រឿង អនុស្សា (ភាគទី២)
Posted by Team GooShop on
ភាគទី២៖
ស័ក
និពន្ធដោយ៖ កូនឈើ
ភ្នែករបស់ខ្ញុំកំពុងសម្លឹងយ៉ាងភ្លឹក ទៅកាន់ពិដាននៃបន្ទប់ដ៏ធំមួយ។ ឱ្យតែម៉ោង៥ព្រឹកភ្លាម សតិរបស់ខ្ញុំតែងដាស់ខ្ញុំឱ្យភ្ញាក់ពីដំណេកដោយឯកឯង។ តែថ្ងៃនេះចម្លែកណាស់ ខ្ញុំដូចជាអស់កម្លាំងខុសពីធម្មតា ដែលធ្វើឱ្យខ្ញុំផ្តេកខ្លួនលើគ្រែយ៉ាងយូរ មិនព្រមងើបឡើងសោះ។ គិតដល់ត្រឹមនេះ ខ្ញុំក៏ស្ទុះក្រោកឡើងទាំងបង្ខំ រួចក្រឡេកមើលទៅនាឡិកាដែលព្យួរយ៉ាងហំហួននៅលើជញ្ជាំងបន្ទប់ ដែលទ្រនិចខ្លីជាងគេបានឈប់ត្រឹម លេខប្រាំ។ ខ្ញុំប្រឹងទាញខ្លួនចុះពីលើគ្រែ រួចដើរយឺតៗចេញពីបន្ទប់នៃផ្ទះធំល្មមរបស់ខ្ញុំ។
ខ្ញុំដើរចុះកាំជញ្ជើរយឺតៗ រួចមកឈប់ទ្រឹងនៅចំពីមុខទូដាក់តាំងគ្រាប់កាហ្វេដ៏ធំមួយ។ ខ្ញុំសម្លឹងយូរបន្តិច ទើបសម្រេចចិត្តលូកដៃយកគ្រាប់កាហ្វេ ដែលទើបនាំចូលពីប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន។ ខ្ញុំបែរចេញពីទូ រួចដើរយឺតៗ ទៅកាន់តុឆុងកាហ្វេនៅក្នុងផ្ទះបាយ ដែលមានប្រដាប់ប្រដាឆុងកាហ្វេ ដាក់តម្រៀបគ្នាយ៉ាងមានរបៀបរៀបរយ។ ខ្ញុំចាត់ការកិនគ្រាប់កាហ្វេដោយផ្ទាល់ដៃ រួចដាក់ចូលទៅក្នុងស្បៃឆុង ដើម្បីចាក់ទឹកក្តៅចូល។
ថ្ងៃនេះ មិនចាំបាច់ប្រើទឹកដោះគោស្រស់ទេ ពីព្រោះចង់ដឹងថា កាហ្វេអង់គ្លេសសុទ្ធមានរសជាតិយ៉ាងម៉េចដែរ!
បានកាហ្វេមួយកែវក្នុងដៃរួច ខ្ញុំពុំទាន់ផឹកភ្លាមនោះទេព្រោះវាក្តៅពេក ទើបខ្ញុំកាន់វាឡើង រួចស្រូបក្លិនជាមុនសិន។
“ឆ្ងុយគ្រាន់បើ…” ខ្ញុំសរសើរបស់ក្នុងដៃ រួចសម្រេចចិត្តថាដើរហិតវាបណ្តើរ ចេញទៅសួនមាត់ទឹកក្រៅផ្ទះបណ្តើរ។
ខ្ញុំឈ្មោះ ស័ក ជាម្ចាស់ហាងលក់គ្រាប់កាហ្វេដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ហាងខ្ញុំមិនមែនលក់កាហ្វេឆុងរួចរាល់នោះទេ គឺលក់កាហ្វេគ្រាប់ ដែលនាំចូលពីប្រទេសនានា។ សូម្បីតែហាងកាហ្វេល្បីៗជាច្រើននៅស្រុកខ្មែរ ក៏យកគ្រាប់កាហ្វេរបស់គេមកដាក់តាំងលក់ក្នុងហាងរបស់ខ្ញុំដែរ។ ខ្ញុំចូលចិត្តញ៉ាំកាហ្វេតាំងពីរៀនវិទ្យាល័យមកម្លេះ។ កាហ្វេ ជាការតំណាងឱ្យមិត្តភាព ការជួបជុំ និងកម្លាំងចិត្តកម្លាំងកាយសម្រាប់ថ្ងៃថ្មី។ ខ្ញុំចូលចិត្តទិញគ្រាប់កាហ្វេមកឆុងដោយខ្លួនឯងផ្ទាល់ តាំងពីចាប់ផ្តើមចូលរៀនមហាវិទ្យាល័យផ្នែកពាណិជ្ជកម្មនិងជំនួញមក ពីព្រោះកាលនោះ ខ្ញុំពុំសូវមានប្រាក់សម្រាប់ទិញកាហ្វេឆុងរួចនោះទេ។ ឱពុកម្តាយខ្ញុំឱ្យខ្ញុំរៀនរស់នៅដោយមិនពឹងពាក់លើកម្លាំងញើសឈាមគាត់ទៀតឡើយ។ ខ្ញុំទិញឡើងស្គាល់សឹងគ្រប់ប្រភេទនៃគ្រាប់កាហ្វេទៅហើយ ទើបពេលចប់មហាវិទ្យាល័យ ខ្ញុំមានគំនិតបើកហាងលក់គ្រាប់កាហ្វេ ដែលនាំចូលគ្រាប់កាហ្វេទាំងក្នុងនិងក្រៅស្រុក។
ខ្ញុំដើរមកដល់ខាងក្រៅផ្ទះ ក៏ទទួលបានអារម្មណ៍នៃទឹកសន្សើមត្រជាក់ៗនាពេលព្រឹក ហើយក៏ចូលទៅក្នុងសួនច្បារក្បែរមាត់ទឹក ដើម្បីមើលព្រះអាទិត្យដែលកំពុងរះបញ្ចេញនូវកាំរស្មីព្រឿងៗ ជះមកលើផ្ទៃទឹកយ៉ាងគួរឱ្យគយគន់។ ខ្ញុំមិនភ្លេចក្រេបនូវរសជាតិកាហ្វេដែលកាន់ក្នុងដៃ ជាមួយអារម្មណ៍យ៉ាងល្អ ហើយគិតក្នុងចិត្តថា…
បើនៅប្រនៀលលើគ្រែមិនក្រោកឡើង ប្រហែលជាអាក់ខានស្រស់ស្រូបនូវបរិយាកាសពេលព្រឹកដ៏ប្រពៃនេះហើយ!
វគ្គទី៨៖ នារី Early Bird
ខ្ញុំតែងមកបើកទ្វារហាងលក់គ្រាប់កាហ្វេរបស់ខ្ញុំមុនបុគ្គលិកមកដល់ជារៀងរាល់ថ្ងៃ។ ជាធម្មតា គ្មានភ្ញៀវណាមកទិញទេទាំងព្រឹកព្រលឹមបែបនេះ។ បើមាន ក៏ប្រហែលជាអ្នកនៅម្តុំនេះដែលភ្លេចមើលស្តុកកាហ្វេនៅផ្ទះ។ ខ្ញុំកំពុងឈរមើលកញ្ចប់កាហ្វេណាដែលនៅមិនត្រូវជួរ អាងយកទៅដាក់នៅទីតាំងរបស់វាវិញ ស្រាប់តែក្រលៀសភ្នែកទៅឃើញនារីម្នាក់ក្នុងឈុតពណ៌ស សក់វែងពណ៌ត្នោតទម្លាក់ចុះ មុខនាងហាក់ភ័យពេលឃើញខ្ញុំ ធ្វើឱ្យភ្នែកដែលភ្លឺថ្លារបស់នាងបើកធំៗ។ បេះដូងខ្ញុំហាក់ទន់បន្តិច ភ្លឹកមើលនាងដែលនៅមិនឆ្ងាយប៉ុន្មាននេះ។ ខ្ញុំខានមានអារម្មណ៍បែបនេះជាយូរមកហើយ។ ខ្ញុំមិនដឹងថាជាអ្វីពីនាងតូចម្នាក់នេះទេ ដែលធ្វើឱ្យខ្ញុំបង្អត់ដង្ហើមរបស់ខ្លួនសឹង៥វិនាទីទៅហើយនេះ។ ខ្ញុំដាស់សតិខ្លួនវិញ រួចដើរទៅជិតនាងសួរនាំ។
នាងហាក់បីមិនមែនជាអ្នកចំណូលកាហ្វេនោះទេ ទោះបីនាងជាearly bird ក៏ដោយ។ នាងនិយាយបែបរួសរាយមកខ្ញុំ បង្ហាញស្នាមញញឹមជាប់នៅលើផ្ទៃមុខតូចៗនេះ។
គួរដើរតួជាភ្ញៀវហាង ឬម្ចាស់ហាងពេលនេះ?
ខ្ញុំដើរទៅយកគ្រាប់កាហ្វេអង់គ្លេសដែលខ្ញុំទើបនឹងសាកពីព្រឹកមិញមកឱ្យនាង រួចសម្រេចថានឹងធ្វើជាអ្នកលក់នៅទីនេះ ពីព្រោះគ្មានអ្នកគិតលុយឱ្យនាងទេពេលនេះ។ ថាទៅ ទេវតាបើកផ្លូវឱ្យខ្ញុំស្គាល់នាងបន្តទៀតនៅពេលខាងមុខ ពីព្រោះនាងជាអ្នករួមការងាររបស់អាបេន មិត្តសម្លាញ់ខ្ញុំ។ នាងហុចឯកសាររបស់ម្ចាស់ក្រុមហ៊ុនវាមកឱ្យខ្ញុំ ដែលជាឯកសារចងសម្ព័ន្ធភាពរវាងហាងគ្រាប់កាហ្វេ Coffeedom និងការិយាល័យបកប្រែនិងបោះពុម្ពសៀវភៅ Peekabook។ ពេលនាងដើរចេញទៅ វាធ្វើឱ្យខ្ញុំរាងស្តាយបន្តិចដែរ ព្រោះជួបនាងមិនបាន១០នាទីផង នាងក៏ត្រូវដើរចេញទៅបាត់។
ខ្ញុំឈាមរាវពេកទេដឹង ដែលមានកូនចិត្តលើនារីម្នាក់នេះ ពេលជួបនាងដំបូងមិនដល់១០នាទីផង?
ខ្ញុំគ្រវីក្បាលតិចៗ ដកដង្ហើមធំ រួចគិតក្នុងចិត្តថា៖
បើមានឱកាសជួបគ្នាម្តងទៀត ខ្ញុំប្រហែលជាអាចស្គាល់នាងជ្រៅជាងនេះ! សង្ឃឹមថាជួបនាងម្តងទៀតទៅចុះ…
វគ្គទី៩៖ អ្នកការពារ
នៅពីមុខភោជនីយដ្ឋានសិលាមាស…
បេននិងស្តេឡាមិនដឹងជាប្រញាប់ប្រញាល់រឿងអ្វីទេ គ្រាន់តែចប់កម្មវិធី double date ដែលពួកយើងបានធ្វើរួចអម្បាញ់មិញនេះភ្លាម ពួកគេស្រាប់តែនាំគ្នាបំបែកផ្លូវគ្នាទៅវិញរៀងខ្លួន ដែលធ្វើឱ្យខ្ញុំនិងសោភាឈរមិងមាំងតែពីរនាក់នៅពីមុខភោជនីយដ្ឋាននេះ។
នៅពេលដែលសោភាបដិសេដមិនព្រមឱ្យខ្ញុំជូននាងទៅផ្ទះវិញ ហើយបែរខ្នងដើរចេញទៅ ខ្ញុំក៏ចាប់ផ្តើមដើរតាមពីក្រោយនាង។ ខ្ញុំនៅមិនប៉ុន្មានជំហានទេពីក្រោយនាង តែនាងហាក់មិនដឹងខ្លួនថាខ្ញុំដើរតាមឡើយ ព្រោះមនុស្សច្រើនគួរសមដែរ ដែលដើរតាមដងផ្លូវធំនេះ។ ខ្ញុំសម្លឹងមើលនារីខ្លួនតូចៗដើរពីមុខខ្ញុំនេះ ទាំងអារម្មណ៍ល្អៗជាច្រើន។ ខ្ញុំមានអារម្មណ៍ថា ទេវតាបានបើកផ្លូវឱ្យខ្ញុំស្គាល់នាងបន្ថែមទៀតមែនទែនហើយ។
ពេលដើរដល់ផ្លូវកាច់ ចូលផ្លូវតូចស្ងាត់មួយ នាងហាក់ដើរញាប់ជើងជាងមុនបន្តិច ប្រហែលនឹកផ្ទះខ្លាំងហើយមើលទៅ។ តែពេលដើរបានឆ្ងាយបន្តិច ទើបខ្ញុំដឹងថានាងកំពុងភ័យ ព្រោះខ្ញុំឃើញឆ្មាតូចមួយហក់ពីដំបងកៀនផ្លូវចុះមកកាត់មុខនាង នាងស្រែកដូចឃើញខ្មោចអញ្ចឹង។ ខ្ញុំសម្រេចចិត្តថា នឹងបង្ហាញខ្លួនស្នើដើរក្បែរនាងវិញ ឱ្យនាងបានស្ងប់ចិត្តខ្លះ។ ដំបូងនាងបដិសេធ ដូចជាមិនចង់រំខានខ្ញុំ ដែលធ្វើឱ្យខ្ញុំនេះ អស់សំណើចនឹងទឹកមុខអេះអុញរបស់នាង។
ស្រែកចង់ប្រេះផ្លូវទៅហើយ នៅធ្វើខ្លាំងទៀត!
ទោះបីជានាងមិនចង់រំខានខ្ញុំ ក៏រំខានរួចទៅហើយ។ ខ្ញុំឯណាទៅស្ងប់ចិត្តត្រលប់ទៅផ្ទះវិញបាន បើមិនដឹងថានាងទៅដល់ផ្ទះស្រួលបួលអត់ផងនោះ។
គិតទៅ ហេតុតែខ្ញុំជាសុភាពបុរស…
នាងមិននិយាយអ្វីពេលពួកយើងកំពុងដើរបន្តជាមួយគ្នា ប៉ុន្តែភាពស្ងប់ស្ងាត់បែបនេះ ធ្វើឱ្យបេះដូងខ្ញុំហាក់កក់ក្តៅយ៉ាងមិនគួរឱ្យជឿ។ ខ្ញុំពិតជាចង់ដើរតួជាអ្នកការពារនាងបែបនេះរហូតណាស់។
ពេលមកដល់ខ្លោងទ្វារអាផាតមិនមួយ នាងនិយាយលាខ្ញុំទាំងញញឹមលឹបភ្នែក ចេញថ្ពាល់ខួចៗសងខាង។ ខ្ញុំសឹងតែទប់ចិត្តមិនបាន យកដៃទៅក្តោបមុខតូចៗនោះលេងទៅហើយ។ តែគិតបែបនេះមិនល្អទេ ទើបខ្ញុំរហ័សលើកដៃលានាងហើយដើរចេញទៅ ដោយមិនអាចនៅនិយាយអ្វីទៀតបាន។
វគ្គទី១០៖ សម្ព័ន្ធស្នេហ៍
បុរសម្នាក់រត់ទីណាត់ទីណែងចេញពីហាង Coffeedom តម្រង់ទៅឡានទំនើបមួយចតពីមុខនោះ រួចបើកទ្វារឡាន ចូលទៅក្នុង រួចបររថយន្តចេញទៅបាត់។ បន្ទាប់ពីឃើញផ្លាកលេខឡានរួច ខ្ញុំក៏ដឹងដូចការស្មានទុកថាជាបេនពិតមែន។ ខ្ញុំក៏ដើរចូលហាងលក់គ្រាប់កាហ្វេរបស់ខ្ញុំ ដោយសង្កេតឃើញសៀវភៅជាច្រើនគរលើគ្នាចំផ្លូវចូលតែម្តង។ ពេលក្រឡេកឃើញនារីម្នាក់ដែលខ្ញុំចាំមិនខុស សូម្បីត្រឹមតែខ្នងនាងបែរមកខ្ញុំបែបនេះ ក៏ខ្ញុំស្គាល់ថាជាសោភា ខ្ញុំក៏ដើរទៅជិតនាង។ ចៃដន្យអី នាងបែរមកក្រោយជួនគ្នាជាមួយខ្ញុំ ធ្វើឱ្យនាងភ័យបើកភ្នែកធំៗ ទឹកមុខមិនខុសពីពេលដែលខ្ញុំជួបនាងគ្រាដំបូង។
សុខៗនាងក៏ស្នើសុំជួយរៀបចំសៀវភៅជាមួយខ្ញុំ។ ខ្ញុំញញឹមក្នុងចិត្តឡើងពេលនាងនិយាយបែបនេះ ព្រោះទេវតាប្រហែលជាចង់ឱ្យពួកយើងចំណាយពេលជាមួយគ្នាបានច្រើនហើយ។
បេននេះ! ទុកសោភាចោលរហូត ធ្វើឱ្យស័កមានឱកាសរហូត…
ខ្ញុំងក់ក្បាលញញឹមទទួលជំនួយពីនាង រួចដើរទៅជញ្ជូនសៀវភៅទៅដាក់ក្បែរទូសៀវភៅធំមហិមាមួយ ដែលខ្ញុំទើបតែទិញយកមកដាក់ព្រឹកមិញនេះ ត្រៀមចាំសៀវភៅពី Peekabook។ នាងដើរតាមពីក្រោយ រួចជញ្ចូនតាមខ្ញុំទៅមកៗ រហូតសឹងបុកគ្នាម្តងម្កាល់។
“ហេតុអ្វីលោកគិតចង់លក់សៀវភៅនៅហាងលក់គ្រាប់កាហ្វេអញ្ចឹង?” នាងសួរពេលពួកយើងកំពុងបញ្ឈរសៀវភៅនៅលើទូ តាមប្រភេទសៀវភៅនីមួយៗ។
“នាងចូលចិត្តអានសៀវភៅត្រូវទេ?”
“ចូលចិត្តខ្លាំងទៀតផង!”
“នាងប្រហែលជាដឹងពីអត្ថប្រយោជន៍នៃការអានសៀវភៅច្រើនហើយ មិនបាច់ខ្ញុំពន្យល់ទេ។ គោលដៅនៃការចងសម្ព័ន្ធជាមួយក្រុមហ៊ុន Peekabook នេះ គឺដើម្បីបណ្តុះចំណង់ចំណូលចិត្តក្នុងការអាន របស់អ្នកចំណូលកាហ្វេនៅទីនេះ។”
“វាមិនងាយស្រួលទេក្នុងការបណ្តុះទម្លាប់ក្នុងការអាន…” នាងនិយាយបណ្តើរ ដៃរៀបចំសៀវភៅបណ្តើរ។
“ត្រូវហើយ! ប៉ុន្តែមនុស្សភាគច្រើនដែលអានសៀវភៅ គឺមិនទាន់ចប់មួយទំព័រផងក៏បិទសៀវភៅវិញ គឺដោយសារងងុយដេក!”
នាងស្រាប់តែសើចអស់សំណើចនឹងអ្វីដែលខ្ញុំនិយាយ ធ្វើឱ្យខ្ញុំញញឹមតាមទាំងមិនដឹងខ្លួន។
“ត្រូវហើយៗ! លោកឆ្លាតណាស់! បើងងុយ ដាក់កាហ្វេម៉ាឆឹបទៅ គឺបាត់ងងុយហើយ ហាហា!”
ខ្ញុំសើចតាមបែបមិនសូវកំប្លែងទេ តែដោយសារនារីម្នាក់នេះសើចឡើងកក្អឹកពេក ក៏សើចតាមដូចកំប្លែងណាស់អញ្ចឹងដែរទៅ។
“ភាគច្រើន អ្នកផឹកកាហ្វេមានអារម្មណ៍មូលល្អណាស់ ដឹងទេ? អានឆាប់យល់!”
“អឹម… យល់ស្រប!”
ពួកយើងនិយាយបណ្តើរ សើចបណ្តើរ ក៏រៀបចំសៀវភៅបណ្តើរ រហូតដល់សៀវភៅទាំងមួយពាន់ក្បាលបញ្ឈរនៅលើទូយ៉ាងស្អាតស្អំ នៅក្នុងហាងនេះ។
នេះជាអនុស្សាវរីយ៍មួយសម្រាប់ខ្ញុំ ដែលចាត់ទុកថា ជាពេលវេលាមួយដែលពួកយើងចាប់ផ្តើមនិយាយគ្នាច្រើន ហើយចាប់ផ្តើមជិតស្និទ្ធផងដែរ។ នេះខ្ញុំកំពុងចងសម្ព័ន្ធការងារជាមួយក្រុមហ៊ុន Peekabook រឺក៏ចងសម្ព័ន្ធស្នេហ៍ជាមួយនារីតូចច្រឡឹង ឈរក្បែរដៃនេះទៅវិញទេក៏មិនដឹង។ អ្វីដែលខ្ញុំដឹងពេលនេះ គឺខ្ញុំចង់មានពេលបែបនេះច្រើនទៀតជាមួយនាងនាពេលខាងមុខ។
សង្ឃឹមថាទេវតាបើកផ្លូវឱ្យខ្ញុំចូលទៅជិតបានទៀតទៅចុះ!
វគ្គទី១១៖ ភ្នាល់ដាក់ជីវិត
ថ្ងៃនេះខ្ញុំមកឈរចាំសោភាចេញពីធ្វើការ ព្រោះចង់បបួលនាងដើរលេង។
គិតស្អីទេខ្ញុំ! បបួលកូនគេដើរលេងទាំងល្ងាចបែបនេះ…
ពេលនាងដើរចេញមក ក៏ប្រទះឃើញខ្ញុំ រួចក៏ដើរមកជិតទាំងញញឹមសួរនាំថា៖
“លោកចាំនរណាឬ?”
“ចាំនាង…”
វោវ! ក្លាហានណាស់ឯង!
“មែនក៏អី? មានការអីឬ?” នាងសួរទាំងបើកភ្នែកធំ។
“គឺខ្ញុំចង់បបួលនាងទៅសាករសជាតិកាហ្វេនៅហាងមួយ ដែលទើបតែបើកថ្មី! វានៅម្តុំនេះដែរ ទើបខ្ញុំឆៀងចូលមក Peekabook ចាំនាង ក្រែងបានគ្នាទៅជាមួយ! នាងចង់ទៅជាមួយខ្ញុំទេ?”
ប្លង់នេះរៀបចំតាំងពីយប់មិញមកម្លេះ!
នាងងក់ក្បាលតិចៗ បែបយល់ពីផែនការរបស់ខ្ញុំ។
“អូខេ! ខ្ញុំទៅជាមួយលោកចុះ កុំឱ្យលោកកណ្តោចកណ្តែងពេក ក្រែងនរណាស្ទាក់ចាប់លោកទៅបាត់!” នាងតបទាំងទឹកមុខបែបលេងសើចមកខ្ញុំ។
“អូខេ! ការពារខ្ញុំផងអញ្ចឹង!”
ពួកយើងសើចឡើងរួមគ្នាឡើងផ្អើលបក្សាបក្សីនៅទីនេះ។
ពេលកំពុងដើរតាមផ្លូវទៅហាងកាហ្វេមួយកន្លែង ដែលនៅតាមដងផ្លូវជាតិនេះដែរ សោភានិយាយឡើងថា៖
“លោកដឹងទេថា បើយើងដើរទៅដល់ភ្លើងស្តុបដែលអាចមើលឃើញពីចម្ងាយនោះ យើងនឹងឃើញសត្វព្រាបបីក្បាលតោងលើបង្គោលភ្លើងស្តុបនោះ!”
“មែនឬ?”
“ខ្ញុំហ៊ានភ្នាល់ដាក់ជីវិត!”
“ដល់ថ្នាក់ហ្នឹងផង?!” ខ្ញុំនិយាយសើចហឹសៗ អស់សំណើចនឹងនារីកម្ពស់ត្រឹមស្មា ដែលដើរក្បែរខ្ញុំនេះ។
“ខ្ញុំដើរកាត់ទីនេះរាល់ថ្ងៃ… អូ គឺ២ដងក្នុងមួយថ្ងៃ! ពេលទៅធ្វើការនិងត្រឡប់ទៅផ្ទះវិញ…”
“នាងឃើញបែបនេះរាល់ថ្ងៃឬ?” ខ្ញុំបែរទៅសួរនាងទាំងចម្លែកក្នុងចិត្ត។
នាងងាកមកងក់ក្បាលដាក់ខ្ញុំ ញញឹមបែបប្រាកដចិត្តណាស់ រួចនិយាយ៖
“មានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍រឿងអីបែបនេះ ពីព្រោះពិភពលោកកាន់តែជឿនលឿន មនុស្សកាន់តែរវល់ សូម្បីតែពេលដើរកាត់បង្គោលនេះ ក៏គេមិនបានងាកឡើងលើ មើលមេឃមើលផ្កាយ មើលចាបមើលព្រាបដែរ ពីព្រោះក្នុងចិត្តរបស់ពួកគេគិតតែដើរអោយដល់ទីតាំងរបស់ខ្លួន ខ្វល់ខ្វាយតែពីអ្វីដែលគេគួរធ្វើបន្តតែប៉ុណ្ណោះ…” ពួកយើងដើរបណ្តើរ នាងរ៉ាយរ៉ាប់បែបអ្នកជំនាញខាងសន្តិភាពផ្លូវចិត្តបណ្តើរ។
ពេលពួកយើងដើរមកកៀកបង្គោលភ្លើងស្តុបនោះ ខ្ញុំក៏លាន់មាត់ឡើង៖
“ពិតជាមានព្រាបតោងលើបង្គោលភ្លើងនេះមែន តែមានព្រាបត្រឹមតែពីរក្បាលទេតើ!”
នាងឃើញបែបនេះ បើកភ្នែកធំៗ ងាកមកមើលខ្ញុំ...
“ឆាប់ឱ្យជីវិតនាងមកខ្ញុំមក!” ខ្ញុំនិយាយទាំងអស់សំណើចនឹងទឹកមុខរបស់នាង។
“ខ្ញុំឃើញព្រាបបីក្បាលរាល់ថ្ងៃ ហេតុអីក៏ថ្ងៃនេះមានតែពីរទៅវិញ?!” នាងនិយាយរអ៊ូតិចៗ បែបមិនអស់ចិត្ត។
“ហាហាហា!” ខ្ញុំសើចនាងកាន់តែខ្លាំងឡើងៗ ពីព្រោះបើអ្នកបានឃើញមុខភ័យៗរបស់នាង ចាញ់ភ្នាល់ដែលនាងដាក់ដោយខ្លួនឯងនោះ មិនដឹងល្អសើចយ៉ាងណា។
“ប្រគល់ជីវិតនាងឱ្យខ្ញុំភ្លាមមក!” ខ្ញុំញោះនាងតាមផ្លូវរហូតដល់ហាងកាហ្វេ។ នាងវាយខ្ញុំផងអីផង ឱ្យបំភ្លេចចោលរឿងភ្នាល់ដាក់ជីវិតអីនេះ នៅមកបើកទូរស័ព្ទបង្ហាញរូបភាពព្រាបបីក្បាលតោងលើបង្គោលភ្លើងស្តុប ដែលនាងមិនដឹងជាថតតាំងពីថ្ងៃណាទេ។ ខ្ញុំលលេងជាមួយនាងសោះ នាងដូចភ័យព្រួយឥតឧបមា។
ខ្លួនតូចៗឆាប់ភ័យបែបនេះ ការពារខ្ញុំបានយ៉ាងម៉េចទៅ?
វគ្គទី១២៖ គេងមិនលក់
ម៉ោង១២ទៅហើយ ខ្ញុំគេងមិនលក់នៅឡើយ។ នេះដោយសារតែស័កមកបបួលខ្ញុំផឹកកាហ្វេទាំងល្ងាច។ ខ្ញុំមិនដឹងកើតអីនោះទេ បានជាមិនបដិសេធគេ ហើយផឹកកាហ្វេគ្មាននឹកឃើញថាយប់នេះត្រូវគេងបន្តិចណាសោះ។ ខ្ញុំខំប្រឹងសំងំគេងតាំងពីម៉ោង១០ម្លេះ ប៉ុន្តែពេលនេះម៉ោងជិត១២ទៅហើយ ខ្ញុំគេងបញ្ឈរភ្នែកគិតដល់រឿងជាច្រើនក្នុងថ្ងៃនេះ។ ខ្ញុំគិតដល់សៀវភៅរឿងដែលមិនទាន់បកប្រែចប់ពីល្ងាច រួចក៏គិតដល់ស័ក។ ខ្ញុំប្រែខ្លួនមកចំហៀង គេងកើយដៃសម្លឹងមើលទៅក្រៅបង្អួច។ មេឃយប់នេះស្រឡះល្អណាស់ អត់មានព្រះច័ន្ទទេ តែមានផ្កាយព្រោងព្រាត។
“ស័កចម្លែកណាស់! គិតអញ្ចឹងទេពួកឯង?” ខ្ញុំនិយាយលេងជាមួយផ្កាយដែលព្យាយាមបញ្ចេញរស្មីប្រជែងគ្នាវា។
“សុខៗក៏មកចាំយើងចេញពីធ្វើការ ហើយបបួលទៅហាងកាហ្វេ…”
គិតដល់ត្រឹមនេះក៏ញញឹមអស់សំណើចនឹងការចាញ់ភ្នាល់ឆ្កួតៗរបស់ខ្ញុំ។ ស័កសើចសម្បើមណាស់ពេលនោះ។
ហើយពេលគេសើច ពិតជាគួរឱ្យស្រឡាញ់ណាស់ ប្រាប់ទៅ!
“គិតដល់ណាហើយចែស!”
ខ្ញុំយកដៃទះមុខខ្លួនឯងតិចៗ ហើយដកដង្ហើមធំបន្តិច រួចក៏សំងំគេងលក់ទៅ មិនដឹងតាំងពីស្មាណាទេ។
វគ្គទី១៣៖ ខុសប្លង់
ជាធម្មតា កាហ្វេមិនអាចធ្វើឱ្យខ្ញុំស្វាងបានទេ បើសិនជាដល់ម៉ោងសម្រាកហើយនោះ។ តែយប់នេះខ្ញុំស្វាងចែស! ខ្ញុំផ្តេកខ្នងលើគ្រែជាយូរមកហើយ នៅតែមិនងងុយ។ ខ្ញុំយកដៃមកគងថ្ងាស់ រួចគិតដល់សោភាដែលទើបតែជួបល្ងាចមិញនេះ។
“នាងគេងលក់ឬអត់ទេ ផឹកកាហ្វេទាំងល្ងាចបែបនេះ…” ខ្ញុំនិយាយខ្សឹបៗម្នាក់ឯង។
កាហ្វេខ្លាំងទៀតផងនៅហាងនោះ។ ពេលល្ងាចបែបនេះ គួរតែបន្ថយជាតិកាហ្វេនិងបន្ថយទឹកកកបន្តិចទៅគឺបានហើយ។ ពេលរៀបប្លង់យប់ម្សិលមិញ ខ្ញុំភ្លេចឱ្យឈឹងពីរឿងនេះ។ ឥឡូវគេងអត់លក់ព្រោះមានអារម្មណ៍ថាខុសឆ្គងនឹងនាងយ៉ាងម៉េចមិនដឹង។
“ត្រូវហើយ!!!” ខ្ញុំបន្ទរឡើង ពេលនឹកឃើញប្លង់ថ្មីសម្រាប់ថ្ងៃស្អែក។
ខ្ញុំក៏ប្រញាប់បិទភ្នែកសំងំគេង ឱ្យថ្ងៃស្អែកវារហ័សមកដល់ អាងដំណើរការប្លង់ថ្មី។
វគ្គទី១៤៖ ប្លង់ថ្មី
ម៉ោង៦ព្រឹកស្រាងៗ មេឃថ្ងៃនេះមានពពកដុំៗនៅលើផ្ទៃមេឃពណ៌ខៀវស្រងាត់ ខ្យល់ត្រជាក់បក់បោកអាវរងារបស់មនុស្សគ្រប់គ្នាដែលដើរតាមដងផ្លូវ។ ខ្ញុំដើរមកដល់អាផាតមិនរបស់សោភា ឈរផ្អែកខ្នងចំហៀងផ្លូវចូលអាផាតមិន រួមជាមួយកាហ្វេក្តៅៗពីរកែវនៅក្នុងដៃ ដែលខ្ញុំឆុងដោយផ្ទាល់ដៃសម្រាប់នាងនិងខ្ញុំ។
“ស័កឬ?”
ឈរសុខៗ ស្រាប់តែសម្លេងសោភាបន្លឺឡើងក្នុងត្រចៀករបស់ខ្ញុំ។ ខ្ញុំងាកទៅម្ចាស់សម្លេង ក៏ឃើញនាងឈរក្នុងឈុតអ្នកធ្វើការ រួមជាមួយអាវរងាគ្របពីលើផង។
“អរុណសួស្តី!” ខ្ញុំនិយាយរួចហុចកាហ្វេក្នុងដៃម្ខាងឱ្យនាង។
នាងឈរថ្មឹងសម្លឹងមុខខ្ញុំ ធ្វើឱ្យខ្ញុំចាប់ផ្តើមភ័យឡើង។
“អរុណសួស្តី!” នាងផ្លាស់ប្តូរទឹកមុខមកជាញញឹមលឹបភ្នែក រួចយកកាហ្វេដែលខ្ញុំហុចឱ្យ។
“នាងគេងលក់ទេយប់មិញ?”
“ខ្ញុំគេងបានតែ៥ម៉ោងប៉ុណ្ណោះ!”
“សូមទោស! ខ្ញុំមិនគួរណាបបួលនាងផឹកកាហ្វេទាំងល្ងាច…”
“មិនអីទេ!” នាងនិយាយរួចញញឹមតិចៗដាក់ខ្ញុំ។
ធូរទ្រូង!
“អឹម… កាហ្វេនេះឆ្ងាញ់ចម្លែក! លោកទិញពីណាមកហ្នឹង?” នាងលាន់មាត់ពេលចឹបកាហ្វេចូលមាត់បន្តិច។
“ខ្ញុំឆុងដោយខ្លួនឯង!”
“លោកពូកែឆុងណាស់!” នាងនិយាយរួចលើកមេដៃឱ្យខ្ញុំ។
មិនឱ្យឆ្ញាញ់យ៉ាងម៉េច ឆុងពីរកែវនេះប្រើពេលជិតពីរម៉ោង…
“ខ្ញុំជូននាងទៅធ្វើការ ល្អទេ?”
“អូ ខ្ញុំអាចដើរទៅបានដោយខ្លួនឯងបានណា!”
“ចុះខ្ញុំមិនបានថាយើងហោះទៅឯណា!”
នាងសម្លឹងមុខខ្ញុំបែបចម្លែកចិត្តបន្តិច ទើបខ្ញុំសើចដាក់នាង ហើយនាងក៏សើចតាម។
“តោះ ដើរទៅជាមួយគ្នា!”
និយាយរួច ពួកយើងក៏ដើរទៅ Peekabook បណ្តើរ ផឹកកាហ្វេក្តៅៗក្រោមអាកាសធាតុដ៏ត្រជាក់នេះបណ្តើរ។
Share this post
- 0 comment
- Tags: cambodia, gooshop, Khmer, khmer book online, khmer novel, khmer novel blog, novel, novel in khmer, novel khmer free reading, read khmer book online, reader, readers, reading, កូនឈើ, អនុស្សា