រឿង ខ្សែដៃរូបផ្កា (ភាគទី២)
Posted by Team GooShop on
អាម៉ា ជាមនុស្សល្អទេតើ!
អ្នកនិពន្ធ៖ ដំឡូង
រក្សាសិទ្ធដោយ៖ ហ្គូសប
ខ្ញុំដើរមកវិញ រុញទ្វារថ្មមៗ ព្រោះខ្លាចភ្ញាក់មនុស្សម្នាក្នុងផ្ទះ។ កំពុងតែរុញទ្វារ ក៏មានពន្លឺភ្លើងចង្កៀងភ្លឺឡើង។
“សុំទោស! ខ្ញុំប្លែកភ្នែកពេក ទើបដើររៀងជ្រុល…”
អាម៉ាដើរមកអង្គុយលើកៅអីឈើគាត់ ហើយនិយាយភាសាចិនម្នាក់ឯង ធ្វើអោយខ្ញុំបានត្រឹមធ្វើមុខឆ្ងល់។
“អាម៉ា! ម៉េចក៏ដូចជាចិត្តល្អដាក់ខ្ញុំម្ល៉េះ?” គាត់មិនបានតប ទើបខ្ញុំនិយាយបន្ត “ពេលខ្ញុំទៅដល់ទីនោះ ខ្ញុំអាចមកលេងអាម៉ាបានទេ? ខ្ញុំអាចដើរហើរបានទៀតទេ? គេនឹងធ្វើបាបខ្ញុំទេ? ខ្ញុំគ្រាន់តែទៅក្នុងនាមជាប្រពន្ធក្លែងក្លាយរបស់អាគាត់ជឺយាននោះទេត្រូវទេ? ពេលការងារចប់ ខ្ញុំនឹងមានសេរីភាពវិញហើយត្រូវទេ?” ខ្ញុំសួរបែបមិនដកដង្ហើម។
អាម៉ាគាត់សម្លឹងមុខខ្ញុំហើយក៏និយាយសំលេងបែបស្រាលៗ៖
“កុំនិយាយភាសាប្លែកៗ!” ហើយគាត់ក៏ងើបឡើងរួចនិយាយបន្ត “ចូលដេកទៅ! យើងចេញទៅព្រឹកស្អែក ហើយខោអាវនៅលើតុ។”
ខ្ញុំសម្លឹងមើលគាត់ដើរចូលក្នុងវិញ ហើយបានត្រឹមអង្គុយសម្លឹងភ្លើងចង្កៀង។
ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនដឹងថាខ្លួនឯងភ័យឬអត់ ពេលមកជួបរឿងបែបនេះ ព្រោះខ្ញុំគិតថាវាដូចនៅក្នុងក្តីស្រមៃនៅឡើយ។ ព្រោះអារឿងឆ្លងភពឆ្លងវេហានេះ វាមានតែក្នុងរឿងប៉ុណ្ណោះ។ ហើយម្យ៉ាង បើរកផ្លូវទៅវិញមិនបាន ខ្ញុំក៏ប្រហែលត្រូវចោលជីវិតនៅទីនេះ។ ខ្ញុំបារម្ភតែអ្នកនៅខាងនោះទេ។ មិនដឹងអ្នកផ្ទះដើររកខ្ញុំយ៉ាងណាខ្លះទេ។ តែពាក្យលា ក៏មិនបាននិយាយ…
បងៗលក់តែបៃតង ឆ្ងល់យ៉ាងណាទៅ ពេលបាត់ម៉ូយដុំដូចខ្ញុំបែបនេះ!
ហឹម...
អាគាត់មុខស្អាត
សម្លេងក្រុកក្រាក់ៗ ធ្វើអោយខ្ញុំស្ទុះងើបឡើងមក។
“ហូយ៎! ខ្ញុំភ័យសឹងស្លាប់!”
“ដេកទ្រមក់បែបនេះ បើឯងទៅដល់គ្រួសារត្រកូលឈិន ឯងត្រូវគេវាយមិនខាន!” អាម៉ានិយាយមកបែបតឹងចិត្ត។
“នេះម៉ោងប៉ុន្មានហើយ អាម៉ា?”
“៥ហើយ!”
“អាម៉ា! ខ្ញុំសុំនាឡិកាមួយបានទេ? ខ្ញុំសុំអាចាស់ៗក៏បានដែរ គ្រាន់មានម៉ោងមើល។”
“ចាំទៅសុំអ្នកនៅទីនោះទៅ! មាត់ឯងចឹងដឹងតែសុំបានហើយ។ ងូតទឹករៀបចំខ្លួនទៅ! បបរឆ្អិនហើយ។”
ក្លិនឈ្ងុយសាច់ជ្រូកលីងធ្វើអោយពោះខ្ញុំកូរគ្រូកៗ។
“អីយ៉ា! មានឃីនឆាយផង! អាម៉ានៅម្នាក់ឯងទេឬ? ចុះអាហ៊ាមុខកាចៗម្សិលម៉ិញ?”
“ជៀកលឿនៗទៅ!”
“ចា៎!”
ពេលហូបបបរហើយ ខ្ញុំក៏លើកចានទៅលាង។ ខ្ញុំដើរចុះមកដល់ក្រោម ក៏ឃើញមានមនុស្សម្នាអ៊ូរអរ ហើយមានសុទ្ធតែកង់តាមដងផ្លូវ។
បើបានថតទុកមិនដឹងជាល្អយ៉ាងណា ព្រោះទូរស័ព្ទខ្ញុំ វាអស់ថ្មរលត់បាត់ទៅហើយ…
អាម៉ាហៅស៊ីក្លូមកឈប់ រួចហៅខ្ញុំអោយឡើងអង្គុយ ហ្នឹងអាលបានទៅ។ ជិះបានរៀងឆ្ងាយគួរសម ខ្ញុំចាប់ផ្តើមដឹងហើយថា ខ្លួនឯងនៅម្តុំណា។ ស៊ីក្លូបានឈប់នៅមុខរោងកុនមនោរម្យ ដូចដែលអាម៉ាបានប្រាប់ពីម្សិល។
តាមពិត ទីនេះគឺនៅទល់មុខបេនឡានផ្សារដើមគរយើងហ្នឹងឯង!
អាម៉ាហុចលុយអោយពូស៊ីក្លូ រួចគាត់ដើរឆ្លងមកផ្ទះមួយរៀងធំកាច់ជ្រុងម្ខាងទៀត ដែលមានអ្នកអង្គុយមុខផ្ទះសុទ្ធតែកាចៗ។
“អីយ៉ា! ថ្ងៃនេះ អាម៉ាមកលេងផង!”
“ថៅកែឈិននៅទេ?”
“គាត់ចេញឡានទៅក្រៅមុននេះ។ ចូលក្នុងអង្គុយចាំសិនទៅអាម៉ា!”
“នេះមកពីណាហ្នឹង?! មុខដូចប្លែកនៀក៎!” គ្នាវាម្នាក់ទៀតងាកមកឃើញខ្ញុំក៏លាន់មាត់ឡើង
អាម៉ាមិនតប។ គាត់បានត្រឹមចាប់ដៃខ្ញុំឡើងចង់បាក់ ហើយយើងដើរចូលក្នុង។
“នឹកណាស់!” កំពុងស្លុងជាមួយទិដ្ឋភាពក្នុងផ្ទះ ស្រាប់តែមានស្រមោលមួយមកអោបអាម៉ា។ ខ្ញុំបានត្រឹមបើកភ្នែកប៉ុនៗពងមាន់ ព្រោះអ្នកដែលសំលេងផ្អែមនិយាយថា នឹកណាស់ជាមួយអាម៉ា គឺអាគាត់មុខកាចនៅផ្សារកាលពីយប់សោះ!
“អនាគតប្រពន្ធជឺយានឬ?” គេងាកមកសួរអាម៉ា។
“អឹម…” និយាយរួច អាម៉ាក៏ងាកមកខ្ញុំ “នេះ គូអ៊ីងយ៉ាង កូនអ្នកស្រីទី២!”
ខ្ញុំមិនបានសើចសួស្តីអីទេ ព្រោះខ្លាចអាគាត់នេះប្រាប់អាម៉ាថា ខ្ញុំមានរឿងជាមួយគេពីយប់។
“ឯងចាំអួនៅនេះហើយ! អួទៅនុះមួយភ្លែត!” និយាយរួចគាត់ក៏ហៅអោយអាគាត់នោះឲដើរតាម។
-
“នាងមកពីណា?” គូអ៊ីងយ៉ាងសួរអាម៉ាដោយសង្ស័យ។
“ពួកបារាំងឃើញនាងនៅលើទូក ស្របពេលយើងកំពុងអោយពួកនោះ ទៅទីម្តុំឆ្លងទៅវៀតណាម ដើម្បីរកកូនគេមកអោយលោកបងឈិនល្មម!” អាម៉ាអង្គុយចុះរួចបន្ត “ចុះឯង? រកបានឬនៅ? បើទោះជាឪឯងទុកចិត្តឯងមែន តែពេលនេះគឺតំណែងជាអ្នកស្នងត្រកូល។ បើអាម៉ាធំរបស់ឯងថា ស្តាំគឺស្តាំហើយ។”
“អោយតំណែងនេះទៅជឺយានចុះ!” ថារួចគេក៏អង្គុយជិតអាម៉ា។
“ឯងនៅមិនទាន់ត្រូវគ្នាជាមួយអាយានទៀតឬ? ឯងបង្កសត្រូវជាមួយវាមិនល្អទេ។ បើចាត់ទុកយើងជាជីដូនឯង គួរស្តាប់យើងខ្លះ!”
“ថៅកែតូច!” សម្លេងអ្នកបម្រើលឺចេញមកពីមាត់ទ្វារ “ថៅកែធំមកដល់ហើយ!”
-
“មនុស្សប្លែកមុខមកពីណា?!” សម្លេងនិយាយបែបមានអំណាចបន្លឺឡើង។
បុរសមុខមាំ មានអំណាចរាងចំណាស់ សំលៀកបំពាក់បែបចិនៗ កាន់ខ្សៀដើរមកជិតខ្ញុំ។
“មកពីណា?” គាត់សួរម្តងទៀត។
“ចៅខ្ញុំ! ទើបមកពីក្រៅស្រុក...” អាម៉ាដើរចុះពីជណ្តើរមកបែបមានអំណាច។
អីយ៉ា! រូបភាពដូចក្នុងរឿងដល់ហើយនេះ!
“ស្មានតែអនាគតប្រពន្ធអាយាន! រកបានឬនៅ?” បុរសចំណាស់ងាកទៅសួរអាម៉ា។
“ខ្ញុំនៅទីនេះ! អ្នកណារកខ្ញុំ?” ប្រុសម្នាក់ស្លៀកពាក់បែបអ្នកលេង ដើរមកមានកៀកកស្រីមុខតូចម្នាក់មកជាមួយ “នេះ អនាគតប្រពន្ធខ្ញុំ! ប្រាប់ហើយថា ខ្ញុំមិនពិបាករកប្រពន្ធឡើយ! ត្រឹមតែផ្ទាត់ម្រាមដៃក៏មកឯកឯង។ ហើយអាម៉ាមកធ្វើអីដែរនេះ?”
“យកប្រពន្ធមកអោយអាយ៉ាង!” អាម៉ាតបបែបមិនខ្វល់ខ្វាយនឹងញើសដែលផុសលើថ្ងាសខ្ញុំសោះ។
“ឯណា?” ជឺយានសួរព្រមទាំងអើតរំលងក្បាលខ្ញុំ ដើម្បីរកមើលនារីដែលអាម៉ានិយាយ ទាំងដែលខ្ញុំកំពុងឆ្ងល់ដូចគ្នាថា ប្រពន្ធអាប៉ិកមុខកាចនេះនៅឯណា?
“នេះហើយ!” អាម៉ាមិនត្រឹមតែនិយាយទេ ថែមទាំងរុញខ្ញុំមកកណ្តាលហ្វូងទៀត។
“ខ្ញុំ???” ខ្ញុំស្រែកហើយយកដៃចង្អុលខ្លួនឯង គាំងជាមួយឈុតឆាកអាម៉ាក្រឡាប់នេះ។
ប្រពន្ធថៅកែតូច
“ខ្ញុំ?” ខ្ញុំលើកដៃមកចង្អុលខ្លួនឯងបែបភាំង ព្រោះដំបូងថាយកខ្ញុំមកអោយអាប៉ិកមុខព្រាននេះសោះ ឥឡូវមកផ្កាប់ចានធ្វើស៊ីស្រស់ៗចឹងវិញនេះ!
“នាង? ហាហាហា!”
គូជឺយានមិនត្រឹមតែសើចទេ នៅដើរទៅជិតគូអ៊ីងយ៉ាង ទះស្មាគេលឺសូរឌិបៗ ហើយបញ្ចប់ដោយពាក្យគួរអោយចង់ទះថា៖
“នេះឯងគ្មានសមត្ថភាព រកប្រពន្ធមិនបាន ដល់ថ្នាក់អោយអាម៉ារកអោយឬ? ហាហាហា! ដំបូងយើងស្មានតែជាយើងទេតើនេះ!”
“ជួបខ្ញុំបន្តិច!” បុរសចំណាស់មុខកាចសម្លឹងមុខខ្ញុំ រួចក៏ហៅអាម៉ាអោយទៅតាម។
-
“ចេះនិយាយខ្មែរដែរទេ?” ជឺយានសួរមកខ្ញុំ។
“មិនសូវទេ! ជេរច្បាស់ជាងនិយាយ!”
“អូ៎ហូ៎! គ្រាន់បើតើមាត់នេះ!” មិនត្រឹមតែនិយាយទេ អាគាត់មុខព្រាននេះដើរមកជិតខ្ញុំ រួចខ្សឹបបែបរំជួលព្រលឹងថា “នាងដឹងទេ? ស្រីដែលវាបណ្តើរ គ្មានមួយណាងាប់ស្អាតទេ…”
បោះគ្រាប់បែកមួយក្ឌាំងរួច គេដើរចេញជាមួយស្រីស្នេហ៍គេធ្វើព្រងើយ។ ខ្ញុំកំពុងនៅភាំងមិនដឹងគេគ្រប់គ្នាចេញអស់តាំងពីពេលណា។
-
ពេលគ្រប់គ្នាមិនដឹងទៅណាអស់ ខ្ញុំបានដើរមើលគ្រប់ជ្រុងនៃផ្ទះនេះ។
ធំពិតមែន!
អ៎!
ខ្ញុំស្រាប់តែនឹកឃើញថា ផ្ទះដែលខ្ញុំកំពុងឈរនេះ បើនៅបច្ចុប្បន្នគឺកាច់ជ្រុងកន្លែងផ្ញើរឥវ៉ាន់វីរៈ ប៊ុនថាំទេតើ។ រូបថតគ្រួសារសម្លៀកបំពាក់ចិនបុរាណ ធ្វើអោយខ្ញុំស្លុងមិនស្ទើរទេ។ ពេលមើលៗក៏ប្រទះនឹងរូបថតរបស់អាប៉ិមុខកាច គូអ៊ីងយ៉ាង។
អីយ៉ា! មើលទៅសង្ហាណាស់ មុខចិនៗបែបនេះ! បើដកអារឹកកាចៗនិងមុខស្មើរៗចោល មិនដឹងសង្ហាងាប់ឆ្កែងាប់ឆ្មាយ៉ាងណាទេ…
“អ្នកនាង! ពិសារទឹកសិនទេ?” ក្មេងស្រីថ្ពាល់ក្រហមៗ បួងសក់ទីទុយ ជាមួយបូរក្រហមៗ និយាយមកខ្ញុំបែបខ្លាចៗ។
“អគុណ! ឯងឈ្មោះអ្វីដែរ?”
“ហៅខ្ញុំថា ជីងជីង! ម៉ាក់ប្រាប់ថា គាត់ដាក់ឈ្មោះបែបនេះ ព្រោះគាត់ចង់អោយខ្ញុំរឹងមាំដូចត្បូងអញ្ចឹង!”
*晶/Jing=Crystal*
ក្មេងតូចនិយាយអមជាមួយស្នាមញញឹមធ្មេញសស្គុះ ធ្វើអោយខ្ញុំញញឹមតាមដោយមិនដឹងខ្លួន។
“អ្នកនាងមកពីណា? ខ្ញុំអត់ដែលឃើញមុខប្រហែលៗសោះ។ មករកលោកថៅកែធំមែនដែរទេ?”
“ហៅខ្ញុំបងៗធម្មតាបានហើយ មិនបាច់អ្នកនាងអីទេ។ ខ្ញុំមកពីឆ្ងាយណាស់ ហើយខ្ញុំមកជាមួយអាម៉ា។ ឯងកាន់អីនេះ?”
“អូ៎! ប៉ិសនឹងភ្លេចទៅហើយ! ម៉ែអោយយកទៅហាលនៅជាន់លើ។ បងទៅជាមួយខ្ញុំទេ?”
“អត់ទេ! ខ្លាចអាម៉ាមករកមិនឃើញ។” និយាយរួច ជីងជីងរត់ស្រូរទៅ គ្មានភ័យរឿងអាចនឹងរត់ដួលផ្កាប់មុខ កំពប់របស់ក្នុងដៃសោះ។
អាម៉ាឡើងទៅលើនិយាយដល់ព្រឹកស្អែកក៏អីនេះ! យូរអើយយូរ…
ដោយធុញផងអីផង ខ្ញុំក៏ដើរចេញក្រៅរកមើលគេមើលឯងម្តុំនេះ។ រូបភាពនៅនឹងមុខខ្ញុំនេះ វាត្រជាក់ភ្នែកជាងមើលរូបតាម Google ទៅទៀត។ ស៊ីក្លូដុបឥវ៉ាន់ទៅមក រោងកុនមានតាំងបដារឿងភាគចិន តាៗអង្គុយលើកៅអីឈើទាបៗជក់បារី។
បើបានទៅវិញ ខ្ញុំនឹងសរសេររឿង អោយល្បីម្តង!
“បងៗ!” សម្លេងជីងជីងហៅខ្ញុំពីក្នុងមក “ដល់ម៉ោងញាំបាយថ្ងៃត្រង់ហើយ!”
ត្រូវហើយ! ខ្ញុំទើបនឹកឃើញថាត្រូវការនាឡិកាមួយទើបបាន ព្រោះបើមិនអញ្ចឹង ខ្ញុំច្បាស់ជាគ្មានដឹងពេលវេលាស្អីទេ។
“ជីងជីង! ឯងដឹងទេថា ខ្ញុំអាចរកនាឡិកាបាននៅម្តុំណាដែរ? ឬក៏អាចរកទិញនៅឯណាបាន?”
“ហា៎? ចាំបាច់ទិញដែរហ៎?” ជីងជីងធ្វើមុខភាំងរួចបន្ត “បងមិនដឹងទេឬ? ថាគ្រួសារលោកថៅកែធំ ជាអ្នកនាំចូលនិងជួសជុលនាឡិកាធំជាងគេនៅភ្នំពេញយើងនេះ?” និយាយរួចវាសើចហឹសៗ ដូចរៀងអស់សំណើចនឹងទឹកមុខខ្ញុំពេលនេះ។
អូ៎! អញ្ចឹងទេតើ ទើបអាម៉ាប្រាប់ពីម្សិលថា អាចមកសុំនៅទីនេះបាន។
ខ្ញុំដើរតាមជីងជីងទៅជាន់ទី១ ឃើញមានទីធ្លាធំទូលាយ ហើយមានតុឈើមូលមួយយ៉ាងធំ មានក្បូក្បាច់ស្រដៀងនឹងតុឈើនៅផ្ទះកុងរបស់ខ្ញុំនៅឯស្រុកណាស់! គ្រាន់តែតុនេះ វាធំជាង។
“អង្គុយទីនេះមក!” អាម៉ាងាកមកខ្ញុំ ហើយហៅទៅអង្គុយជិតគាត់ ដោយមានបុរសចំណាស់មុខកាចមុននេះ អង្គុយក្បាលតុ។
បើតាមមើលទៅ គាត់ច្បាស់ជាលោកថៅកែឈិនហ្នឹងមិនខាន!
“អួភ្លេចណែនាំមុននេះ។ នេះគឺលោកថៅកែឈិន!” និយាយរួច អាម៉ាគាត់លាដៃបង្ហាញផង។
“ជំរាបសួរ!” ខ្ញុំលើកដៃជំរាបសួរគាត់ ព្រោះមិនដឹងថាគួរធ្វើយ៉ាងម៉េច។
“អាយាននិងអាយ៉ាង វាទៅណា?” ថៅកែឈិនងាកទៅសួរអ្នកបម្រើជិតនោះ ព្រោះពេលនេះនៅតុ គឺមានតែយើង៣នាក់ប៉ុណ្ណោះ។
“អ្នកប្រុសយាន គាត់បណ្តើរអ្នកនាងចំណូលថ្មីចេញទៅក្រៅបាត់ហើយ។ គាត់ផ្តាំថាយប់ទើបគាត់មកវិញ។ ចំណែកឯថៅកែតូចមុននេះ គាត់ថាគាត់ចង់សម្រាក។”
ពេលអ្នកបម្រើរាយការណ៍រួច គាត់ក៏លើកចង្កឹះចាប់ម្ហូប ហើយហូបធ្វើដូចគ្មានវត្តមានអាម៉ានិងខ្ញុំនៅទីនេះ។
“ហូបទៅ!” អាម៉ាទំនងឃើញខ្ញុំភ្លឹកមើលថៅកែធំ ទើបគាត់និយាយរួចចាប់ស្ពៃមួយគល់អោយខ្ញុំ។
“នឹកម៉ាក់ណាស់!” ខ្ញុំលួចនិយាយម្នាក់ឯងខ្សឹបៗ។
បន្ទាប់មកក៏លឺអាម៉ាគ្រហែម ហើយគាត់ហូបមិនមាត់កអី។
-
“អួទៅវិញហើយ!”
“ខ្ញុំអាចទៅលេងអាម៉ាបានទេ?”
“សុំការអនុញ្ញាតពីថៅកែតូចសិន ថាគេអនុញ្ញាតឬអត់។” គាត់និយាយរួចរៀបឡើងស៊ីក្លូ ដែលអោយជីងជីងជួយហៅចាំមុននេះ។
“អាម៉ា!” ខ្ញុំដើរទៅអោបគាត់។
“ហាមយំ!” អាម៉ាគម្រាមសំលេងកាច តែក៏មិនរុញខ្ញុំចេញ។
“មួយដំណក់ក៏បាន… ហិហិហិ!” ខ្ញុំនិយាយលាយទឹកភ្នែករលីងរលោង។
ដ្បិតថាមកដល់នេះ មិនដឹងទិសតំបន់ តែខ្ញុំដឹងថាយ៉ាងណា អាម៉ាគឺជាមនុស្សល្អ។ ថាទៅ ទេវតាក៏ប្រហែលជានៅខាងខ្ញុំខ្លះ ទើបបានអោយខ្ញុំមកជួបនឹងអាម៉ា។
-
ជ្រុងម្ខាងក្នុងបន្ទប់មានពន្លឺចាំងចូលពីបង្អួច។ រូបរាងបុរសម្នាក់ដេកយកដៃគងលើថ្ងាស លើកដៃចាប់ខ្សែដៃរូបផ្កា ដែលបានទិញពីម្សិលឡើងមកមើលទៅមកៗ ទាំងដែលសូម្បីគេក៏រកចម្លើយមិនឃើញថា ធ្វើបែបនេះធ្វើអ្វី។
សំលេងគោះទ្វារលឺឡើង តែគេមិនទាន់បាននិយាយថានឹងអនុញ្ញាតអោយចូលផង ទ្វារក៏បានបើកឡើង។ ថៅកែឈិនដើរមក រួចទាញកៅអីអង្គុយ។
“ខ្ញុំមិនចង់យកនាងមកពាក់ព័ន្ធទេ។” គូអ៊ីងយ៉ាងងើបអង្គុយលើគ្រែ ហើយនិយាយបែបធុញថប់។
“ចុះបើអាម៉ាធំឯងមកខែក្រោយ ឯងត្រូវបកស្រាយយ៉ាងណា? យើងដឹងថាឯងពូកែ បើទោះជាមិនបានទ្រព្យសម្បតិ្តមួយសេនពីគ្រួសារយើង ក៏ឯងអាចចាប់ផ្តើមរស់បាន។” ថៅកែឈិននិយាយបែបដឹងច្បាស់ពីចរឹកកូនទី២របស់គាត់ “តែឯងត្រូវដឹងថា បើឯងចេញពីទីនេះទៅ ម្តាយឯងនឹងមិនមានជីវិតដែលស្ងប់សុខទេ។”
“ស្រីម្នាក់នោះក៏នឹងមិនស្ងប់សុខដូចគ្នា បើនាងចូលមកទីនេះ។” គូអ៊ីងយ៉ាងនិយាយបែបហត់នឿយ។
“កុំប្រាប់ណាថាឯងបារម្ភ? ធ្លាប់ស្គាល់នាងម្នាក់នោះឬ?”
“អត់ទេ…”
“អញ្ចឹងទៅបារម្ភធ្វើអ្វី! ខែក្រោយអាម៉ាធំឯងមក ឯងក៏ណែនាំនាងទៅ! ចាំរហូតឯងបានទ្រព្យសម្បត្តិ ក៏លែងនាងទៅ! រឿងក៏ចប់ទៅហើយ។” ថៅកែឈិននិយាយទាំងមិនមានអារម្មណ៍ថារអៀសខ្លួន។
គាត់ស្ងាត់បន្តិចក៏បន្ត៖
“បើឯងមិនចង់បាន យើងនឹងអោយទៅអាយាន ព្រោះយើងគិតថាអាម៉ាធំឯងនឹងមិនជឿ បើវានាំស្រីស្នេហ៍វានោះទៅ។” និយាយរួចគាត់ងាកទៅមាត់ទ្វារ “ទៅហៅអាយានមកនេះ!”
“ខ្ញុំមិនបានថាមិនយក…” គូអ៊ីងយ៉ាងតប។
ថៅកែឈិនសើចបែបចំអកដាក់កូនទី២របស់គាត់។
“ជំរាបថៅកែធំ! អ្នកប្រុសយានមិនទាន់មកវិញទេ។” អ្នកបម្រើឈរមាត់ទ្វាររាយការណ៍។
“យើងដឹង… ចេញទៅ! ហើយទៅហៅអនាគតប្រពន្ធថៅកែតូចឯងមកនេះ។”
“អោយនាងទៅៗ! ខ្ញុំមិនទម្លាប់យកស្រីធ្វើនុយដើម្បីបានផលប្រយោជន៍។” គូអ៊ីងយ៉ាងទំនងដូចជារារែកនៅក្នុងចិត្ត។
និយាយផុតមិនទាន់ ជាតាក៏ដើរមក។
“ចូលមកនេះ!” ថៅកែឈិនហៅនាងដើរចូលជិតគាត់ “ស្វាគមន៍មកកាន់គ្រួសារត្រកូលគូ!”
“ខ្ញុំមិនទាន់បានថាទទួលទេ!” សំលេងគូអ៊ីងយ៉ាងនិយាយបែបរឹងៗ។
“ក៏បាន! បើឯងនៅតែបែបនេះ... នាងដើរតាមខ្ញុំមក! ទៅចាំអាយានមកវិញនៅបន្ទប់វា។”
-
ស្រាប់តែដៃធំមួយចាប់ទាញកដៃខ្ញុំភ្ញាក់សឹងស្រែក។
“នាងនៅទីនេះ!” គូអ៊ីងយ៉ាងឃាត់។
“បើអញ្ចឹងតាំងពីដើមមក គឺវាចប់បាត់ទៅហើយ។” ថារួចថៅកែធំដើរចេញទៅបាត់ ព្រមជាមួយសំលេងបិទទ្វារលឺសូរក្ឌាំង!
“នៅឈរឆ្កឹងហ្នឹងរហូតដល់ជាតិក្រោយយ៉ាងម៉េច???” និយាយរួចគេដើរទៅអង្គុយលើគ្រែគេវិញ។
“និយាយធម្មតាក៏បាន! ម៉េចចាំបាច់សម្លុត?!”
ទ្រាំយូរហើយ… ខឹងណាស់! និយាយធម្មតាប្រកាច់ងាប់យ៉ាងម៉េច?!
“បានសម្តីបែបនេះ បើអោយជឺយានសាកម្តងបែបទំនង!” មិនត្រឹមតែនិយាយទេ គូអ៊ីងយ៉ាងនៅដើរមកជិត សឹងតែខ្ញុំរលាយចូលជញ្ជាំងទៅហើយ។
“ថ-ថយ!”
អណ្តាតនិងក្រឡើតកើតអីចេះ!
“គ្រាន់បើតែមាត់!” និយាយបែបចំអករួច គេក៏ដើរទៅអង្គុយលើគ្រែវិញ ទុកអោយខ្ញុំនៅឈរឆ្កឹងដដែល។
ថាទៅ ខ្ញុំមិនច្បាស់ទេថាភ័យ ដោយសារខ្លាចគេបញ្ជូនទៅអោយអាគាត់មុខព្រានជឺយាននោះ ឬភ័យដោយសារមុខសង្ហាៗនេះ!
“ឈ្មោះអី?” កំពុងស្លុងអារម្មណ៍ គេក៏សួរឡើងមក។
“ជាតា!”
“ឈ្មោះស្អីដូចខ្មែរៗ…”
“មើលមកខ្ញុំយួនឬ?”
“ស្រដៀង! មានឈ្មោះផ្សេងទេ?” គេស្ងាត់បន្តិចក៏បន្ត “ឈ្មោះនាងពិបាកហៅពេក!”
“គ្មានទេ!”
យីស! ឈ្មោះយើងឡើងមានហ៊ុងស៊ុយ មកថាពិបាកហៅ! ចាំមើលតែបានទៅវិញ យើងទូលពិតម៉ែយើងម្តង!
“ខ្ញុំហៅនាងថា ហួយ ចុះ…”
ខ្ញុំបើកភ្នែកធំព្រោះឆ្ងល់ថា គេដឹងខ្ញុំមានឈ្មោះនេះបានយ៉ាងម៉េច។
“កើតអី?” គេញោចមាត់ញញឹមឌឺ។
“លោកដឹង?...”
“ដឹងអី?” មិនត្រឹមតែមិនឆ្លើយទេ នៅមកសួរបែបបេះបួយទៀត!
“ឈ្មោះ…”
“ឈ្មោះណា?” គេវៃចិញ្ចើមបែបឌឺ គួរអោយចង់ធាក់។
“អាម៉ាប្រាប់ឬ?”
អាម៉ានេះ! ប្រាប់ហើយថាអោយហៅខ្ញុំជាតា! ខ្ញុំនឹកខឹងក្នុងចិត្តណាស់!
“នាងដឹងទេ? ការដែលកុហកទាំងដែលខ្ញុំដឹងចម្លើយនេះ លទ្ធផលទៅជាយ៉ាងណា?”
ខ្ញុំលេបទឹកមាត់ក្អឹក…
មិនត្រឹមតែនិយាយទេ នៅអូសខ្ញុំទៅមាត់បង្អួច ថែមទាំងចង្អុលទៅដីទួល មានស្មៅដុះប្រវែងសឹង១ចំអាមផង។
“អ្នកដែលនិយាយមិនស្តាប់ និយាយកុហកឬលាក់បាំងការពិត សុទ្ធតែនៅទីនេះ!”
ញើសហូរប៉ុនគ្រាប់ពោត! ទេវតាអើយ! ហេតុអ្វីមកអោយខ្ញុំនៅជាមួយមនុស្សឃោឃៅយ៉ាងនេះ…
“ឯណាខោអាវ?”
ត្រូវហើយ! ខ្ញុំទើបនឹកឃើញថា ខ្ញុំមិនបានយកថង់ខោអាវខ្ញុំមកតាម។ វីវរហើយ! ចុះទូរស័ព្ទ?! តិចអាម៉ាឃើញទៅ?! មិនកើតទេ... ត្រូវត្រលប់ទៅយកទើបបាន!
“លោកជួយជូនខ្ញុំទៅយកខោអាវនៅផ្ទះអាម៉ាបានទេ?” ខ្ញុំនិយាយបែបអង្វរគេ។
តុតុ…
“អ្នកណា?” គូអ៊ីងយ៉ាងជ្រួញចិញ្ចើមសួរទៅក្រៅ។
“យើង!” សម្លេងថៅកែឈិនបន្លឺឡើង ហើយគាត់ក៏រុញទ្វារមក “នាំនាងទៅរកទិញខោអាវផង! អាម៉ាឯងផ្តាំថា គាត់ទៅបាត់ដំបងយប់នេះហើយ។”
ក្ឌាំង! អាម៉ាលេងរត់ចោលគ្នាបែបនេះផងឬ? វីវហើយ! iPhone ខ្ញុំ!
ថៅកែឈិនប្រាប់រួច គាត់ក៏ដើរទៅវិញដូចហោះ។
“ហឹម…” សម្លេងដកដង្ហើមធំរបស់គូអ៊ីងយ៉ាង ធ្វើអោយខ្ញុំដឹងថាគេក៏ធុញដល់កម្រិតដែរ។
“ចង់នៅឈររហូតឬយ៉ាងម៉េច?”
ខ្ញុំមិនបានតប ព្រោះខ្ញុំកំពុងអស់សង្ឃឹមពេលដឹងអាម៉ាមិននៅ។
ពេលនេះគិតយ៉ាងណាទៅ… ដំឡូងអើយដំឡូង!
“អា៎! ដាក់ខ្ញុំចុះ!”
កំពុងតែភ្លឹក ត្រកូលគូមកចាប់បីខ្ញុំឡើង ហើយដើរចេញក្រៅបន្ទប់ និយាយយ៉ាងព្រងើយថា៖
“ស្មានថាដើរលែងរួច ទើបយកអាសាបីនេះ!”
“ដាក់ខ្ញុំចុះភ្លាម!”
“ឈប់រើ!”
“មិនឈប់!” ខ្ញុំមិននិយាយតែមាត់ទេ នៅខំប្រឹងរើ សឹងដាច់ក្បាលទៀត។
“បាន! បើពូកែរើណាស់ យើងសាកសមត្ថភាពរើ ល្អទេ?”
ថារួចគេដើរបកចូលក្នុងបន្ទប់វិញ ហើយបោះខ្ញុំលើគ្រែលឺសូរ ព្រូស! រួចអោនមកសង្កត់ខ្ញុំសឹងផុងគ្រែទៅហើយ។
“ល-លោ-លោកចង់ធ្វើអី?”
“អំបាញ់មិញឃើញពូកែរើ ទើបចង់ដឹងថាពូកែកម្រិតណា។”
“អាឆ្កួត! អារោគចិត្ត! ងើបភ្លាម!”
គូអ៊ីងយ៉ាងនៅស្ងៀម ញោចមាត់ញញឹម មិននិយាយអី ហើយងើបឡើង បិទគូថដោយពាក្យបែបញាក់សាច់ថា៖
“បើកូននាងមានឪជាមនុស្សឆ្កួត នាងថាល្អទេ?” មិនត្រឹមតែនិយាយទេ នៅសើចបែបរោគចិត្តទៀត។
ចំហាយនៃភាពវឹកវរ ខិតជិតមែនទែនហើយ ដំឡូងអើយ!