រឿង ខ្សែដៃរូបផ្កា (ភាគបញ្ចប់)
Posted by Team GooShop on
សង្ឃឹមថាជួបអ្នកម្តងទៀត!
និពន្ធដោយ៖ ដំឡូង
រក្សាសិទ្ធដោយ៖ ហ្គូសប
វិលចុះវិលឡើង ថ្ងៃរៀបការរបស់ខ្ញុំនិងគូអ៊ីងយ៉ាងក៏ចូលមកដល់។ ខ្ញុំអង្គុយលើកៅអីក្នុងបន្ទប់ រង់ចាំគេហៅខ្ញុំចេញក្រៅ។
“ថ្ងៃនេះអូនស្អាតណាស់!” សុខៗគូអ៊ីងយ៉ាងក៏ដើរមកនិយាយ។
“ឆឹស! រាល់ថ្ងៃអាក្រក់ឬ?”
“ថ្ងៃនេះស្អាតជាងរាល់ដង! បងទៅចាំនៅខាងក្រោមសិនហើយ!” ថារួចគេដើរចេញទៅបាត់។
បន្ទាប់មក ស្រាប់តែមានស្រមោលមួយមកពីក្រោយខ្ញុំ។
“អាម៉ា!” ខ្ញុំនិយាយដោយរំភើប ព្រោះតាំងពីអាម៉ាព្រលែងខ្ញុំចោលនៅទីនេះ គាត់មិនបានមកលេងខ្ញុំទៀតសោះ។
“តាមអួមក!” អាម៉ានិយាយរួច គាត់កាន់ថង់ខោអាវរបស់ខ្ញុំ តាំងពីពេលមកទីនេះដំបូង មកជាមួយផង។
“អាម៉ាទៅណា?” ខ្ញុំសួរគាត់ទាំងមីងមាំង។
“បើមិនទៅពេលនេះ ឯងគ្មានពេលទៀតទេ!” អាម៉ាចាប់អូសខ្ញុំអោយដើរតាមគាត់។
“តែ…”
អាម៉ាឈប់ដើរ រួចគាត់ងាកមកខ្ញុំថា៖
“ឯងចង់ទៅផ្ទះវិញទេ?”
“ផ្ទះ?” ខ្ញុំនិយាយទាំងភាំង។
ត្រូវហើយ! ខ្ញុំមកទីនេះជិត១ខែទៅហើយ!
អាម៉ាអូសខ្ញុំទាំងឈុតសែនរៀបការ តាមច្រកទ្វារក្រោយ រួចយើងឡើងស៊ីក្លូទៅកាន់ផ្ទះរបស់គាត់។
គាត់រៀបចំប្រដាប់ប្រដាអីមិនដឹង រួចប្រាប់ខ្ញុំអោយគេងលើគ្រែ។
“ដេកទៅ! ហ្នឹងអាលបានទៅវិញ…”
ខ្ញុំកំពុងតែមីងមាំង ចាប់ចុងប្រយ៉ុងដើមមិនត្រូវ។
“អួដឹងថាឯងឆ្ងល់ តែបើមិនទៅពេលនេះទេ ឯងនឹងគ្មានថ្ងៃបានទៅផ្ទះវិញទេ!”
“អាម៉ា! ដឹងថាខ្ញុំមកពីណាឬ?”
“ខ្ញុំមកទីនេះមុនឯង!”
“ថាម៉េច?” ខ្ញុំរឹតតែគាំងទ្វេដងពេលលឺបែបនេះ។
អាម៉ា
“អួមកពីឆ្នាំ ២០៣០ រួចឆ្លងមកកាន់សម័យបារាំង ហើយក៏បន្តនៅទីនេះរហូត។ អួព្យាយាមរកវិធីទៅវិញតែមិនបានផល ទើបអួបោះបង់ចោល ហើយរៀបការជាមួយបុរសនៅសម័យនេះ មានកូនមានចៅរស់នៅតាមធម្មតា ដូចគេដូចឯង។ ពេលអួឃើញឯងដំបូង អួដឹងរួចទៅហើយថា ឯងជាមនុស្សមកពីភពថ្មី មិនមែនកូនអ្នកនៅតាមជាយប្រទេសឡើយ។ ឯងនៅទីនេះមិនល្អទេ ព្រោះបន្តិចទៀត ប្រទេសយើងនឹងមានសង្គ្រាម។ បន្តិចទៀត យើងក៏គង់នឹងស្លាប់។ អាយ៉ាងក៏មិនដឹងទៅជាយ៉ាងណា។ អួខំរកវិធីអោយឯងបានទៅវិញហើយ…”
“អាម៉ា!” ខ្ញុំនិយាយខ្សាវៗ។
ខ្ញុំកំពុងភាំងជាមួយរឿងដែលអាម៉ាបាននិយាយប្រាប់។
ទ្វារត្រូវបានបើកដោយកម្លាំងជើងគូអ៊ីងយ៉ាង ឈរមុខទ្វារម្នាក់ឯងទាំងមុខមាំ។
“ឯងគ្មានពេលទេ! បើមិនទៅពេលនេះ ឯងនឹងស្តាយក្រោយ! ទៅវិញទៅ ទាន់មិនទាន់ហួសពេល! អ្នកផ្ទះឯងនឹងមិនសោកស្តាយនៅពេលបាត់បង់ឯង…” អាម៉ាដើរមកប្រាប់ខ្ញុំ មិនខ្វល់នឹងវត្តមានគូអ៊ីងយ៉ាងនៅទីនេះ។
“អូនទៅវិញចុះ…” សុខៗគូអ៊ីងយ៉ាងដើរមកអោបខ្ញុំ ព្រមទាំងនិយាយបែបនេះ ធ្វើអោយខ្ញុំរុញគេចេញទាំងឆ្ងល់។
“បងដឹងដែរឬ?”
“ទឹកផឹកប្លែកៗ អាហារប្លែកៗ ពាក្យនិយាយប្លែកៗ បងសង្ស័យតាំងពីដំបូងថា អូនមិនមែនអ្នកនៅជំនាន់នេះ ឬមកពីស្រុកក្រៅទេ…”
“សល់ពេលមិនច្រើនទេ!” អាម៉ានិយាយទាំងភ័យៗ។
“កុំយំ! បងនឹងតាមរកអូននៅទីនោះវិញម្តង!” គេនិយាយព្រមទាំងថើបមាត់ខ្ញុំថ្មមៗ។
គេទាញខ្សែដៃរូបផ្កាដែលខ្ញុំចង់ទិញ តាំងពីថ្ងៃមកទីនេះដំបូងឡើងមក។
“បងចាប់អារម្មណ៍អូនតាំងពីពេលនោះមកម្ល៉េះ ទើបទិញវាមកទុក តែបងភ្លេចអោយអូន…” ពាក្យដែគេនិយាយ ធ្វើអោយខ្ញុំយំកាន់តែខ្លាំង។
“អូនពាក់វាអោយជាប់ណា ស្រួលបងតាមរកពេលបងទៅដល់ទីនោះ!”
គេអោបខ្ញុំឡើងណែនរួចដើរថយក្រោយ ហើយឈរជិតអាម៉ា។
“ឡើងគេងលើគ្រែទៅ! ឯងសល់ពេលមិនច្រើនទេ!”
ខ្នងដែលរៀបនឹងផ្តេកលើគ្រែ ខ្ញុំក៏ងើបឡើងរួចហក់ទៅអោបគូអ៊ីងយ៉ាងជាលើកចុងក្រោយ។
“អូនស្រលាញ់បង!”
គេបានត្រឹមតែអោបខ្ញុំវិញ ហើយទាញខ្ញុំចេញ។
“ដល់ពេលហើយ…”
ខ្ញុំឡើងទៅដេកលើគ្រែ ដៃក្តាប់ខ្សែដៃរូបផ្កាជាប់ ព្រោះខ្លាចថានឹងមិនបានយកវាមកជាមួយ។ ភ្នែករបស់ខ្ញុំចាប់ផ្តើមស្រវាំង ហើយផ្សែងអីមិនដឹងរុំជុំវិញខ្លួនខ្ញុំជិត រួចក៏ងងឹតរហូតដល់ខ្ញុំបាត់ស្មារតី។
ភ្នំពេញ ១៣.០៦.២០២១
“ចង្វាក់បេះដូងមានវិញហើយ!” សម្លេងគ្រូពេទ្យបន្លឺឡើង។
ភ្នែកដែលធ្ងន់ព្រោះដូចជាបិទយូរពេក ចាប់ផ្តើមបើកឡើងតិចៗ។ សម្លេងអ្នកជុំវិញខ្លួន ធ្វើអោយខ្ញុំខំប្រឹងសម្លឹងមើលអោយច្បាស់។
“កូន!” សម្លេងម៉ាក់បន្លឺឡើង។
“ទឹក…”
ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំស្ងួតសឹងតែដូចវាលខ្សាច់ទៅហើយ។
“នេះ! ផឹកតិចៗណា!” ម៉ាក់ចាក់ទឹកដាក់កែវ រួចយកទុយោមកអោយខ្ញុំ។
“ម៉ាក់...” ខ្ញុំខំប្រឹងនិយាយ “ខ្ញុំកើតអី?”
“កូនឯងមកពីធ្វើការវិញក៏ដួលសន្លប់ បាត់ស្មារតីរហូតដល់ពេលនេះ!”
“ខ្ញុំសន្លប់ប៉ុន្មានថ្ងៃហើយ?”
“១អាទិត្យហើយ!”
ខ្ញុំចាប់បានថា ដៃខ្ញុំកំពុងក្តាប់អ្វីម៉្យាង។
“ខ្ញុំមិនបានយល់សប្តិទេ! រឿងទាំងអស់កើតឡើងពិតមែន…”
ទឹកភ្នែកចាប់ផ្តើមហូរមកដូចបាក់ទំនប់។ ខ្ញុំយំដូចនរណាស្លាប់អញ្ចឹង រហូតម៉ាក់ងើបមកអោបខ្ញុំ។
១៣.០៧.២០២២
កន្លងទៅ១ឆ្នាំទៅហើយ ខ្ញុំត្រលប់មកប្រើជីវិតដូចដើមវិញ។ ខ្ញុំងើបឡើងក៏ទៅធ្វើការតាមធម្មតា តែអ្វីមិនធម្មតាគឺខ្ញុំនៅតែសង្ឃឹមថា ត្រកូលគូនឹងតាមរកខ្ញុំដូចអ្វីដែលគេបានសន្យា។
“អ្នកគ្រូពេទ្យ! កូនខ្ញុំក្តៅខ្លួនខ្លាំងណាស់តាំងពីយប់!”
“យកទៅដាក់លើគ្រែនោះសិនទៅ!” ខ្ញុំនិយាយរួចយក Stethoscope (ប្រដាប់ស្ទុងបេះដូង) និងចាប់ផ្តើមយក Thermometer (ប្រដាប់វាស់កម្តៅ) មកវាស់។
“ចាំខ្ញុំអោយថ្នាំបញ្ចុះកម្តៅសិន ហើយសម្រាកទីនេះមួយសន្ទុះសិនចុះ! បើកម្តៅនៅមិនថយ ចាំខ្ញុំពិនិត្យឈាមឲ!”
“បាទ! អគុណអ្នកគ្រូ!”
“លីណា!”
“ចាស!”
“ប្រហែលកន្លះម៉ោងឬមួយម៉ោងទៀត កុំភ្លេចដើរមកមើលអាអូននេះម្តងទៀត! បើកម្តៅថយ គ្រាន់តែទៅប្រាប់អ្នកគ្រូធំអោយគាត់ចេញថ្នាំទៅ! តែបើមិនថយ ចាំឯងនាំទៅពិនិត្យឈាមនៅបន្ទប់ខ្ញុំ ដឹងទេ?”
“ចាស!” លីណាងក់ក្បាលទទួល។
ហើយខ្ញុំដើរទៅយក ប្រដាប់បិតបន្ថយកម្តៅ ពីទូរទឹកកកក្នុងបន្ទប់ ដើម្បីមកបិតអោយក្មេងអំបាញ់មិញ។
បិតបន្ថែមសិន ក្រែងលោបានរៀងអន់!
“មានរមាស់ឬឈឺខ្លួនដែរទេ?” ខ្ញុំសួរក្មេងតូច ភ្នែកនៅបើកព្រឹមៗ។
គេក្រវីក្បាលជាចម្លើយ។
“គេងបន្តទៅ!” ថារួច ខ្ញុំក៏ដើរទៅខាងលើដំបូលអាគារ ដើម្បីស្រូបយកខ្យល់អាកាស។
ខ្ញុំឈរសម្លឹងអាគារខ្ពស់ៗ ឡានម៉ូតូខ្វាត់ខ្វែង។ ខ្ញុំលើកដៃសម្លឹងមើលខ្សែដៃរូបផ្កា រួចក៏ដោះវាមកដាក់ក្នុងហោប៉ៅអាវ។
“ប្រហែលជាដល់ពេលដែលខ្ញុំគួរតែឈប់ចាំគេហើយ…”
-
ខ្ញុំឈរនៅក្លោងទ្វារធំមុខពេទ្យ លើកទូរស័ព្ទមើលម៉ោង ហើយក៏គិតដល់អ្នកនៅទីនោះ។ ប្រហែលជាអាម៉ាយកទូរស័ព្ទខ្ញុំកប់ចោល ឬដុតបាត់ហើយក៏មិនដឹង ព្រោះពេលមកវិញ ខ្ញុំប្រញាប់ពេក មិនបានយកវាមកតាមវិញ។ ខ្ញុំងើយមុខឡើងមើលស្តុប ដែលនៅក្រហមនៅឡើយ។
រាងខ្ពស់ មុខមិនញញឹម ដើរកាន់ប្រអប់នំ ធ្វើអោយខ្ញុំសឹងតែថប់ដង្ហើម។ ខ្ញុំរត់ឆ្លងថ្នល់ដោយមិនខ្វល់ពីសម្លេងជេរ របស់អ្នកធ្វើដំណើរតាមថ្នល់នេះឡើយ។
ព្រោះពេលនេះ ខ្ញុំកំពុងតាមមនុស្សម្នាក់ដែលខ្ញុំខំចាំឡើងមួយឆ្នាំមកហើយ…
“គូអ៊ីងយ៉ាង!” ខ្ញុំស្រែកហៅបុរសដែលខ្ញុំឃើញអោយឈប់។
តែគេមិនបានឈប់ឡើយ រហូតខ្ញុំរត់តាមទាន់ រួចទាញអាវគេអោយឈប់។
“បាទ?” គេឈប់រួចសួរខ្ញុំទាំងឆ្ងល់។
“ខ្ញុំសូមទោស! ខ្ញុំច្រឡំមនុស្ស…”
សង្ស័យនឹកគេឡើងឆ្កួតហើយមើលទៅ…
ខ្ញុំនិយាយសូមទោសគេម្តងទៀត រួចឈរនៅស្ងៀមថ្មឹង បណ្តោយអោយទឹកភ្នែកហូរមក។
“ប្រាប់ថាអោយចាំត្រឹមតែ១ឆ្នាំសោះ ដល់ថ្នាក់វង្វេងប្តី រត់តាមប្រុសផ្សេងហើយឬយ៉ាងម៉េចនេះ?” សម្លេងដែលខ្ញុំធ្លាប់ស្គាល់ ក្លិនតែៗហើរកាត់ច្រមុះ ធ្វើអោយខ្ញុំងាកទៅរកម្ចាស់សម្លេងភ្លាមនោះ។
ខ្ញុំបានត្រឹមឈរធ្មឹង ព្រោះមិនដឹងថាខ្ញុំនៅក្នុងសភាពវង្វេង ឬយ៉ាងម៉េចអោយប្រាកដ។ បុរសនៅចំពោះមុខខ្ញុំ ដើរមកជិតខ្ញុំ រួចលូកដៃចូលហោប៉ៅគេ ហើយយកទូរស័ព្ទមួយគ្រឿងឡើងមក ហុចមកអោយខ្ញុំ ព្រមទាំងនិយាយជាមួយស្នាមញញឹម ដែលខ្ញុំនឹកទាំងយប់ទាំងថ្ងៃ។
“ភ្លេចយកទូរស័ព្ទមកហើយ! នៅមកតាមទាន់ រត់តាមប្រុសផ្សេង ភ្លេចប្តីទៀត! មើលទៅ ត្រូវពិន័យហើយទើបបាន...” គេនិយាយរួចអោនមុខមកថើបមាត់ខ្ញុំថ្មមៗ។
ទឹកភ្នែកហូរមកខ្លាំងទៅៗ រហូតគេលូកដៃមកជូតអោយ។
“គ្រាន់តែប្តីចាប់បាន រត់តាមប្រុសផ្សេងសោះ ភ័យដល់ថ្នាក់យំឬនេះ?”
ខ្ញុំនិយាយមិនចេញ បានត្រឹមទាញគេមកអោបមួយទំហឹង ព្រោះខ្លាចថានេះជាសុបិន្ត។
គេទាញដៃខ្ញុំចេញ ហើយនិយាយបន្ត៖
“បងមកតាមការសន្យា…” និយាយរួច គេក៏ចាប់លើកកដៃខ្ញុំឡើង ហើយធ្វើមុខខឹងភ្លាម។
“បងប្រាប់ហើយថា កុំភ្លេចពាក់ខ្សែដៃ កុំអោយបងពិបាករក! នេះអូនហ៊ានល្មើសបញ្ជាផងឬ?”
ខ្ញុំហើបមាត់និយាយមិនចេញ បានត្រឹមលូកដៃយក ខ្សែដៃរូបផ្កា ក្នុងហោប៉ៅលើកឡើង ទាំងទឹកភ្នែកទឹកសំបោរសឹងលិចផ្លូវ។ គេយកវាពីដៃខ្ញុំ ហើយពាក់អោយខ្ញុំម្តងទៀត។
“បងសូមទោសដែលមកយឺត! ផ្លូវពិបាកពេក…” ថាហើយគេក៏សើច រួចអោនមកថើបខ្ញុំម្តងទៀត។
ចប់ដោយបរិបូណ៍
អំពីអ្នកនិពន្ធដំឡូង
ខ្ញុំចាប់ផ្តើមសរសេរសៀវភៅរឿងនេះឡើងមក នាប្រហែលម៉ោង៤ល្ងាច ពេលចប់ម៉ោងការងារ។ អ្វីដែលជម្រុញខ្ញុំអោយសរសេររឿងនេះឡើង គឺដោយសារប្រហែលជាខ្ញុំគ្មានអ្វីត្រូវធ្វើនៅពេលនោះ ទើបចាប់ផ្តើមសរសេរយកៗតែម្តង។ ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំរើសយករឿងដំបូង ដែលនិពន្ធជាប្រភេទរឿងឆ្លងភពអ្វីបែបនេះ តែក៏ចេះតែមានគំនិតមកបន្តៗ។ ម្យ៉ាងអាចថាបាន ដោយសារការធុញទ្រាន់ក្នុងការរស់ក្នុងសង្គមរញ៉េរញ៉ៃបែបនេះ ទើបចេះតែគិតថាឆ្លងភពទៅណាបាត់អាចល្អខ្លះ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំលែងចង់បន្តសរសេរ ពេលសរសេរបានពាក់កណ្តាល ព្រោះខ្ញុំងាយធុញណាស់។ តែពេលនឹកដល់មនុស្សដែលរង់ចាំអាន ទើបខ្ញុំអាចបន្តសរសេរវាបានរហូតដល់ចប់។
ខ្ញុំរើសយកឈ្មោះខ្លួនឯងមកដាក់អោយតួស្រី ព្រោះពេលមុនៗ រាល់ពេលខ្ញុំចាប់ផ្តើមចង់សរសេររឿង គឺខ្ញុំតែងតែឈប់ពាក់កណ្តាលទី បែបដោយសារធុញ ទើបលើកនេះខ្ញុំប្តូរដាក់ឈ្មោះខ្លួនឯងតែម្តង។ សម្រាប់តួប្រុសគឺខ្ញុំមិនដឹងថាមុខគេយ៉ាងម៉េចដែរទេ តែដោយសារខ្ញុំស្រលាញ់ឈ្មោះ គូអ៊ីងយ៉ាង នេះទើបខ្ញុំរើសយកមកធ្វើជាតួប្រុសតែម្តង។
សៀវភៅមួយក្បាលនេះគឺមានការជួយកែសម្រួល ជួយលើកទឹកចិត្ត ពីក្រុមគ្រួសារខ្ញុំនិងមិត្តជិតស្និទ្ធរបស់ខ្ញុំ។ អគុណដល់ប្អូនពៅនិងលោកឪពុកខ្ញុំ ដែលជួយអានកែសម្រួលរាល់អក្ខរាវិរុទ្ធ។ អគុណដល់ក្រុមគ្រួសារ GooShop ដែលបានជួយកែសម្រួលនូវអត្ថបទសម្រេច ទាំងអក្ខរាវិរុទ្ធនិងការរៀបចំប្រយោគឡើងវិញ។ អគុណដល់មិត្តខ្ញុំ មរកត ដែលបានជួយរំលឹក ជួយសម្រួល និងជួយលើកទឹកចិត្តគ្រប់ពេល។
Share this post
- 3 comments
- Tags: book, cambodia, gooshop, novel, potato, readers, the flower bracelet
ខ្ញុំធ្លាប់បានអានសៀវភៅរឿងមកច្រើនដែរ, តែលើកនេះដូចប្លែកអារម្មណ៏ ទំព័រខ្លះក៏អៀនម្នាក់ឯង, ទំព័រខ្លះទៀត ក៏រៀងភ័យតាមដែរ។ តួស្រី បុគ្គលិលក្ខណះដូចអ្នកនិពន្ធឬ? ប្រសិនបើមែន សូមជូនពរ អ្នកនិពន្ធបានជួប គូអ៊ីងយ៉ាង នៅឆ្នាំ ២០២២ ខែ៧ ដូចក្នុងសៀវភៅរឿងទៅចុះ។ ខ្ញុំសារភាពថា ខ្ញុំអានចប់២ដង នៃសាច់រឿងនេះ ទទួលស្គាល់ថា ប៉ិនសរសេរមែន។ ខ្ញុំអាចសុំ ជា Social Media Account of the author បានដែរទេ?
Dear author,
I have read your first story for so many times, over and over again and still counting. I would like to say that I really love your story and everything about it. The things I adore the most about this story are the sense of humor and the fact that this story happens during Songkumreas Niyum era. I laughed so hard at many parts and cried at the end. Finishing this story feels like losing a good friend. This is just so creative and beautiful to read. Please write more books for your fans to read in the future. I’m really longing to read more of your work.
Sincerely,
Panha.
P.S. I cannot wait for the Kindle version of this story. ^^
ថាហើយអាម៉ាក៏ឆ្លងភពដែរ