រឿង អនុស្សា (ភាគទី១)

Posted by Team GooShop on

ចាប់ផ្តើមសរសេរនៅថ្ងៃ ២០ តុលា ២០២១ ម៉ោង៦ព្រឹក

ភាគទី១៖

សោភា

និពន្ធដោយ៖ កូនឈើ

តឺតៗ… តឺតៗ

សម្លេងនាឡិកាកំពុងរោទ៍ឡើងនៅលើក្បាលដំណេករបស់ខ្ញុំ បង្ហាញថាពេលនេះគឺម៉ោងប្រាំភ្លឺហើយ។ ខ្ញុំងើបយឺតៗ រួចសម្រួលសរសៃបន្តិច មុននឹងបោះជើងចុះពីលើគ្រែ ឈានសន្សឹមៗទៅបើកតន្ត្រីស្លូៗ ចេញពីថាសឌីសដែលខ្ញុំបានទិញកាលពីម្សិលមិញ។ របស់ថ្មីជាអ្វីដែលខ្ញុំនឹកឃើញមុនគេ ពេលបើកភ្នែកឡើងព្រឹកនេះ។ សូរសៀងតន្រ្តីបន្លឺតិចៗ បូករួមជាមួយបរិយាកាសស្ងប់ស្ងាត់នាពេលព្រឹកព្រលឹម ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានក្តីសុខឥតឧបមា។

ខ្ញុំឈ្មោះ សោភា មានអាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអក្សរសាស្ត្រអង់គ្លេស។ ខ្ញុំចេញធ្វើការបានពីរឆ្នាំមកហើយ ហើយក៏មានថវិកាគ្រប់គ្រាន់ប្រចាំខែ ដើម្បីយកមកបង់រម្លស់អាផាតមិនតូចមួយនៅជាន់ទី១៣ ដែលខ្ញុំកំពុងស្នាក់នៅនេះ។ ទីតាំងអាផាតមិននេះ គឺនៅកណ្តាលទីក្រុងភ្នំពេញតែម្តង ងាយស្រួលសម្រាប់ខ្ញុំធ្វើដំណើរថ្មើរជើង ទៅកាន់កន្លែងធ្វើការនិងផ្សារទំនើប។ ខ្ញុំសម្រេចចិត្តចេញមករស់នៅតែម្នាក់ឯង បែកពីក្រុមគ្រួសារភ្លាម នៅពេលដែលខ្ញុំមានលំនឹងក្នុងជីវិតការងារ ជាអ្នកបកប្រែសៀវភៅរឿងបរទេស គឺប្រហែលក្នុងរយៈពេលមួយឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់ការសិក្សា។ ដំបូង ម៉ាក់និងប៉ាព្រួយបារម្ភណាស់ពីសុវត្ថិភាពរបស់ខ្ញុំ តែមកដល់ពេលនេះ គឺមួយឆ្នាំហើយដែលខ្ញុំរៀនរស់នៅតែម្នាក់ឯង។ វាមិនងាយស្រួល តែខ្ញុំរីករាយដែលទីបំផុត ខ្ញុំមានសមត្ថភាពរស់នៅឯករាជ្យ យល់ពីទុក្ខលំបាកដែលត្រូវគ្រប់គ្រងចំណូលចំណាយក្នុងផ្ទះដោយខ្លួនឯង។ ណាមួយ ខ្ញុំចង់រៀនធ្វើរឿងទាំងអស់នេះឱ្យថ្នឹកដៃឱ្យហើយ ពីព្រោះនៅថ្ងៃអនាគត ខ្ញុំនឹងត្រូវរ៉ាប់រងការចំណាយរបស់ក្រុមគ្រួសារពេញលេញមួយរបស់ខ្ញុំ មិនមែនតែម្នាក់ឯងទៀតទេ។

ខ្ញុំអង្គុយចុះ ឱបជើងលើកៅអីនៃតុធ្វើការរបស់ខ្ញុំ ដែលដាក់នៅចំពីមុខបង្អួចបែរទៅទិសខាងកើត អនុញ្ញាតឱ្យខ្ញុំគយគន់មើលព្រះអាទិត្យរះឡើងជារៀងរាល់ថ្ងៃ។ សូរចម្រៀងលឺរណ្តំក្នុងចិត្តខ្ញុំ ព្រមជាមួយព្រះអាទិត្យរះលឹមៗចេញមក ជះកាំរស្មីស្រាងៗចូលក្នុងបន្ទប់អាផាតមិនដ៏តូចរបស់ខ្ញុំនេះ។ ខ្ញុំមានអារម្មណ៍ថាស្ងប់សុខណាស់ នៅក្នុងជីវិតរស់នៅតែម្នាក់ឯងបែបនេះ។

វគ្គទី១៖ អ្នករួមការងារ

ថ្ងៃថ្មី ព្រអាទិត្យរះជាថ្មី មនុស្សម្នាជាច្រើនកំពុងដើរតាមដងផ្លូវយ៉ាងមមាញឹក។ ខ្ញុំដើរយួរថង់ក្រណាត់នៅលើស្មា ស្លៀករ៉ូបពណ៌ស ជាមួយស្បែកជើងខនវ៉ើសពណ៌ខ្មៅ ពាក់កាសស្តាប់ចម្រៀងបែប motivational ជាមួយខ្យល់បក់រំភើយៗប៉ះសក់រួញតិចៗពណ៌ត្នោតរបស់ខ្ញុំ។ ខ្ញុំដើរយឺតៗ ពីព្រោះមិនទាន់ដល់ម៉ោងធ្វើការនៅឡើយទេ ខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ឡើយ។ ចង់ខ្ញុំចូលផឹកកាហ្វេមួយកែវសិន ក៏មិនទាន់ដល់ម៉ោងធ្វើការផង។ ថ្ងៃនេះអារម្មណ៍ល្អ ចង់ទៅធ្វើការលឿន ព្រោះខ្ញុំទន្ទឹមចង់បកប្រែសៀវភៅរឿងបន្ត ដែលខ្ញុំត្រូវបង្ហើយពីម្សិល ព្រោះដល់វគ្គល្អអាន។

គិតដល់ត្រឹមនេះ ខ្ញុំសប្បាយចិត្តណាស់ ក៏ចាប់ផ្តើមដើររាងញាប់ជើង។ ពេលមកដល់កន្លែងធ្វើការភ្លាម ក៏មានបុរសម្នាក់មកស្ទាក់ខ្ញុំចំផ្លូវចូលបន្ទប់ការិយាល័យតែម្តង។

មកលឿនដូចការស្មាន! ៦ព្រឹកឱ្យត្រឹមតែម្តង!” បេន ជាបុរសសង្ហាប្រចាំការិយាល័យ នរណាៗក៏សរសើរ អត់តែខ្ញុំទេ ពីព្រោះប៉ិនេះមកម្តងណា មិនដែលមានរឿងចម្រុងចម្រើនដល់ខ្ញុំឡើយ។

អើ! ហើយវាយ៉ាងម៉េច?”

ស្រឡាញ់ការងារបែបនេះ ក្រុមហ៊ុនយើងជោគជ័យស្លាប់ហើយ!

“…” ខ្ញុំឈរឱបដៃរង់ចាំគេនិយាយត។

បេនរៀបឬកបន្តិចរួចចាប់ផ្តើមនិយាយបន្ត៖

ចូលសាច់ការតែម្តងក៏បាន… គឺខ្ញុំចង់ឱ្យនាងជួយខ្ញុំរឿងមួយ ពីព្រោះខ្ញុំមានធុរៈចាំបាច់ទាំងព្រលឹមតែម្តង!” គេមើលទឹកមុខស្មើរបស់ខ្ញុំបន្តិចមុននឹងបន្ត “ជួយយកឯកសារនេះទៅឱ្យហាងលក់គ្រាប់កាហ្វេមួយកន្លែងបន្តិចមកណា មិត្តស្អាត!...”

វគ្គទី២៖ Coffeedom

ខ្ញុំដើរមកដល់ហាងលក់គ្រាប់កាហ្វេមួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្វើការ។ នៅពីមុខហាងនេះមានក្តារផ្លាកមួយយ៉ាងធំសរសេរពាក្យថា Coffeedom បែបជាឈ្មោះរបស់ហាងនេះ។

ចម្លែកណាស់! ហាងបើកទ្វារ តែពុំមានមនុស្ស!

ពេលមិនឃើញមនុស្សបែបនេះ ខ្ញុំមិនដឹងហុចឯកសារដែលបេនផ្តាំយកមកឱ្យយ៉ាងម៉េច ទើបសម្រេចចិត្តដើរមើលម៉ាកគ្រាប់កាហ្វេលេងៗសិន រង់ចាំមើលវត្តមានរបស់បុគ្គលិកហាង។ បេនឱ្យប្រាក់ខ្ញុំមកទិញគ្រាប់កាហ្វេមួយកញ្ចប់ទុកជាការអរគុណផង។ អញ្ចឹងណា៎ បានខ្ញុំមិនសូវតឹងសរសៃកជាមួយ។

ហាងនេះស្អាតចម្លែក មានការរៀបចំបែបវីនធេក ហើយក្រអូបឈ្ងុយគ្រាប់កាហ្វេជាប់ច្រមុះតែម្តង។

ដើរៗ ខ្ញុំក៏ប្រទះឃើញខ្នងបុរសម្នាក់ ធ្វើឱ្យខ្ញុំភ័យសឹងស្លាប់។ ពេលគេវាសភ្នែកមកឃើញខ្ញុំ គេក៏សម្លឹងបន្តិចទើបដើរមកជិត៖

អត់ទោស! មកទិញកាហ្វេម៉ាកអ្វីដែរខ្ញុំប្រហែលជាអាចជួយរកឱ្យបាន!

ខ្ញុំសម្លឹងជុំវិញខ្លួនបន្តិចទើបតបទៅគេវិញ៖

សូមជួយរើសអាណាឆ្ងាញ់ឱ្យខ្ញុំមួយមក ព្រោះខ្ញុំមិនដែរទិញនោះទេ!

គេឈរគិតមួយភ្លែត ទើបខ្ញុំមានឱកាសមើលពីភាពសង្ហាៗរបស់ប៉ិចិត្តល្អនេះ។ ពេលគេឈរគិតបែបនេះ មើលទៅពិតជាម៉ត់ចត់មិនធម្មតា។ ប្រហែលជាចូលចិត្តនិងអាសាមកទិញកាហ្វេនៅទីនេះណាស់មើលទៅ។ មិនចម្លែកទេដែលគេមកទិញគ្រាប់កាហ្វេទាំងព្រឹកព្រលឹមបែបនេះ។

នេះ! យកមួយនេះទៅ! ធានាថាឆ្ងាញ់!” គេនិយាយរួចហុចកញ្ចប់កាហ្វេនោះឱ្យខ្ញុំ។

ខ្ញុំទទួលពីគេរួច ក៏អានអក្សរលើកញ្ចប់នោះដែលដាក់ថា គ្រាប់កាហ្វេអង់គ្លេស។

អរគុណណា!

មិនជាបញ្ហាទេ! នាងត្រូវការអ្វីទៀតទេ?”

មិនត្រូវការអ្វីផ្សេងទៀតទេ… សូមអរគុណ!” ខ្ញុំនិយាយបែបក្រែងចិត្ត។

អ្នកចំណូលកាហ្វេសុទ្ធតែចិត្តល្អបែបនេះឬ?

អញ្ចឹងចាំខ្ញុំគិតលុយឱ្យ… ដើរតាមខ្ញុំមក!”

អោវ! សង្ហាៗបែបនេះ បុគ្គលិកហាងទេឬ? មានអ្នកមកទិញច្រើនស្លាប់ហើយ!

ខ្ញុំដើរតាមផែនខ្នងខ្ពស់នេះទៅកាន់កន្លែងគិតលុយ រួចចាត់ការហុចឯកសារដែលបេនផ្ញើរ។

គឺអ៊ីចេះទេ មានក្រុមការងារខ្ញុំម្នាក់ផ្តាំឱ្យយកឯកសារនេះ មកផ្ញើរឱ្យម្ចាស់ហាងលោក!” ខ្ញុំដាក់ឯកសារនោះនៅលើតុគិតលុយ រួចអូសតម្រង់ទៅគេ។

គេជ្រួញចិញ្ចើមបន្តិច រួចក៏ទទួលដោយមិនភ្លេចនិយាយពាក្យអរគុណ។ ពួកយើងគិតលុយរួច ខ្ញុំក៏ដើរចេញមកវិញ រីករាយជាមួយគ្រាប់កាហ្វេមួយកញ្ចប់ក្នុងដៃ។

យកមកតាំងក្នុងបន្ទប់ចោលហើយនេះ ព្រោះគ្មានប្រដាប់ប្រដាឆុងទេ…

វគ្គទី៣៖ Date?

នាងចង់ទៅ date ជាមួយខ្ញុំទេ?” បេនមិនដឹងចេញពីណាមក ស្រាប់តែមកបបួលខ្ញុំទៅ date ជាមួយគេ។

ខ្ញុំរវល់ កុំមកលេងសើច!” ខ្ញុំតបទៅបេនទាំងដៃកំពុងវាយអក្សរលើកុំព្យូទ័រយ៉ាងញាប់ដៃ។

និយាយមែនណា!” បេនយកកែងដៃច្រត់លើតុរបស់ខ្ញុំ ដាក់មុខសង្ហាៗរបស់គេ មកជិតខ្ញុំ។

នែ!” ខ្ញុំភ្ញាក់ ពីព្រោះមិនដែលសូវទម្លាប់នៅជិតមនុស្សប្រុសបែបនេះ។

គិតទៅ អាប៉ិបេននេះទំនេរដល់ហើយ…

ខ្ញុំបង្អូសកៅអីការិយាល័យដែលខ្ញុំអង្គុយពីលើលឿនស្លេវ ឱ្យចេញឆ្ញាយបន្តិច រួចប្រឈមមុខជាមួយបេន។

ទៅហើយបានអីមកវិញ?...”

ថាមិនត្រូវ នាងអាចចូលចិត្តខ្ញុំ ពេលដែលយើងដើរលេងជាមួយគ្នា ក្រៅរឿងការងារណា!

ខ្ញុំប៊ិះនឹងក្អួតទៅហើយ…

ទៅៗ! ចាត់ទុកថា ខ្ញុំបបួលនាងបាយល្ងាចទុកជាការអរគុណសម្រាប់សន្តានចិត្តដ៏ល្អរបស់នាងកន្លងមកទៅចុះ! ជួបគ្នាពេលម៉ោងចេញពីធ្វើការ…” និយាយរួច បេនដើរឱបដៃចេញយ៉ាងរំភើយ គ្មានចាំខ្ញុំឆ្លើយ យេសឬណូទេ។

កើតអ៊ីចេះ! សុខៗ មកចង់ដឹងគុណដឹងអីជាមួយខ្ញុំនេះ… តែថា គេចូលចិត្តខ្ញុំទេដឹងបែបយកលេសមកសុំស្គាល់គ្នាក្រៅការងារអីបែបនេះ!

គិតដល់ត្រឹមនេះ រាងមោទនភាពជាមួយខ្លួនឯងបន្តិច ព្រោះអាប៉ិនេះមានស្រីអែបអបច្រើនណាស់ តែគេមិនដែលខ្វល់ទេ មករញ៉េរញ៉ៃតែជាមួយខ្ញុំរហូត ឡើងខ្ញុំឃើញមុខគេចង់រត់ទៅហើយ។

វគ្គទី៤៖ Double Date!

ខ្ញុំដើរបែបមិនស្រួលចិត្តចូលភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា សិលាមាស ជាមួយបេន។

គេលេងមែនទែននេះ! ចិត្តនេះវាភ័យអរៗថាមិនត្រូវ…

ខ្ញុំមិនដែលសម្លឹងបេនក្នុងន័យអ្វីផ្សេងក្រៅពីមិត្តរួមការងារម្តងណាទេ រហូតដល់ពេលគេសុំខ្ញុំទៅ date ជាមួយគ្នាបែបនេះ ខ្ញុំចាប់ផ្តើមគិតច្រើនពីរាល់ទង្វើដែលគេធ្វើកន្លងមក។

ហាយស័កនិងស្តេឡា! មកលឿនគ្រាន់បើ!” បេនក៏លើកដៃរាក់ទាក់មិត្តរបស់គេដែលអង្គុយនៅតុអាហារមួយក្នុងហាងនេះដែរ។

បេនជាអ្នកបបួលទៅហើយ មិនអាចមកយឺតបានទេ!” បុរសម្នាក់ ដែលអង្គុយទល់មុខនារីម្នាក់ទៀត ងើបឡើងនិយាយតបជាមួយបេនវិញ។

តោះសោភា! យើងអង្គុយចុះសិនទៅ សឹមខ្ញុំណែនាំពួកគេទាំងពីរនេះឱ្យនាងស្គាល់!” បេនងាកមកនិយាយជាមួយខ្ញុំ ហើយរុញកៅអីជិតនារីម្នាក់នោះឱ្យខ្ញុំចូលអង្គុយ។

អង្គុយជាមួយពួកគេឬ?” ខ្ញុំសួរគេ។

ត្រូវហើយ!”

អន់ចិត្តស្តូក! នេះបេនបបួលមិត្តភក្តិមកចូលរួម first date របស់ពួកយើងផងចំមែនហើយ!

ខ្ញុំមិននិយាយអ្វីបន្ត បានត្រឹមដាក់គូទអង្គុយចុះ ទាំងស្នាមញញឹមមិនសមគួរជាមួយមិត្តទាំងពីររបស់គេ។

ថ្ងៃនេះយើងនឹងធ្វើ double date រវាងខ្ញុំនិងសោភា ស័កនិងស្តេឡា! នេះគឺស័ក នេះគឺស្តេឡា ហើយនេះគឺសោភា!” បេនចាត់ការបើកកម្មវិធី double date ដែលគេគ្រោងម្នាក់ឯង គ្មានខ្ចីឱ្យខ្ញុំដឹង ហើយណែនាំពួកយើងទៅវិញទៅមក។

ស្តេឡា! នេះមិត្តខ្ញុំឈ្មោះបេន!” ប៉ិមុខស្អាតដូចធ្លាប់ស្គាល់ឈ្មោះស័ក និយាយណែនាំបេនទៅកាន់ស្តេឡា ទំនងពួកគេមិនស្គាល់គ្នាដែរ។ 

បន្ទាប់មកទៀត ស្តេឡានិងបេនក៏ញញឹម សំណេះសំណាល សួរនាំគ្នាពីនេះពីនោះ កាត់មុខខ្ញុំនិងស័ក សឹង៥នាទី ទើបអ្នករត់តុយកមីនុយមកឱ្យ ដើម្បីកម្មង់អាហារ។ ឃើញពីរនាក់នោះនិយាយគ្នាមិនចេះចប់បែបនេះ ទើបខ្ញុំនិងស័កចាត់ការកម្មង់អាហារស្ងាត់ៗតែម្តង។

សម្រេចថាឯង date ជាមួយសោភាឬស្តេឡានេះ?” ស័កដកដង្ហើមធំនិយាយទៅកាន់បេនដែលរួសរាយជ្រុល។

អឺ! យកដៃគូរបស់ឯងវិញចុះ!” បេនតប រួចពួកគេសើចបែបអស់សំណើចរួមគ្នា ដែលខ្ញុំបានត្រឹមញញឹមជាការគួរដាក់ពួកគេ។

ខ្ញុំអស់អារម្មណ៍ date ស្អីនេះអស់ហើយ! អាប៉ិបេននេះលក់មុខខ្ញុំសាហាវណាស់!

សោភា! នាងនៅចាំខ្ញុំទេ?” ស័កសើចរួច ក៏ចាប់អារម្មណ៍សួរមកកាន់ខ្ញុំ។

ហឹម! ខ្ញុំប្រហែលមុខលោក តែភ្លេចបាត់ទៅហើយថា ជួបគ្នានៅទីណា!

ប្រហែលជាប៉ុន្មានថ្ងៃមុន ខ្ញុំចាំបានថានាងមកទិញគ្រាប់កាហ្វេ…” គេនិយាយមិនទាន់ចប់ផង ខ្ញុំស្រាប់តែបើកភ្នែកធំៗ ការចងចាំរត់កាត់ខួរក្បាលមួយរំពេច។

អូ៎!!! ចាំហើយៗ!” ខ្ញុំស្រែកឡើង កាត់គេទាំងហួសចិត្តដែលខ្លួនឯងមិនចាំ។

នាងចាំហើយឬ?” ស័កសួរទាំងអស់សំណើចជាមួយទឹកមុខផ្អើលៗរបស់ខ្ញុំ។

ថ្ងៃនោះ ខ្ញុំទៅហាង Coffeedom ទាំងព្រលឹមតែម្តង! លោកធ្វើការនៅទីនោះមែនទេខ្ញុំស្មានតែលោកជាភ្ញៀវហាងដូចខ្ញុំដែរ តែតាមពិតលោកជាអ្នកគិតលុយនៅទីនោះសោះ ហាហាហា!

គ្រប់គ្នាស្ងាត់មើលមកខ្ញុំ ធ្វើឱ្យខ្ញុំអន់ចង់ លែងហ៊ានសើចបន្តទៀត។

អោវ! កើតអីឬ?” ខ្ញុំសួរទៅពួកគេ បន្ទាប់ពីបង្អង់សើច។

ស័កជាម្ចាស់ហាង Coffeedom ណា!” ស្តេឡាលូកមាត់ចូលនិយាយបន្តិច ធ្វើឱ្យខ្ញុំភាំង។

អូ… សូមទោសណាចំពោះការយល់ច្រឡំ!” ខ្ញុំងាកទៅសើចបែបមិនសមទៅស័កវិញ។

មិនអីទេ!” គេតបមកវិញបែបញឹមៗ រួចបន្ត “… ចុះគ្រាប់កាហ្វេយកទៅលើកមុនយ៉ាងណាដែរ?”

គឺខ្ញុំពុំទាន់បានភ្លក្សរសជាតិវានោះទេ…”

ម៉េចចឹង?”

គឺគ្មានប្រដាប់ប្រដាឆុង ទើបគិតថារកទិញប្រដាប់ប្រដាឱ្យគ្រប់សិន សឹមឆុងផឹក!

អ្ហា! ត្រូវហើយ នាងបានប្រាប់ខ្ញុំថ្ងៃនោះថា នាងមិនដែរទិញកាហ្វេគ្រាប់ទេ!

សម្រេចថា យើងប្តូរដៃគូគ្នាតែម្តងទៅអី?” បេនច្រត់ដៃលើតុ សួរមកកាន់ពួកយើងគ្រប់គ្នា ហើយបញ្ចប់ដោយសំណើចរបស់ពួកយើងនីមួយៗ យ៉ាងរង្គិលពេញហាងគេតែម្តង។

វគ្គទី៥៖ លោកម្ចាស់ហាង

លាសិនហើយណា!

ពេលដើរចេញមកក្រៅហាងវិញ មិនទាន់ផុតទ្វារស្រួលបួលផង បេននិងស្តេឡាលាទាំងប្រញាប់ប្រញាល់ ហាក់បីដូចម្តាយហៅចូលផ្ទះវិញមុនម៉ោង៧យប់អញ្ចឹង។

នៅពេលនេះ នៅសល់តែខ្ញុំនិងស័កទេដែលឈរមីងម៉ាំងនៅមុខហាង។

លាសិនហើយណា! ជួបគ្នាឱកាសក្រោយទៀត!” ខ្ញុំប្រញាប់និយាយលាទៅកាន់ស័ក។

នាងដើរទៅវិញឬ?”

អូ! ផ្ទះខ្ញុំនៅជិតនេះទេ!”

ខ្ញុំនឹងជូននាងទៅផ្ទះអញ្ចឹង! ដើរម្នាក់ឯងមិនល្អទេ!”

មិនរំខានលោកទេណា! ខ្ញុំសាំទៅហើយ!

គេបានត្រឹមញញឹមដាក់ខ្ញុំរួចលើកដៃបាយៗវិញ។ ខ្ញុំក៏បែរខ្នងដើរទៅផ្ទះវិញ។

តាមពិតទៅ ខ្ញុំមិនដែរដើរទៅផ្ទះពេលយប់បែបនេះទេ។ ទោះផ្លូវវាជិតមែន ប៉ុន្តែឱ្យតែម៉ោង៥ល្ងាច ថ្ងៃមិនទាន់លិចនៅឡើយ ខ្ញុំដើរដល់ផ្ទះហើយ។ ពេលដើរនៅលើចញ្ចើមផ្លូវធំ មានមនុស្សម្នាច្រើនដើរកាត់ទៅមកធម្មតា។ តែពេលដើរដល់ផ្លូវក្នុង ចូលទៅកាន់អាផាតមិនរបស់ខ្ញុំ ផ្លូវវារាងស្ងាត់បន្តិច ហើយពេលយប់បែបនេះទៀត ធ្វើឱ្យខ្ញុំចាប់ផ្តើមបុកពោះតិចៗ។

អោវ!!!

នាងមិនអីទេឬ?” សម្លេងបុរសម្នាក់បន្លឺឡើងក្បែរខ្ញុំភ្លាម បន្ទាប់ពីខ្ញុំស្រែករួច។ 

ខ្ញុំព្យាយាមក្រឡេកទៅមើលរបស់ដែលហក់ពីមុខខ្ញុំអម្បាញ់មិញនេះ ដែលធ្វើឱ្យខ្ញុំភ័យសឹងលស់ព្រលឹងទៅហើយ។

ជាឆ្មាទេតើ!” បុរសម្នាក់នោះនិយាយបន្ត ហាក់ហៅព្រលឹងខ្ញុំឱ្យចូលខ្លួនវិញ។

ម៉េវ!” ឆ្មានោះក៏ភ្ញាក់ដែរ តែវាម៉េវដាក់ខ្ញុំវិញ ដូចប្រាប់ថា ខ្ញុំឆ្មាខ្ជូតៗទេ គ្មានអ្វីគួរឱ្យខ្លាចឡើយ រួចរត់ស្ទុយទៅបាត់។

លោក…” ខ្ញុំផ្អើលមួយតង់ទៀតពេលឃើញស័កកំពុងឈរក្បែរខ្ញុំ។

គឺ… ខ្ញុំគ្រាន់ចង់ឱ្យប្រាកដចិត្តថានាងមកដល់ផ្ទះដោយសុវត្ថិភាព…” គេនិយាយបណ្តើរលើកដៃអេះក្បាលបណ្តើរ។

តាមពិត ស័កបានដើរតាមខ្ញុំពីក្រោយរហូតមកឬ?

អូ… អរគុណណា… តែលោកអាចទៅវិញបានហើយ!

បើភ័យយ៉ាងនេះ ឱ្យខ្ញុំជូនដល់មុខផ្ទះនាងតែម្តងទៅ!” គេនិយាយ រួចសើចហឹសៗចម្អកខ្ញុំ។

“…” ខ្ញុំមិនបានតប ព្រោះចិត្តនេះវាភ័យមែន បើមានអ្នកដើរជាមួយ បែបអន់ភ័យខ្លះ។

ពួកយើងក៏ដើរបន្តដោយស្ងៀមស្ងាត់ រហូតដល់ខ្លោងទ្វារអាផាតមិនរបស់ខ្ញុំ ទើបខ្ញុំនិយាយទៅកាន់គេថា៖

អរគុណលោក! ដើរទៅវិញស្រួលបួលណា៎!” ខ្ញុំនិយាយបែបញញឹមលឹបភ្នែកទៅកាន់គេ ជាការរួសរាយ កុំឱ្យបរិយាកាសវាមិនសមទំនងពេក។

គេមិននិយាយអ្វី បានត្រឹមញញឹម លើកដៃបាយៗខ្ញុំ ហើយបែរខ្នងដើរទៅវិញបាត់។

អីក៏ល្អយ៉ាងនេះ!...

តាំងពីជួបគេមក ខ្ញុំអាចថាបាន លោកម្ចាស់ហាងម្នាក់នេះជាមនុស្សចិត្តបានណាស់ ជួយយកអាសាអ្នកដទៃរហូត។

ហឹស… មិនដូចអាប៉ិបេនទេ បោកឯងប្រើរហូត!
អ្វីដែលសំខាន់គឺ រាងខ្ពស់សង្ហាៗបែបនេះ ធ្វើឱ្យខ្ញុំឆ្ងល់ថា មានមនុស្សស្រីប៉ុន្មានអ្នកហើយ ដែលបាក់ភ្លឹបទៅនឹងចរិកនិងរូបរាងរបស់គេនេះ។

ខ្ញុំដកដង្ហើមធូរអារម្មណ៍ពេលគេដើរផុតចេញទៅ ហើយក៏ដើរចូលក្នុងអាគារអាផាតមិន។

វគ្គទី៦៖ Peekabook x Coffeedom

ល្ងាចនេះ ចង់ទៅជួយទម្លាក់សៀវភៅនៅហាង Coffeedom ទេ?” បេនដើរមកតុធ្វើការរបស់ខ្ញុំ រួចអោនសួរ។

មិន…”

ខ្ញុំទិញប្រដាប់ឆុងកាហ្វេឱ្យ...

ខ្ញុំងាកទៅមើលមុខគេ រួចលើកចិញ្ចើមសួរបញ្ជាក់។

ខ្ញុំនិយាយមែនណា!

លោកចូលចិត្តខ្ញុំឬយ៉ាងម៉េចនេះ?”

គ្រាន់ទិញប្រដាប់ឆុងកាហ្វេឱ្យ គិតថាខ្ញុំសារភាពស្នេហ៍ឬ?”

ឆឹស… លោកចម្លែកៗ!

និយាយតាមត្រង់ទៅ សៀវភៅដែលត្រូវយកទៅដាក់ហាងស័កច្រើនណាស់។ ខ្ញុំចង់ហៅនាងទៅជួយជញ្ជូនគ្នាជួបគ្នាពេលម៉ោងចេញពីធ្វើការ…”

នែ! បើនៅដល់យប់ងងឹត លោកជូនខ្ញុំទៅផ្ទះទេ?” ខ្ញុំស្រែកសួរទៅកាន់គេមិនទាន់ចប់ស្រួលបួលផង គេដើរចូលបន្ទប់ការិយាល័យរបស់គេវិញបាត់។

នៅពេលចេញពីធ្វើការ ខ្ញុំក៏ត្រូវទៅជញ្ជូនសៀវភៅជាង១០០០ក្បាលថ្មីជ្រើងៗ ជាមួយបេនដាក់ក្នុងឡានគេ ហើយក៏ចេញដំណើរទៅកាន់ហាង Coffeedom ជាមួយគ្នា។

ម៉េចបានទម្លាក់សៀវភៅនៅទីនោះ?” ខ្ញុំងាកសួរគេទាំងឆ្ងល់។

គឺចាប់ពីពេលនេះទៅ រាល់សៀវភៅដែលបកប្រែនិងបោះពុម្ពចេញរួច នឹងត្រូវយកទៅដាក់នៅហាងស័ក!”

គេហៅថាចងសម្ព័ន្ធស្អីបែបនោះឬ?”

ត្រូវហើយ!

ខ្ញុំក៏ស្ងាត់បន្តិច រួចក៏ស្រាប់តែនឹកឃើញថា៖

នែលោក! យើងទៅមួយភ្លែតទេមែនទេ?”

យេស!

ពេលទៅដល់ ពួកយើងក៏ជញ្ជូនសៀវភៅចូលហាង ឃើញថាបុរសចិត្តបានស័កស្អីនោះមិននៅទេ ឃើញតែបុគ្គលិកគេ។ ពេលបេនត្រឡប់ពីនិយាយទូរស័ព្ទវិញ គេមកនិយាយជាមួយខ្ញុំទាំងទឹកមុខស្លន់ស្លោថា៖

នាងយកលុយនេះទិញប្រដាប់ឆុងកាហ្វេទៅណា ខ្ញុំស្រាប់តែមានការប្រញាប់ត្រូវចេញទៅនៅពេលនេះ! សូមទោសផងណាដែលមិនបានជូនទៅផ្ទះ!” និយាយមិនទាំងដកដង្ហើមស្រួលបួលផងក៏ដើរចេញទៅបាត់។

មាននរណាមានបញ្ហាអីឬ បានជាស្លន់ស្លោយ៉ាងនេះ…” ខ្ញុំនិយាយខ្សឹបៗម្នាក់ឯងបារម្ភពីបេនផង ហើយក៏លួចអន់ចិត្តដែរ។

បបួលមកប្រើ ឱ្យលុយចាយស្មោះ!

ខ្ញុំកាន់លុយដែលគេហុចឱ្យក្នុងដៃជាប់ រួចដើរមើលប្រដាប់ឆុងកាហ្វេនៅក្នុងហាង Coffeedom នេះ។ ខ្ញុំមិនដឹងទិញស្អីខ្លះទេ ព្រោះមិនដែរឆុងផង ធ្វើម៉េចនឹងដឹង។

ខ្ញុំរកងាកទៅសួរអ្នកលក់នៅទីនេះ ប៉ុន្តែពេលបែរមកក៏ប្រទះនឹងរាងខ្ពស់ៗ ឈរពីក្រោយខ្ញុំមិនដឹងតាំងពីពេលណា។

នាងត្រូវការអីឬ?” ស័កសួរមកខ្ញុំដែលឈរបើកភ្នែកធំៗ ភ្ញាក់ពីវត្តមានស្ងាត់ៗរបស់គេ។

លោកឈរទីនេះតាំងអង្កាល់ខ្ញុំមិនឃើញលោកមុននេះ!

ទើបតែមកដល់ពេលបេនរត់ចេញទៅអម្បាញ់មិញនេះ… គេកើតអី?”

មិនដឹងដែរ… តែពួកយើងបានយកសៀវភៅជាច្រើនមកដាក់នៅទីនោះ!” ខ្ញុំនិយាយព្រមទាំងចង្អុលទៅកាន់សៀវភៅដែលដាក់តម្រៀបគ្នា១០ជួរ មួយជួរ១០០ក្បាលគរលើគ្នា។ 

ខ្ញុំមកហាងដើម្បីរៀបសៀវភៅនេះឯង!” ស័កនិយាយ។

ត្រូវការខ្ញុំជួយរៀបទេ?”

វគ្គទី៧៖ អ្នកបកប្រែសៀវភៅអង់គ្លេស

តឺតៗ តឺតៗ…

ម៉ោង៥ព្រឹកក៏ចូលមកដល់ ខ្ញុំញញឹមបន្តិចបន្ទាប់ពីភ្ញាក់ស្មារតីរួច។ ខ្ញុំងើបចេញពីគ្រែដើរយឺតៗទៅកាន់ផ្ទះបាយ ដើម្បីរៀនឆុងកាហ្វេជាលើកដំបូង។ ស័កបានត្រៀមប្រដាប់ប្រដាឆុងមកឱ្យខ្ញុំតាំងពីពេលណាក៏មិនដឹង ដឹងត្រឹមគេមិនគិតលុយថ្លៃរបស់ទាំងនេះពីខ្ញុំទេ ហើយគេថាវាជាការអរគុណដល់ការជួយរៀបសៀវភៅក្នុងហាងគេ។

រាល់ពេលដែលមានអ្វីថ្មីក្នុងផ្ទះ ខ្ញុំតែងត្រេកអរងើបពីព្រលឹមមកមើលវាជានិច្ច។

ពេលឆុងកាហ្វេខ្លួនឯងបែបនេះ ដូចឆ្ងាញ់ខុសពីធម្មតាហ្អេក៎!

ខ្ញុំដើរទៅមើលថ្ងៃរះនៅមាត់បង្អួតបន្តិច ជាមួយកាហ្វេក្នុងដៃ រួចប្រញាប់រៀបចំខ្លួនចេញទៅធ្វើការ។ នៅពេលមកដល់កន្លែងធ្វើការ ខ្ញុំហាក់មានអារម្មណ៍ល្អខុសពីធម្មតា រៀបចំបើកកុំព្យូទ័រ បើកទំព័រសៀវភៅ រួចវាយឯកសារបកប្រែ។

ត្រូវហើយ! ខ្ញុំក៏គួរប្រាប់អ្នកទាំងអស់គ្នា ពីកន្លែងធ្វើការរបស់ខ្ញុំបន្តិច។ Peekabook គឺជាកន្លែងបោះពុម្ពសៀវភៅភាសាបរទេសដែលបកប្រែមកជាភាសាខ្មែរ។ នៅទីនេះ មានសៀវភៅមកពីប្រទេសជាច្រើនជុំវិញសាកលលោក ដែលក្រុមហ៊ុនបានសុំសិទ្ធក្នុងការបកប្រែរួច។ អ្នកធ្វើការនៅទីនេះ សុទ្ធតែជាអ្នកចេះភាសាអន្តរជាតិយ៉ាងស្ទាត់ជំនាញ ទើបអាចមកបកប្រែសៀវភៅសម្រាប់ជនជាតិខ្មែរអានបាន។ ពួកយើងសុទ្ធតែត្រូវបានបណ្តុះបណ្តាលបន្ថែមទៀតពីអ្នកជំនាញផ្នែកភាសានីមួយៗ ក្នុងការបកប្រែឱ្យមានលក្ខណៈធម្មជាតិនិងសាមញ្ញងាយស្រួលអាន។ គោលដៅនៃ Peekabook គឺជាការបណ្តុះទម្លាប់អានសៀវភៅរបស់ប្រជាជនកម្ពុជា ដែលនាំមកនូវចំណេះដឹងជាទុនបណ្តាក់សម្រាប់អភិវឌ្ឍជាតិនាពេលអនាគត។ ឃើញថា ការបកប្រែសៀវភៅបរទេសជាភាសាខ្មែរ បានជួយសម្រួលដល់ជនជាតិខ្មែរជាច្រើន ដែលពុំចេះភាសាដទៃក្រៅពីភាសាជាតិខ្លួន ក្រុមហ៊ុន Peekabook ត្រូវបានគេគាំទ្រនិងឱ្យតម្លៃ ជាកត្តាមួយដែលជម្រុញជាតិឱ្យរីកចម្រើននាឆ្នាំ២០២៦នេះ។

កាលខ្ញុំចូលធ្វើការដំបូង ខ្ញុំសឹងតែលាឈប់ពីការងារនេះទៅហើយ ព្រោះការបកប្រែរបស់ខ្ញុំត្រូវបានវាយតម្លៃថាមិនល្អទាល់តែសោះ ទាំងដែលខ្ញុំខំប្រឹងបកឡើងដាច់បាយ ដាច់ទឹក។ ប៉ុន្តែខ្ញុំមិនងាយចុះចាញ់ដល់ថ្នាក់នេះទេ រហូតដល់ខ្ញុំធ្វើការបានមួយឆ្នាំទាំងត្រដាបត្រដួស ទើបខ្ញុំរៀងថ្នឹកនឹងការងារនេះ ហើយព្រមទាំងស្រឡាញ់វាខ្លាំងទៀតផង ដោយហេតុថាបានអានសៀវភៅហ្រ្វីៗ។ នៅជាន់ការិយាល័យរបស់ខ្ញុំគឺសុទ្ធតែជាអ្នកបកប្រែសៀវភៅភាសាអង់គ្លេស ពីព្រោះភាសានេះមានតម្រូវការច្រើន រីឯជាន់ដទៃទៀតប្រមាណជាង៧ជាន់ មានលាយឡំគ្នាទៅដោយភាសាចម្រុះ ដូចជាបារាំង ជប៉ុន កូរ៉េ ចិន និងភាសាជាច្រើនទៀត។ រីឯបេនវិញ ការងាររបស់គេគឺច្រើនជាងខ្ញុំទៅទៀត ព្រោះគេមានតួនាទីជាអ្នកត្រួតពិនិត្យ និងកែតម្រូវរាល់សៀវភៅជាភាសាអង់គ្លេសទាំងអស់ ដែលបានបកប្រែរួច មុននឹងចេញបោះពុម្ពបាន។ អាប៉ិនេះហើយ ដែលសរសេរលិខិតវាយតម្លៃការងារខ្ញុំយ៉ាងមិនប្រណីដៃ ពេលខ្ញុំចូលធ្វើការដំបូង ប៉ុន្តែចាប់តាំងពីឃើញខ្ញុំយំនៅម៉ោងចេញពីធ្វើការ ក្នុងថ្ងៃដែលអានលិខិតវាយតម្លៃការងារជាលើកដំបូងរួចមកនោះ គេស្រាប់តែមកញេះញោះខ្ញុំជារៀងរាល់ពេលដែលគេអាចធ្វើទៅបាន បែបខ្លាចខ្ញុំស្អប់ចងគំនុំជាមួយគេហើយ ហាហាហា! តែអរគុណគេដែរ ដែលលុតដំខ្ញុំសាហាវណាស់ក្នុងការធ្វើការងារនេះ រហូតខ្ញុំថ្នឹកដៃបកសៀវភៅបានចង់៥ក្បាលក្នុងមួយខែ។ ប្រាក់ខែខ្ញុំក៏មិនអន់ ប៉ុន្តែមិនច្រើនរាប់ពាន់អាចទិញផ្ទះទិញឡានបានទេ។ យ៉ាងណា ខ្ញុំរីករាយដែលមានសមត្ថភាពរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯង អាចបង់រម្លស់កូនអាផាតមិនតូចមួយ សម្រាប់នៅតែម្នាក់ឯងបាន។ ខ្ញុំរីករាយស្រាប់ទៅហើយក្នុងជីវិតបែបនេះ ធ្វើការដែលខ្លួនពេញចិត្ត និងរស់នៅម្នាក់ឯងក្នុងឋានសួគ៌ដ៏តូចមួយរបស់ខ្លួន។

អានភាគទី២


Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS