News — Khmer
រឿង អនុស្សា (ភាគទី១)
Posted by Team GooShop on
ចាប់ផ្តើមសរសេរនៅថ្ងៃ ២០ តុលា ២០២១ ម៉ោង៦ព្រឹក ភាគទី១៖ សោភា និពន្ធដោយ៖ កូនឈើ តឺតៗ… តឺតៗ សម្លេងនាឡិកាកំពុងរោទ៍ឡើងនៅលើក្បាលដំណេករបស់ខ្ញុំ បង្ហាញថាពេលនេះគឺម៉ោងប្រាំភ្លឺហើយ។ ខ្ញុំងើបយឺតៗ រួចសម្រួលសរសៃបន្តិច មុននឹងបោះជើងចុះពីលើគ្រែ ឈានសន្សឹមៗទៅបើកតន្ត្រីស្លូៗ ចេញពីថាសឌីសដែលខ្ញុំបានទិញកាលពីម្សិលមិញ។ របស់ថ្មីជាអ្វីដែលខ្ញុំនឹកឃើញមុនគេ ពេលបើកភ្នែកឡើងព្រឹកនេះ។ សូរសៀងតន្រ្តីបន្លឺតិចៗ បូករួមជាមួយបរិយាកាសស្ងប់ស្ងាត់នាពេលព្រឹកព្រលឹម ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានក្តីសុខឥតឧបមា។ ខ្ញុំឈ្មោះ សោភា មានអាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអក្សរសាស្ត្រអង់គ្លេស។ ខ្ញុំចេញធ្វើការបានពីរឆ្នាំមកហើយ ហើយក៏មានថវិកាគ្រប់គ្រាន់ប្រចាំខែ ដើម្បីយកមកបង់រម្លស់អាផាតមិនតូចមួយនៅជាន់ទី១៣ ដែលខ្ញុំកំពុងស្នាក់នៅនេះ។ ទីតាំងអាផាតមិននេះ គឺនៅកណ្តាលទីក្រុងភ្នំពេញតែម្តង ងាយស្រួលសម្រាប់ខ្ញុំធ្វើដំណើរថ្មើរជើង ទៅកាន់កន្លែងធ្វើការនិងផ្សារទំនើប។ ខ្ញុំសម្រេចចិត្តចេញមករស់នៅតែម្នាក់ឯង បែកពីក្រុមគ្រួសារភ្លាម នៅពេលដែលខ្ញុំមានលំនឹងក្នុងជីវិតការងារ ជាអ្នកបកប្រែសៀវភៅរឿងបរទេស គឺប្រហែលក្នុងរយៈពេលមួយឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់ការសិក្សា។ ដំបូង ម៉ាក់និងប៉ាព្រួយបារម្ភណាស់ពីសុវត្ថិភាពរបស់ខ្ញុំ តែមកដល់ពេលនេះ គឺមួយឆ្នាំហើយដែលខ្ញុំរៀនរស់នៅតែម្នាក់ឯង។ វាមិនងាយស្រួល តែខ្ញុំរីករាយដែលទីបំផុត ខ្ញុំមានសមត្ថភាពរស់នៅឯករាជ្យ យល់ពីទុក្ខលំបាកដែលត្រូវគ្រប់គ្រងចំណូលចំណាយក្នុងផ្ទះដោយខ្លួនឯង។ ណាមួយ ខ្ញុំចង់រៀនធ្វើរឿងទាំងអស់នេះឱ្យថ្នឹកដៃឱ្យហើយ ពីព្រោះនៅថ្ងៃអនាគត ខ្ញុំនឹងត្រូវរ៉ាប់រងការចំណាយរបស់ក្រុមគ្រួសារពេញលេញមួយរបស់ខ្ញុំ មិនមែនតែម្នាក់ឯងទៀតទេ។ ខ្ញុំអង្គុយចុះ ឱបជើងលើកៅអីនៃតុធ្វើការរបស់ខ្ញុំ ដែលដាក់នៅចំពីមុខបង្អួចបែរទៅទិសខាងកើត អនុញ្ញាតឱ្យខ្ញុំគយគន់មើលព្រះអាទិត្យរះឡើងជារៀងរាល់ថ្ងៃ។ សូរចម្រៀងលឺរណ្តំក្នុងចិត្តខ្ញុំ ព្រមជាមួយព្រះអាទិត្យរះលឹមៗចេញមក ជះកាំរស្មីស្រាងៗចូលក្នុងបន្ទប់អាផាតមិនដ៏តូចរបស់ខ្ញុំនេះ។ ខ្ញុំមានអារម្មណ៍ថាស្ងប់សុខណាស់ នៅក្នុងជីវិតរស់នៅតែម្នាក់ឯងបែបនេះ។ វគ្គទី១៖ អ្នករួមការងារ ថ្ងៃថ្មី ព្រអាទិត្យរះជាថ្មី មនុស្សម្នាជាច្រើនកំពុងដើរតាមដងផ្លូវយ៉ាងមមាញឹក។ ខ្ញុំដើរយួរថង់ក្រណាត់នៅលើស្មា ស្លៀករ៉ូបពណ៌ស ជាមួយស្បែកជើងខនវ៉ើសពណ៌ខ្មៅ ពាក់កាសស្តាប់ចម្រៀងបែប motivational ជាមួយខ្យល់បក់រំភើយៗប៉ះសក់រួញតិចៗពណ៌ត្នោតរបស់ខ្ញុំ។ ខ្ញុំដើរយឺតៗ ពីព្រោះមិនទាន់ដល់ម៉ោងធ្វើការនៅឡើយទេ ខ្ញុំមិនចាំបាច់ប្រញាប់ប្រញាល់ឡើយ។ ចង់ខ្ញុំចូលផឹកកាហ្វេមួយកែវសិន ក៏មិនទាន់ដល់ម៉ោងធ្វើការផង។ ថ្ងៃនេះអារម្មណ៍ល្អ ចង់ទៅធ្វើការលឿន ព្រោះខ្ញុំទន្ទឹមចង់បកប្រែសៀវភៅរឿងបន្ត ដែលខ្ញុំត្រូវបង្ហើយពីម្សិល ព្រោះដល់វគ្គល្អអាន។ គិតដល់ត្រឹមនេះ ខ្ញុំសប្បាយចិត្តណាស់ ក៏ចាប់ផ្តើមដើររាងញាប់ជើង។ ពេលមកដល់កន្លែងធ្វើការភ្លាម ក៏មានបុរសម្នាក់មកស្ទាក់ខ្ញុំចំផ្លូវចូលបន្ទប់ការិយាល័យតែម្តង។ “មកលឿនដូចការស្មាន! ៦ព្រឹកឱ្យត្រឹមតែម្តង!” បេន ជាបុរសសង្ហាប្រចាំការិយាល័យ នរណាៗក៏សរសើរ អត់តែខ្ញុំទេ ពីព្រោះប៉ិនេះមកម្តងណា មិនដែលមានរឿងចម្រុងចម្រើនដល់ខ្ញុំឡើយ។ “អើ! ហើយវាយ៉ាងម៉េច?” “ស្រឡាញ់ការងារបែបនេះ ក្រុមហ៊ុនយើងជោគជ័យស្លាប់ហើយ!” “…” ខ្ញុំឈរឱបដៃរង់ចាំគេនិយាយត។ បេនរៀបឬកបន្តិចរួចចាប់ផ្តើមនិយាយបន្ត៖...
- 0 comment
- Tags: book, cambodia, gooshop, Khmer, khmer novel, khmer novel blog, khmer online book, novel, novel in khmer, novel khmer free reading, read khmer book online, reader, readers, reading, កូនឈើ, អនុស្សា