រឿង អនុស្សា (ភាគបញ្ចប់)

Posted by Team GooShop on

ភាគទី៣៖

ការចងចាំល្អៗ

និពន្ធដោយ៖ កូនឈើ

អាកាសធាតុខែធ្នូនាំមកនូវខ្យល់ស្ងួតដែលធ្វើឱ្យរឹតតែត្រជាក់ឡើងៗ។ ស័កតែងយកកាហ្វេក្តៅៗឱ្យខ្ញុំញាំជារៀងរាល់ព្រឹកនៅមុខ Peekabook តាំងពីខ្ញុំសរសើរថ្វីដៃគេម្តងនោះមក។ ខ្ញុំរអៀសដៃណាស់ នៅពេលគេហុចឱ្យម្តងៗ។ តែខ្ញុំមិនអាចបដិសេធបានទេ ពីព្រោះមុខញញឹមញញែមរបស់គេ ពេលខ្ញុំទទួលកាហ្វេពីដៃគេរួចនោះ វាគួរឱ្យចង់មើលណាស់។ ខ្ញុំមិនបាននៅនិយាយជាមួយគេច្រើនឡើយ បានត្រឹមនិយាយពាក្យអរគុណរួចក៏ចូលទៅធ្វើការទៅ។

នេះមានប្រុសសង្ហារមកចាំហុចកាហ្វេឱ្យរាល់ព្រឹកផង!” បេនដើរមកជិតតុធ្វើការខ្ញុំរួចនិយាយឌឺដង។

ខ្ញុំមិននិយាយអ្វី បានត្រឹមធ្វើការបន្តមិនខ្វល់ពីពាក្យរបស់គេ។

កុំថានាងចូលចិត្តគេដែរណា?” គេឱនមុខមកជិតខ្ញុំរួចបញ្ចេញឃ្លាដ៏សែនខ្នាញ់នេះ។

ពាក់ព័ន្ធអីនឹងលោក?”

នេះខ្ញុំចែចូវនាងជិតពីរឆ្នាំហើយ មិនយកភ្នែកសម្លឹងខ្ញុំខ្លះទេ?”

ឆឹស!” ខ្ញុំរុញគេចេញ ព្រោះអាប៉ិនេះនិយាយអញ្ចេះ សកម្មភាពធ្វើអញ្ចោះ។

ចុងឆ្នាំនេះ Peekabook នឹងមានដំណើរកំសាន្តបុគ្គលិក...” គេបន្ត។

ទៅណា?” ខ្ញុំនិយាយបណ្តើរ ដៃវាយឯកសារបណ្តើរ។

មណ្ឌលគិរី… បោះតង់នៅមណ្ឌលគិរី!

បោះតង់?” ខ្ញុំងាកទៅបើកភ្នែកធំៗ មើលមុខគេ។

ផ្សងព្រេងណាស់ឯង!

ត្រៀមខោអាវឱ្យហើយទៅណា ស្រីតូច!” គេនិយាយរួចក៏ដើរទៅបាត់។

វគ្គទី១៧៖ ដំណើរកំសាន្តចុងឆ្នាំ

ទីបំផុតថ្ងៃចេញដំណើរកំសាន្តក៏មកដល់ ខ្ញុំកំពុងតែឈរចាំឡានក្រុងជាមួយក្រុមការងារទាំងអស់នៅមុខ Peekabook។ ថ្ងៃនេះ មេឃស្រឡះបើកថ្ងៃ តែមានខ្យល់ត្រជាក់បក់បោកសម្លៀកបំពាក់រងារបស់មនុស្សគ្រប់គ្នា។ ខ្ញុំហាក់មានអារម្មណ៍ធូរស្បើយខុសពីធម្មតា។ ពេលវេលាចុងឆ្នាំមិនដែលអាក់ខានធ្វើឱ្យខ្ញុំមានអារម្មណ៍បែបនេះឡើយ។ ខ្ញុំក៏រុករកកាសដែលកប់ជ្រៅក្នុងកាបូប ដើម្បីយកមកស្តាប់បទចម្រៀង ជាមួយអាកាសធាតុបែបនេះ ដូចក្នុងរឿង Kdrama ណាស់។

អរុណសួស្តីសោភា!

ខ្ញុំងើយមុខមើលមនុស្សឈរចំពោះមុខ។

ស័ក! លោកទៅដំណើរកំសាន្តនេះដែលឬ?”

ខ្ញុំក៏ជាផ្នែកមួយនៃ Peekabook ដែរមិនអញ្ចឹង?”

ស័ក! ឯងមកដល់ល្មម! ឆាប់ទៅជួយសែងវ៉ាលីបុគ្គលិកស្រីៗដាក់ឡានក្រុងតិចមក!” បេនដើរមកកៀកកស័កទៅបាត់។

នេះឯងហៅយើងមកចូលរួមដំណើរកំសាន្ត ឬហៅយើងមកប្រើហាស់?” សម្លេងរងូវៗរបស់ពួកគេក៏ចេញទៅបាត់ ទុកឱ្យខ្ញុំឈរម្នាក់ឯង។

ខ្ញុំឈប់រុករកកាសក្នុងកាបូប រួចប្រញាប់អូសវ៉ាលីទៅដាក់ក្នុងឡានក្រុងដែលទើបនឹងមកចតមុននេះ។

នៅវេលាម៉ោង៤ល្ងាច ពេលទៅដល់កំពូលភ្នំមួយដែលរៀបស្មើនៃខេត្តមណ្ឌលគិរី ពួកយើងក៏ចាប់ផ្តើមធ្វើដំណើរទៅកាន់ជំនុំតង់មួយកន្លែង ដែលរៀបចំយ៉ាងហំហួនរួចជាស្រេច រង់ចាំការមកដល់របស់ពួកយើងនៅលើកំពូលភ្នំនេះ។ ពួកយើងបែងចែកគ្នាគេងមួយតង់ពីរនាក់។ ខ្ញុំគេងជាមួយមិត្តរួមការងារនារីម្នាក់ដែលពុំសូវជាស្គាល់គ្នាប៉ុន្មានទេ។ នៅពេលយើងចេញមកមើលថ្ងៃលិចរួមគ្នា ខ្ញុំក៏ប្រទះឃើញបេននិងស័កឱនចេញពីតង់មួយដែលនៅទល់មុខគ្នានេះតែម្តង។ ពួកគេមិនចាប់អារម្មណ៍ខ្ញុំទេ ព្រោះគម្លាតរាងឆ្ងាយពីគ្នា ហើយនៅចំកណ្តាលនេះមានភ្នក់ភ្លើងធំមួយ សម្រាប់ផ្តល់កម្តៅបរិយាកាសនៅទីនេះទៀត។ ខ្ញុំរង់ចាំមិត្តថ្មីរបស់ខ្ញុំចេញពីតង់មួយភ្លែត ទើបដើរចុះភ្នំទៅកាន់ទីទួលមួយទៀត ដែលអនុញ្ញាតឱ្យពួកយើងមើលថ្ងៃលិចបានយ៉ាងច្បាស់។

ខ្ញុំឈរមើលថ្ងៃលិចយ៉ាងភ្លឹក រួចក៏នឹកទាញកាសមកស្តាប់បទចម្រៀងស្លូៗឱ្យត្រូវបរិយាកាស រហូតដល់ថ្ងៃអស្តង្គតទៅ។

វគ្គទី១៨៖ Truth no Dare

នៅពេលយប់បន្តិច ពួកយើងក៏មានការលេងហ្គេមជាមួយគ្នា ដើម្បីពង្រឹងមិត្តភាពបន្ថែមទៀត។ បេនជាអ្នកដឹកនាំហ្គេមនេះ ហើយគេចាប់ផ្តើមបង្វិលដប ហើយបើក្បាលដបបែរទៅចំអ្នកណា អ្នកនោះនឹងត្រូវឆ្លើយសំណួរមួយ ដោយការពិត មិនកុហក។ វាស្រដៀងហ្គេម truth  dare ដែរ តែលើកលែងតែគ្មាន dare ទេគឺ truth សុទ្ធតែម្តង។ ដបវិលខ្ញាល់ រួចក្បាលដបឈប់នៅចំពោះមុខបេនខ្លួនឯង។ ពួកយើងនាំគ្នាសើចផ្អើលទឹកផ្អើលដី។

បេនមានសង្សារឬនៅហើយបើនៅ មាននារីក្នុងចិត្តឬនៅ?” មានមិត្តរួមការងារប្រុសម្នាក់សួរលឿនដូចរន្ទះ គ្មាននរណាសួរទាន់ទេ។

ហ្គេមនេះអត់គេចផុតពីរឿងស្នេហាទេបងប្អូន!

សួរបានតែមួយទេវ៉ើយ!” បេនតបវិញ។

មានសង្សារឬនៅ?”

នៅ!

វូ៎!!!” មិត្តរួមការងារស្រីៗនាំគ្នាហ៊ោឡើងមួយរំពេច។

អីយ៉ា! ប៉ិបេននេះលក់ដាច់គ្រប់ការិយាល័យភាសាតែម្តង!

បេនគេមិនខ្វល់ រួចក៏ចាប់ផ្តើមបង្វិលដបម្តងទៀត។

គិតទៅ អ្នកផ្តួចផ្តើមលេងហ្គេមនេះត្រូវឈឺសាច់ខ្លួនឯង។ ក្បាលដបមកឈប់ត្រឹមពីមុខបេនដដែរ។

យើងឈប់លេងហើយ!” បេននិយាយទាំងហួសចិត្ត។

ពួកយើងនាំគ្នាសើចផ្អើលព្រៃព្រឹក្សាអ្នកតាវល្លិជាលើកទីពីរ។

ឆ្លើយសំណួរបន្ទាប់មក!” មិត្តរួមការងារប្រុសនោះសួរកាត់គេកាត់ឯងជាលើកទីពីរ។

សំណួរអ្វីភ្លេចបាត់ហើយ!

មាននារីណាក្នុងចិត្តឬនៅ?”

“…” បេនបង្អង់បន្តិច សម្លឹងឆ្ងាយ ហាក់បីដូចកំពុងរិះគិតវែងឆ្ញាយ។ ពួកយើងនាំគ្នាអត់ដង្ហើមតាមសឹងដាច់ខ្យល់។

គឺ… មាន!”

នារីៗគ្រប់គ្នាដែលហ៊ោអម្បាញមិញ ក៏នាំគ្នាស្ងាត់មាត់ជ្រាប មើលមុខគ្នាបែបសេដៗ។ អ្នកដែលសេដជាងគេនោះ គឺមិត្តរួមការងារប្រុសដែលសួរសំណួរបេនរហូតនោះ។

យ៉ាងម៉េចវិញនេះ?!

តោះៗ លេងបន្ត! បើត្រូវខ្ញុំម្តងទៀត ចាត់ទុកថាមិនបានការ!

បន្ទាប់មក ដបត្រូវបានបង្វិលយ៉ាងញាប់ឆ្មេរ រួចបង្អង់បន្តិចម្តងៗ រហូតមកឈប់ទ្រឹងនៅពីមុខស័កដែលអង្គុយក្បែរបេន។

ស្មានតែជាយើងទៀតហើយតើវ៉ើយ!” បេនលាន់មាត់បន្តិច រួចលើកដៃឡើងកៀកស្មាស័ក “ឯងចូលចិត្តសោភាមែនទេហាមកុហកណា!

ចំមែនហើយ! សួរត្រង់ភ្លឹងតែម្តង អាប៉ិបេននេះ…

គេនាំគ្នាងៀកមកសម្លឹងខ្ញុំ ធ្វើឱ្យខ្ញុំរៀបឬកមិនត្រូវ បានត្រឹមអង្គុយថ្មឹង។

ពួកយើងក៏ចង់ដឹងដែរ នេះឃើញឈរចាំហុចកាហ្វេឱ្យសោភារាល់ព្រឹកទៀត!” មិត្តរួមការងារទាំងអស់នាំគ្នាយល់ស្របជាមួយសំណួរដែលបេនលើកឡើង។

សូម្បីតែខ្ញុំក៏ចង់ដឹងដែរ ព្រោះឆ្ងល់យូរហើយពីរឿងនេះ ប៉ុន្តែមិនហ៊ានអារកាត់។ ខ្ញុំបែរមកសម្លឹងស័កដែលកំពុងសម្លឹងមកខ្ញុំដូចគ្នា។

ត្រូវហើយ... ខ្ញុំចូលចិត្តសោភា!

គេនាំគ្នាហ៊ោឡើងមួយរំពេច ហាក់បីដូចជារំភើបជំនួសខ្ញុំទៅទៀត។ ពេលលឺចម្លើយបែបនេះចេញពីមាត់ស័កផ្ទាល់ វាធ្វើឱ្យខ្ញុំញញឹមចេញមកទាំងមិនដឹងខ្លួន។ បើថាមេឃភ្លឺវិញណា ប្រហែលគេអាចមើលឃើញថាមុខខ្ញុំក្រហមឆ្អិនឆ្អៅតែម្តង។

វគ្គទី១៩៖ មេអណ្តើក

មនុស្សជុំវិញខ្លួនខ្ញុំនាំគ្នាជ្រួលជ្រើមចំពោះចម្លើយរបស់ខ្ញុំ តែភ្នែកខ្ញុំកំពុងសម្លឹងមើលទឹកមុខរបស់នារីតែម្នាក់គត់ ដែលកំពុងញញឹមស្រាលមកកាន់ខ្ញុំហាក់បីដូចជា ធ្វើឱ្យបេះដូងខ្ញុំចាប់ផ្តើមធូរស្បើយ។ ខ្ញុំភ័យណាស់មុននេះ ខ្លាចចម្លើយមួយនេះធ្វើឱ្យសោភាខកចិត្តដែលមកធ្វើជាមិត្តនឹងខ្ញុំ តែពេលនេះខ្ញុំអស់បារម្ភហើយ។ ពួកយើងនាំគ្នាត្រលប់មកមើលបេនបង្វិលដបវិញម្តង បន្ទាប់ពីមិត្តថ្មីៗរបស់ខ្ញុំចលាចលរួចរាល់។ មិនដឹងទេវតាកំពុងគិតអ្វីនោះទេ ក្បាលដបស្រាប់តែមកឈប់ពីមុខសោភាម្តង ដូចមានអំណាចអ្វីមកទប់ដបឱ្យក្បាលរបស់វាឈប់ត្រឹមនាងអញ្ចឹង។

បេនឈ្មក់សួរលឿនជាងគេជាងឯងថា៖

មានអារម្មណ៍យ៉ាងណាចំពោះស័ក?”

យ៉ើស! អាមិត្តជើងល្អ… កំពុងធ្វើខ្លួនជាមេអណ្តើកហើយតើនេះ!

មនុស្សគ្រប់គ្នានាំគ្នាបាញ់កែវភ្នែកទៅកាន់សោភាជាលើកទីពីរ ដែលធ្វើឱ្យនាងខ្មាស់ សឹងលូនចេញពីហ្វូងនេះទៅហើយ។ នាងញញឹមបែបមិនសម ហាក់ធ្វើឱ្យខ្ញុំមិនស្រួលក្នុងចិត្តឡើង។

អឺ… គឺថា…” នាងនិយាយរដាប់រដុប ភ្នែកក្រលេបក្រឡាប់ ដូចរកនឹកចម្លើយ។

ហាមកុហកណា… មុននេះឃើញញញឹមច្បាស់ណាស់ពេលស័កសារភាពការពិត!” បេនហាក់ដឹងស្ថានការណ៍ គំរាមសោភាទុកជាមុន។

ធ្វើអញ្ចឹងមិនល្អទេឯង! ឈប់សួរសោភាទៅ!” ខ្ញុំកន្ត្រាក់ជាយអាវបេនតិចៗ ហើយខ្សឹបប្រាប់ឱ្យវាងាកមកចាប់អារម្មណ៍ខ្ញុំ តែវាផ្ទៀងត្រចៀកស្តាប់សោភាជាង ទើបមិនលឺខ្ញុំ។

នេះ សោភាអង្គុយម៉ាមេឃម៉ាដីពីវា វានៅមិនចាប់អារម្មណ៍ខ្ញុំដែលអង្គុយកៀកប្រកើយវាផង។ បេនកំពុងតែខ្មោចមេអណ្តើកចូលខ្លួនហើយ បងប្អូន!

គឺខ្ញុំក៏មានអារម្មណ៍ល្អ…” នាងឆ្លើយទាំងញញឹមតិចៗមកកាន់ខ្ញុំ។

ពេលវេលាហាក់នៅនឹងថ្កល់ ហើយពិភពលោកនេះមានតែយើងពីរនាក់អញ្ចឹង។

អីយ៉ា!!!

មិត្តៗនាំគ្នាចលាចល សប្បាយអរនឹងការផ្សំផ្គុំរបស់ទេវតាចំពោះពួកយើងទាំងពីរនាក់ ពេលលេងហ្គេមមួយនេះ។

វគ្គទី២០៖ ព្រះអាទិត្យរះ

ព្រឹកថ្មីមកដល់ ម៉ោង៥ព្រឹក មេឃចាប់ផ្តើមភ្លឺតិចៗ តែថ្ងៃមិនទាន់ឃើញរះនៅឡើយ។ ខ្ញុំដើរចេញពីតង់ ដើម្បីមកមើលថ្ងៃរះដោយស្ងៀមស្ងាត់ម្នាក់ឯង ពីព្រោះគ្មាននរណាទាន់ភ្ញាក់ពីដំណេកទេ។ ខ្ញុំដើរចុះមកទីទួលមួយដែលអាចឱ្យខ្ញុំមើលថ្ងៃរះពីទិសខាងកើតបាន។ នៅពេលមកដល់ក៏ប្រទះឃើញបុរសម្នាក់កំពុងឈរឱបដៃមើលព្រះអាទិត្យដែលរះលឹមៗ បញ្ចេញពន្លឺក្រហមឆ្អៅ។ ខ្ញុំដើរទៅឈរចំហៀងគេ ហើយសម្លឹងមើលថ្ងៃរះជាមួយគ្នា។

អរុណសួស្តី!” ខ្ញុំនិយាយតិចៗ។

គេភ្ញាក់បន្តិច ពេលងាកមកឃើញខ្ញុំ ហើយទើបញញឹមតបមកវិញ។

អរុណសួស្តី!” គេបែរទៅសម្លឹងព្រះអាទិត្យវិញ “នាងតែងងើបមើលព្រះអាទិត្យរះជារៀងរាល់ព្រឹកដែរឬ?”

អឹម…”

ពួកយើងឈរសម្លឹងមើលព្រះអាទិត្យរះរួមគ្នាយ៉ាងស្ងៀមស្ងាត់។

វគ្គទី២១៖ សេចក្តីស្រឡាញ់គឺអត់ធ្មត់ជាទីបំផុត

លោកដឹងទេ…” ស្ងាត់រៀងយូរបន្តិច ទើបសោភាបន្លឺសម្លេងឡើង “ព្រះអាទិត្យរះជានិមិត្តសញ្ញានៃការចាប់ផ្តើមជាថ្មី មិនថាពីមុនយើងបរាជ័យយ៉ាងណាឡើយ…” នាងនិយាយយ៉ាងស្រទន់ ដូចដាក់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងការនិយាយឃ្លានេះឡើង។

ខ្ញុំបែរទៅសម្លឹងនាង ដែលមើលព្រះអាទិត្យមិនព្រិចភ្នែក។

គិតទៅ នារីម្នាក់នេះពូកែទ្រឹស្តីណាស់!

វាតែងរំលឹកខ្ញុំបែបនេះ…” នាងនិយាយហើយបែរមកញញឹមយ៉ាងស្រទន់ ធ្វើឱ្យបេះដូងខ្ញុំលោតយឺតៗ ថ្មមៗទៅតាមសម្តីរបស់នាង សឹងតែបញ្ឈប់ដំណើរការទៅហើយ។

សោភា!” ខ្ញុំហៅឈ្មោះនាងតិចៗ រួចនាងក៏លើកចិញ្ចើមមកខ្ញុំ “ខ្ញុំស្រឡាញ់នាង…”

ពួកយើងឈរមើលមុខគ្នាមួយស្របក់ នាងក៏ផ្លាស់ប្តូរទឹកមុខពីញញឹម មកជាទម្លាក់ទឹកមុខចុះវិញ។

ខ្ញុំសម្រេចចិត្តរួចហើយ ថានឹងសារភាពនៅពេលមកដំណើរកំសាន្តនេះ។ ខ្ញុំមិនស្តាយក្រោយឡើយ បើទោះបីចម្លើយរបស់នាងយ៉ាងណាក៏ដោយ។ ខ្ញុំគ្រាន់ចង់ប្រាប់នាងពីអារម្មណ៍ពិតរបស់ខ្ញុំតែប៉ុណ្ណោះ។

នាងបែរមុខទៅសម្លឹងព្រះអាទិត្យរះវិញដោយមិនឆ្លើយតបនឹងការសារភាពរបស់ខ្ញុំ។

ខ្ញុំធ្លាប់ស្រឡាញ់មនុស្សម្នាក់…” នាងនិយាយបណ្តើរ សម្លឹងព្រះអាទិត្យរះដែលប្រែពីក្រហមមកជាលឿងទុំ ទាំងទឹកមុខស្រទន់ ដូចកំពុងនឹកពីអតីតកាលរបស់នាង “គេក៏ស្រឡាញ់ខ្ញុំដែរ ហើយពួកយើងក៏ក្លាយជាគូស្នេហ៍នឹងគ្នា…”

ខ្ញុំនៅតែសម្លឹងសោភា ព្យាយាមទាយពីអ្វីដែលនាងនិយាយបន្ត ទាំងអារម្មណ៍ភ័យៗ។

ប៉ុន្តែខ្ញុំសុំគេចែកផ្លូវគ្នា ហើយមិនត្រឡប់ក្រោយវិញឡើយរហូតដល់ពេលនេះ… លោកថាទៅមើលថា ខ្ញុំធ្វើនេះត្រូវទេ?…”

ខ្ញុំគិតបន្តិច រួចក៏តបថា៖

នាងប្រហែលជាមានមូលហេតុរបស់នាង…”

នាងងាកមកញញឹមដាក់ខ្ញុំបន្តិច រួចដកដង្ហើមធំ ហើយនិយាយថា៖

សេចក្តីស្រឡាញ់គឺអត់ធ្មត់ជាទីបំផុត បើទោះបីជាយើងត្រូវឈឺចាប់យ៉ាងណាក៏ដោយ… យើងនឹងមិនជ្រើសផ្លូវដើរចេញឡើយ…” នាងនិយាយទាំងញញឹមចុងមាត់តិចៗ។

នាងកុំបន្ទោសខ្លួនឯងបែបនេះអី…” ខ្ញុំនឹកចង់លួងលោមនាងភ្លាម។

ខ្ញុំមិនបានថាបន្ទោសខ្លួនឯងឯណា!” នាងងាកមកសើចចេញធ្មេញដាក់ខ្ញុំ ធ្វើដូចមិនមានរឿងអ្វីធំដុំ រួចបន្ត “ខ្ញុំគ្រាន់ទទួលស្គាល់ថា ខ្ញុំគ្មានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះគេម្នាក់នោះឡើយ…”

“…” ខ្ញុំមិនតបអ្វី ហើយព្យាយាមយល់ពីអ្វីដែលនាងចង់ប្រាប់ខ្ញុំ។

ខ្ញុំមិនសាកសមនឹងនិយាយពាក្យស្រឡាញ់... នៅពេលដែលខ្ញុំគ្មានសេចក្តីស្រឡាញ់បែបនោះចំពោះនរណាម្នាក់…”

“…” ខ្ញុំចាប់ផ្តើមយល់ពីអ្វីដែលនាងចង់ប្រាប់ខ្ញុំហើយ។

ប្រាំឆ្នាំមកហើយ ដែលខ្ញុំមិនហ៊ាននិយាយពាក្យនេះម្តងទៀតឡើយពាក្យថា ស្រឡាញ់...

អឹម ខ្ញុំយល់!

ខ្ញុំញញឹមងក់ក្បាលទៅនាង រួចពួកយើងសម្លឹងមើលថ្ងៃរះជាមួយគ្នា រហូតដល់ថ្ងៃថ្មីពេញលេញបានចូលមកដល់។

វគ្គទី២២៖ អនុស្សា

24/12/2026

ខ្ញុំងើបពីដំណេកដូចសព្វដង គឺនៅម៉ោងប្រាំទាបព្រឹក រួចដើរយឺតៗទៅកាន់ផ្ទះបាយដែលនៅមិនឆ្ងាយពីគ្រែគេងខ្ញុំប៉ុន្មាន។ ខ្ញុំឈោងដកកញ្ចប់គ្រាប់កាហ្វេចេញពីទូ រួចក៏ចាត់ការឆុងកាហ្វេ ក្រេះក្រោះតែម្នាក់ឯង។

មួយឆ្នាំកន្លងផុតទៅហើយ ខ្ញុំនៅតែរស់នៅក្នុងអាផាតមិនដ៏តូចមួយ ហើយងើបទៅធ្វើការនៅ Coffeedom ដដែរ។ ប៉ុន្តែអ្វីដែលប្លែកនោះគឺ គ្មានអ្នកឈរចាំហុចកាហ្វេក្តៅៗឱ្យ នៅពីមុខកន្លែងធ្វើការទៀតនោះទេនារដូវត្រជាក់ចុងឆ្នាំនេះ។

ស័កបានចាកចេញទៅប្រទេសអង់គ្លេសជិតមួយឆ្នាំហើយ។ តាំងពីគេសារភាពថាស្រឡាញ់ខ្ញុំរួចមក ខ្ញុំក៏លែងបានជួបស័កតទៅទៀត។ ខ្ញុំក៏មិនបន្ទោសគេដែរ ព្រោះខ្ញុំបានបដិសេធគេទៅហើយ។ ខ្ញុំគ្រាន់រាងអន់ចិត្តនឹងខ្លួនឯង ដែលជួបតែបុរសដែលស្រឡាញ់ចូលចិត្តខ្ញុំបានតែមួយភ្លែតៗ។ ប្រាំមួយឆ្នាំមកនេះដែលខ្ញុំនៅម្នាក់ឯង មិនមែនខ្ញុំមិនដែលជួបមនុស្សដូចស័កឯណា។

ខ្ញុំព្យាយាមមិនគិតច្រើនរយៈពេលមួយឆ្នាំកន្លងផុតទៅនេះ ប៉ុន្តែខ្ញុំតែងនឹកឃើញការចងចាំល្អៗជាមួយស័ក រាល់ពេលខ្ញុំទាញគ្រាប់កាហ្វេមកកិនជារៀងរាល់ព្រឹក។ នឹកដល់ពេលដែលពួកយើងដើរទៅសាកផឹកកាហ្វេនៅហាងកាហ្វេថ្មីជាមួយគ្នាទាំងល្ងាច។ នឹកដល់ពេលដែលគេឈរចាំមុខកន្លែងធ្វើការខ្ញុំរាល់ព្រឹក ដើម្បីតែហុចកាហ្វេក្តៅៗឱ្យខ្ញុំ រហូតខ្ញុំញៀនកាហ្វេដល់សព្វថ្ងៃនេះ អត់មិនបាន។ នឹកដល់ត្រឹមនេះ ខ្ញុំតែងរលីងរលោងចង់ហូរទឹកភ្នែករាល់លើក។ បើពួកយើងនៅតែបន្តធ្វើជាមិត្តល្អនឹងគ្នា មិនដឹងល្អយ៉ាងណាទេ ពីព្រោះខ្ញុំនឹកគេណាស់ ខានជួបយូរមកហើយ។

ហេតុអ្វីបានជាមនុស្សយើងដើរចេញចូលជីវិតគ្នាទៅវិញទៅមកលឿនយ៉ាងនេះ មិនព្រមនៅឱ្យយូរបន្តិច សឹមចេញទៅ។ លឿនពេក ខ្ញុំកាត់ចិត្តមិនចង់ដាច់ទេ។

វគ្គទី២៣៖ កាដូថ្ងៃគ្រឹស្មាស់

ខ្ញុំដើរមកដល់កន្លែងធ្វើការពីព្រលឹមដូចរាល់ដងក្នុងរ៉ូបពណ៌ស ក៏មានអាវចាក់រងាគ្របពីខាងក្រៅផងដែរ ព្រោះមេឃចុះត្រជាក់ខ្លាំងណាស់ថ្ងៃនេះ។ ក្នុងដៃមានកាន់កែវកាហ្វេក្តៅៗមកជាមួយផង ព្រោះអាកាសធាតុបែបនេះត្រូវម៉ាច់ជាមួយកាហ្វេក្តៅបែបនេះ។

“Happy Merry Christmas!” បេនដើរចេញពីមាត់ទ្វារការិយាល័យព្រមគ្នាពេលខ្ញុំរៀបដើរចូល រួចបន្លឺមួយឃ្លានេះឡើង ដូចរៀបប្លង់ទុកពីយប់មក។

មានការឱ្យជួយទៀតហើយអី?” ខ្ញុំឈរឱបដៃសម្លឹងមុខគេទាំងមុខមាំ។

កុំធ្វើមុខបែបនេះទៅមើល! ចាស់មុនអាយុឥឡូវហើយ!”

“…”

មិនឃើញខ្ញុំតបទើបគេរៀបឬកបន្តិចមុននិយាយបន្ត៖

មានគេផ្ញើររបស់ឱ្យ សម្រាប់ថ្ងៃគ្រឹស្មាស់នេះ!” គេនិយាយរួចក៏ដកកាដូដែលលាក់ពីក្រោយខ្នងគេចេញមក។

ប្រាកដហើយឬថាកាដូនេះមិនមែនជារបស់លោក?” ខ្ញុំដៀងភ្នែក ស្ទង់ទឹកមុខគេ ព្រោះខ្លាចប៉ិនេះបោកខ្ញុំ តាមពិតកាដូរបស់ខ្លួនឯងចង់ឱ្យមកខ្ញុំ តែថារបស់អ្នកផ្សេង។

ឈប់មានមោទនភាពនឹងខ្លួនឯងទៅ!” គេនិយាយព្រមទាំងបោះកាដូនោះមកឱ្យខ្ញុំ ធ្វើដូចបោះកូនសោរតូចមួយអញ្ចឹង “ខ្ញុំថារកទិញស្ករគ្រាប់បន្តិចបន្តួចឱ្យនាងក្នុងថ្ងៃគ្រឹស្មាស់នេះ តែបំភ្លេចចោលទៅ…” គេនិយាយចប់ក៏ដើរចេញទៅធ្វើរំភើយ មិនទាន់នឹងប្រាប់ខ្ញុំថាកាដូនេះរបស់អ្នកណាផ្ញើរមកផង។ 

ខ្ញុំសម្លឹងមើលគេដើរចេញពីការិយាល័យទៅ ទាំងឆ្ងល់ពីរបស់នៅក្នុងដៃ។ ខ្ញុំរត់ទៅតុការិយាល័យរបស់ខ្ញុំយ៉ាងលឿន ទាំងអារម្មណ៍ភ័យអរៗថាមិនត្រូវ។ ខ្ញុំចាប់ផ្តើមហែកសំបកកាដូថ្នមៗ ព្រោះមិនចង់ឱ្យរហែកខ្លាំង។ សំបកកាដូនេះមានពណ៌ដូចសំបកឈើ ហើយមានបូពណ៌កាហ្វេរុំពីលើ។ បើមើលរបស់នៅខាងក្នុង មានគ្រាប់កាហ្វេមួយកញ្ចប់ធំល្មមមកពីប្រទេសអង់គ្លេស។ បេះដូងខ្ញុំចាប់ផ្តើមលោតញាប់បន្តិច ព្រោះរាងប្រាកដចិត្តហើយថាជារបស់នរណាម្នាក់ដែលខ្ញុំធ្លាប់ស្គាល់។

នៅក្នុងនោះក៏មានសំបុត្រមួយផងដែរ មានរចនារូបគ្រាប់កាហ្វេពីលើនោះផង។ ខ្ញុំចាប់កាន់សំបុត្រនោះមកអង្គុយមើល រួចក៏ញញឹមបន្តិចមុននឹងបើកសំបុត្រនោះមើល។

វគ្គបញ្ចប់៖
សំបុត្រផ្ញើរមកសោភា

សួស្តីសោភា!

តើសុខទុក្ខយ៉ាងណាហើយ? សូមទោសដែលខ្ញុំមិនដែលទាក់ទងទៅនាង ពីព្រោះខ្ញុំមានអ្វីដែលត្រូវធ្វើច្រើនពេលមកដល់ប្រទេសអង់គ្លេសនេះ។ នាងដឹងទេ លុនដុនជាទីក្រុងដែលពេញនិយមផឹកកាហ្វេណាស់។ ខ្ញុំរអៀសខ្លួនមិនតិចទេ ដែលគិតថាខ្លួនដឹងច្រើនពីគ្រាប់កាហ្វេ។ ពេលមកដល់ទីនេះ សូម្បីភ្ញៀវធម្មតាក៏គេស្គាល់ពីប្រភេទគ្រាប់កាហ្វេនិងរសជាតិច្រើនជាងខ្ញុំទៅទៀត។ ប៉ុន្តែមកដល់ឥឡូវនេះ ខ្ញុំបានស្វែងយល់ច្រើនហើយ។ ខ្ញុំក៏ចាប់ផ្តើមអានសៀវភៅបានច្រើនដែរ ព្រោះទៅណាមកណា ឃើញគេដើរកាន់សៀវភៅអានរហូត។ មួយផ្នែកធំគឺដោយសារខ្ញុំនឹករលឹកដល់នាងផងដែរ។ 

និយាយតាមត្រង់ទៅចុះ ខ្ញុំនឹកពេលវេលាល្អជាច្រើនដែលខ្ញុំមានជាមួយនាង កាលពីខ្ញុំនៅស្រុកខ្មែរណាស់។ ទាល់តែខ្ញុំបានចាកចេញទៅបែបនេះ ទើបខ្ញុំមើលឃើញកាន់តែច្បាស់ពីតម្លៃនៃពេលវេលាទាំងនោះ។ អរគុណសម្រាប់ការចងចាំល្អៗដែលខ្ញុំបានស្ពាយមកតាមខ្លួន ក្នុងខួរក្បាលរបស់ខ្ញុំជារៀងរាល់ថ្ងៃនេះ។

មួយវិញទៀត អរគុណដែលបានប្រាប់ខ្ញុំថា សេចក្តីស្រឡាញ់ពិតប្រាកដមានការអត់ធ្មត់ជាទីបំផុត។ រាល់ពេលល្អនិងអាក្រក់ សេក្តីស្រឡាញ់ពិតមិនបោះបង់ចោលពាក់កណ្តាលទីឡើយ។ សេចក្តីស្រឡាញ់តែងទទួល តែងផ្សះផ្សារ និងតែងអភ័យទោសឱ្យគ្នាជានិច្ច។ អរគុណដែលទុកពេលឱ្យខ្ញុំសួរខ្លួនឯងម្តងទៀតថា តើខ្ញុំមានសេចក្តីស្រឡាញ់បែបនោះចំពោះនាងឬទេ។ មានពេលខ្លះខ្ញុំនឹកខ្មាស់ខ្លួនឯង ដែលសារភាពទៅនាងតាមអារម្មណ៍មួយឆាវនោះ មិនបានពិចារណាវែងឆ្ងាយ។ តែអរគុណព្រះជាម្ចាស់ដែលមនុស្សដែលខ្ញុំសារភាពទៅនោះជាសោភា ពីព្រោះមួយឆ្នាំកន្លងផុតទៅនេះ ខ្ញុំបានព្យាយាមស្វែងយល់ពីជម្រៅចិត្តខ្លួនឯងពិតប្រាកដ។

ដើមឆ្នាំក្រោយនេះ ខ្ញុំនឹងត្រឡប់ទៅស្រុកខ្មែរវិញហើយ។ សង្ឃឹមថាសំបុត្រនេះនឹងទៅដល់ដៃនាងមុនពេលដែលខ្ញុំទៅដល់ប្រទេសយើងវិញ ពីព្រោះខ្ញុំខ្លាចថានាងមានអារម្មណ៍មិនល្អ ពេលដែលខ្ញុំសុខៗស្រាប់តែបង្ហាញខ្លួន មកធ្វើជាមិត្តជាមួយនាងដូចដើមវិញ។ សង្ឃឹមថានាងនៅតែអាចធ្វើជាមិត្តល្អជាមួយខ្ញុំតទៅទៀត។

ជួបគ្នាឆាប់ៗនេះណា!

ពីខ្ញុំ

ស័ក…

 

ចប់

 

វាចាអ្នកនិពន្ធ

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលក្នុងការអានស្នាដៃនិពន្ធដំបូងរបស់ខ្ញុំ។ រឿងនេះបានសរសេរឡើងតាំងពីចុងឆ្នាំ២០២១ ដែលជាកំឡុងពេលមួយដែលខ្ញុំកំពុងព្យាបាលផ្លូវចិត្តខ្លួនឯងដោយស្ងៀមស្ងាត់ ហើយការសរសេររឿងនេះគឺជាផ្នែកមួយនៃដំណើរការនោះផងដែរ។ ខ្ញុំមិនបានបើកបង្ហាញសាច់រឿងនេះដល់អ្នកណាម្នាក់ទេ បន្ទាប់ពីសរសេរចប់រហូតមកដល់ពេលនេះ។ ខ្លឹមសារនៃសាច់រឿងគឺជានិយមន័យនៃសេចក្តីស្រឡាញ់ពិត ដែលខ្ញុំបានរៀនសូត្រផ្ទាល់។ សម្រាប់ខ្ញុំ ពាក្យថាស្រឡាញ់ គឺមានអត្ថន័យជ្រាលជ្រៅមែនទែន ដែលដៃគូស្នេហាវ័យក្មេងភាគច្រើនភ័ន្តច្រឡំ ហើយធ្វើឱ្យគ្នាឈឺចាប់ទៅវិញទៅមក ដោយសារតែពាក្យនេះ។ ខ្ញុំក៏ជាម្នាក់ក្នុងចំណោមនោះដែរ តែនេះជាអ្វីដែលខ្ញុំបានរៀនសូត្រពីបទពិសោធន៍របស់ខ្ញុំផ្ទាល់។ សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការអានរឿង «អនុស្សា» ដែលខ្ញុំសរសេរចេញពីការស្រមើស្រមៃរបស់ខ្ញុំ នៅក្នុងពេលវេលាមួយដែលខ្ញុំចាប់ផ្តើមក្រោកឈរពីភពដ៏ងងឹត។


Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS