News — khmer online book
រឿង អតីតកាលរបស់ម៉ាក់
Posted by Team GooShop on
អ្នកនិពន្ធ៖ កូនឈើ រក្សាសិទ្ធដោយ៖ ហ្គូសប ភាគ១ ម៉ាក់… មនុស្សទូទៅតែងទទួលបានភាពកក់ក្តៅពីពាក្យមួយនេះ តែលីនមិនដែលទទួលបានអារម្មណ៍បែបនេះទេ។ ថ្ងៃនេះជាថ្ងៃដែលសិស្សទូទាំងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យវិជ្ជសាស្រ្តជាតិកម្ពុជា មកទទួលសញ្ញាបត្រដែលតំណាងឱ្យការបញ្ចប់ការសិក្សារយៈពេលបួនឆ្នាំពេញ។ លីនកំពុងឈរកណ្តាលសាលប្រជុំដ៏ធំមួយ ដែលពោរពេញដោយមនុស្សជាច្រើនកុះករ។ សម្លេងអបអរនិងសើចសប្បាយ លឺអឺងកងពេញសាលប្រជុំ។ មិត្តរបស់លីនមិនបាននៅជាមួយនាងទេ ព្រោះពេលនេះពួកគេកំពុងបំបែកគ្នា ទៅថតរូបជាមួយក្រុមគ្រួសាររៀងខ្លួនអស់ហើយ។ ឪពុកម្តាយអ្នកខ្លះញញឹមញញែមមិនបាត់ពីមុខទេ ពីព្រោះពួកគាត់មានមោទកភាពនឹងកូនគាត់មែនទែន ដែលអាចរៀនបានខ្ពង់ខ្ពស់ពីសាកលវិទ្យាល័យលំដាប់ប្រចាំក្រុងនេះ។ ក្រឡេកមកមើលលីនវិញដែលឈរនៅក្បែរជ្រកចូលនៃសាលប្រជុំ នាងឈរតែម្នាក់ឯង រង់ចាំមិត្តរួមថ្នាក់ទាំងឡាយរបស់នាង ដើម្បីពួកគេអាចថតរូបជុំគ្នា ក្នុងរ៉ូបពណ៌ខ្មៅជាមួយមួកទទួលសញ្ញាបត្រ ដែលបង្ហាញថាការតស៊ូរយៈពេល៤ឆ្នាំត្រូវបានបញ្ចប់ដោយជោគជ័យ។ លីនពុំមានក្រុមគ្រួសារមកអបអរសាទរចំពោះភាពជោគជ័យនេះជាមួយនាងឡើយ។ នាងឈរមើលសិស្សដទៃទទួលបានផ្កានិងស្នាមញញឹមដោយស្ងៀមស្ងាត់ម្នាក់ឯង តែនាងមិនបានអន់ចិត្តដែលខ្លួនមិនបានទទួលរបស់ទាំងអស់នេះឡើយ។ មនុស្សគ្រប់គ្នាមានរបស់ខ្លះ ហើយក៏អត់របស់ខ្លះ… នេះជាឃ្លាដែលលីនតែងរំលឹកខ្លួនឯង ពីព្រោះនៅលើលោកនេះ គ្មានមនុស្សណាមានអ្វីគ្រប់បែបយ៉ាងសមប្រកបទាំងអស់នោះទេ។ នាងមិនមានក្រុមគ្រួសារដែលនៅជាមួយនាងនៅពេលនេះក៏ពិតមែន តែគ្រាមុននេះបន្តិច នាងទទួលបានស្នូរទះដៃពីមនុស្សទូទាំងសាលប្រជុំពីភាពជោគជ័យដ៏ឥតខ្ចោះរបស់នាង។ លីនឱនមុខចុះសម្លឹងមើលសញ្ញាបត្រដែលខ្លួនកំពុងឱបជាប់ខ្លួន កំឡុងពេលដែលមនុស្សកំពុងតែដើរឈូឆរជុំវិញនាង។ សញ្ញាបត្រនេះជាសញ្ញាបត្រសិស្សពូកែលំដាប់លេខមួយប្រចាំដេប៉ាតឺម៉ង់។ វាជាសញ្ញាបត្រដែលនាងខិតខំបានយ៉ាងល្អជាងសិស្សដទៃទៀត។ នាងចាប់ផ្តើមញញឹមឡើង ដោយមានមោទកភាពចំពោះការខិតខំរបស់ខ្លួន។ រំពេចនោះ លោកយាយចំណាស់ម្នាក់ ដើរមកជិតខ្ញុំហើយនិយាយថា៖ “អបអរសាទរចៅស្រី!” គាត់និយាយជាមួយស្នាមញញឹមស្រទន់។ “អបអរសាទរមិត្ត!!!” សុខាដើរចេញពីក្រោយខ្នងលោកយាយម្នាក់នោះ រួចនិយាយមកកាន់ខ្ញុំទាំងហក់កញ្ច្រោង ដោយភាពរីករាយជាមួយសមិទ្ធផលដែលខ្ញុំទទួលបាន។ “យើងថាហើយថាទៀត… ឯងប្រាកដជាធ្វើបាន!” “អរគុណលោកយាយ! អរគុណណាឯង!” ខ្ញុំប្រញាប់អរគុណលោកយាយចំណាស់ម្នាក់នោះនិងសុខាដោយស្នាមញញឹមវិញ។ “លោកយាយ! ចៅសុំទៅថតរូបជុំគ្នាជាមួយមិត្តចៅហើយណា៎!” សុខានិយាយជាមួយលោកយាយគេ។ “អឺៗ អាចៅ!” “តោះលីន!” សុខាចាប់ទាញដៃខ្ញុំចេញពីសាល ដើម្បីដើរទៅរកមិត្តរួមថ្នាក់ទាំងអស់នៅឯទីធ្លាសួនច្បារនៃសាលា។ គ្រាដែលមិត្តរួមថ្នាក់ទាំងអស់ឃើញខ្ញុំនិងសុខារត់ទាំងប្រញាប់ប្រញាល់មកនោះ ពួកគេនាំគ្នារត់មកលោមព័ទ្ធខ្ញុំភ្លាម ខ្លះឱបកខ្ញុំផង ខ្លះទះស្មាខ្ញុំផង យ៉ាងសប្បាយរីករាយ ដើម្បីជាការអបអរចំពោះសញ្ញាបត្រសិស្សលំដាប់លេខ១ មានតែមួយគ្មានពីរ ដែលខ្ញុំទទួលបាន។ “លីន! មកឈរកណ្តាលពួកយើងមកអាងថតរូបជុំគ្នា! សិស្សពូកែត្រូវឈរកណ្តាលគេណា៎!” “ត្រូវហើយៗ ពួកយើងមានមោទកភាពណាស់ដែលបានរៀនជាមួយសិស្សពូកែប្រចាំសាលា!” មិត្តរួមថ្នាក់នាំគ្នាទាញខ្ញុំទៅឈរកណ្តាលពួកគេ។ ពេលដែលពួកយើងប្រុងប្រៀបរួច អ្នកថតរូបក៏ស្រែកឡើងថា៖ “១ ២ ៣… បោះមួក!” ក្រឹប! ភាគ២ បន្ទាប់ពីមកដល់ផ្ទះវិញ ខ្ញុំដើរទៅឯផ្ទះបាយ ក៏ឃើញម៉ាក់កំពុងធ្វើម្ហូបនៅទីនោះ។ បរិយាកាសក្នុងផ្ទះស្ងៀមស្ងាត់ល្អណាស់ ពីព្រោះផ្ទះនេះមានមនុស្សតែពីរនាក់ទេដែលរស់នៅជាប្រចាំ។ ផ្ទះមនុស្សទូទៅប្រហែលជាមានសម្លេងឈូឆរ រវាងបងប្អូនឈ្លោះគ្នា ឬឪពុកម្តាយប្រកែកគ្នា។ ពេលខ្លះទៀត ក៏មានសម្លេងសើចអឺងកង យ៉ាងសប្បាយរីករាយ។...
- 0 comment
- Tags: book, Books, cambodia, ebook, ebooks, fiction, Khmer, khmer book online, khmer novel, khmer novel blog, khmer online book, kindle, kindle readers, novel, novel in khmer, novel khmer free reading, read khmer book online, reader, readers, reading, កូនឈើ, អតីតកាលរបស់ម៉ាក់
រឿង អនុស្សា (ភាគទី១)
Posted by Team GooShop on
ចាប់ផ្តើមសរសេរនៅថ្ងៃ ២០ តុលា ២០២១ ម៉ោង៦ព្រឹក ភាគទី១៖ សោភា និពន្ធដោយ៖ កូនឈើ តឺតៗ… តឺតៗ សម្លេងនាឡិកាកំពុងរោទ៍ឡើងនៅលើក្បាលដំណេករបស់ខ្ញុំ បង្ហាញថាពេលនេះគឺម៉ោងប្រាំភ្លឺហើយ។ ខ្ញុំងើបយឺតៗ រួចសម្រួលសរសៃបន្តិច មុននឹងបោះជើងចុះពីលើគ្រែ ឈានសន្សឹមៗទៅបើកតន្ត្រីស្លូៗ ចេញពីថាសឌីសដែលខ្ញុំបានទិញកាលពីម្សិលមិញ។ របស់ថ្មីជាអ្វីដែលខ្ញុំនឹកឃើញមុនគេ ពេលបើកភ្នែកឡើងព្រឹកនេះ។ សូរសៀងតន្រ្តីបន្លឺតិចៗ បូករួមជាមួយបរិយាកាសស្ងប់ស្ងាត់នាពេលព្រឹកព្រលឹម ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានក្តីសុខឥតឧបមា។ ខ្ញុំឈ្មោះ សោភា មានអាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអក្សរសាស្ត្រអង់គ្លេស។ ខ្ញុំចេញធ្វើការបានពីរឆ្នាំមកហើយ ហើយក៏មានថវិកាគ្រប់គ្រាន់ប្រចាំខែ ដើម្បីយកមកបង់រម្លស់អាផាតមិនតូចមួយនៅជាន់ទី១៣ ដែលខ្ញុំកំពុងស្នាក់នៅនេះ។ ទីតាំងអាផាតមិននេះ គឺនៅកណ្តាលទីក្រុងភ្នំពេញតែម្តង ងាយស្រួលសម្រាប់ខ្ញុំធ្វើដំណើរថ្មើរជើង ទៅកាន់កន្លែងធ្វើការនិងផ្សារទំនើប។ ខ្ញុំសម្រេចចិត្តចេញមករស់នៅតែម្នាក់ឯង បែកពីក្រុមគ្រួសារភ្លាម នៅពេលដែលខ្ញុំមានលំនឹងក្នុងជីវិតការងារ ជាអ្នកបកប្រែសៀវភៅរឿងបរទេស គឺប្រហែលក្នុងរយៈពេលមួយឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់ការសិក្សា។ ដំបូង ម៉ាក់និងប៉ាព្រួយបារម្ភណាស់ពីសុវត្ថិភាពរបស់ខ្ញុំ តែមកដល់ពេលនេះ គឺមួយឆ្នាំហើយដែលខ្ញុំរៀនរស់នៅតែម្នាក់ឯង។ វាមិនងាយស្រួល តែខ្ញុំរីករាយដែលទីបំផុត ខ្ញុំមានសមត្ថភាពរស់នៅឯករាជ្យ យល់ពីទុក្ខលំបាកដែលត្រូវគ្រប់គ្រងចំណូលចំណាយក្នុងផ្ទះដោយខ្លួនឯង។ ណាមួយ ខ្ញុំចង់រៀនធ្វើរឿងទាំងអស់នេះឱ្យថ្នឹកដៃឱ្យហើយ ពីព្រោះនៅថ្ងៃអនាគត ខ្ញុំនឹងត្រូវរ៉ាប់រងការចំណាយរបស់ក្រុមគ្រួសារពេញលេញមួយរបស់ខ្ញុំ មិនមែនតែម្នាក់ឯងទៀតទេ។ ខ្ញុំអង្គុយចុះ ឱបជើងលើកៅអីនៃតុធ្វើការរបស់ខ្ញុំ ដែលដាក់នៅចំពីមុខបង្អួចបែរទៅទិសខាងកើត អនុញ្ញាតឱ្យខ្ញុំគយគន់មើលព្រះអាទិត្យរះឡើងជារៀងរាល់ថ្ងៃ។ សូរចម្រៀងលឺរណ្តំក្នុងចិត្តខ្ញុំ ព្រមជាមួយព្រះអាទិត្យរះលឹមៗចេញមក ជះកាំរស្មីស្រាងៗចូលក្នុងបន្ទប់អាផាតមិនដ៏តូចរបស់ខ្ញុំនេះ។ ខ្ញុំមានអារម្មណ៍ថាស្ងប់សុខណាស់ នៅក្នុងជីវិតរស់នៅតែម្នាក់ឯងបែបនេះ។ វគ្គទី១៖ អ្នករួមការងារ ថ្ងៃថ្មី ព្រអាទិត្យរះជាថ្មី មនុស្សម្នាជាច្រើនកំពុងដើរតាមដងផ្លូវយ៉ាងមមាញឹក។ ខ្ញុំដើរយួរថង់ក្រណាត់នៅលើស្មា ស្លៀករ៉ូបពណ៌ស ជាមួយស្បែកជើងខនវ៉ើសពណ៌ខ្មៅ ពាក់កាសស្តាប់ចម្រៀងបែប motivational ជាមួយខ្យល់បក់រំភើយៗប៉ះសក់រួញតិចៗពណ៌ត្នោតរបស់ខ្ញុំ។ ខ្ញុំដើរយឺតៗ ពីព្រោះមិនទាន់ដល់ម៉ោងធ្វើការនៅឡើយទេ ខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ឡើយ។ ចង់ខ្ញុំចូលផឹកកាហ្វេមួយកែវសិន ក៏មិនទាន់ដល់ម៉ោងធ្វើការផង។ ថ្ងៃនេះអារម្មណ៍ល្អ ចង់ទៅធ្វើការលឿន ព្រោះខ្ញុំទន្ទឹមចង់បកប្រែសៀវភៅរឿងបន្ត ដែលខ្ញុំត្រូវបង្ហើយពីម្សិល ព្រោះដល់វគ្គល្អអាន។ គិតដល់ត្រឹមនេះ ខ្ញុំសប្បាយចិត្តណាស់ ក៏ចាប់ផ្តើមដើររាងញាប់ជើង។ ពេលមកដល់កន្លែងធ្វើការភ្លាម ក៏មានបុរសម្នាក់មកស្ទាក់ខ្ញុំចំផ្លូវចូលបន្ទប់ការិយាល័យតែម្តង។ “មកលឿនដូចការស្មាន! ៦ព្រឹកឱ្យត្រឹមតែម្តង!” បេន ជាបុរសសង្ហាប្រចាំការិយាល័យ នរណាៗក៏សរសើរ អត់តែខ្ញុំទេ ពីព្រោះប៉ិនេះមកម្តងណា មិនដែលមានរឿងចម្រុងចម្រើនដល់ខ្ញុំឡើយ។ “អើ! ហើយវាយ៉ាងម៉េច?” “ស្រឡាញ់ការងារបែបនេះ ក្រុមហ៊ុនយើងជោគជ័យស្លាប់ហើយ!” “…” ខ្ញុំឈរឱបដៃរង់ចាំគេនិយាយត។ បេនរៀបឬកបន្តិចរួចចាប់ផ្តើមនិយាយបន្ត៖...