រឿង ខ្សែដៃរូបផ្កា (ភាគទី៤)

Posted by Team GooShop on

ការចងចាំល្អៗ

និពន្ធដោយ៖ ដំឡូង
រក្សាសិទ្ធដោយ៖ ហ្គូសប

គូអ៊ីងយ៉ាង

គូអ៊ីងយ៉ាងដើរចូលផ្ទះវិញទាំងរូបរាងមើលមិនយល់។

“អេ! លោកកើតអីនេះ?” ហួយដើរមកទាំងបើកភ្នែកធំៗ។

“គ្មានអីទេ! ទៅសម្រាកទៅ...” ខ្ញុំនិយាយដេញ ព្រោះមិនចង់ឆ្លើយសំណួរនាង។

តែថានាងដូចជាមិនខ្វល់នឹងពាក្យស​ម្តីខ្ញុំ ហើយចាប់អូសដៃខ្ញុំអោយតាមនាង។

“មកនេះ!” ហួយនិយាយព្រមទាំងយកដៃប្រលេះឡេវអាវខ្ញុំ ដូចម្តាយខ្ញុំធ្វើកាលពីខ្ញុំនៅតូចមិនខុស។

“ព្រះអើយ! ជាំដល់ថ្នាក់នេះឬ? មិនដឹងខ្ទាំក្នុងឬអត់នេះ!” ទឹកមុខភិតភ័យរបស់នាង សឹងតែខ្ញុំទប់សំណើចមិនបាន។

“ទាល់តែងូតទឹកសិនទើបបាន បើមិនចឹងទេពិបាកលាងរបួសណាស់។ ម្យ៉ាងបើជូតខ្លួនក៏មិនអស់ដីដែរ បើយ៉ាងនេះនោះ!” នាងនិយាយហើយស្រវាយកក្រម៉ានិងឈុតថ្មីមួយឈុតពីទូរមកកាន់ ហើយអូសខ្ញុំអោយដើរតាម

នាងដើរទៅយកផ្តិលទឹក ដួសទឹកពីក្នុងពាងមកលូកមើល។

“អូយ៎! ត្រជាក់!” នាងនិយាយបែបភ្ញាក់ឡើងមក “ចាំបន្តិច! ខ្ញុំលាយទឹកក្តៅអោយមួយ!” នាងថារួចក៏រករត់ទៅក្រៅរកទឹកក្តៅ។

“មិនបាច់ទេ!” ខ្ញុំនិយាយហើយទាញដៃនាង តែដោយខ្ញុំប្រើកម្លាំងច្រើនពេក នាងក៏ដួលមកលើខ្ញុំដែលកំពុងអង្គុយលើកៅអី។

“លែ-លែង!”

មានម្តងណាដែលនាងមិននិយាយញ័រៗពេលនៅជិតខ្ញុំទេនេះ?

“ខ្លួនលោកសុទ្ធតែដី! មើស! លែងខ្ញុំ!” នាងថាព្រមទាំងប្រឹងងើបឡើង “នែ! លោករឹតខ្ញុំយ៉ាងហ្នឹង ខ្ញុំថប់ងាប់ឥឡូវហើយ!”

មុខនាងក្រហមឡើងមក តែខ្ញុំគិតថាដោយសារអៀនច្រើនជាងថប់ដង្ហើម។

“បើគគ្រិច ចាំយើងងូតទឹកជាមួយគ្នា!” ខ្ញុំតបម្តងនេះ នាងបើកភ្នែកធំៗ។

“អារោគចិត្ត!” នាងថារួចក៏រត់ចេញពេលខ្ញុំភ្លេចខ្លួនបន្ធូរដៃ។

ខ្ញុំសម្លឹងមើលរាងតូចរត់ចេញទៅ។ នាងមកពីណាក៏ខ្ញុំមិនដឹង តែស្នាមញញឹមបែបមោគៗនិងពាក្យប្លែកៗរបស់នាង ធ្វើអោយខ្ញុំមានអារម្មណ៍ថា មានក្តីសុខយ៉ាងម៉េចមិនដឹង។

ខ្ញុំងូតទឹករួចដើរឡើងទៅលើវិញ​ ឃើញនាងកំពុងរើអីមិនដឹងក្នុងប្រអប់ថ្នាំ។

“មកនេះ!” នាងនិយាយហើយយកដៃគោះលើគ្រែ។

“លាបថ្នាំក្រហមសិន ហើយចាំខ្ញុំយកថ្នាំអោយលេប។ ហ្នឹងអាលបានឆាប់ជា ម្យ៉ាងរបួសនឹងមិនសូវហើមខ្លាំង! លោកមានរឿងវាយគ្នាបែបនេះរហូតឬ?” នាងសួរទាំងកែវភ្នែកស្មានមិនដឹងថាបារម្ភឬភ័យខ្លាច។

“បើមានរាល់ថ្ងៃយ៉ាងម៉េច? ហើយបើមិនមានរាល់ថ្ងៃយ៉ាងម៉េច?” ខ្ញុំជ្រើសរើសសួរទៅវិញបែបនេះ ព្រោះខ្ញុំចង់ដឹងថា នាងនឹងឆ្លើយបែបណា។

“គ្មានយ៉ាងម៉េចទេ! បើលោកវាយគ្នារាល់ថ្ងៃបែបនេះ ខ្ញុំគ្រាន់តែស្តាយមុខសង្ហាៗ ហាហាហា!” នាងនិយាយរួចសើចដូចមិនដឹងអី។

“នាងព្រមទទួលស្គាល់ថា ខ្ញុំសង្ហាហើយហ្អេ?” ខ្ញុំសួរនាងឡើងមក ព្រមទាំងអោនមុខទៅជិត។

“សង្ហាមែនតែនៅចាញ់ BI, Wang Yibo អីស្មោះ!” នាងនិយាយទាំងភ្នែកមានពន្លឺ ហើយញញឹមដូចស្រមៃដល់ពួកនោះ។

“នរណា???” ខ្ញុំច្រលំចាប់កដៃនាងសួរមួយទំហឹង។

“ឈឺ!” 

“សូមទោស!” ខ្ញុំនិយាយដឹងខុស រួចបន្ធូរកដៃនាងវិញ។

“BI, Wang Yibo លោកមិនស្គាល់ទេ?” នាងនិយាយទាំងទឹកមុខអស់សង្ឃឹម “គេជាតារាណា! ហើយនៅឆ្ងាយសែនឆ្ងាយ…”

នាងស្ងាត់បន្តិចរួចនិយាយបន្ត៖

“លោកមិនដែលមើលរឿងភាគទេហ្អេ? របៀបមើលរឿងណាមួយ ហើយលោកលង់ស្រលាញ់តួស្រីស្អីបែបនោះណា!”

ខ្ញុំបានត្រឹមគ្រវីក្បាល។

“ត្រូវហើយ! លោកប្រហែលជារវល់ពេក គ្មានពេលដល់ថ្នាក់ទៅចំណាយពេលធ្វើរឿងអស់នោះឡើយ...” នាងនិយាយដូចកំពុងអស់សង្ឃឹម “កាកជីវិតណាស់! ហាហាហា!”

នាងនិយាយរួចសើចម្នាក់ឯង។ សម្លេងសើចនាង ធ្វើអោយខ្ញុំញញឹមតាមដោយមិនដឹងខ្លួន។

“លោកត្រូវរបួសដោយសារអ្នកណា?” នាងសួរខ្ញុំឡើងមក។

ខ្ញុំមិនទាន់បានហើបមាត់និយាយផង នាងក៏បន្ត៖

“អូ៎! សូមទោសផង! រឿងផ្ទៃក្នុងគ្រួសារលោកទេ…”

“ជឺយាន!” ខ្ញុំនិយាយឡើងមក “ខ្ញុំវាយគ្នាជាមួយហ៊ា...”

“ហា៎! ធំហើយនៅវាយគ្នាដូចកូនក្មេងទៀតនេះ?!” នាងនិយាយយកដៃស្ទាបទ្រូងធ្វើមុខហួសចិត្ត “ហើយចុះពេលនេះជឺយាននៅឯណា? វីវរហើយ!”

នាងនិយាយបែបស្លន់ៗរួចរកងើបឡើង តែខ្ញុំចាប់ដៃនាងអោយអង្គុយវិញ ព្រោះខ្ញុំដឹងថានាងចង់ទៅរកជឺយាន ដើម្បីជួយលាងរបួសអោយវា។ 

“នែ! លែង!” នាងតវ៉ា។

ខ្ញុំមិនដឹងថាខ្ញុំស្រលាញ់នារីប្លែកមុខនៅចំពោះមុខនេះ ឬក៏ដោយសារអាណិតនាងដែលត្រូវមករងទុក្ខឆ្ងាយផ្ទះបែបនេះ។ ខ្ញុំដឹងត្រឹមថាខ្ញុំមិនចង់អោយនាងនៅជិតមនុស្សប្រុសផ្សេង។

“ទៅណា?” ខ្ញុំសួរធ្វើមិនដឹងរឿង។

“គឺទៅជួយលាងរបួសអោយជឺយានណា!”

ប៉ក់! ថាអីចេះខុស… ចិត្តល្អជ្រុល!

“នៅទីនេះមានអ្នកបម្រើ១០នាក់ជាង នាងគិតថាហ៊ាខ្វះអ្នកធ្វើរឿងអស់ហ្នឹងទេ?”

“អើ! ត្រូវហើយ! ហេហេហេ… ភ្លេច!” នាងនិយាយហើយសើចបែបហួសចិត្តខ្លួនឯង “រួចហើយ! លោកចង់ញុំាបបរទេយប់នេះ?”

“នាងចេះធ្វើឬ?” ខ្ញុំសួរ។

“អត់!” នាងឆ្លើយបែបមុខស្ងួតឡើងមក “បើចង់ញុំា ខ្ញុំនឹងអោយម៉ាក់ជីងជីងធ្វើអោយ។”

“បើមិនចេះធ្វើម្ហូបបែបនេះ នឹងក្លាយជាថៅកែស្រីត្រកូលគូបានយ៉ាងម៉េច?” ខ្ញុំលោមុខទៅជិតនាងរួចសួរ។

ទឹកមុខភាំងៗបែបនេះ ចង់តែចាប់ស៊ីឥឡូវទេវ៉ើយ! 

“ខ្ញុំនឹងធ្វើទឹកពិសេសអោយផឹក! ចាំបន្តិច!” នាងរហ័សប្តូរប្រធានបទ ហើយរត់ចេញទៅបាត់។

-

ខ្ញុំរត់ចេញមកបែបលឿនជាងអ៊ីនធឺណិត ១០០០០ជីទៀត។​

បេះដូងនៅទ្រាំទ្របានដល់ពេលណាទេ បើគូអ៊ីងយ៉ាងវាយលុកលឿនយ៉ាងនេះ ព្រះអើយ!

ពេលខ្ញុំដើរចុះជណ្តើរមកក្រោម ខ្ញុំចាំបានថាថ្ងៃមុនខ្ញុំឃើញម៉ាក់ជីងៗមានទឹកដោះគោខាប់។ ខ្ញុំខំប្រឹងរកវានៅផ្ទះបាយ ដូចកណ្តុររករបស់ស៊ី។

“ថៅកែស្រី!”

“អូយ!” ខ្ញុំភ្ញាក់សឹងស្លាប់ “អ៊ំមកស្ងាត់ៗបែបនេះ ខ្ញុំអាចលួសព្រលឹងស្លាប់បានណា!”

រួចខ្ញុំក៏សួរគាត់បន្ត៖

“អ៊ំ! ថ្ងៃមុនខ្ញុំឃើញអ៊ំមានទឹកដោះគោខាប់ ត្រូវដែរទេ?”

“អូ៎! ចា៎! មាន នៅទីនេះ!” គាត់និយាយរួចដើរទៅទូរ រួចយកមកអោយខ្ញុំ 

“មានតែដែរទេ?”

“តែ?”

“ចា៎! តែយើងឆុងផឹកនោះ!”

“នៅទីនេះ!” គាត់យកអោយខ្ញុំ រួចគាត់បន្ត “របស់របរថៅកែស្រីចង់ប្រើ បើខ្វះ អាចប្រាប់ខ្ញុំបាន។ ពេលខ្ញុំទៅផ្សារខ្ញុំនឹងទៅទិញយកមកអោយ។”

ខ្ញុំងក់ក្បាលញញឹមដាក់គាត់។

“ត្រូវហើយ! ជីងជីងទៅណាប៉ុន្មានថ្ងៃនេះ? ខ្ញុំដូចមិនឃើញនាង។”

“នាងទៅរៀនតាំងពីព្រលឹម ទំរាំមកវិញព្រលប់ទៅហើយ ទើបថៅកែស្រីមិនឃើញ។” ខ្ញុំនិយាយបណ្តើរ យកឆ្នាំងដាក់ទឹក បើកភ្លើងឆុងតែបណ្តើរ។

“អ៊ំ! មានទឹកកកដែរទេ?”

“ទាល់តែអោយក្មេងៗទៅទិញ! ថៅកែស្រីចង់បានប៉ុន្មានដែរ?” 

“៥០០បានហើយ!”

“ចាស???”

“អូស! ច្រលំ! ហិហិហិ! ខ្ញុំភ្លេចខ្លួន…”

ព្រោះរាល់ដងពេលនៅផ្ទះខ្ញុំទិញតែ៥០០រៀល។ ភ្លេចអោយឈឹងថា៥០០រៀលនៅនេះ ហើយនៅនោះខុសគ្នា។

“អឺ… ខ្ញុំចង់បានតែល្មមទេ!”

ខ្ញុំកំពុងរកនឹកគួរប្រាប់គាត់ថាទិញប៉ុន្មាន។ ភ្នែកក៏ប្រទះឃើញកូនចានដែកមួយ ក៏ស្រវ៉ាយកមករួចនិយាយ៖

“នេះ! ខ្ញុំចង់បានតែប៉ុណ្ណេះទេ!”

“អូ! តែ២កាក់ទេប៉ុណ្ណឹងនោះ!”

“ចា៎! អរគុណ!”

គាត់ទៅមួយសន្ទុះ មកវិញជាមួយទឹកកកមួយយ៉ាងធំ។

ព្រះអើយ! ខ្ញុំភ្លេចទៅហើយថា នៅទីនេះគេមិនទាន់មានទឹកកកអនាម័យ។

“ថៅកែស្រីធ្វើអីដែរ? បើមិនចង់ពិបាក អាចប្រើខ្ញុំបាន។” គាត់និយាយទាំងបារម្ភ។

“មិនអីទេ! ខ្ញុំធ្វើបាន!”

ខ្ញុំឆុងតែរួចចាក់ទឹកដោះគោខាប់ ហើយកូររហូតក្លាយជា តែទឹកដោះគោ។

ហឹមស្តាយណាស់! នៅពេលនេះគ្មានតែបៃតង… កុំអីបានផឹកតែបៃតងបាត់!

ខ្ញុំទាញបានអង្រែមកដំទឹកកកអោយបែកតូចៗ។

“ខ្ញុំជួយវិញលឿនជាង!” និយាយរួចគាត់យកអង្រែពីខ្ញុំទៅដំ។

“រួចស្រេច!” ខ្ញុំលើកកែវតែទឹកដោះគោដាក់ទឹកកក រួចសាកផឹកខ្លួនឯងសិន។

ម្នាយអើយ! ទៅវិញធ្វើលក់ដឹងតែខយប៉ះជើងហើយ! ហាហាហា!

“អ៊ំ! សាកផឹកទៅមើល!” ខ្ញុំធ្វើមួយកែវទៀតអោយគាត់ “ផឹកទៅ! មិនពុលទេ ខ្ញុំផឹករួចហើយតើស!” មុននេះគាត់ធ្វើមុខខ្លាចៗ ទើបខ្ញុំនិយាយឡើង។

“អឹម! ប្លែកណាស់ មិនចត់តែទេ ហើយឆ្ងាញ់ទៀត!”

ខ្ញុំសើចលឹបភ្នែក ហើយធ្វើមួយកែវទៀតអោយគូអ៊ីងយ៉ាង។

មិនអោយឆ្ងាញ់យ៉ាងម៉េច បើខ្ញុំផឹកតែទឹកដោះគោរបស់ខយ ឡើងខយបើកសឹង១លានសាខាទៅហើយ!

ខ្ញុំគិតក្នុងចិត្តហើយសើចម្នាក់ឯង​។

-

តុ​តុ​តុ…

ខ្ញុំគោះទ្វារបន្ទប់គូអ៊ីងយ៉ាង។

“ខ្ញុំ!” ខ្ញុំស្រែកប្រាប់គេមុន ព្រោះមិនចង់អោយគេសួរ។

“ចូលមក!”

“តែនតែន! នេះនែ៎!” ខ្ញុំនិយាយហើយលើកកែវតែទឹកដោះគោដាក់ពីមុខគូអ៊ីងយ៉ាង។

គេសម្លឹងហើយធ្វើមុខឆ្ងល់។

“សាកមួយក្អឹកទៅមើល! លឿនឡើង! រលាយទឹកកកលែងឆ្ងាញ់ឡូវហើយ!” ខ្ញុំដុកគេអោយផឹកលឿនៗ ខ្លាចលែងឆ្ងាញ់។

​​​​​​​​​​​-

ហួយបើកទ្វារមកជាមួយកែវទឹកដោះគោអីមិនដឹង យកមកដាក់ចំពីមុខខ្ញុំ។​

“សាកមួយក្អឹកទៅមើល!” នាងនិយាយទាំងញញឹម ធ្មេញសឹងដល់គុំត្រចៀក។

មួយក្អឹកចូលបំពង់កធ្វើអោយខ្ញុំដឹងថា ទឹកនេះមិនដែលមានលក់នៅទីនេះទេ។

“ខ្ញុំមិនចូលចិត្តផ្អែម!”

“អោវ!” ហួយធ្វើទឹកមុខអស់សង្ឃឹមឡើងមក “ចុះឆ្ងាញ់ឬអត់ចុះ?”

ទោះបីមុខមិនសប្បាយចិត្តនឹងពាក្យខ្ញុំអំបាញ់មិញ តែនាងក៏នៅតែសួរបន្ត។

“ឆ្ងាញ់… ឈ្មោះវាគឺ?”

“តែទឹកដោះគោ!” នាងនិយាយបែបមានមោទនភាពនឹងទឹកមួយកែវដែលលើកមកនេះណាស់។

“ថ្ងៃក្រោយបន្ថយផ្អែមផងអញ្ចឹង!” ខ្ញុំនិយាយហើយមើលបញ្ជីបន្ត។

“ហឹស! ថ្ងៃក្រោយបានផឹកទៀត ខ្ញុំលូនពីទីនេះដល់យួនតែម្តង!” និយាយរួចនាងលើកកែវផឹកក្អឹកៗរួចលិឍមាត់។

“មកនេះ!” បើលែងឲទៅលើកនេះ ខ្ញុំប្តូរឈ្មោះអោយមើល។

“យ៉ាងម៉េច?” មាត់សួរតែក៏នៅតែដើរមកជិត។

-

“អា៎!!!” ខ្ញុំស្រែក ព្រោះគូអ៊ីងយ៉ាងកំពុងចាប់ខ្ញុំអង្គុយលើភ្លៅគេចំប្លង់តែម្តង។

“ធ្វ-ធ្វើអី?”

អាមាត់ចង្រៃ! ត្រឌិតរហូត!
មិនទាន់បានត្រៀមខ្លួនផង មាត់ទន់ៗរបស់គេក៏មកផ្អឹបនឹងមាត់ខ្ញុំ ហើយចាប់បង្ខំអោយខ្ញុំថើបតបទៅគេវិញទៀត។ ថើបលើកនេះ គេថើបយឺតៗ មិនបង្ខំដូចកាលមុនដំបូង។ ខ្ញុំបិទភ្នែកដូចត្រូវថ្នាំសន្ដំរបស់គេអញ្ចឹង។ ដៃក្រាស់ៗលូកមកតាមជាយអាវខ្ញុំ។ នៅពេលប៉ះស្បែកខ្ញុំភ្លាម ខ្ញុំក៏ភ្ញាក់ច្រានគេចេញ តែគូអ៊ីងយ៉ាងចាប់ខ្ញុំជាប់។

“សូមទោស!” គេនិយាយដោយគ្មានពន្លឺថាដឹងខុសអីសោះ នៅមកសើចបែបគួរអោយចង់ធាក់ទៀត!

“លែងខ្ញុំ!”

“ចង់ទៅលេងផ្សារទេយប់នេះ?” គេសួររួច មិនត្រឹមតែមិនពន្លែងខ្ញុំទេ នៅរឹតថែមលើសដើម។

“ទៅបានមែនឬ?” ខ្ញុំសួរបែបរំភើបចិត្ត រួចគេងក់ក្បាលជាចម្លើយ “យេ! ទីបំផុតបានដើរលេងហើយ!”

“១ម៉ោងទៀតយើងទៅ!” គេប្រាប់រួចទាញបញ្ជីមកគិតបន្ត។

“លោកគិតលុយឬ?”

“ហឹម!”

“បញ្ជីចំណូលចំណាយមែនទេ?”

“មានការអី?” គេឈប់ធ្វើរួចងើបមកមើលខ្ញុំបែបឆ្ងល់។

“អឺ… គឺថា… បូកចំណេញខាតស្អីបែបនោះត្រូវទេ?”

គេងក់ក្បាលជាចម្លើយ។

“អឺ… ខ្ញុំមានវិធីបូកដកលឿន ហើយថែមទាំងច្បាស់លាស់ទៀត។ ហើយបូកយ៉ាងយូរកន្លះម៉ោងទេ រួចហើយ!” 

គេវៃចញ្ចើមហើយលាដៃដាក់បញ្ជី ដូចប្រាប់ថាធ្វើអោយគេមើល។

ហឹស! សិស្សពូកែគណិតប្រចាំសាលាស្មោះ! ចង់លេងសើចយ៉ាងម៉េច! 

“បញ្ជីលោកបូកហើយ ទុកខាងនោះ។ ខ្ញុំនឹងបូកវាឡើងវិញ ហើយលោកអាចមើលបានថាវាដូចគ្នាឬអត់ ទាំងដែលលោកអង្គុយបូកសឹងកន្លះថ្ងៃនេះ!” ខ្ញុំមិនបង្អង់យូរ ទាញឯកសារមករៀបលក់និងទិញ ហើយចាត់ការគូសតារាង បញ្ចេញស្នាដៃគិតលេខឡើងមក។

“រួចហើយ!” ខ្ញុំនិយាយរួចលើកក្រដាសអោយគេពិនិត្យ “ឡូយទេ?”

គេយកក្រដាសនោះទៅពិនិត្យ រួចលើកសៀវភៅបញ្ជីគេមកមើលផ្ទៀងគ្នា។

“អ្នកនៅផ្ទះនាង គេគិតបែបនេះឬ?”

“ត្រូវហើយ! អាហ្នឹងគេហៅ Journal Entry Accountant! ខ្ញុំមិនអន់ទេ ប្រាប់យកបុណ្យទៅ!” ខ្ញុំនិយាយយកដៃអូសច្រមុះ លីសៀវឡុងក្នុងកុន។

“ខ្ញុំគិតថានាងជាគ្រូពេទ្យ?” គេសួរបែបសង្ស័យ។

“ខ្ញុំរៀនពេទ្យមែន តែជាពេទ្យទូទៅ។ ខ្ញុំធ្លាប់ចូលរៀនផ្នែកវះកាត់ខ្លះ ទើបខ្ញុំចេះវះធម្មតាៗបែបហ្នឹង។” ខ្ញុំបកស្រាយព្រោះដឹងថាគេកំពុងឆ្ងល់ខ្លាំង “អូ៎! ហើយអារឿងគិតស្អីអស់នេះ ខ្ញុំអានសៀវភៅច្រើនទើបចេះ។”

គូអ៊ីងយ៉ាងមិននិយាយ។ គេរៀបបញ្ជីចូលសៀវភៅធំរួចងើបឡើង ហើយស្រែកហៅអ្នកបម្រើខាងក្រៅអោយចូលក្នុង។

“មានអីអោយខ្ញុំធ្វើដែរថៅកែតូច?” អ្នកបម្រើអោនសឹងក្បាលដល់ឥដ្ឋទៅហើយ ពេលនិយាយជាមួយគេ​។

“ទៅប្រាប់អ្នកយកបញ្ជីគ្រប់ហាងថា ចាប់ពីថ្ងៃនេះទៅ ថៅកែស្រីជាអ្នករៀបចំគិតបញ្ជីចំណូលចំណាយក្នុងហាង។” គេនិយាយហើយងាកសើចវាយចិញ្ចើមដាក់ខ្ញុំ។

“ហា៎!” ខ្ញុំបានត្រឹមចំហរមាត់ព្រោះស្លុត។

-

“អ៊ីងយ៉ាង!” ខ្ញុំសាកហៅឈ្មោះគេ ចង់ដឹងគេមានប្រតិកម្មយ៉ាងម៉េច។

គេមិនតប បានត្រឹមងាកមុខមកលើកចិញ្ចើម ដូចចង់សួរថាមានការស្អីបែបហ្នឹង។

“គឺថា យើងទៅផ្សារថ្ងៃនេះជិះកង់ទៅបានទេ?”

ធ្មេចបើកៗ នេះជាថ្ងៃអាទិត្យទៀតបាត់ទៅហើយ!

គូអ៊ីងយ៉ាងសន្យាថានឹងនាំខ្ញុំដើរលេងរៀងរាល់ថ្ងៃអាទិត្យ ព្រោះជារង្វាន់ដែលខ្ញុំអង្គុយធ្វើការអោយគេ។ គេមិននិយាយរួចដើរទៅបិទទ្វារឡានវិញ ហើយដើរទៅក្នុង អូសកង់មក។ ខ្ញុំលោតឡើងអង្គុយលើកង់ភ្លាម។

“Let’s go!!!”

គូអ៊ីងយ៉ាងរៀបនឹងចេញទៅ តែគេឈប់ឆ្ងក់ងាកមកមើលខ្ញុំវិញ។

“អឺ… គឺថា… ចេញដំណើរ! ហេហេហេ…” 

បើតាមទិសដៅ យើងអាចជិះទៅដល់ម្តុំមាត់ទន្លេ។ ជំនាន់នេះគ្មានអាគារខ្ពស់ៗទេ មានសុទ្ធតែកូនផ្ទះតាមរបៀបចិនខ្លះ តាមរបៀបបារាំងខ្លះ។ ខ្ញុំកំពុងតែសម្លឹងមើលទិដ្ឋភាព គូអ៊ីងយ៉ាងក៏លើកដៃខ្ញុំអោយចាប់ចង្កេះគេ។

“អេស!” ដោយសារភ្ញាក់ទើបខ្ញុំដកដៃមកវិញ “កើតអី?”

ខ្ញុំសួរព្រមទាំងអើតមើលផ្លូវខាងមុខ ក្រែងលោមានរឿងអីកើតឡើង។

“អោបចង្កេះខ្ញុំមក! ខ្លាចធ្លាក់…” គេនិយាយរួចទាញដៃខ្ញុំទៅអោយអោបចង្កេះគេម្តងទៀត។

ឆឹស! ជិះកង់សោះ សុទ្ធខ្លាចធ្លាក់!

មាត់និយាយអញ្ចឹងទេ តែដៃក៏លូកទៅអោបចង្កេះគេវិញ។

ឱដំឡូង! អញ្ចឹងធ្វើខ្លាំង ចង់អោបគេដែរសោះ! 

“អេ! ឈប់ៗឈប់ៗសិន” ខ្ញុំស្រែកឡើងមនុស្សម្នាងាកមកមើលយើងគ្រប់គ្នា។

“ស្អាតណាស់!” ខ្ញុំចុះពីលើកង់រត់ត្រុយសំដៅទៅតៀមលក់មួកមួយ។

ព្រះអើយ! មិនស្មានថា ខ្ញុំបានឃើញវាមែនទែនសោះ!

មួកប្រភេទ Panama, Pork Pie Hat, Homburg, Fedora របស់បុរសនារីជនជាតិបារាំង ជាពិសេស អ្នកអភិជនច្រើននិយមពាក់នៅសម័យនេះ គឺតាំងពេញតូបរបស់គាត់។

“សួស្តីហ៊ា! អានេះតម្លៃប៉ុន្មាន?” ខ្ញុំលើកយកមួកប្រភេទ Homburg ពណ៌ស្វាយមួយឡើងមករួចសួរទៅអ្នកលក់។

“ភ្នែកល្អផងអ្នកនាង! គិតអោយ៥រៀលទៅចុះ!”

“លោក!” គូអ៊ីយ៉ាងឈរនៅមាត់ផ្លូវមិនព្រមចូលមក ទើបខ្ញុំត្រូវស្រែកហៅគេ ទាល់តែអញ្ចឹងទើបគេចាប់ផ្តើមដើរមក​ “ខ្ញុំខ្ចី៥រៀលសិនបានទេ? ចាំខ្ញុំសងវិញ!”

“ថៅកែតូច!” អ្នកលក់គ្រាន់តែឃើញគេភ្លាម ញញឹមដូចបានឃើញវត្ថុស័ក្តិសិទ្ធិ។

គេមិននិយាយ ហើយដើរចំពីមុខអ្នកលក់ រួចយកមួកនោះមកដាក់ពីលើក្បាលខ្ញុំ។

“ថៅកែតូចមិនព្រមប្រាប់ថា នេះគឺជាថៅកែស្រីសោះ! លឺតែពួកនោះប្រាប់!”

គេមិននិយាយហើយអូសខ្ញុំចេញមក។

“នែ! លោកធ្វើចឹង គាត់បានលុយឯណាទៅទិញម្ហូបចិញ្ចឹមគ្រួសារគាត់?” ខ្ញុំបម្រាស់ចេញពីការចាប់គេ ហើយដើរបកក្រោយដើម្បីយកមួកទៅអោយអ្នកលក់វិញ។

ព្រោះបើទោះគ្មានលុយយ៉ាងណា ក៏មិនអាចយកពីគេឆៅៗបានអញ្ចឹងដែរ!

“អេ! ថៅកែស្រីចង់បានអីបន្ថែមមែនទេ?” 

“អត់ទេ! ខ្ញុំលែងចង់បានហើយ។ ចាំខ្ញុំយកលុយមក ចាំខ្ញុំទិញ។” ខ្ញុំនិយាយរួចទុកមួក ហើយដើរចេញមកវិញ តែក៏ត្រូវអ្នកលក់រត់ចេញមកឃាត់​។

“ថៅកែស្រីលេងសើចពេកហើយ! ហាងនេះជារបស់ថៅកែតូច ពួកខ្ញុំម៉េចនឹងអាចយកលុយបានទៅ។ ម្យ៉ាងថៅកែតូចក៏គង់នឹងចាត់ការរឿងនេះស្រាប់ទៅហើយ…”

“ហា៎!!!” ខ្ញុំចំហរមាត់សឹងរុយចូល ដោយសារមិននឹកស្មានថា គេមានមុខរបរច្រើនយ៉ាងនេះ។

“នៅចង់តវ៉ារកខុសត្រូវទៀតទេ?” គេដើរមកជិតហើយសួរឌឺ។

 

អានភាគទី៥

Share this post



← Older Post Newer Post →


Leave a comment

Purchase options
Select a purchase option to pre order this product
Countdown header
Countdown message


DAYS
:
HRS
:
MINS
:
SECS