រឿង ខ្សែដៃរូបផ្កា (ភាគទី៥)

Posted by Team GooShop on

ហេតុអ្វីខ្ញុំត្រូវគេចាប់ជំរិត?

អ្នកនិពន្ធ៖ ដំឡូង
រក្សាសិទ្ធដោយ៖ ហ្គូសប

“ខ្ញុំចង់ញុំាគុយទាវ!” ខ្ញុំចង្អុលប្រាប់គូអ៊ីងយ៉ាង ពេលយើងដើរចូលផ្សារ។

“អីយ៉ា! ថៅកែតូចសោះ!” សម្លេងស្រួយស្រេសមួយបន្លឺឡើង ជាមួយរូបរាងតូចល្វត់ល្វន់ក្នុងឈុតចិនរឹបរាង ធ្វើអោយខ្ញុំនេះសឹងភ្លឹកដែរ។

ព្រះអើយ! ស្អាតម្លឹងៗ!

រវល់តែមើលនារីចំណូលថ្មី ខ្ញុំក៏ត្រូវក្មេងៗរត់មកបុករហូតបាត់ជំហរហើយដួល។

“ម៉េចមិនប្រយ័ត្នយ៉ាងនេះ?!” គូអ៊ីងយ៉ាងដើរមកជួយលើកខ្ញុំ។

“អ្នកណាហ្នឹង?” នាងរាងស្លីមសួរឡើងមក។

គូអ៊ីងយ៉ាងមិនឆ្លើយនឹងសំណួរនាង ធ្វើអោយខ្ញុំដឹងច្បាស់តែម្តងថា គេមិនចង់អោយនាងដឹងថា ខ្ញុំមកជាមួយគេក្នុងឋានៈជាអ្វី។

នែ! អាចិត្តនេះចង់តែធ្វើតាមរឿងភាគណែនាំខ្លួនថា ជាអនាគតប្រពន្ធតាស៎! តែខ្លាចថាវាខុសប្លង់…

បើជ្រុលជាគេមិននិយាយទៅហើយ ខ្ញុំក៏ដើរចេញទៅតូបគុយទាវ ព្រោះមិនដឹងនៅធ្វើអីបន្ត។

“ហ៊ា! យកគុយទាវខ្ញុំមួយ! ឌុបសាច់ ឌុបគុយទាវ ឌុបគ្រប់យ៉ាង!”

អាហ៊ាដែលរៀបកាន់ចានក៏មើលខ្ញុំបែបឆ្ងល់ៗ។

“មានអីឬហ៊ា?” ខ្ញុំសួរឡើង ដៃកំពុងចាប់ចង្កឹះពីបំពង់។

“យកគុយទាវត្រូវទេ?” គាត់សួរទាំងចងចិញ្ចើម។

អូ! បែបដោយសារខ្ញុំហៅឌុបទេដឹង បានជាគាត់ឆ្ងល់សួរបញ្ចាក់ ឬអាចថានៅនេះគេមិនទាន់ស្គាល់អាពាក្យឌុបហ្នឹង?

“យកគុយទាវខ្ញុំមួយចានមកហ៊ា!” ខ្ញុំប្រាប់គាត់ឡើងវិញទាំងសើច ហិហិហិ។

“នាងមិនមែនជាមនុស្សរស់នៅតំបន់នេះទេឬ?” នាងរាងស្លីមស្អាតទាញកៅអីមកជិតរួចសួរ។

យីស! អាឯងមិនមាត់នេះដូចបានចិត្តណាស់!

ខ្ញុំបានត្រឹមរអ៊ូក្នុងចិត្ត ខ្សឹកខ្សួរមួរម៉ៅម្នាក់ឯង។

អាគាត់ត្រកូលគូហ្នឹងក៏ចឹងទៀត ធ្វើដូចបារម្ភមានចិត្តណាស់ តែដល់ចឹងស្ងាត់ដូចគេចុក!

“មកពីបារាំង!” ខ្ញុំនិយាយឡើងបើទោះជាអន់ចិត្ត តែយ៉ាងណាខ្ញុំក៏មិនចង់នាំបញ្ហា ព្រោះខ្ញុំមិនដឹងថានៅជាមួយគេបានដល់ពេលណា។

“អញ្ចឹងតាសបានជាមុខរាងប្លែកៗ! មកពីបារាំងឬ? តែហេតុអីនិយាយភាសាយើងច្បាស់យ៉ាងនេះ?”

“ម៉ាក់ប៉ាខ្ញុំជាកូនកាត់ចិន! ខ្ញុំធ្លាប់ទៅលេងបារាំង ទើបចម្លងការតែងខ្លួនមកពីគេបែបនេះ!”

“រវល់តែនិយាយ... ខ្ញុំឈ្មោះស៊ីស៊ី សង្សារថៅកែតូច!”

ផាំង! ដូចគេជះទឹកដាក់កណ្តាលមុខ!

នាងរាងតូចស្លីមណែនាំខ្លួនមកសឹងធ្វើអោយខ្ញុំដួល។

“ស៊ីស៊ី!” គូអ៊ីងយ៉ាងខាំមាត់ និយាយសម្លេងខ្លាំងៗ សូម្បីតែនាងម្នាក់នោះក៏រាងភ្ញាក់។

អីយ៉ា! មុខស្អាតៗបែបនេះ តាមពិតតួចិត្តអាក្រក់សោះវ៉ើយ! ស្គាល់ដំឡូងតិចពេកហើយ!

“ត្រឹមតែជាសង្សារ មិនមែនប្រពន្ធផង!” ខ្ញុំថារួចងាកទៅស្ញេញដាក់គូអ៊ីងយ៉ាង។

ខ្ញុំខំពឺតគុយទាវមួយគោមឡើងម៉ត់ឡេវ មិនសល់សូម្បីជី។ ពេលងើបមុខឡើងមក ភ្នែកក៏ក្រឡេកឃើញតូបគេលក់របស់មកពីឥណ្ឌា។ 

“ខ្ញុំទៅនុះមួយភ្លែតណា!” ខ្ញុំនិយាយដាក់គូអ៊ីងយ៉ាង រួចងើបវឹងមិនអោយគេតាមទាន់ ទុកអោយនាងស៊ីស៊ីនោះតោងដៃគូអ៊ីយ៉ាងជាប់នៅតូបគុយទាវ។

ពេលរត់ចេញមកបានបន្តិច ខ្ញុំក៏ទើបនឹកឃើញថា៖

“អេ៎! ហើយអត់មានលុយផង…”

ពេលខ្ញុំរៀបបកក្រោយទៅរកគូអ៊ីងយ៉ាងវិញដើម្បីសុំលុយ ក៏មានពួកប្រុសមាឌដូចកីឡាកាសមកបាំងមុខ។ ដឹងថាស្ថានការណ៍ដូចមិនស្រួល ខ្ញុំក៏ដើរបន្ថែមល្បឿនទៅមុខ ហើយក៏ដាក់មេប្រូចរត់តែម្តង។ ពួកនោះច្បាស់ណាស់ថា មកចាប់ខ្ញុំព្រោះពួកវាក៏រត់តាមខ្ញុំដែរ។

វាសនាចារមកថា ជើងខ្លីបែបនេះ រត់មិនបានលឿនទេ!

ទីបំផុត ខ្ញុំក៏ត្រូវពួកនោះចាប់បាន។ 

“ពួកលោកចាប់ខ្ញុំធ្វើអី? ខ្ញុំមិនដែលស្គាល់លោកទេ!” ខ្ញុំនិយាយសម្រួល ក្រែងលោពួកគេចាប់ច្រឡំមនុស្ស។

“គូអ៊ីងយ៉ាង!” ខ្ញុំខំស្រែក តែពួកគេយកដៃមកខ្ទប់មាត់ខ្ញុំ រួចចាប់ខ្ញុំចូលផ្ទះចាស់មួយ។

ផ្លូវក្រវេចក្រវៀនធ្វើអោយខ្ញុំវង្វេងថា ខ្លួនឯងកំពុងនៅឯណា ម្តុំណាបាត់ទៅហើយ។ ពួកវាចាប់ខ្ញុំមកអង្គុយលើកៅអី រួចយកខ្សែមកចងដៃចងជើងដូចក្នុងរឿង។ 

ឱដំឡូងអើយ! ហើយម៉េចបានត្រូវមកជួបតែអារឿងគេតាមចាប់អញ្ចឹងនេះ!

-

ខ្ញុំរុញស៊ីស៊ី​ចេញពេលហួយដើរចេញទៅ។

“ខ្ញុំដឹងណាថានាងជាអ្នកណា!” ស៊ីស៊ីនិយាយអោបដៃ រួចពេបមាត់។

“បើហ៊ានតែប៉ះប្រពន្ធខ្ញុំមួយសសៃសក់លើកនេះ មិនមែនចប់ស្អាតដូចលើកមុន!” ខ្ញុំនិយាយរួចដើរតាមទិសដៅដែលហួយបានទៅមុននេះ។

“គូអ៊ីងយ៉ាង!” សម្លេងហៅឈ្មោះខ្ញុំ តែរកម្ចាស់សម្លេងមិនឃើញ ធ្វើអោយខ្ញុំដឹងភ្លាមថាមានរឿងមិនខាន។

ស្រីឆ្កួតអើយ! ទៅដល់ណាអីក៏លឿនយ៉ាងនេះ?

ខ្ញុំដើរផងរត់ផងក៏នៅមិនឃើញសូម្បីស្រមោលនាង។ ខ្ញុំឡើងកង់ដើម្បីជិះទៅកន្លែងដែលគិតថា នឹងអាចរកនាងបានលឿន។

-

“ហ៊ា!” មិនចាំម្ចាស់បន្ទប់អនុញ្ញាតទាន់ ខ្ញុំក៏រុញទ្វារចូលទៅភ្លាម។

“ពួកនាងចេញទៅសិនទៅ!” គូជឺយាននិយាយដាក់ស្រីៗរបស់គេ។

“ជួយរកហួយឲខ្ញុំបន្តិច!”

“ហឹស!” គូជឺយានសើចចំអកដាក់គូអ៊ីងយ៉ាងបែបរំខានប្រសាទ រួចគេលើកខ្សៀរមកជក់ “ឯងគិតថាយើងនឹងជួយឬ?” 

“ខ្ញុំអោយតំណែងខ្ញុំទៅហ៊ា…”

គូជឺយានបញ្ឈប់សកម្មភាពមួយសន្ទុះ រួចគេដើរមកសម្លឹងភ្នែកគូអ៊ីងយ៉ាង។

“ឯងប្លែក!” រួចគេក៏ដើរទៅអង្គុយវិញ “សូម្បីតែមានរឿងជាមួយអាម៉ាធំលើកមុន ក៏ឯងនៅមិនលះបង់ដល់ថ្នាក់នេះ។ នាងពិសេសឬ?”

គូជឺយានសឹងតែមិនជឿថា ប្អូនប្រុសរបស់គេហ៊ានលះបង់ ដើម្បីស្រីម្នាក់នោះយ៉ាងនេះ។ 

“នាងបាត់ទៅនៅម្តុំផ្សាររាត្រី ពេលដែល...”

“ស៊ីស៊ីបង្ហាញខ្លួន?” គូជឺយានមិនចាំអោយគូអ៊ីងយ៉ាងបញ្ចប់ឃ្លាទាន់ គេនិយាយទៅភ្លាម ធ្វើអោយគូអ៊ីងយ៉ាងដើរមកជិតគេ។

“ហ៊ាដឹង?”

“ឯងគិតថាខ្ញុំមិនចេះអីក្រៅតែពីលេងស្រីល្បែងស្អីអស់ហ្នឹងឬ? ហឹស…” គូជឺយានងើបឈរ ដើរបុកស្មាគូអ៊ីងយ៉ាងបន្តិច រួចក៏បន្ថែម “លើកនេះប្រហែលជាត្រូវជម្រះបញ្ជី ទាំងដើមទាំងការហើយ” ថារួចគេលើកដៃពត់ខ្លួនហើយសើចលឺៗ ដូចដឹងថានរណាជាអ្នកធ្វើ ហើយគួរចាត់ការយ៉ាងណា

គូអ៊ីងយ៉ាងបានត្រឹមឈរសម្លឹងមើលផ្កាយលើមេឃ។ គេកំពុងចាំមើលដំណឹងថា តើនារីមុខប្លែកៗដែលសុខៗក៏លេចមុខចេញមក ទាំងដែលមិនដឹងប្រវត្តិនាងមកពីណា សម្តីប្លែកៗ រឹកពារប្លែកៗ ផ្អើលៗរាល់ពេលគេលលេង ពេលនេះនៅទីណា?

-

“ខ្ញុំឈឺនោម… សុំទៅនោមបានទេ?” ពេលឃើញពួកអាអ្នកដែលចាប់ខ្ញុំមក អង្គុយលេងបៀរ ខ្ញុំក៏ចាប់ផ្តើមរកគម្រោងការរត់ឡើងមក ក្រែងលោបានផល។ 

“នោមហ្នឹងទៅ! យើងមិនប្រកាន់ទេ!” អាម្នាក់មាឌធំទំនងមេគេ និយាយបែបមិនក្តៅរងាអីឡើងមក។

ឯងមិនប្រកាន់ តែយើងប្រកាន់វ៉ើយ!

ខ្ញុំបានតែគិតក្នុងចិត្តមិនហ៊ាននិយាយ ខ្លាចក្លាយជាសាច់ខ្វៃរបស់វាយប់នេះ។ 

“ខ្ញុំអាចដឹងដែរទេថា អ្នកណាអ្នកចាប់ខ្ញុំមក? នែ… បើគង់តែចាប់មក យ៉ាងណាក៏គួរអោយខ្ញុំដឹងដែរថា ខ្ញុំមានរឿងជាមួយអ្នកណា…” ខ្ញុំខំប្រឹងបូរបាច់ អោយពួកនោះមកនិយាយជាមួយខ្ញុំខ្លះ ក្រែងលោបានរាប់មិត្ត។

សម្លេងបើកទ្វារ លេចចេញរូបរាងតូចច្រលឹងមក ជាមួយឈើជ្រុងមួយផងក្នុងដៃ ដើរមកជិតខ្ញុំ។

“នាង!” ខ្ញុំភ្ញាក់ដោយសារនាងគឺជាមនុស្សស្រីដែលខ្ញុំឃើញនៅផ្សារ។

“ដំបូងពេលគេនាំពាក្យមកថា អាយ៉ាងមានប្រពន្ធ ខ្ញុំមិនជឿទេ…” នាងនិយាយរួចទាញកៅអីមកអង្គុយជិតខ្ញុំ “តែពេលស៊ើបបានច្បាស់ថា នាងពិតជានៅទីនោះមែន ហើយថែមទាំងអាយ៉ាងហៅនាងថៅកែស្រី មុខកូនចៅពេញៗមាត់ទៀត ទើបខ្ញុំជឿ… នាងដឹងទេ? ប៉ុន្មានឆ្នាំនេះ គ្មានស្រីណាហ៊ានចូលជិតអាយ៉ាងទេ!” ឈើជ្រុងដែលនាងយកមកនោះ នាងយកវាមកគោះជើងខ្ញុំតិចៗ។

“ខ្ញុំមិនមែនជាស្អីនឹងគេទេ!” ខ្ញុំប្រាប់តាមត្រង់។

ត្រូវហើយ! យើងពិតជាគ្មានអីនឹងគ្នាមែន… នឹកឡើងក៏អន់ចិត្តឡើងមក ហឹស! 

“នាងមិនដូចយ៊ានអឺ...” នាងនិយាយហើយផ្អៀងកមើលខ្ញុំបែបថ្លឹងថ្លែង។

“យ៊ានអឺជាអ្នកណា?” 

“គូដណ្តឹងអាយ៉ាង មនុស្សដែលគេស្រលាញ់! ហឹម… អាចហៅបានថាស្នេហ៍ដំបូងទេដឹង? ហាហាហា!” នាងនិយាយហើយសើចដូចតួយាយធ្មប់ក្នុងរឿង។

“អើ! នាងឈ្មោះអ្នកនាងស៊ីស៊ី ត្រូវដែរទេ?”

“យ៉ាងម៉េច?” នាងដើរមកឈប់ពីមុខខ្ញុំ ថែមទាំងយកអាឈើជ្រុងហ្នឹង មកលើកចង្កាខ្ញុំផង។

“អ្នកនាងស្អាត… ខ្ញុំថាយើងនិយាយគ្នាបែបសន្តិភាពទៅណា!” ខ្ញុំធ្វើមុខបែបភ្លើៗសម្រួលជាមួយនាង ក្រែងលោបានផល “ខ្ញុំពិតជាគ្មានអីនឹងអាត្រកូលគូនោះមែន… ពួកគេចាប់ខ្ញុំមកពីផ្ទះ ហិហិហិ!” ខ្ញុំនិយាយអមជាមួយសម្លេងអណ្តឺតអណ្តក។

បើជ្រុលតែចុះទន់លុនតួទៅហើយ ត្រូវតែដាក់អោយណាណី!

“នាងគិតថាយើងល្ងង់ឬ? នាងមកទីនេះកន្លះខែជាងទៅហើយ នាងគិតថាខ្ញុំជឿពាក្យនាងនិយាយថា គ្មានរឿងអីកើតឡើងអញ្ចឹងហ្អេហាស?!” 

“ពុទ្ធោអើយ! និយាយស្រួលៗមិនបានឬអីហាស?! ចាំបាច់ស្រែក?! ទ្រាំលែងបានហើយវ៉ើយ!” ខ្ញុំស្រែកតបទៅវិញ “ឆឹស! នែ! នាងគិតថា បើនាងធ្វើបាបខ្ញុំហើយ គូអ៊ីយ៉ាងយកនាងឬ?”

“ពួកឯង!!!” នាងស្រែកសឹងដំបូលផ្ទះនេះប៉ើងទៅហើយ “ចាប់វាទៅបោះចូលទន្លេទៅ!” 

ថារួច ពួកនោះក៏មកចាប់ខ្ញុំអោយងើបពីកៅអី។

“ចាំមើលបើយើងក្លាយជាខ្មោច យើងនឹងតាមលងនាងអោយជ្រុះសក់អស់ពីក្បាលតែម្តង! នាងរាងត្រីឆ្តោរអត់ពាក់អាវ!” ខ្ញុំបានត្រឹមស្រែកជេរនាងទាំងដឹងថា ជោគជីតាវាសនានឹងត្រូវរលត់ពេលបន្តិចទៀតនេះ។

ប្រាវ!!!

“អេៗ! ទៅណាទៅណា?”

សម្លេងធាក់ទ្វារអោយរបើកឡើង។ ខ្ញុំខំសម្លឹងមើលរាងមនុស្សប្រុសដែលដើរចូលមក ដូចតួកុនក្នុងរឿងម៉ាហ្វៀរហុងកុង។

“គូជឺយាន!”

ស្លាប់ហើយ!

ខ្ញុំបានត្រឹមធ្វើមុខអស់សង្ឃឹម។ ដ្បិតថាសប្បាយចិត្តដែលមានគេមកជួយ តែបើតាមក្នុងរឿង តួប្រុសមកជួយមិនអញ្ចឹង?! 

“លែងនាងទៅ!” គូជឺយាននិយាយបែបធម្មតាៗ តែទឹកមុខចង់បញ្ជាក់ថា បើមិនលែងខ្ញុំ ស្លាប់មិនស្អាតអីបែបហ្នឹង! 

“អីយ៉ា! ម៉េចលើកនេះក៏ជាអ្នកប្រុសធំមកទៅវិញន៎?! ឯណាថៅកែតូច?”

គូជឺយានមិននិយាយ តែគេសើចហឹសៗយកដៃអេះក្បាល រួចចង្អុលទៅមាត់ទ្វារ។

“នាងគិតថា ខ្ញុំនិងគ្នាខ្ញុំអាចវៃពួកអាជើងកាងនាង អោយរាបដូចកន្ទេលបានឬ បើមិនមែនវាអ្នកបោស?”

នាងរាងត្រីឆ្តោរ រៀងញញើតពេលដឹងថា មិនមែនតែគូជឺយានទេដែលមកម្នាក់ឯង។

“លែងនាងទៅ!” គូជឺយាននិយាយម្តងទៀតបែបក្រើនរំលឹក “ខ្ញុំតឿននាង ស៊ីស៊ី… បើចង់នៅរស់បន្ត លែងនាងម្នាក់នេះទៅ!”

នាងរាងត្រីឆ្តោររត់ស្រូរមក យកកូនកាំបិតមកភ្ជុងខ្ញុំដូចក្នុងរឿង។ មាត់ធ្លាប់តែបាន ពេលនេះខ្ជឹបដូចគេចង។

ព្រះអើយ! យកស្អីស្រួចរលែម មកដាក់ជិតកបែបនេះ ដូចជាមិនល្អនឹងគ្នាសោះ!

“អ្នកនាងស៊ីស៊ី ខ្ញុំថាយើងនិយាយគ្នាបានណា…” ខ្ញុំព្យាយាមងាកកចេញខ្លាចថា បើប្រហែសអាចបាញ់ឈាមឆ្វាចដូចអារកមាន់បាន។

“ស្អីណាស់ណា?!” នាងស្រែកឡើងមក ធ្វើអោយខ្ញុំនេះសឹងលួសព្រលឹង។

អាកំពុងភ័យស្រាប់ផង!

“កាលពីយានអឺ ម៉េចមិនឃើញឆោឡោ? នាងនេះវាស្អីណាស់ណាវា? ខ្ញុំអន់ជាងនាងត្រង់ណា?”

គូជឺយានឈរក្រវីក្បាល ទឹកមុនប៉ាន់ស្មានថា នាងរាងត្រីឆ្តោរអាចដកដង្ហើមបានប៉ុន្មាននាទីទៀត?

សម្លេងអូសស្អីមិនដឹងលឺពីមាត់ទ្វារមក ចេញរូបរាងខ្ពស់ស្រលះអាវសុទ្ធតែឈាមរបស់គូអ៊ីងយ៉ាង កំពុងអូសរាងកាយអាមាឌធំ ដែលសល់តែដង្ហើមចង្រឹតមកទម្លាក់ក្តុក!

“អាយ៉ាង! ខ្ញុំស្រលាញ់លោក! ខ្ញុំកម្ចាត់ស្រីលោកគ្មានសល់មួយនាក់ ហើយម៉េចលោកនៅមិនមើលឃើញខ្ញុំ?!” នាងរាងត្រីឆ្តោរនិយាយ ទាំងទឹកភ្នែកលាយឡំនឹងភាពឈឺចាប់។

គិតទៅ ស្នេហាអាចធ្វើអោយមនុស្សក្លាហានបានពិតមែន មិនខ្វល់ថានឹងនាំទុក្ខឬអាចបំផ្លាញអ្នកណាបាន សុំត្រឹមតែអាចរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់គឺគ្រប់គ្រាន់…

គិតហើយ ក៏មានកូនចិត្តអាណិតនាងឡើងមក តែក៏មិនអាចជួយអ្វីបាន ព្រោះពេលនេះស្នេហាបានបាំងមុខនាង លែងមានសតិដឹងខុសត្រូវអស់ទៅហើយ។

នេះបើបាននាំទៅស្តាប់ធម៌ទេសនា ឬវីឌីអូអប់រំចិត្តរបស់លោកគ្រូគូសុភាពម្តង បែបអាចគ្រាន់និយាយគ្នាចូលមើលទៅ… 

“លែងហួយទៅ!” គូអ៊ីងយ៉ាងនិយាយបែបហត់ចិត្ត។

“កាលពីមានរឿងលើកមុន ម៉េចមិនឃើញលោកលូកដៃ?!” នាងស្រែកប្រណាំងទឹកភ្នែកដែលហូរសឹងជន់ផ្ទះនេះទៅហើយ។

“ព្រោះយានអឺមិនមែនជាស្រីដែលខ្ញុំស្រលាញ់…” គូអ៊ីងយ៉ាងនិយាយមួយឃ្លា ដែលធ្វើអោយគ្រប់គ្នាស្ងាត់ លើកលែងតែគូជឺយានប៉ុណ្ណោះ ដែលឈរសើចបែប Joker។

“ខ្ញុំមិនជឿ! យ៉ានអឺតាមលោកគ្រប់ពេល លោកមិនដែលរុញនាងដូចស្រីដទៃ!” 

“ព្រោះអាយានស្រលាញ់យ៉ានអឺ!!!” គូអ៊ីងយ៉ាងស្រែកមកដោយភាពអស់ធ្មត់។

គូជឺយានដើរមកចាប់ដៃស៊ីស៊ី គ្រវាសកូនកាំបិត រួចរុញខ្ញុំចេញពេលនាងកំពុងភាំង រួចចាប់នាងអង្គុយលើកៅអី ហើយគេលុតជង្គង់ប្រសព្វភ្នែកជាមួយនាង។

“នាងដឹងទេថា ហេតុអីខ្ញុំចេញមុខមកគ្រប់ពេលយានអឺមានរឿង? នាងដឹងទេថា ហេតុអីគ្រប់ពេលយានអឺមានរឿង មិនដែលមានមុខអាយ៉ាងតែមានមុខខ្ញុំ? នាងដឹងទេថា ហេតុអ្វីថ្ងៃនាងធ្វើបាបយានអឺរហូតស្លាប់ ខ្ញុំទៅបំផ្លាញរោងចក្រអាប៉ិកនាង? គិតមិនយល់ទៀតឬ?”

“មិនពិត! មិនពិត!” ស៊ីស៊ីស្រែកយំយកដៃអោបក្បាលដូចបែកសតិទៅហើយ។

កុំថាឡើយនាង តែខ្ញុំអ្នកមកមើលទិដ្ឋភាពនេះក៏រៀងវល់ៗដែរ!

សរុបមកគឺ យានអឺស្រលាញ់គូអ៊ីងយ៉ាង តែអ្នកដែលស្រលាញ់យានអឺគឺគូជឺយាន?!

ហ៊ើយ! វ៉ល់ណាស់ៗ… ស្នេហានាំមនុស្សស្មោះដូចខ្ញុំវង្វេងអស់!

“អូនយ៉ាងម៉េចហើយ?”

“អូន?!” ខ្ញុំភ្ញាក់ចង្អុលខ្លួនឯងរួចសួរបញ្ជាក់។

“នាង… ខ្ញុំនិយាយនាង! ថ្លង់ឬយ៉ាងម៉េច?” ត្រចៀកគេក្រហម។

ប៉ុណ្ណឹងក៏ដឹងបាត់ទៅហើយថាគេអៀន។ គេអោនមកមើលកជើងខ្ញុំ ដែលចងឡើងក្រហម ដាច់ស្បែកចេញឈាមរឹមៗ។ រួចក៏ចាប់ខ្ញុំបីតែម្តង។

“ចាត់ការយ៉ាងម៉េច?” រៀបដើរចេញ គេងាកទៅសួរគូជឺយាន។

“ទៅចុះ!” គូជឺយាននិយាយ ហើយបក់ដៃដេញពួកយើង។

-

“លោកបងជឺយានមិនមែនមនុស្សអាក្រក់ទេឬ?” ខ្ញុំសួរពេលយើងដើរចេញមកផុត។

“នាងគិតថាហ៊ាមនុស្សអាក្រក់?”

“ខ្ញុំគ្រាន់តែសួរ!” ខ្ញុំធ្វើមុខខ្មូរ។

ឆឹស! គ្រាន់តែសួរសោះ…

“ហ៊ាដូច យីង (Ying) ហើយ យេន (Yang) អញ្ចឹង!” គូអ៊ីងយ៉ាងនិយាយ បន្ទាប់ពីខ្ញុំស្ងាត់មួយសន្ទុះ។

“អាសលាយខ្មៅ មូលៗហ្នឹងមែន?” ខ្ញុំសួរព្រោះមិនច្បាស់។

“នាងស្គាល់?”

“បឹម!” ខ្ញុំតបដោយមានមោទនភាព។

“ហឹសហឹស!” គូអ៊ីងយ៉ាងសើចហឹសៗតែក៏មិននិយាយ។

“ទៅផ្ទះវិញ ខ្ញុំសុំញុំាខជើងជ្រូកលាយជាមួយខ្ញីបានទេ?”

“ម៉ាក់ជីងជីងសុំច្បាប់ទៅស្រុកបាត់ហើយ!” គេតបទាំងភ្នែកសំលឹងមើលផ្លូវ។

“ហឹម…”

ឃាំឃាណាស់!

មិនយូរប៉ុន្មានយើងក៏មកដល់ផ្ទះវិញ គូអ៊ីងយ៉ាងឈប់ឡានរួចគេក៏ងាកមកសួរ។

“នាងមិនសាកអង្វរខ្ញុំអោយធ្វើខអោយនាងញុំាទេហ្អេ?” គេយកដៃដាក់លើចង្កូតឡាន ងាកមុខសង្ហារៗមកសួរ។

“លោកចេះធ្វើឬ?”

“បឹម!” គេតបហើយព្យាយាមធ្វើមុខដូចខ្ញុំធ្វើមុននេះ។

“ហាហាហា!” ពួកយើងសើចដំណាលគ្នាឡើងសឹងតែផ្អើលអ្នកម្តុំនេះទៅហើយ។

-

“យើងចាំឯងឡើងចង់ក្លាយជាថ្មហើយ!” បុរសម្នាក់ស្លៀកពាក់សទំនងដូចគ្រូពេទ្យ ស្រែកពីក្នុងផ្ទះមក។

“សួស្តីថៅកែស្រី!” គេដើរមកជិតហើយអោនរាក់ទាក់ខ្ញុំ។ 

“លោកគឺ...”

“អូ! ខ្ញុំម្នាក់ដែលបានឃើញរូបភាពញាក់សាច់ពីថ្ងៃមុន ហាហាហា!” ឃើញខ្ញុំធ្វើមុខខ្មូរទើបគេឈប់សើច។

“ខ្ញុំ លី អ៊ីសឹង គ្រូពេទ្យប្រចាំគ្រួសារត្រកូលឈិន!” គេណែនាំឡើងមក សើចចេញថ្ពាល់ខួចមួយចំហៀង មុខតូចៗ។

អីយ៉ា! ថាទៅ ឆ្លងភពមកជួបសុទ្ធតែប្រុសស្អាតបែបនេះ បើទោះឈឺខ្លួនខ្លះក៏រាងសមតម្លៃដែរវើយ…

“ភ្លឹកអី?” ភ្ញាក់ព្រើត កំពុងតែស្លុងមើលមុខខ្ជូតៗរបស់អ៊ីសឹង គូអ៊ីងយ៉ាងសម្លុតឡើងព្រលឹងចង់រត់ចេញ។

“ស្រមៃមុខតួប្រុស!” ខ្ញុំតបបែបមុខស្ងួត។

ឆឹស!

“ខ្ញុំត្រូវមានការងារធ្វើបន្ត ចាំឈ្លោះគ្នាពេលផ្សេងទៅ!” ថារួច អ៊ីសឹងក៏ទាញប្រអប់ឈើធំល្មមមានខ្សែទំនងដូចកាបូបដែរ។

ពេលបើកប្រអប់នោះឡើង ឃើញមានសុទ្ធតែថ្នាំពេទ្យ។

“អីយ៉ា! របស់នេះធ្លាប់តែឃើញក្នុងរឿងចិន!” ដោយសារតែរំជើបរំជួលនឹងរបស់នៅនឹងមុខពេក ពេលងើបមុខឡើងក៏ឃើញពួកគេធ្វើមុខឆ្ងល់ដូចគ្នា។

“ឯងប្រាកដចិត្តទេថា មុននេះមិនមានប៉ះពាក់ក្បាល?” អ៊ីសឹងសួរទៅគូអ៊ីយ៉ាង។

គូអ៊ីងយ៉ាងមិននិយាយ។ គេដើរមកលុតជង្គង់មុខកៅអីខ្ញុំកំពុងអង្គុយ រួចលើកជើងខ្ញុំដាក់លើកូនកៅអី ហើយចាប់មើលរបួសដែលរលាត់។ 

“ឈឺទេ?”

“ប៉ុណ្ណឹង? ងាប់ហើយ! គ្ម-”

ឈប់សិនៗ!

មាត់ដែលរៀបនឹងថាមិនឈឺក៏ចាប់ផ្តើមប្តូរទឹកមុខឡើងមក។

“លោកគិតមើលថា សាច់សៗ មានឈាមរឹមៗចឹងហើយ គួរឈឺទេ?” ខ្ញុំលេងទឹកមុខសួរគូអ៊ីយ៉ាងបែបគួរអោយអាណិត។

បើម៉ែខ្ញុំនៅជិតឃើញរំអួយតែបែបនេះ សង្ស័យត្រូវម៉ែធាក់អោយធ្លាក់ពីលើកៅអីមិនខានទេ…

អ៊ីសឹងមិននិយាយ គេទាញសំឡីមកលាយទឹកថ្នាំ បែបទំនងរៀបនឹងយកមកជូតរបួសអោយខ្ញុំ។

“អូយ! ឈឺ!” ខ្ញុំស្រែកឡើងពេលគេជូត

“រាល់ដងជូតរបួសអោយតែប្រុសៗ មកជូតអោយថៅកែស្រីម្តង ច្រលំធ្ងន់ដៃ!” និយាយហើយលួចសើចនេះ ធ្វើបាបគ្នាច្បាស់ណាស់!

គេយកសំឡីមកជូតថ្មមៗ មិនបានឈឺខ្លាំងទេគ្រាន់តែក្រហាយ។ កំពុងតែមើលគេជូត គេងើបមុខមើលខ្ញុំ រួចស៊ីញ៉ូអោយមើលទឹកមុខគូអ៊ីយ៉ាង ដែលកំពុងឈ្ងោកមើលជើងខ្ញុំ ហើយសើចឌឺគូអ៊ីងយ៉ាង។​

“យើងថាឯងអាចមានរបួសធ្ងន់ជាង… អឺ… នាងឈ្មោះអី?” គេងាកមកសួរឈ្មោះខ្ញុំ។

“ហួយ! ហៅខ្ញុំហួយ!”

រួចគេងាកទៅគូអ៊ីងយ៉ាងម្តងទៀត ហើយនិយាយថា៖

“យើងថាឯងអាចមានរបួសធ្ងន់ជាងហួយផង! មុខបែបនេះ បើថាត្រូវគ្រាប់ផ្លោង គ្នាជឿ!”

គូអ៊ីងយ៉ាងមិននិយាយ។ គេងើបវឹងដើរចេញបាត់។ 

“នាងមកពីណា?” គេសួរពេលរៀបចំរំបង់ជើងអោយ។

“ឆ្ងាយណាស់! ទៅមិនដល់ទេ…” ខ្ញុំតបបែបអស់សង្ឃឹម។

“អាយ៉ាងមិនដែលធ្វើដាក់អ្នកណាបែបនេះ…” គេនិយាយសម្លេងសាច់ការឡើងមក “ខ្ញុំស្គាល់វាតាំងពីតូច វាមិនដែលធ្វើរឿងអស់នេះ ឬចំណាយពេលជាមួយនរណាបែបនេះ។”

គេបញ្ចប់ពាក្យដោយស្នាមញញឹមបែបខាបព្រលឹងឡើងមក។

-

ខ្ញុំដើរចេញមកព្រោះមិនចង់អោយអ៊ីសឹងនិយាយច្រើន។ ខ្ញុំមិនដឹងថា ខ្ញុំស្រលាញ់នាងតាំងពីពេលជួបនាងដំបូងឬយ៉ាងណា គ្រាន់តែមិនដឹងថា គួរបែងចែកអារម្មណ៍យ៉ាងម៉េច។ រាល់ពេលនាងមានបញ្ហា ខ្ញុំចង់តែរុញនាងអោយឆ្ងាយពីជីវិតខ្ញុំ ព្រោះខ្លាចថាថ្ងៃមុខ ខ្ញុំការពារនាងមិនបានគ្រប់ពេល។

ជើងរៀបឡើងបន្ទប់ ទើបខ្ញុំនឹកឃើញថា នាងចង់ញុំាខជើងជ្រូក ទើបដើរបកចុះទៅផ្ទះបាយវិញ។

-

ខ្ញុំសម្លឹងមើលនារីមុខសស្លេកៗ គ្មានផាត់ម្សៅ លាបក្រេមដូចនារីទូទៅ​ ដេកលក់លើក្តារងឿ ទំនងជាហត់នឿយពេក។ ខ្ញុំអោនមើលនាងជិតៗបែបមិនយល់ថា នាងមកពីណាអោយប្រាកដ។ ពាក្យសម្តីប្លែកៗ មិនមែនអ្នកស្រុកយើងនិយាយ ចូលចិត្តធ្វើខ្លួនបែបផ្អើលៗ។ ខ្ញុំងើបទៅផ្ទះបាយវិញ លើកបាយនិងខជើងជ្រូកជាមួយខ្ចី ទំនងជាម្ហូបដែលនាងចូលចិត្តខ្លាំង។ ខ្ញុំដាក់លើតុក្បែរក្តារងឿ តែមិនទាន់ចង់ដាស់នាងឡើង ខ្លាចថាដាច់ដំណេកដ៏ស្កប់ស្កល់របស់នាង។

ទឹកមុខជ្រួញចិញ្ចើម ច្រមុះជ្រួញរបស់នាង គឺអាចដឹងបានហើយថា ម្ហូបពិតជាអាចដាស់នាងបានមែន។

ភ្នែកធំៗបើកព្រឹមៗឡើង។

“វោវ!” គ្រាន់តែក្រឡេកឃើញម្ហូប នាងងើបក្រេស កាន់ចានមកហិតស្រង់ក្លិនដូចដាច់បាយមួយឆ្នាំអញ្ចឹង!

“លោកធ្វើមែនឬ?” ចង្កឹះដែលចាប់សាច់រៀបដាក់ចូលមាត់ ក៏ឈប់ដើម្បីសួរខ្ញុំ។

“បើមិនញុំា យកទៅវិញ!” ខ្ញុំថារួចលូកដៃចាប់ចាន តែនាងក៏ដកចេញ។

“អីយ៉ាៗ! កុំកន្ត្រាក់ទៅមើលថៅកែតូច! ខ្ញុំម្ចាស់លលេងផងមិនបាន! ហាហាហា!!!”

សម្លេងសើចលះល្អសឹងផ្អើលផែនដីបែបនេះ ខ្ញុំថាសល់តែមួយនេះទេមើលទៅ!

ខ្ញុំសម្លឹងមើលនាងដួសបាយដាក់មាត់ទំពារខ្ជោកៗ ស្រាប់តែសង្កេតឃើញមុខនាងក្រហម ហឺតសំបោរឆីតឆតៗ។

“កើតអីឬ?” ខ្ញុំសួរ។

ទឹកភ្នែកនាងហូរមកមិនឈប់រហូតខ្ញុំភ័យឡើង។ មាត់ទំពារតែទឹកភ្នែកនាងហូរ ឡើងសឹងលាយជាមួយបាយទៅហើយ។ 

“នែ… ខ្ញុំប្រាប់អោយឈប់យំ! នាងកើតអី?” ខ្ញុំសម្លុតនាងអោយបាត់យំ។

“ហឹសហឹស!” សម្លេងយំលាយឡំសម្លេងស្រូបសំបោរ ដូចកូនក្មេងរបស់នាង ធ្វើអោយខ្ញុំសឹងផ្ទុះសំណើចទៅហើយ។

“ខ្ញុំ… ខ្ញុំនឹកម៉ាក់ នឹកផ្ទះ នឹកគ្រប់យ៉ាង… ហូ៎…” និយាយចប់នាងទ្រហោរយំខ្លាំងឡើងៗ។

ខ្ញុំមើលនារីនៅចំពោះមុខដោយអារម្មណ៍ជាច្រើន។

“កុំយំ…” ខ្ញុំលូកដៃទៅអោបនាង គោះខ្នងនាងតិចៗ។

-

“ទីនេះក៏ជាផ្ទះដែរ!” គេបន្ថែម។

“ចុះបើការងាររួចរាល់អស់ លោកនឹងដេញខ្ញុំចេញ! ហូ៎…” ខ្ញុំយំកាន់តែខ្លាំងឡើងៗ។

គូអ៊ីងយ៉ាងយកដៃមកចាប់មុខខ្ញុំអោយងើយឡើងមើលគេ។​

“ចាំណា! បើខ្ញុំមិនអោយនាងទៅ អ្នកណាក៏ដេញមិនបាន!” គេនិយាយឡើងព្រមទាំងញញឹម។

“សារភាពស្នេហ៍ឬ?” ខ្ញុំឈប់យំ សួរគេត្រង់ៗ អមដោយការហឺតសំបោរមួយ យកង៉ូវហេង។

“ស្រីឆ្កួតអើយ! អស់អារម្មណ៍ហើយ!” គេនិយាយឡើង រួចរុញក្បាលខ្ញុំចេញ ហើយដើរទៅក្រៅបាត់។

ឆឹស! មកធ្វើអៀន…

-

“ថៅកែស្រី! ថៅកែស្រី!” សម្លេងហៅតិចៗធ្វើអោយខ្ញុំមមីមមើងើប ទាំងក្បាលកំពុងវិលខ្ញាល់ដូចកន្តេសឡង់។

“អោវ! ជីងជីងមកពីស្រុកជាមួយម៉ាក់វិញហើយឬ?” 

“ចា៎!”

ខ្ញុំងាកមើលបង្អួចឃើញបានបិទ ទើបក្រឡេកមើលនាឡិកានៅដៃ។

“ហា៎! ម៉ោង៧យប់ហើយឬ? នេះបងដេកតាំងពីពេលណា?”

“បងមកសួរខ្ញុំ អោយខ្ញុំសួរអ្នកណាទៅ?!” ជីងជីងឆ្លើយត្រង់ស្លូរ តាមចរឹកត្រង់ៗរបស់ក្មេង ធ្វើអោយខ្ញុំទប់សំណើចសឹងមិនបាន។

“តបបានល្អ! ខួរក្បាលរ៉េផ្លេចគ្រាន់បើយើង!”

“ស្អីគេបង រ៉េ…អីម៉េច?”

“រ៉េផ្លេច គឺមានន័យថារហ័សរហួនអីអញ្ចឹងណា!”

“អូ៎!” នាងធ្វើភ្នែកក្រឡេបក្រឡាប់និយាយថាយល់ ទាំងដែលមុខសឹងតែលោតសញ្ញាសួរមកក្រៅទៅហើយ។

“នេះបាយ! ថៅកែតូចប្រាប់ថាអោយយកមកអោយ… ខ្ញុំទៅវិញសិនហើយ!” ថារួច នាងដើរប្រុចចេញទៅបាត់។

រៀបដួសបាយចូលមាត់ ទ្វារបើកឡើងដោយគូអ៊ីងយ៉ាង។ គេមើលខ្ញុំមួយសន្ទុះ ទើបហាមាត់និយាយឡើងមក។

“ចុះមកក្រោម! អាម៉ាធំមកហើយ…”

រៀបនឹងដើរតាមគេ ខ្ញុំក៏នឹកឃើញទាញដៃគេចូលក្នុងវិញសិន។

“ខ្ញុំត្រូវដាក់ម៉ូជាមួយលោកមុនឬអត់?”

“ម៉ូ?”

“គឺថា យើងត្រូវរៀប សេណារីយ៉ូ អីអញ្ចឹងណា?”

“សេណារីយ៉ូ” 

“ល្បល់យរអើយ!” ខ្ញុំស្បថតិចៗ ព្រោះច្រឡំគិតថានិយាយគ្នាយល់។

“គឺថា យើងត្រូវរៀបពាក្យមុនឬអត់? របៀបថាយើងជួបគ្នាយ៉ាងម៉េច ទើបបានមកស្គាល់គ្នា។ កុំអោយគាត់សង្ស័យអីអញ្ចឹងណា!”

“ខ្ញុំប្រាប់គាត់រួចហើយ! មិនបាច់ប្រាប់ថែមទេ!” 

“ហើយចុះបើគាត់សួរម្តងទៀត?”

“គ្មានអ្នកចង់ដឹងទេ ព្រោះអ្នកនៅទីនេះទូលពិតប្រាប់គាត់ តាំងពីគាត់មកជាន់ដីនេះម្ល៉េះ!”

“វោវ!” ខ្ញុំបានត្រឹមញញើតនឹងការនាំពាក្យអ្នកនៅសម័យនេះ។

-

រាងកាយស្ត្រីចំណាស់មុខមាំ មានអំណាច កំពុងអង្គុយលើកៅអីប្រណិតកណ្តាលផ្ទះ។ នៅជិតកៅអីមានឈើច្រត់ដែលមានក្បាច់។

“អាម៉ា! នេះហួយ!”​ គូអ៊ីងយ៉ាងណែនាំខ្ញុំទៅកាន់អាម៉ាធំរបស់គេ។

“ជម្រាបសួរ!”

អាម៉ាមិននិយាយ។ គាត់លូកដៃមកចាប់មុខខ្ញុំ រេចុះរេឡើង តែគាត់មិនទាន់បាននិយាយអីផង គូអ៊ីងយ៉ាងក៏អូសខ្ញុំទៅរកកៅអីមួយទៀត មានស្ត្រីវ័យកណ្តាលមុខស្លូតៗ មានស្នាមញញឹមលើមុខគ្រប់ពេល។

“នេះម៉ាក់បង!” គេធ្វើមុខកាចៗពេលខ្ញុំងាកមើលមុខគេ ពេលគេប្តូរសព្វនាមបែបនេះ។

“ជម្រាបសួរ!”

គាត់ញញឹម ទាញខ្ញុំអង្គុយជិតគាត់។

“ចុងអាទិត្យនេះយើងរៀបចំទៅ!” អាម៉ាធំនិយាយឡើង “ចុះអាយាន វានៅឯណា? ថ្មើរនេះវាមិនដឹងយើងមកទេឬ?”

អីយ៉ា! មិនមែនលំៗទេឯងអើយ!

“ហើយម៉េចមិនទៅរកវាមក!” គាត់និយាយបណ្តើរ យកឈើច្រត់របស់គាត់គោះឥដ្ឋបណ្តើរ សឹងផុងទៅហើយ!

“អាម៉ា! យប់ហើយ… ឡើងសម្រាកសិនទៅ! ស្អែកសឹមជួបហ៊ាក៏បាន…” គូអ៊ីងយ៉ាងនិយាយឡើង “ម្យ៉ាងហួយមិនទាន់បានញុំាបាយទេ។”

“ម៉ោងនេះទៅហើយមិនទាន់ញុំាបាយទេឬកូន?” ម៉ាក់របស់គូអ៊ីងយ៉ាងនិយាយឡើងមក។

គាត់មិនទាន់ចាំខ្ញុំនិយាយផង គាត់ងើបវឹង អូសខ្ញុំទៅតាមគាត់ តម្រង់ទៅផ្ទះបាយ។

“អឺ… ខ្ញុំ…”

“ញុំាបាយឆាណា! លឿនជាង! បើបបររាងយូរព្រោះទំរាំវារីក។”

“អឺ… គឺថា ខ្ញុំអត់ឃ្លានទេអ្នកស្រី! កុំពិបាកអី!” 

“អ្នកណាអ្នកស្រី?” គាត់សួរខ្ញុំ។

“អឺ...”

គាត់មិននិយាយ ចាត់ការរើសាច់រើបន្លែពីកញ្ច្រែងមកជប់បាយអោយខ្ញុំទាល់តែបាន។

“អគុណ!”

“ហៅម៉ាក់!”

“ចាស?”

“ប្រាប់ថាអោយហៅម៉ាក់!” គាត់បញ្ជាក់ដោយសម្លេងមាំតិចៗ

“...” ខ្ញុំបានត្រឹមស្ងាត់ ដួសបាយទំពារ ម្យ៉ាងមិនដឹងថាគួរនិយាយអី...

 

អានភាគបញ្ចប់

Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS