ្ញុំកំពុងនៅម្តុំណាអោយប្រាកដ។ មនុស្សម្នាដែលកំពុងរៀបចំបើកតូបលក់ មើលមកខ្ញុំដូចប្លែកៗ។ ខ្ញុំដើររហូតដល់កន្លែងមួយ ហើយឈប់ឆ្កឹង ព្រោះមិនទាន់ជឿថា ខ្ញុំអាចយល់សុបិន្តក្នុងទិដ្ឋភាពបែបនេះ។ 

ផ្សារធំថ្មី!

មិនខុសទេ! ខ្ញុំកំពុងនៅមុខផ្សារធំថ្មី ក្នុងសភាពពីសម័យសង្គមរាស្រ្តនិយម។

"ក្មួយ!"

សម្លេងមួយបន្លឺឡើងជិតខ្ញុំ តែដោយភាពកំពុងរន្ធត់ ខ្ញុំបានត្រឹមតែងាកសម្លឹងគាត់ ដោយភាពសង្ស័យខ្លួនឯង ព្រោះខ្ញុំរាងប្រាកដបន្តិចហើយថា នេះមិនមែនសុបិន្តទៀតទេ។ ខ្ញុំរេភ្នែកចំកញ្ចក់ហាងកាត់វែនតាមួយ រួចសម្លឹងមើលជើងខ្លួនឯង។

ទេ… នៅមានជើងតាស៎! មិនទាន់ស្លាប់ឯណា! មុខក៏នៅដដែល ពណ៌សក់ក៏មិនបានប្រែ ខោខ្លីអាវយឺតក៏មិនបានប្តូរ។

មិនអាចអោយចម្ងល់នៅក្នុងខួរបានយូរទេ ខ្ញុំដើរចូលក្នុងហាងភ្លាម។

"សួស្តីអ៊ំ!" ម្ចាស់ហាងគាត់ធ្វើមុខបែបរាងផ្អើលៗដាក់ខ្ញុំ តែគាត់នៅមិនទាន់និយាយ ទើបខ្ញុំនិយាយបន្ត "អ៊ំ! ខ្ញុំសុំសួរបន្តិច។ ថ្ងៃនេះជាថ្ងៃទីប៉ុន្មានដែរ?"

"ថ្ងៃទី១៣… បារាំងអីនិយាយខ្មែរច្បាស់ម្ល៉េះ!"

"ខ្មែរទេអ៊ំ!"

អ៊ំធ្វើមុខដូចស្រាយចម្ងល់ រួចគាត់បន្ត៖

"ឃើញសក់ក្រហមៗស្មានតែពួកបារាំងសែស!"

"លាបទេអ៊ំ! ថ្ងៃ១៣ ហើយឆ្នាំប៉ុន្មានដែរអ៊ំ?" 

"ថ្ងៃ១៣ ខែ៧ ឆ្នាំ១៩៥៧"

“ហាក៎!!!”

ស្លុត!

មិនមែនតែខ្ញុំទេដែលផ្អើល សូម្បីអ៊ំម្ចាស់ហាងក៏គាត់ចង់រត់ ដោយសារសម្លេងស្រែករបស់ខ្ញុំអំបាញ់មិញនេះដែរ។ ខ្ញុំរត់ចេញពីហាងមក រួចសម្លឹងមើលម៉ោងលើទូរស័ព្ទ ឃើញថានេះគឺម៉ោង៦ព្រឹកទៅហើយ។ មនុស្សម្នាដើរផ្សារតាមធម្មតា ហើយក៏មានអ្នកមកឈប់សម្លឹងខ្ញុំជារឿយៗ។

ខ្ញុំឆ្លងភពមែនឬ?

 

ឆ្លងភពដូចក្នុងរឿង តែក៏មិនដូចក្នុងរឿង​

ខ្ញុំដើរមកអង្គុយលើបង់កៀនផ្សារ បន្ទាប់ពីប្រមូលទិន្នន័យបានខ្លះ ហើយក៏ចាប់ចុងប្រយ៉ុងដើមបានដែរថា ខ្ញុំពិតជាបានឆ្លងភពមកសម័យសង្គមរាស្រ្តនិយមពិតមែន។ ភ្នែកសម្លឹងទៅស្បែកជើងផ្ទាត់ រកនឹកថាហេតុអ្វីបានជាមានរឿងនេះកើតឡើង។

"តិចមើលរឿងច្រើនពេកដល់ឆ្កួតទេហី?!" ខ្ញុំនិយាយម្នាក់ឯង ភ្នែកសម្លឹងមើលស្បែកជើងដដែល "ចុះម៉ាក់គាត់មិនរកខ្ញុំស្លាប់ហើយទេអី?! ចុះនៅកន្លែងធ្វើការ?!"

"នោះ… វា!"

សម្លេងស្រែកមួយធ្វើអោយខ្ញុំភ្ញាក់ព្រើត ហើយឃើញមនុស្សប្រុស មុខកាចៗ កំពុងចង្អុលមកខ្ញុំ។ ញាណខ្ញុំល្អណាស់ ដឹងថាមិនស្រួលក៏ស្ទុះរត់យកតែម្តង។

"កុំរត់! កុំរត់!"

ចង់តែស្រែកសួរទេមែនតាស៎! ថាអាការដែលស្រែកប្រាប់ខ្ញុំកុំអោយរត់នេះ អាចអោយខ្ញុំឈប់រត់ដែរអី?! យីស!

"តែយើងចាប់បាន ងាប់ហើយ!"

យី! ហ៊ានគំរាមផង!

ខ្ញុំរត់បែបដាច់ជើងចោល តាមកន្លុកកន្លៀត មនុស្សម្នាសម្លឹងខ្ញុំគ្រប់គ្នា។ មិនអាចរត់ទៀតទេ មានតែរកន្លែងពួនទើបបាន!

ព្រុស!

បន្ទាប់ពីដួលច្រងាប់ច្រងិលដោយសាររត់បុកមនុស្ស ពួកអ្នកដេញតាមខ្ញុំក៏មកចាប់ក្រៀកដៃខ្ញុំបាន ហើយថែមទាំងអគុណមនុស្សម្នាក់ ដែលខ្ញុំបានរត់បុកអំបាញ់មិញទៀត។

ព្រះអើយ! តួហុងកុងឬនេះ?!

មុខរបស់មនុស្សម្នាក់នោះរៀងជ្រុងៗ មានjawline សម្បុរសណ្តែកបាយ កម្ពស់ក៏រាងខ្ពស់ល្មម ស្លៀកពាក់ដូចអ្នកធ្វើការ

អូហូ! តិចខ្ញុំជាតួស្រីឆ្លងភព មកជួបតួប្រុសសង្ហាដូចក្នុងរឿងទៅ!

"ឈប់ៗ!" ខ្ញុំកំពុងបញ្ឍប់ពួកអាអ្នកមកចាប់ខ្ញុំ ដែលមានមាឌដូចក្របីអោយឈប់សិន។

"ចាប់ខ្ញុំធ្វើអី? នែ! គង់តែខ្ញុំរួចខ្លួនទេ។ តួក្នុងរឿងតែចឹង! កុំចាប់នាំហត់អី។ នេះ! តួប្រុសខ្ញុំនៅនេះ… លែងចាប់បានហើយ!" ពួកអាអ្នកចាប់មាឌក្របី ធ្វើមុខមីងមាំងមិនយល់

"សង្ស័យទិញចំមនុស្សឆ្កួតទេដឹងហា៎! លក់អោយពួកបារាំងពួកចិន វាទិញឬអត់នេះ?!" 

ហា៎! លក់?! លក់ស្អី?!

ខ្ញុំត្រូវបានពួកអាមាឌប៉ុនៗក្របី អូសទីណាត់ទីណែង ឡើងរបូតស្បែកជើងមួយចំហៀងបាត់។

“នែ! ពួកលោកចង់នាំខ្ញុំទៅណា? បេះដូងខ្ញុំធ្លាប់ត្រូវបានវះកាត់ ដំណើរការមិនល្អទេ។ ខ្ញុំមកពីឆ្នាំ២០២១ណា៎! នេះខ្ញុំកើតកូវីតឬអត់ក៏មិនទាន់ដឹងដែរ។ ឆ្អឹងខ្នងខ្ញុំមិនល្អទេ ខួរក៏រឹតតែមិនល្អទៀត។ ភ្លេចភ្លាំងច្រើនណាស់! បើយកទៅលក់ គ្រឿងក្នុងក៏មិនដឹងថាបានប៉ុន្មានដែរ…” ខ្ញុំនិយាយម្នាក់ឯងដូចមនុស្សឆ្កួត “ចាត់ទុកថាបងៗធ្វើបុណ្យរំដោះគ្រោះ ព្រលែងខ្ញុំចោលនៅទីនេះទៅ!”

ពួកអាមាឌប៉ុនក្របីនេះ មិនព្រមអើពើនឹងខ្ញុំសោះវ៉ើយ!

"អញថា នាងនេះដូចសតិមិនគ្រប់ទេហា៎! ឯងគិតអញ្ចឹងឬអត់?" អាម្នាក់មានមាឌក្រអាញ សក់អោយដូចគេចាប់ញី វានិយាយបណ្តើរសើចបណ្តើរ។

សើចទៅឯង! ចាំមើល តែវីរៈបុរសជិះឆ្កែខ្មៅយើងមកដូចក្នុងរឿង យើងចាប់ឯងចងអោយមូសស៊ីម្តង!

ខ្ញុំបានត្រឹមគិតក្នុងចិត្ត រង់ចាំមើលពួកវានាំខ្ញុំទៅណា។ ខ្ញុំខំប្រឹងសំលឹងមើលផ្លូវ តែមើលទៅដូចរៀងខុសគ្នាពីសម័យថ្មីយ៉ាងម៉េចទេ។ មើលដូចមិនចំណាំសោះ។ ពួកវាអូសខ្ញុំហួសផ្សារមករៀងឆ្ងាយគួរសម។

ក្លិនឈ្ងុយគុយទាវ ធ្វើអោយពោះខ្ញុំកូរគ្រូកៗ។ អាម្នាក់មានស្នាមលើមុខ វាក៏ដើរទៅបើកទ្វារកៀនផ្ទះគុយទាវ ដូចជាប្រុងនាំខ្ញុំឡើងទៅជាន់លើ។ ឡើងទៅប្រហែល៤ជាន់ ខ្ញុំលឺសម្លេងចិនៗនិយាយគ្នា តែក៏ស្តាប់មិនបាន ព្រោះខ្ញុំមិនចេះចិន។

“មកដល់ហើយ!” អាម្នាក់មានស្នាមលើមុខនិយាយឡើង “ប៉ិសហ្នឹងរត់រួចទៅហើយ!”

អាម៉ា មានផ្លិតនៅដៃកំពុងបក់ខ្វិចៗ សក់បួងឡើង នៅជិតគាត់មានពែងតែមួយផង។ គាត់ឈប់បក់ រួចសំលឹងមកខ្ញុំ ហើយក៏ងាកទៅហៅនរណាមិនដឹងជាភាសាចិន។ មនុស្សប្រុសម្នាក់ ក្បាលពោះកំប៉ោង សក់រ៉ុយៗ កាន់នំកងទំពារខ្ញោចៗ និយាយឡុលៗមិនសូវច្បាស់ថា៖

"នាំមកពីណា?"

"មិនដឹងទេ ពួកអាបារាំងវាអូសពីទូកវាមក ហើយវាទារ៥តម្លឹង។"

"ជនជាតិយួនឬ? តែម៉េចក៏ក្បាលក្រហម?"

“យី!...” អាម៉ាអំបាញ់មិញស្រែកសឹងខ្ញុំបែកកណ្តាស់ត្រចៀក រួចបន្ត "សក់ស្អីពណ៌ខៀវនេះ?!"

"ស្វាយលាយខៀវ…" ខ្ញុំប្រាប់។

"ចេះខ្មែរដែរឬនេះ?"

"បើឈ្លោះគ្នាច្បាស់ចែសតែម្តង មិនទាក់មួយពាក្យទេ..." ខ្ញុំបន្ថែមបែបឌឺដង។

"មកពីណា? ម៉េចក៏តែងខ្លួនបែបប្លែកៗអញ្ចឹង?" 

"ខ្ញុំក៏ចង់ដឹងដែរ..." ខ្ញុំតបវិញ។

"ឈ្មោះអី?" អាម៉ាសួរបន្ត។

"ឈ្មោះក្នុងបញ្ជីជាតិ ឬឈ្មោះនៅសាលា ឬក៏ឈ្មោះនៅផ្ទះ?"

អាម៉ាចំហរមាត់ ព្រោះទំនងជាគាំងជាមួយសម្តីមិនដាច់ទឹករបស់ខ្ញុំ។

"ប្រាប់ទាំងអស់មក!" បែបគាត់ប្រមូលអារម្មណ៏វិញគ្រប់ហើយ ទើបនិយាយវិញបាន។

"ឈ្មោះពេលកើតមក ម៉ែខ្ញុំដាក់ឈ្មោះ មួយហួយ ព្រោះបែបឃើញខ្ញុំស្អាតដូចផ្កា។ តែដោយសារពេលធំឡើង ខ្ញុំរៀងឆ្នាស់ ទើបពេលខ្ញុំចូលរៀនថ្នាក់ទី៩ គាត់ប្តូរឈ្មោះអោយទៅជា សុជាតា វិញ។ អាម៉ាដឹងទេ… គាត់ប្រហែលជាគិតថាប្តូរហើយ ខ្ញុំរៀងស្លូតដូច សុជាតា ប្រពន្ធពៅព្រះឥន្ធហើយ! មានទៅដឹងអី… ខ្ញុំកាចលើសមុនទៀត ដោយសារខ្ញុំដូច សុជាតា ចៅលោកយាយវិសាខាសោះ! ហាហាហាហា…" ខ្ញុំនិយាយបណ្តើរសើចបណ្តើរ ភ្លេចមើលទឹកមុខភាំងរបស់គ្រប់គ្នាក្នុងបន្ទប់នេះ។

ហើយខ្ញុំក៏រៀបរាប់បន្ត៖

"ចំណែកឈ្មោះនៅសាលា គេហៅ ដំឡូង។ ភាគច្រើនទៅណាក៏គេហៅបែបនេះដែរ តែសម្រាប់អ្នកដែលជិតស្និតទេ។ អ្នកដទៃហាមហៅ! ហើយបើឈ្មោះ ហួយ ខ្ញុំអោយតែមិត្តជិតស្និទមែនទែននិងអ្នកផ្ទះទេ ទើបអាចហៅបាន។ អញ្ចឹងអ្នកហៅខ្ញុំសុជាតាចុះ!" និយាយចប់ ទើបខ្ញុំដឹងខ្លួនថានិយាយច្រើនពេក រហូតអាម៉ានិងអាហ៊ាពោះកំប៉ោងសម្លឹងខ្ញុំមិនដាក់ភ្នែក។

ស៊យហើយ! តាមពិតយើងគួរតែភ័យតាស៎នេះ បានត្រូវ!

ខ្ញុំបានត្រឹមគាំង គិតក្នុងចិត្តលែងហ៊ាននិយាយបន្ត។ អាម៉ាក្រឡេកទៅអាហ៊ាពោះកំប៉ោង លើកដៃអោយសញ្ញា។

"យកប៉័ងតោមក!" អាហ៊ាពោះកំប៉ោងស្រែកប្រាប់គេអោយទៅយក។

ឈប់! ឈប់! ខ្ញុំត្រូវស្លាប់មែនឬនេះ? ស្លាប់ហើយ… ស្លាប់មែនទែនតែម្តង… ឬស្លាប់ទៅភពដើមវិញនេះ?

ខ្ញុំគាំងខួរ ភ័យបន្តិចដែរ ពេលឮអាហ៊ានោះត្រៀមយកប៉័ងតោមក។

ពុទ្ធោអើយ! សង្សារក៏មិនទាន់មាន… គុណក៏មិនទាន់សងម៉ែឪ… មកត្រូវស្លាប់បែបនេះដូចជាមិនសមសោះហើយ!

"មកនេះ!"

ព្រះអើយ! ប៉័ងតោសស្ញាច ចាំងដូចកញ្ចក់ទៅហើយ…

ខ្វោក!!!

ចំណងនៅដៃដែលគេចង ត្រូវបានដាច់ប៉ិតតាមកំលាំងប៉័ងតោ។

“លុយមក!” ពួកអាមាឌក្រអាញលាដៃទារលុយពីអាម៉ា ទាំងដែលមាត់នៅបៀមឈើចាក់ធ្មេញជាប់ សឹងរលាយសាច់ឈើទៅហើយ។

“៥តម្លឹង… អួថាដូចជាថ្លៃពេកហើយ! គ្មានជាតិចូវបែបនេះ មិនដឹងអ្នកខាងនោះគេយកឬអត់ផង!” អាហ៊ាពោះកំប៉ោងនិយាយឡើង។

អាម៉ាមិនបានតបឡើយ។ គាត់លូកដៃចូលហោប៉ៅអាវខាងមុខរបស់គាត់ ទាញថង់លុយហូតខ្សែពណ៌ក្រហមឆេះមក ដូចក្នុងរឿងចិន ហើយបោះទៅអោយពួកនោះ។

“ចង់បានទៀត ចាំប្រាប់មក!” ទទួលលុយហើយ វាឆ្លៀតស្រែកប្រាប់អាម៉ាមុនដើរចេញ។

យីស! ចាំមើលតែយើងរួចខ្លួន យើងទៅប្តឹងប៉ូលីស ថតបង្ហោះអោយណាណីតែម្តងចាំមើល!

ខ្ញុំគិតក្នុងចិត្តចងគំនុំមិនតិចទេ។ ហឹស!

រវល់តែកំហឹងឆេះពេញខួរ ភ្លេចគិតរឿងអាហ៊ាឈរកាន់ប៉័ងតោអោយឈឹង។

បើថាកាត់ខ្សែ កូនកាំបិតម៉េចមិនប្រើ? លោកអើយ! យកមកអាធំបែបនេះ ព្រលឹងអាចនៅក្នុងខ្លួនយូរបានប៉ុណ្ណាដែរនេះ?!

“ខ្ញុំងើបមក ឃើញខ្លួនឯងនៅក្នុងផ្ទះម្តុំផ្សារទៅហើយ។ ខ្ញុំអត់ដឹងខ្លួនឯងមកដល់ទីនេះតាមរបៀបណាទេ…” ខ្ញុំចាប់ផ្តើមសម្រួលសម្តីជាមួយអាម៉ា ព្រោះខ្លាចបានក្លាយជាអាហារពេលយប់របស់អាម៉ានៅល្ងាចនេះ។

ចង្រៃតែគ្មានទឹកភ្នែកលាយលំនេះ… ខឹងចិត្តណាស់!

“អាម៉ាលែងខ្ញុំទៅ… ខ្ញុំធ្វើជាអ្នកបម្រើសងអាម៉ាក៏បានដែរ។ អត់ចេះតែធ្វើម្ហូបទេ…” និយាយមិនទាន់ដាច់ពាក្យផង អាម៉ាងាកខ្វាច់លើកចិញ្ចើមមក “គឺអញ្ចេះទេ… ម្ហូបចេះធ្វើដែរ តែភាគច្រើនចេះម្ហូបបែបពួកបារាំងសែស។” ហិហិហិ

ហូ! ប៉ិសទៅហើយ! ជីវិតកំពុងនៅលើសសៃអំបោះផង…

“ផ្ទះឯងនៅឯណា?” អាម៉ាសួរ។

“តែមកដល់នេះតាមណា ក៏ខ្ញុំមិនទាំងដឹងផង!”

ខ្សែភ្នែកពិឃាតរបស់អាម៉ាធ្វើអោយសតិខ្ញុំ ប្រមូលផ្តុំពាក្យកុហកបានលឿនជាងគេចាក់ឌីសទៀត។

“គឺខ្ញុំងើបមកភ្លេចថាខ្លួនឯងមកពីណាបាត់ទៅហើយ… ចាំតែឈ្មោះទេ!” ខ្ញុំតបបែបមិនសូវប្រាកដចិត្តថា អាម៉ាជឿឬអត់ ព្រោះខ្ញុំកុហកមិនទំនង។

ចាំឈ្មោះវែងអន្លាយ តែមិនចាំខ្លួនឯងមកពីណានេះ? ដំឡូងអើយដំឡូង!

“យើងទិញឯងតម្លៃ៥ជី ឯងក៏ឃើញ។”

“អាម៉ា! ៥ជីហ្នឹងច្រើនឬអត់ សម័យនេះ?” មិនអោយអាម៉ាឆ្ងល់ទាន់ ខ្ញុំក៏បន្ថែមថា “គឺថា… ខ្ញុំគ្រាន់តែចង់ដឹងលេងៗទេ។”

ហិហិហិ តាមពិតខ្ញុំចង់ដឹងថា តម្លៃខ្លួនខ្ញុំលក់បានថោកឬថ្លៃជាង។

“ច្រើន! តែមិនច្រើនណាស់ណាទេ។”

ហូ៎! ចឹងខ្ញុំមានតម្លៃដែរតើនេះ!

អាម៉ាលើកយកប៉ាន់តែមកចាក់តែចូលពែង ហើយលើកយកប្រដាប់ជក់បារីបែបបុរាណ មកជក់បង្ហុយផ្សែងដូចជើងកាងម៉ាហ្វៀរ។ 

“ហូ៎ ឡូយណាស់!” ខ្ញុំកំពុងតែរំភើបនឹងរូបភាពនៅនឹងមុខ ច្រលំនិយាយលឺៗចេញមក។ 

“អួទិញឯងមកដោយសារមានគ្រួសារត្រកូល គូ គេត្រូវការអ្នកទៅបម្រើកូនច្បងគេ។” 

“រៀបការឬ?” ខ្ញុំសួរដោយចង់ដឹង ព្រោះរឿងប្រលោមលោកខ្ញុំអាន ភាគច្រើនគឺបែបនេះ។

“ហាហាហា!” អាម៉ាសើច​លឺៗ ធ្វើអោយខ្ញុំភ្ញាក់សឹងរត់ពីជាន់ទី៤នេះទៅក្រោមវិញ “ទៅដល់នៅសល់ជីវិតមកជាន់ផ្ទះនេះវិញសិនទៅ... កុំនិយាយដល់រឿងរៀបការ!”

ជង្គង់ដែលធ្លាប់តែឈរនឹង ក៏ដួលទៅឥដ្ឋលឺសូរគ្រិប! 

“អាម៉ា...” ខ្ញុំហើបមាត់និយាយម្ហបៗ។

អាម៉ាស្រាប់តែងើបពីកៅអី មកអង្គុយបែបស៊ីវីល័យមុខខ្ញុំ ហើយយកដៃដែលមានចិញ្ចៀនធំៗ មកចាប់មុខខ្ញុំងើយឡើង។

“ភ័យឬ?”

“សុំគុយទាវមួយចានសិនបានទេ?” 

ទឹកមុខអាម៉ានៅពេលនេះ អាចចាប់ខ្ញុំស៊ីទាំងរស់បាន…

 

ត្រកូល គូ

អាម៉ាអោយគេយកគុយទាវមួយចានធំ ពីជាន់ក្រោមមកអោយខ្ញុំ។

មិនអោយឃ្លានយ៉ាងម៉េច? បើមិនទាន់បានបាយព្រឹកផង... បើមានតែបៃតងទឹកដោះគោមួយកែវទៀត មិនដឹងល្អយ៉ាងណាទេខ្ញុំអើយ! ថ្មើរនេះ មិនដឹងអ្នកផ្ទះផ្អើលរឿងបាត់ខ្ញុំយ៉ាងម៉េចខ្លះទេ…

គិតមកដល់ត្រង់នេះ សសៃគុយទាវរឹងពេក សឹងធ្លុះបំពង់ករខ្ញុំទៅហើយ។ អាម៉ាដើរពីក្នុងមក ជាមួយអាវមួយឈុត។

“ជៀកហើយ ក៏ប្រញាប់ប្តូរខោអាវទៅ ហើយសក់ត្រូវលាបខ្មៅវិញ!” 

“មិនបានទេ!” ខ្ញុំស្រែកប្រកែកដាច់ខាតតែម្តង។

“បើមិនលាប កោរត្រងោលតែម្តង!” 

“ខ្ញុំលាបអស់រយដុល្លារណាអាម៉ា!”

“ដុល្លារស្អី?” អាម៉ាសួរព្រោះមិនយល់។

ខ្ញុំភ្លេចខ្លួនស្មានថាកំពុងប្រកែកជាមួយម៉ាក់។

“គឺថា… ខ្ញុំលាបអស់លុយច្រើនណាស់!”

“តែឯងថាចាំតែឈ្មោះទេ?”

ក្ឌាំង! អាម៉ាចាស់មែន តែខួរក្បាលចាំដូចមេម៉ូរី១តេអញ្ចឹងវ៉ើយ!

“គឺថា… អាម៉ាមើលទៅអ្នកនៅទីនេះ មានបារាំងសែសណាដែលមានសក់ពណ៌ដូចខ្ញុំ? អញ្ចឹងច្បាស់ជាថ្លៃហើយមែនអត់?”

“ជៀកលឿនៗទៅ!”

“អាម៉ា!” ពេលគាត់រៀបចូលក្នុង ខ្ញុំមិនអស់ចិត្តក៏សួរគាត់ “ហេតុអ្វីមិនខ្លាចខ្ញុំរត់?” ព្រោះខ្ញុំអង្គុយឆីគុយទាវនៅក្រៅរានហាន ជាប់ទ្វារតែម្តង។ ចង់បើកទ្វាររត់មិនមែនជារឿងគួរអោយលំបាកឡើយ។ 

“អួដឹងថា ឯងគ្មានកន្លែងទៅ។” និយាយរួចគាត់ក៏ដើរចូលក្នុងវិញ។

ខ្ញុំក៏លូកដៃយកទូរស័ព្ទមកមើល ឃើញថានេះម៉ោង១២ថ្ងៃត្រង់ទៅហើយ។ ខ្ញុំក៏បើកកាម៉េរ៉ាថតរូបទុក ហើយចុចវាបិតចោលវិញលឿនៗ ខ្លាចមានអ្នកដឹង។ ខ្ញុំស្រាប់តែចាប់អារម្មណ៍ លឺសំលេងទូរទស្សន៍ពីរានហាលជាប់បន្ទប់នេះ។ មិនបង្អង់យូរ ខ្ញុំក៏ដើរទៅមើល។ រូបភាពចាស់ក្មេងប្រហែល៨នាក់ អង្គុយមើលរឿងភាគឥណ្ឌា។ ឈុតខ្លះក៏សើច ឈុតខ្លះអ៊ំៗក៏សង្រឺតធ្មេញខឹងនឹងតួអាក្រក់។

ខ្ញុំឈរមើលពួកគាត់ឡើងភ្លឹករហូតមិនដឹងថា អាម៉ាមកឈរនៅទីនេះតាំងពីពេលណា។

“រឿងហ្នឹងលេងតែពេលថ្ងៃត្រង់ចឹងទេ” គាត់ក៏បន្ថែម “តួប្រុសជាស្តេចមានយុទ្ធសីល តែមកចាញ់ស្នេហ៍មេធ្មប់។ គិតមើល! ស្នេហាមិនសមប្រកបយ៉ាងនេះ ចុងក្រោយភាគបញ្ចប់ទៅជាយ៉ាងណា?” 

អាម៉ានិយាយបណ្តើរ ដើរចូលក្នុងបណ្តើរ។ ខ្ញុំរៀបដើរចូលដែរ តែភ្នែកប្រទះឃើញព្រះឆាយាល័ក្ខណ៍ព្រះបាទ នរោត្តម សីហនុ ដែលនៅលើបដា អមដោយពាក្យ ជយោ សង្គមរាស្រ្តនិយម។ ក្រឡេកទៅក្រោម ថ្មើរនេះរៀងស្ងាត់មនុស្សទៅហើយ នៅមានតែអ្នកលក់ដូរតាមផ្ទះ​ និងក្មេងៗរត់លេងតាមធម្មតា។

ត្រូវហើយ! ខ្ញុំឆ្លងមកឆ្នាំ១៩៥៧ អញ្ចឹងបានជាមិនទាន់មានឃើញភាពយន្តខ្មែរចាក់ព្រោងព្រាត។ មែនហើយ! ភាពយន្តខ្មែរក៏មិនទាន់បានរីកដុះដាលដែរ ព្រោះបើតាមខ្ញុំចាំបាន ភាពយន្តខ្មែរងើបឡើងក្នុងកំឡុងទសវត្ស​ឆ្នាំ១៩៦០ និង១៩៧០ ឯណោះទៅវិញទេ។ ចុះម៉េចមិនឆ្លងអោយចំពេលកាលីបៗទៅហ្ន៎?!

ឃើញខ្ញុំឈរសម្លឹងទៅឆ្ងាយ អាម៉ាក៏ដើរមកជិត ហើយរអ៊ូម្នាក់ឯង ដែលអាចធ្វើអោយខ្ញុំលឺបានថា៖

“ពេលខ្លះរឿងដែលគេតែងឡើងមក ក៏មិនមានពិតប្រាកដដែរ គឺថាដូចគេសម្តែង…”

ខ្ញុំស្លៀកសំលៀកបំពាក់ដែលអាម៉ាអោយមក អាវដៃវែងកក្អមបែបបារាំង។

ត្រូវហើយ! ព្រោះខ្មែរយើងទើបឆ្លងពីសម័យអាណានិគមបារាំងឆ្នាំ១៩៥៣ នេះដែរទេ។ អញ្ចឹងទើបយើងអាចប្រហែលជានៅសល់ចំហាយខ្លះក៏ថាបាន។ សូម្បីប្រជាជនដែលមានឋានៈពីបង្គួរឡើង សុទ្ធតែអាចនិយាយបារាំងបានដូចភាសាកំណើតទៅហើយ។

“អាម៉ា! ខ្ញុំស្លៀកធម្មតាទូទៅបានទេ? សុំបែបដូចអាអុីលក់ចេកអាំងនោះ!” មិនត្រឹមតែនិយាយទេ ខ្ញុំរត់ទៅរានហាល ចង្អុលទៅក្រោមជាសញ្ញាទៀតផង។

“ឯងចេះនិយាយភាសាបារាំងទេ?”

“ចេះ!” ខ្ញុំឆ្លើយយ៉ាងមានមោទនភាព។

“និយាយទៅមើល!”

“ពោតបារាំង ទាបបារាំង ខ្ទឹមបារាំង ដំឡូងបារាំង…”

ផាច់!!!

សំលេងអាម៉ាទះតុ អមដោយទឹកមុខស្ងួតចែសដូចដីហួតហែង ធ្វើអោយខ្ញុំអន់ចង់ក្នុងការលេងសើចមួយទំហឹងតែម្តង។

“ឯងដឹងទេថា បន្តិចទៀតឯងទៅណា? ហើយជួបរឿងអីខ្លះទេ? បានជាហ៊ានមកលេងសើចបែបនេះ?”

គាត់ទំនងដូចជាទ្រាំនឹងភាពមិនខ្លាចស្លាប់របស់ខ្ញុំ រហូតខឹងឡើងចេញសសៃដៃរវាមទៅហើយ។ ពេលដកដង្ហើមបែបហត់នឿយជាមួយខ្ញុំហើយ គាត់ក៏បន្ត៖

“ត្រកូលគូ ជាគ្រួសារអ្នកមាននៅម្តុំរោងភាពយន្តមនោរម្យ។” 

“ម្តុំណាទៅអាម៉ា?” គាត់និយាយមិនទាន់ចប់ស្រួលបួលផង ខ្ញុំកាត់វឹងព្រោះចង់ដឹង។

“មិនដឹងប្រាប់យ៉ាងម៉េចទេ។ តិចទៀតទៅដល់ ឯងឃើញហើយ។ គ្រួសារត្រកូលគូ មានបងប្អូនប្រុស២នាក់។” គាត់លើកប្រដាប់ជក់គាត់មកបង្ហុយហើយបន្ត “ថៅកែ ឈិន ជាអ្នករកស៊ីជនជាតិចិន។ គាត់មានប្រពន្ធខ្មែរ២នាក់។ គាត់មានកូនមួយជាមួយប្រពន្ធទី១។ ឈ្មោះគេគឺ គូ ជឺយាន។ ម្តាយវាស្លាប់ដោយសារគេបាញ់សម្លាប់។ កូនច្បងទី១នេះ គឺមិនដែលថា វាមិនបង្កររឿងទេ។ វានៅខឹងថៅកែឈិនថា លោកជាមូលហេតុម្តាយវាត្រូវគេសម្លាប់។”

អាម៉ាលើកយកពែងតែមកចិប រួចបន្ត៖

“កូនទី២គឺ គូ អ៊ីងយ៉ាង។ ម្តាយវាជាអ្នកបំរើគ្រួសារត្រកូល ឈិន ពីសម័យដើម​។ ថៅកែឈិនឃើញស្រលាញ់ ក៏ចាប់មកធ្វើប្រពន្ធតែម្តងទៅ។ កូនទី២នេះ ល្បងឈិនស្រលាញ់វាណាស់ ព្រោះវាចិត្តដាច់ហើយមិនសូវនិយាយ។ អ្នកដែលមានរឿងជាមួយវា មិនដែលបានឃើញរស់នៅបន្តទេ។”

ខ្ញុំអង្គុយស្តាប់អាម៉ាបែបថ្លឹងថ្លែងអនាគតពេលនេះ។

ដូចជាមិនដូចក្នុងរឿងសោះហើយ… ឆ្លងភពមកធ្វើជាអ្នកលក់ខ្លួនបម្រើផ្ទះត្រកូលម៉ាហ្វៀរឬនេះ?!

“អាទិត្យមុន ម្តាយល្បងឈិនប្រាប់ថា បើជឺយានមិនទាន់រកប្រពន្ធបាន នឹងមិនអោយសូម្បីមួយកាក់មុនគាត់ស្លាប់។ អញ្ចឹងហើយទើបល្បងឈិនមករកយើងអោយជួយ។”

“ចុះអាប៉ិកហ្នឹងមុខអាក្រក់ឬ?”

“យ៉ាងម៉េច?”

“គឺថា បើមុខមិនអាក្រក់ ម៉េចមិនប្រកាសរកប្រពន្ធទៅ? ចាំបាច់មកចាប់ខ្ញុំមកពីណាមិនដឹងមកធ្វើអី? ចុះបើចាប់ហើយ ចំគេអ្នកមានផ្ទះសម្បែង គេមិនប្តឹងប៉ូលីសទៅហើយទេឬ?”

“ចុះពេលនេះ មានអ្នកប្តឹងប៉ូលីសរកឯងទេ?” អាម៉ាវៃចិញ្ចើមសួរបែបឌឺ ហើយគាត់ក៏បន្ត “គេចាប់អ្នកដែលមកពីចម្ងាយ ព្រោះមិនចង់មានរឿងបែបនេះ។ ម្យ៉ាងកូនគេអ្នកនៅម្តុំនេះ គ្មាននរណាហ៊ានអោយកូនទៅល្បងឈិនទេ។”

អាម៉ារៀបនឹងដើរចូលក្នុង គាត់ក៏ងាកមកវិញថា៖

“ព្រឹកស្អែកសឹមយើងទៅ! ឯងដេកលើក្តារងឿនេះសិនទៅ។”

ខ្ញុំរៀងហត់ក៏បានត្រឹមតែងក់ក្បាល។ 

“បើចង់ដើរលេងយប់នេះ តែងខ្លួនអោយដូចគេ ហើយចងសក់ក្របួចឡើងផង។”

“ចាស៎???” ខ្ញុំភ្លាត់សំលេងឡើងមក ព្រោះមិនចង់ជឿអ្វីដែលខ្លួនឯងបានលឺពីមាត់អាម៉ា។

“យើងចាស់មែនតែមិនទាន់ថ្លង់ទេ! និយាយធម្មតាក៏បាន!” គាត់សំលក់ខ្ញុំឡើងមក ទំនងភ្ញាក់ដែរអំបាញ់មិញ។

“អាម៉ាអោយខ្ញុំចេញដើរលេងមែនឬ?” ខ្ញុំមើលគាត់បែបមិនទុកចិត្ត “អត់ខ្លាចខ្ញុំរត់ទេហ៎?”

គាត់មិនបាននិយាយ រួចដើរចូលក្នុង ហើយចេញមកជាមួយលុយក្រដាសប្រាក់១រៀលមកជាមួយ។

“អូ៎ហូ៎!” ខ្ញុំភ្ញាក់ផ្អើលពេលឃើញអាម៉ាមានប្រាក់រៀល។

“កុំដើរឆ្ងាយពេក! អួគិតថាឯងឆ្លាត មិនវង្វេងផ្លូវងាយឡើយ។ ដាក់វាតាមខ្លួនទៅ! កុំអោយពេលឃើញអីស្រលាញ់ ឯងគ្មានប្រាក់ទិញ។”

“អាម៉ា!”

“ចាំបាច់ស្រែក?! យើងប្រាប់ហើយថាមិនបានថ្លង់ឯណា!”

“ស៊ៀ ស៊ៀ!” ខ្ញុំស្រែកអគុណអាម៉ាជាភាសាចិន ហើយលើកម្រាមដៃធ្វើជា heart shape fingers អមជាមួយគ្នា មុនគាត់ដើរចូលក្នុងបាត់។

 

មនុស្សល្អ តែចរឹកមិនល្អ

ភ្នែកដែលសំលឹងមើលទៅក្រោមពីរានហាលទៅ ធ្វើអោយខ្ញុំនឹកផ្ទះសឹងទ្រហោយំចេញមក។

មិនដឹង​ថ្មើរនេះមានរឿងអ្វីកើតឡើង…

“នឹកតែបៃតងទឹកដោះគោណាស់!”

ភ្លេចខ្លួនបន្តិច មេឃរៀងស្រទុំ ខ្ញុំឃើញមានអ្នកអូសរទះលក់មីឆា ខ្លះលក់បង្អែមមកតាមដងផ្លូវ។ ខ្ញុំឃើញអញ្ចឹងក៏ដើរចុះទៅក្រោម បូករួមអារម្មណ៍រំភើបជាមួយទិដ្ឋភាពនៅចំពោះមុខ។ ពេលកំពុងសំលឹងគ្រប់ច្រកល្ហក ខ្ញុំមានអារម្មណ៍ថាមានអ្នកកំពុងសំលឹងមករកខ្ញុំ។ ខ្ញុំក៏ចាប់បានថា ភ្នែកនោះសំលឹងពីជាន់លើមក

“ហូយ៎ ភ័យសឹងស្លាប់!” ខ្ញុំនិយាយហើយលើកដៃស្ទាបទ្រូងខ្លួនឯង។

ស្មានតែអ្នកណាសំលឹង តាមពិតអាម៉ាសំលឹងពីលើមកសោះ!

“ខ្ញុំដើរជិតៗនេះទេ!!!” ខ្ញុំស្រែកប្រាប់ពីក្រោមទៅ ខ្លាចគាត់គិតថាខ្ញុំនឹងលួចរត់ចោលគាត់។

ខ្សែភ្នែកគាត់មើលមកខ្ញុំបែបចម្លែកៗ តែគាត់មិននិយាយអ្វី ទើបខ្ញុំងាកមកចាប់អារម្មណ៍មនុស្សម្នាតាមផ្លូវវិញ។ ខ្ញុំដើរតាមផ្លូវត្រង់ជារឿយៗ រហូតដើរដល់តូបមួយដែលគេដាក់លក់ខ្សែដៃច្រើនប្រភេទ ទំនងជាគ្រឿងនាំចូលពីចិនឬឥណ្ឌាមក។ ដៃដែលត្រៀមនឹងលូកចាប់យកខ្សែដៃរូបផ្កាមួយឡើងមក ក៏មានអ្នកលូកឆក់ពីកន្លែងតាំង កាត់មុខខ្ញុំ។

“អាចឹក! ខ្ញុំយកមួយនេះ!”

“Ehhh the heck?!” ខ្ញុំច្រលំភ្ញាក់ភ្លាត់មាត់ជេរ

នាងមុខស្អាតមិនបានរវល់នឹងខ្ញុំ បានត្រឹមធ្វើរឹកក្រអឺតក្រទម ប្រាប់អោយអាចឹករៀបចំអោយ។ 

“១០០រៀល”

“ស្អីគេ!” នាងមុខស្អាតភ្លាត់សំលេង។

“រាល់ដង របស់ដែលតាំងនៅលើធ្នើរនេះ តម្លៃតែ១០រៀលអីសោះ! ហើយមក១០០រៀលអីម្តុំនេះដែរ? អាចឹក! នេះស្មើរប្រាក់ខែអាទៀរអោយខ្ញុំ១ខែហើយនេះ! មិនយកទេ…” និយាយរួច នាងមុខស្អាតងាកមកខ្ញុំនិយាយបែបឌឺដង “មានប្រាក់ទិញដែរឬ?”

ខ្ញុំមិនមាត់ បានត្រឹមងាកចេញ ព្រោះមិនចង់មានរឿង។

ហឹស! ខ្លាំងទៅនាង! បើនៅម្តុំភូមិយើងវិញ យើងចាប់ច្រកបាវបណ្តែតលូរទឹកស្អុយអោយណាណីម្តង! 

“Bonjour mademoiselle, voulez-vous acheter celui-ci?” 

“ខ្ញុំចេះខ្មែរទេហ៊ា!” បែបទំនងគាត់ឃើញក្បាលខ្ញុំក្រហម បូករួមនឹងច្រលំភ្ញាក់អង់គ្លេសម៉ិញទៀត ទើបគាត់និយាយបារាំងដាក់ខ្ញុំប្រាវៗបែបនេះ។

“អូ៎ ស្មានតែបារាំងសែស! មកពីណាដែរ? មុខដូចមិនមែនអ្នកម្តុំនេះ។”

“ខ្ញុំមកពីឆ្ងាយ។” 

“យកខ្សែដៃនេះដែរទេ?”

“អោយឬ?”

“១០០រៀល!”

“អោវ! ស្មានតែអោយ! សួរទំនងដល់ហើយ… ខ្ញុំអត់មានលុយទេ។ អគុណហ៊ា!”

មិនទាន់បាននិយាយចប់ស្រួលបួលផង ក្លិនឈ្ងុយហើរមកប៉ះច្រមុះ។ ខ្ញុំងាកទៅឃើញ អាអុីលើកធុងទឹកស្ករគាត់មក រៀបចំធ្វើទឹកកកឈូស។ ពេលរៀបឆ្លងទៅម្ខាងទៀតដើម្បីទិញ ក៏មានក្មេងម្នាក់រត់មកបុកខ្ញុំមួយទំហឹង ធ្វើអោយដួលផ្អើលគេល្មមដែរ។ ខ្ញុំតាំងស្មារតីបានវិញហើយ ខ្ញុំក៏ដើរទៅជួយលើកក្មេងនោះឡើងមក។

“រត់អត់មើលអញ្ចឹង?! បើរត់បុកប៉ះរទេះ ឬចំឆ្នាំងស៊ុបអី មិនឆ្អិនទៅហើយទេអី?!” ខ្ញុំភ័យដែរ ពេលច្រលំនិយាយបែបនេះ ព្រោះភ្លេចខ្លួនថា ខ្ញុំមិនបាននៅផ្ទះទេ។

ក្មេងនោះមិនបានភ័យទេ បែរជាធ្វើមុខឆ្ងល់ៗ។

“អោយមកនេះ!” សំលេងកាចៗបានបន្លឺឡើង ហើយដៃជននោះបានឆក់យកថង់ពីដៃក្មេងនោះមក។

មនុស្សម្នាដែលបានរោម ក៏រសាយទៅតាមទីតាំងរៀងខ្លួនដូចគ្មានរឿងអ្វីកើតឡើង។ អាហ៊ាលក់ខ្សែដៃ បានត្រឹមធ្វើដៃស៊ីញ៉ូមកកាន់ខ្ញុំ ដូចដេញរុយ។

“កុំអីថៅកែ! ខ្ញុំសុំមក… តែម្តងនេះទៀតទេ…”

ខ្ញុំឃើញក្មេងទន់ខ្សោយអង្វរបែបនេះ ក៏តម្លើងសម្លេងឡើងដាក់បុរសនោះថា៖

“នែ! ខ្លួនប៉ុនណាណី មក​ជម្រិតក្មេងយករបស់យ៉ាងនេះអញ្ចឹង?! តិចបានស្រែកហៅប៉ូលីសមកចាប់ទៅ!”

“...” អាគាត់នេះ មុខដូចមិនភ័យសោះ។ ទាន់គេមិនទាន់បញ្ចេញកាយវិការ ខ្ញុំក៏ឆក់យកថង់នោះពីដៃគេមកវិញ ហើយហុចអោយក្មេងនោះ។

“នេះ! ​យកទៅ! ហើយកុំអោយគេជម្រិតយករបស់បានងាយៗអញ្ចឹងទៀត!”

អាគាត់មុខកាចៗនៅតែមិននិយាយ ហើយលើកដៃអោយគ្នាគេ៣នាក់ទៀតដើរចេញបាត់ទៅ។

“នៅទីនេះ អត់មានប៉ូលីស មេឃុំ មេភូមិអីចាំមើលទេយ៉ាងម៉េចនេះ?!” ខ្ញុំដើរចេញមក រអ៊ូម្នាក់ឯង ភ្លេចថាក្មេងនោះបានដើរមកតាម។ 

“ឯងយ៉ាងម៉េច?” ខ្ញុំងាកសួរវា។

“បងប្រយ័ត្នខ្លួនផងពីពេលនេះទៅ...”

“ហាក៎? កើតអី?” 

“បងមិនមែនអ្នកនៅទីនេះទេឬ ទើបមិនដឹងខ្លួនឯងនិយាយជាមួយអ្នកណាអំបាញ់មិញ?”

ខ្ញុំមិនតប​ បានត្រឹមលើកចិញ្ចើមឡើងម្ខាងព្រោះឆ្ងល់។

“ហឹម…” ក្មេងនោះដកដង្ហើមធំ ហើយក្រវីក្បាល។

“ខ្ញុំទៅផ្ទះវិញហើយ។ ឯងដើរស្រួលបួល… កុំរត់ទៀត! ប្រយ័ត្នប៉ះគេប៉ះឯងដូចម៉ិញ!” 

អេ…

ខ្ញុំទើបនឹកឃើញមិនអស់ចិត្ត ទើបងាកសួរអាក្អូននោះ៖

“ហើយម៉េចអាគាត់នោះមកតាមឆក់របស់ពីឯងចឹង? រូបរាងក៏ដូចទំនងមិនក្រ មកដណ្តើមក្មេងយ៉ាងម៉េច?!”

“គឺ…” 

“គឺអី?” ខ្ញុំចាប់ផ្តើមមិនស្រួល ព្រោះអាក្អូននេះរៀងរដិបរដុប។

“គឺខ្ញុំលួចពីហាងគាត់មក...”

“ហា៎!!!” ខ្ញុំស្រែកឡើងផ្អើលអ្នកម្តុំនេះ “យើងជួយចោរឬនេះ?!” ខ្ញុំនិយាយឡើងមិនខ្លាចក្រែងចិត្តអាក្អូននេះទៀតទេ។

“គឺខ្ញុំអត់លុយទេ… ម៉ែខ្ញុំឈឺខានទៅធ្វើការ១អាទិត្យហើយ បើមិនធ្វើចឹងនឹងដាច់ពោះស្លាប់មិនខាន...”

ក្មេងនេះអាយុដំណាលប្អូនខ្ញុំទៅហើយ តែថ្មើរនេះកំពុងដើររកអាហារច្រកក្រពះនៅឡើយ។ ថ្មើរនេះ ប្អូនខ្ញុំវាកំពុងអង្គុយចុច iPad មើល TV shows សើចអោយកក្អឹកផងមិនដឹង

“ម៉ែឯងធ្វើអី?”

“គាត់ជាអ្នកលាងចាននៅរោងគុយទាវ​ តែគាត់ឈឺទើបធ្វើការមិនកើត។”

“ឯងមានចូលរៀនទេ?”

“អត់ទេ…” វានិយាយរួចអោនមុខចុះ។

“កុហកខ្ញុំឬអត់?”

វាងើយមុខឡើងមក រួចនិយាយបែបមាំថា៖

“ខ្ញុំលួចនេះព្រោះទាល់ទេ ហើយរឿងកុហកខ្ញុំមិនធ្វើដាច់ខាត!”

“អីយ៉ា! ស្វាហាប់ណាស់អាក្អូន!” ខ្ញុំនិយាយបែបអស់សំណើច “ឯងចេះធ្វើអីខ្លះ? បងបង្រៀនឯងអោយចេះធ្វើការ៉េមលក់។ ល្អទេ?”

“ស្អីគេការ៉េម?”

“អូ៎ វាស្រដៀងទឹកកកឈូសដែរ តែយើងយកវាមកបង្កកអោយរឹង។ ឆ្ងាញ់ណាស់ប្រាប់ទៅ! ចាំខ្ញុំធ្វើអោយឯងហូប ហើយឯងចាំសម្រេចចិត្តថា ឯងចង់រៀនធ្វើវាឬអត់។ អូខេទេ?”

“អូខេអីគេបង?”

“អូ៎ គឺថាព្រមទេ?”

“ព្រម! បងបង្រៀនខ្ញុំធ្វើពេលណា?”

“អូ៎ ត្រូវហើយ… ខ្ញុំត្រូវទៅកន្លែងផ្សេងទៅហើយថ្ងៃស្អែក!” រំភើបពេក ភ្លេចថា​ស្អែកត្រូវគេចាប់យកទៅលក់។

“បងទៅណា?” ដើរបណ្តើរ វាសួរខ្ញុំបណ្តើរ។

“គឺរឿងវាវែងឆ្ងាយ… ឯងមិនដឹងល្អជាង!”

យើងដើរមកក៏ប្រទះនឹងពួកអាគាត់មុននោះ។ ខ្ញុំចាប់អាក្អូននោះពួនកៀនផ្ទះគេ ដែលបិទទ្វារជិតមួយ។ 

“មុននេះបងឡូយណាស់!” វានិយាយបែបច្រឡឺមមក។

“បើនៅតែលេងសើចទៀត ខ្ញុំចាប់ឯងអោយគេឥឡូវតែម្តង!” 

“កុំអី! ខ្ញុំនិយាយលេងទេ…”
ពេលពួកនោះទៅអស់ យើងក៏ដើរចេញមក រហូតដល់កន្លែងអាហ៊ាលក់ខ្សែដៃ។ ខ្ញុំនៅតែឈរសំលឹងមើលខ្សែដៃរូបផ្កានោះ។

ហឹស! បើយកលុយមកតាមខ្លួន គ្មានមកត្រូវឈរសម្លឹងបែបនេះទេ…

កំពុងសំលឹង ស្រាប់តែអាហ៊ាលូកដៃច្រកខ្សែដៃនោះដាក់ប្រអប់ ហើយដើរមកហុចរំលងក្បាលខ្ញុំ​។ ភ្នែកខ្ញុំពេលនេះ បើវាលោតមកបាន ប្រហែលវាលោតដល់ប៉ោយប៉ែតហើយមើលទៅ។ អាគាត់មុខស្អាតមុននេះ ហុចលុយអោយអាហ៊ា ហើយដើរចេញបាត់។ ខ្ញុំនេះ បានត្រឹមឈរភាំង…

អីក៏ស៊យម្ល៉េះ! ក្មេងប្រុសនោះក៏មិនដឹងទៅណាបាត់តាំងពីពេលណា។ យី! ចេះរត់ចោលគ្នាចឹងកើត…

 

អានភាគទី២

Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS