រឿង នេះជាអ្វីអោយប្រាកដ? (ភាគទី១)
Posted by Team GooShop on
Hopeless Romantic
អ្នកនិពន្ធ៖ ដំឡូង
តើអ្នកជឿលើព្រហ្មលិខិតដែរទេ?
តើអ្នកជឿលើនិស្ស័យដែរទេ? មនុស្សខ្លះនៅឆ្ងាយគ្នារាប់ពាន់គីឡូ បែកគ្នាមិនដឹងប៉ុន្មានឆ្នាំ ចុងក្រោយបែជាអាចរកគ្នាឃើញដោយចៃដន្យ
តើការជួបគ្នាលើកនេះ គ្រាន់តែជានិស្ស័យ ឬជាអ្វីអោយប្រាកដ?
តើនេះជាការជួបដើម្បីលាគ្នា ព្រោះពួកគេមិនទាន់បានលាគ្នាស្រួលបួល ឬជាការជួបដែលមិនមានថ្ងៃបញ្ចប់?
បើយើងដើរខុសមួយជំហាន តើមិត្តភាពយូរឆ្នាំរបស់យើង នឹងទៅជាយ៉ាងណា?
“What do you think of me?”
“Do you like me?”
“I want to know. Please tell me.”
*បាត់ដំបង ២៥ ធ្នូ 2022 ម៉ោង ៥ល្ងាច
“ច្បាស់ហើយហេរ ដែលចង់ធ្វើបែបនេះ?”
អ្នកកំលោះរាងខ្ពស់ មុខមាំ ចិញ្ចើមជ្រួញចូលគ្នាសឹងក្លាយជាខ្សែ ខ្ជិបបបូរមាត់មិននិយាយ ដូចជាកំពុងគិតថាគួរឆ្លើយបែបណា ចំពោះសំនួររបស់នារីនៅចំពោះមុខ
“ឆ្លើយ!” នារីម្ចាស់សំនួរប្រឹងសួរមិនចុះចាញ់ ក្តាប់ដៃរង់ចាំចម្លើយ ដោយទឹកមុខអន្ទះសារ ប្រៀបដូចជារង់ចាំការប្រកាសលទ្ធផលប្រលងដូច្នោះដែរ
“ច្បាស់...” អ្នកកំលោះយើង និយាយមួយម៉ាត់យ៉ាងខ្លី បូករួមនឹងទឹកមុខស្មើធេង
ឱ! សូម្បីទឹកស្ទឹងសង្កែ ក៏មានអារម្មណ៍ថា លែងហូរដោយសារ ចម្លើយមួយម៉ាត់យ៉ាងខ្លីនេះដែរ។ ពេលនេះ អ្វីៗហាក់ដូចជាលែងវិល លែងដំណើរការ ស្ងប់ស្ងាត់ សឹងតែដូចប៉ាឆាដុតខ្មោចទៅហើយ។
“ហឹម...” នារីម្ចាស់សំនួរ បន្ទាប់ពីគាំងមួយសន្ទុះ ពេលនេះ និយាយអ្វីលែងចេញទៅហើយ បានត្រឹមពាក្យ ហឹម ពីក្នុងបំពង់កតែប៉ុណ្ណោះ។
និស្ស័យអាចអោយពួកគេជួបគ្នា ក៏អាចអោយពួកគេបែកគ្នាបាន ចួនកាល កម្មវេលានឹងគ្នាសល់ច្រើន ទើបអាចមកសងគ្នាពេលនេះ គិតទៅ ព្រះព្រហ្មមិនដឹងជាគិតយ៉ាងណា ទើបបានជាចេះតែកំណត់ ជោគវាសនាមនុស្សលោក លេងសើចយ៉ាងនេះ ..
*ភ្នំពេញ 13 មីនា 2016
“យេ!!! រកឃើញហើយ” នារីវ័យជំទង់ម្នាក់ អរខេបខុប មុខអេក្រង់កុំព្យូទ័ររបស់ខ្លួន ដូចត្រូវឆ្នោត ១០លានដុល្លារអញ្ចឹង
“ងាប់ហើយ មួយៗមុខចាស់ម៉្លេះ! ហាហាហាហា!” នាងអង្គុយអូសមើលរូបរបស់នរណាម្នាក់ ក្នុងហ្វេសបុក ហើយរអ៊ូរង៉ូវៗម្នាក់ឯង
“ធ្វើអី!?”
“នែ! ឈីឈី! មើលនែ! យើងរកពួកម៉ាកជិតផ្ទះយើង កាលពីក្មេងឃើញហើយ”
“ឯណា យើងមើលបន្តិចទៅមើល?” ឈីឈី ទាញអេក្រង់កុំព្យូទ័រមកមើល ព្រោះឃើញមិត្តនាងម្នាក់នេះ ឧស្សាហ៍រំលឹកពី អ្នកដែលនៅជាប់ផ្ទះនាងណាស់
“អើុ អេវីល”
“យ៉ាងមិុច?”
“ម្នាក់ណាដែលឯងថា ធ្លាប់ធ្វើបាបឯង?” ឈីឈីសួរ ព្រោះចង់ដឹងនរណាមានសំណាង ធ្លាប់ធ្វើបាបមិត្តខ្លួន
“នេះ! ម្នាក់នេះ! វាហ្នឹងអៃ ធ្វើបាបយើងជាងគេ!”
“ឆាតទៅជេរទេ?” ឈីឈី សួរព្រោះដឹងចរឹកមិត្តខ្លួន
“ឆ្កួត! អើ យើងឆាតទៅសួរសុខទុកវាសិន”
“ទុកសិនទៅ ចាំយប់! ដល់ម៉ោងទៅរៀនហើយ!”
“អេវីល... មើលគ្រូផង” ឈីឈីនិយាយខ្សឹបៗ ព្រោះឃើញមិត្តខ្លួននៅឈ្ងោកអានសៀវភៅរឿង មិនខ្វល់ពីមេរៀនអីបន្តិចសោះ
ឃើញអេវីលមិនតប នាងក៏ចាប់សៀវភៅរឿងមកមើល
“ខ្សែដៃរូបផ្កា? រឿងថ្មីទៀតហើយ? អាម្សិល ៣០០ទំព័រ ចប់ហើយ?”
“ឯងប្រុងអោយយើងអានមួយក្បាល ១០ឆ្នាំយ៉ាងមុិច! អោយមកនេស!” និយាយបន្តើរ អេវីលឆក់សៀវភៅមកអានវិញបន្ត ព្រោះខ្លាចដាច់សាច់រឿង
“នែ៎ យើងថា ឯងល្មមឈប់មើលរឿងប្រលោមលោក អត់បានការទាំងនេះហើយ”
-ផាច់! -
“អូយ!”
អេវីលទះឈីឈីមួយដៃ ព្រោះតែហ៊ាននិយាយថា រឿងប្រលោមលោកអត់ប្រយោជន៍
“យើងជឿណាថា ថ្ងៃណាមួយយើងនឹងបានជួប បរុសក្នុងក្តីស្រមៃយើង ដូចតួប្រុសនេះដែរ”
“នែ៎ កើតមកងាប់ចាប់ជាតិថ្មី ក៏យើងថា សេរីតួប្រុសល្អៗបែបសៀវភៅរឿងនេះ បើសល់ ក៏ក្លាយជាឪគេដែរ”
អេវីលងាកសំលក់មិត្តខ្លួន ព្រោះទ្រាំមិនបាននឹងពាក្យចាក់ដោត
“ថ្ងៃនេះយើងទៅធ្វើ Assignment នៅ Brown Coffee ដូចរាល់ដងហេរ?” អេវីលងាកសួរឈីឈី
“អត់ទេ! ទៅធ្វើនៅផ្ទះទៅ យើងមិនចង់អោយសង្សារមុខងាប់ឯង ធ្វើអោយយើងខូចអាចរម្មណ៍”
-ហាក៎! ល្បល់យរ! តួស្រីយើងមានសង្សារហើយ?-
សួស្តីអ្នកទាំងអស់គ្នា! ហិហិហិ សុំទោស ទើបមានពេលណែនាំខ្លួន! ខ្ញុំឈ្មោះ អេវីល រៀនឆ្នាំទី២ ផ្នែកទំនាក់ទំនងពាណិជ្ជកម្មអន្តជាតិ មានសង្សារហើយចា៎ ឈ្មោះថា បងស្មាយ ទាក់ទងគ្នាបាន៣ខែហើយ យើងរៀននៅសាលាជាមួយគ្នា តែគាត់រៀនជំនាញផ្សេង មិត្តជិតស្និតខ្ញុំមានតែ១ទេ គឺឈីឈីហ្នឹងឯង ព្រោះខ្ញុំជាមនុស្សបែប Introvert, Selective Social ផង ទើបមិនសូវមានមិត្តបែបនេះ។
ខ្ញុំមានសង្សារហើយ តែក៏នៅស្រលាញ់តួប្រុស ក្នុងសៀវភៅរឿងដដែល ហើយតែងបន់អោយបងស្មាយស្រលាញ់ខ្ញុំ ហើយធ្វើចរឹកដូចតួប្រុសក្នុងរឿងអញ្ចឹងដែរ ហិហិហិ ស្វីតៗអីអញ្ចឹងណា!
“នែ អេវីល! យើងថាឯងល្មមឈប់ស៊ែរ អាផុសស្វីតៗហ្នឹងអៃ! យើងថា បើសង្សារឯងវាចេះស្វីត ឬចង់ស្វីត វាធ្វើហើយ ឯងដែលលឺឃ្លាមួយគេនិយាយថា យើងមិនអាចកែប្រែបុរសដែលស្រលាញ់យើងបានទេ តែគេនឹងកែប្រែ ប្រសិនបើគេស្រលាញ់យើង” ឈីឈីនិយាយ ពេលឃើញ News Feed Facebook របស់ខ្លួន ពោរពេញដោយដ្រាម៉ារបស់អេវីល ស៊ែរបែបងាប់រស់
“អត់ទេ យើងជឿថា គាត់គ្រាន់តែមិនដឹងថា ធ្វើមុិចទើបស្វីតប៉ុណ្ណោះ អញ្ចឹងយើងស៊ែរទៅ លរតែគាត់ឃើញ គាត់រៀនតាមបាន”
“ហើយឯងប្រាកដចិត្តទេ ថាអាស្មាយឯងហ្នឹង មើលផុសរបស់ឯង?”
“យីស! ឯងនេះ! ចាក់រុកយើងណាស់!” អេវីលនិយាយបន្តើរ វាយឈីឈីបន្តើរ តាមចរឹកគួរអោយស្រលាញ់របស់ខ្លួន
“យើងបារម្ភទៅវិញទេ! នែស សុីបាយ!” និយាយបន្តើរ ឈីឈីទាញបាយប្រអប់ពីថង់មកបន្តើរ
“ហក៎ បាយឆាខ្ញី សំណប់ចិត្ត!”
“វ៉ោវវវវ! មានតែឯងទេ ដែលដឹងចិត្តយើងជាងគេលើផែនដីនេះ” ដៃអេវីលរៀបបើកប្រអប់បាយ ក៏ស្រាប់តែឈប់ហើយបន្ត
“ឈីឈី... ឯងកុំស្រលាញ់យើងណា!” អេវីលនិយាយ ហើយធ្វើកាយវិការភ័យ ដុតមិត្តខ្លួន
“ចាំយើងរំលងសពគូដណ្តឹងយើងសិន ចាំយើងស្រលាញ់ឯង!”
“ជីវិតឯងនេះ ដូចរឿងអញ្ចឹងហា៎! មានគូដណ្តឹងតាំងពីក្មេង រៀនចប់ក៏ការ អូហូ ដូចព្រះនាង!” អេវីលនិយាយធ្វើមុខស្រមើលស្រមៃ
“យើងឆ្ងល់ឯងណាស់ សង្សារក៏មាន ហើយមកនៅស្រមៃមានសង្សារ ដូចក្នុងសៀវភៅរឿងបានយ៉ាងមុិចនេះ!” ឈីឈីក្រវីក្បាលនឹងមិត្តខ្លួន
“ឯងមិនយល់ទេ! នែ! ល្ងាចយើងទៅមើលកុនហី? យើងចង់មើលរឿងខ្មោច!”
“តែឯងខ្លាចខ្មោច?”
“យើងមានឯង!”
“ហៅសង្សារឯងទៅៗ! យើងចង់ដេក...”
“ឆាតបបួលមុននេះហើយ... គាត់ថាគាត់រវល់ធ្វើការសាលាជាមួយមិត្តគាត់!” អេវីលតបទាំងមុខស្ងួត
“រវល់រហូតឆ្លៀតនាំឯងដើរលេងមិនបាន?”
“អើ បើគាត់រវល់!”
“គ្មានមនុស្សណារវល់ រហូតមិនអាចឆ្លៀតបានទេ” ឈីឈីនិយាយទាំងខឹង ព្រោះទ្រាំមិនបាន “កក់សំបុត្រទៅ យើងដេកតិចសិន!”
ហឹម ថាទៅ ឈីឈីក៏និយាយត្រូវ តែអាចប្រហែលជា ខ្ញុំទំនេរពេកទេដឹង ទើបមិនដឹងថា អារវល់មិនមានពេលតបឆាតឬដើរលេង វាមានលក្ខណះយ៉ាងមុិច។
ឈីឈីសម្លឹងមើលមនុស្សស្រីម្នាក់ ដែលកំពុងឈរទិញពោតលីងនិងកូកា ពេលខ្លះ នាងសែនឆ្ងល់ ព្រោះនាងតែងតែវិជ្ជមានគ្រប់រឿង បើទោះជាសង្សារខ្លួនលួចមានស្រីផ្សេងក្តី អើ ប្រហែលនាងមិនដឹងហ្នឹងហើយ ទើបបានជានាងនៅវិជ្ជមាន។
ពេលខ្លះនាងចង់ប្រាប់ទៅអេវីលណាស់ថា អាឆ្កួតហ្នឹងមិនសមនឹងនាង ព្រោះនាងគួរតែបានជួបបុរសល្អជាងនេះ តែនាងធ្វើមិនបាន ព្រោះនាងគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញ ម្យ៉ាងនាងគិតថា ព្រហ្មលិខិតប្រាកដជា ធ្វើអោយនាងបានឃើញផ្ទាល់ភ្នែក មិនចាំបាច់នរណាប្រាប់
“មកហើយនេស!”
ខ្ញុំយកកំប៉ុងកូកាពីនាង រួចយើងដើរចូលរោងកុន
“ហាមបិទភ្នែកដេក! ហាមលួចរត់ទៅបន្ទប់ទឹក! យើងប្រាប់អោយហើយ! ឯងចង់មើលខ្លួនឯងទេ...”ឈីឈីសម្លុតមិត្តខ្លួន ព្រោះដឹងចរឹក
៣០នាទីក្រោយ...
“ឈីឈី...” អេវីលហៅមិត្តខ្លួនខ្សឹបៗនៅក្នុងរោងកុន ព្រោះខ្លាចរំខានអ្នកអង្គុយនៅជិតនោះ
“ហឹម... អីគេ?”
“យើងទៅនោមសិន...”
“អើ...”
“ចំមែន! ថាហើយមិនគួរណាផឹកកូកាច្រើនចឹងសោះ សាុំណាស់! លើកក្រោយមកមើលកុន គួរតែស្លៀកខោទឹកនោមសិន ទើបបាន”
អេវីលរអ៊ូម្នាក់ឯងតាមផ្លូវទៅបន្ទប់ទឹក
“អេ អេ មើសបង! កុំចឹង!”
កាដុមឆែប! សម្លេងស្អីនេះ សុីតស៊តៗ ហ្នឹង!
សសៃឈាមនៃការចង់ដឹង នាំនាងអោយអោនមើល តាមប្រលោះទ្វារបន្ទប់ទឹកភ្លាម
“ហ៊ើយយយយយយ!”
នាងភ្ញាក់លឺសួរមួយទំហឹង នឹងអ្វីដែលនាងបានឃើញ។
ជើងប្រុសស្រីមួយគូ កំពុងតែប្រដាល់សេរី នៅបន្ទប់ទឹករោងកុនឬនេះ!?
អេវីលតាំងស្មារតីបាន បើកទ្វាររត់ចេញមកទៅហើយ នាងក៏ស្រាប់តែភាំងនឹងអ្នកដែលបើកទ្វារបន្ទប់ជាប់ហ្នឹងដែរ...
“បង?”
កំលោះក្រមុំ ដែលប្រដាល់សេរីមិនទាន់ចប់ នាំគ្នាដឹកដៃចេញលឿនស្លេវ ទុកអោយនារីដែលបានមើលគេប្រដាល់បែបហ្វ្រីៗ មិនអស់លុយ គាំងសសៃជើង កម្រើកលែងរួចទៅហើយ
នាងឈរគាំងបែបនេះ យូរប៉ុណ្ណាទៅហើយ សម្លេងទូរស័ព្ទលាន់លឺ រហូតអ្នកចូលបន្ទប់ទឹកផ្សេងៗ នាំគ្នាមើលមុខនាងរហង់ តែនាងក៏មិនបានខ្វល់ ព្រោះនាងកំពុងនៅចាប់ចុងប្រយ៉ុងដើម រឿងដែលបានកើតឡើង ដូចមីសុីលមុននេះ
ឈីឈី ដែលចេញមកពីរោងកុន កំពុងដើរតម្រង់ទៅបន្ទប់ទឹក ព្រោះតេទៅមិត្តខ្លួន តែមិនមានអ្នកណាលើកតប
ទិដ្ឋភាពដែលនាងបានឃើញពេលនេះគឺ នារីម្នាក់ឈរស្កឹង មិននិយាយអ្វី ដូចជាប់ជីបចរក្នុងរឿងចិន ទឹកភ្នែកហូរមកមិនឈប់
“នែ! ឯងកើតអី?” ឈីឈីរត់ទៅអោបមិត្តខ្លួនហើយសួរ
“នែ! ឯងលឺយើងសួរទេ កើតអី?”
“ហូ៎.....................” អេវីលស្រែកយំយកៗ បែបងាប់ឆ្កែងាប់ឆ្មា មិនខ្វល់ថា តើនរណានឹងភ័យនោម លែងចេញខ្លះ នាវេលានេះ
“សម្រេចថាឯងកើតអី?” ឈីឈីសម្រេចចិត្តសួរម្តងទៀត ពេលមកដល់ហាងតែបៃតង សំណប់ចិត្តរបស់អេវីល
“ឯងគិតថាយើងមិនល្អត្រង់ណា ឈីឈី?” អេវីលសួរបន្តើរ បឺតតែបៃតងបន្តើរ
“មុិចបានសួរអញ្ចឹង?”
“ឆ្លើយសិនមក”
“ស្មោះត្រង់ពេក”
“ស្មោះត្រង់ពេក ជាចំនុចអាក្រក់ដែរហរ?”
“សម្រេចថា ឯងប្រាប់យើងឬអត់ ដែលយំស្រែកអត់ខ្មាសគេនៀក វាមានរឿងអីកើតឡើង?”
“ហឹម... យើងឃើញបងស្មាយ កំពុងប្រយុទ្ធគ្នានៅបន្ទប់ទឹក”
“ហា!!!”
“ស៊ូតតត! តិចៗ ឯងស្រែកម្លឹងៗ គេដេញចេញឥឡូវអៃ! អេ... ឯងអូសយើងទៅណា”
“ទៅវាយវា...”
អេវីលចាប់អូសដៃឈីឈី អោយមកអង្គុយវិញ
“មិនអីទេ! ចាត់ទុកថា នេះជាការសាកល្បង របស់ទេវតាទៅចុះ”
ឈីឈីសម្លឹងមើលមុខនារីចំពោះមុខខ្លួន បែបពិចារណា លំបាកចិត្តជំនួសជាទីបំផុត បើទោះជានាងដឹងថា អាចោលម្សៀតសង្សារនាង មិនល្អ បោកនាងប្រើអោយជួយធ្វើការសាលា ក៏នាងមិនចង់ឃើញអេវីល ត្រូវមកជួបរឿងឈឺចាប់បែបនេះ
“ឯងច្បាស់ហើយថា អត់ទៅរករឿងវា? ចុះវាមានឆាតមកឬអត់?”
“អត់ទេ”
“ថាមែន! បើយើងមិនបានវាយបំបាក់ជើងវាទេ យើងប្តូរឈ្មោះអោយឯងមើល!”
“យើងប្លុកវាបាត់ហើយ” អេវីលនិយាយមុខស្ងួតដាក់មិត្តខ្លួន បែបមិនដឹងខ្យល់ដឹងល្ហើយអី
ឈីឈីមិននិយាយ បានត្រឹមលើកមេដៃដាក់អេវីល ព្រោះមិត្តនាងម្នាក់នេះ រឿងប្លុក រឿងUnfriend លឿនជាងស្អីទៀត។
Be patient, somebody will give you the world without you asking - Unknown
“អេវីល... នេះ២ខែជាងហើយ ឯងនៅស៊ែរផុសសេដៗ ដ្រាម៉ាដល់អង្កាល់ទៀតហា៎” ឈីឈីសួរទាំងទ្រាំមិនបាន
“ឈីឈី ពីម្សិលយើងអាន អត្ថបទខ្លីមួយ គេថា ប្រសិនបើយើងមិនចុះចាញ់នឹងក្តីសុបិន្តរបស់យើង យើងនឹងបានជួបមនុស្ស ដែលយើងតែងតែប្រាថ្នាចង់បានជាមិនខាន អញ្ចឹងហើយ យើងនៅតែមានសង្ឃឹមថា មិនថាទោះជាយ៉ាងណា យើងនឹងអាចរកទេវបុត្រជិះសេះសរបស់យើង បានជាមិនខាន!”
“យើងថា វីរបុរសជិះឆ្កែខ្មៅមិនថា!”
ទីង!
[ហ្គ្រេត - កើតថី?]
[អេវីល - កើតថីមិុច?]
[ហ្គ្រេត - ឃើញស៊ែរដ្រាម៉ាពេញហ្នឹង]
[អេវីល - ចាំចុចប្លុកចោលចឹង កុំអោយឃើញទៀត]
[ហ្គ្រេត - យី! ថាលេងសោះ ហើយកើតអី? សួរមែនទែន]
[អេវីល - អត់មានអីទេ]
[ហ្គ្រេត - អត់អី ស៊ែរប៉ុណ្ណឹង? ចុះទម្រាំអី?]
[អេវីល - យីស! ប្រាប់ថាអត់ហ្នឹងអាយ!]
[ហ្គ្រេត - បា៎! អត់អីក៏អត់អី...]
[អេវីល - អឹម]
[ហ្គ្រេត - ញាុំបាយនៅ?]
[អេវីល - រួចហើយ]
[ហ្គ្រេត - ល្អចឹង!]
[អេវីល - (Seen)]
*Offline*
“ពីណាគេ?”
“ពួកម៉ាកកុមារភាពហ្នឹងហា៎ វាឃើញយើងស៊ែរពេក វាឆ្ងល់ថាកើតអី”
“អឺ សមមុខ!”
But “just friends” don’t look at each other like that. And suddenly all the loves songs were about you
- Unknown
*ឆ្នាំ ២០១៩
“សម្រេចថា ចុង Semester នេះ អ្នកទាំងអស់គ្នាអាចរើសក្រុមខ្លួនឯងបានណា ដើម្បីសរសេរការពារបញ្ចប់ថ្នាក់” សម្លេងព្រះម៉ែគ្រូពោលរួច គាត់ក្រលាស់រំពាត់តូចឆ្មាគាត់ ដើរខ្វាច់ៗចេញទៅ
“ចា៎/បាទ៎”
“អាឡូបង! អូនចេញពីរៀនជាមួយឈីឈីហើយ!” ខ្ញុំលើកទូរស័ព្ទតេទៅ ស៊ៀរ ភ្លាមបន្ទាប់ពីឃើញ Missed call ច្រើនខុសធម្មតា
ខ្ញុំនឹងស៊ៀរទាក់ទងគ្នាបាន ៦ខែជាងហើយ គាត់មិនសូវបានមកជួបខ្ញុំទេ ដោយសារគាត់រៀនសាលាផ្សេង ម្យ៉ាងគាត់ក៏នៅតែឆាតលេងជាមួយខ្ញុំរហូត ឈីឈីប្រាប់ថា ខ្ញុំមិនគួរយកសង្សារទៀតទេ គួររៀនចប់ចាំយកប្តីតែម្តង តែខ្ញុំគិតថា មនុស្សយើងត្រូវការពេលវេលា ដើម្បីស្វែងយល់ពីគ្នា បើមិនអញ្ចឹង យើងមុិចនឹងដឹងពីចំនុច ដែលគួរកែប្រែរវាងគ្នានឹងគ្នាទៅ? ប្រសិនបើខ្ញុំនឹងគាត់អាចស្វែងយល់ពីគ្នាបាន ពីពេលនេះទៅ ពួកយើងអាចកាន់ដៃគ្នាបន្តដំណើរបានកាន់តែឆ្ងាយក៏ថាបាន
“អូន... បងមានរឿងប្រាប់” សម្លេងស៊ៀរថ្ងៃនេះ រាងរឹងប្លែកខុសធម្មតា ខ្ញុំមានប្រផ្នូលថា នឹងមានរឿងអ្វីមិនល្អកើតឡើងមិនខាន
“និយាយមក”
“បងចាំអូននៅ Brown Coffee ចុះ អូនមកតែឯងបានទេ?”
“អោវ ហេតុអី?” ខ្ញុំសួរព្រោះឆ្ងល់ តាមធម្មតា ខ្ញុំតែងតែទៅជាមួយឈីឈីស្រាប់បាត់ទៅហើយ
“កុំសួរបានទេ! បងមានអារម្មណ៍ថា អូនហើយមិត្តអូន ដូចសង្សារគ្នាមុិចមិនដឹងទេ! សម្រេចថាមកម្នាក់ឯងបានហើយ!”
ទឺត ទឺត ទឺត
“បង! ឈប់ៗ” ខ្ញុំខំប្រឹងនិយាយបន្ត តែស៊ៀរចុចបិទមុនទៅហើយ
“កើតអី?” ឈីឈីសួរពេលខ្ញុំដាក់ទូរស័ព្ទចុះ
“អឹម ថ្ងៃនេះស៊ៀរហៅយើងទៅជួបនៅ Brown”
“ហើយឯងធ្វើមុខដូចឈឺជុះធ្វើអី?”
“គេ...”
“ស្អី?” ឈីឈីសម្លុតព្រោះខ្ញុំរដាក់រដុប
“គេអោយយើងទៅម្នាក់ឯង”
“យើងចាំនៅថ្នាក់ ឯងជួបវារួច សឹមមក”
ឈីឈីនិយាយរួច អេវីលរត់ទៅបាត់ នាងសម្លឹងមើលអេវីលដែលរត់ចេញទៅ ទាំងចិត្តមិនស្រួល ព្រោះនាងមានអារម្មណ៍ថា ស្រីម្នាក់នេះនឹងមានរឿងមិនខាននៅថ្ងៃនេះ។ គិតរួច ឈីឈីក៏សម្រេចចិត្តដើរតាម អេវីលទៅហាងកាហ្វេ។
“បងធ្វើអោយនាងមានកូនហើយ... បងសុំទោស យើងបែកគ្នាទៅ!”
ឈីឈីរត់ទៅដល់ ទិដ្ឋភាពដែលនាងឃើញគឺ អេវីលឈរស្រក់ទឹកភ្នែកទៅហើយ ចំពោះប្រយោគដែល ប្រហារបេះដូងស្រីម្នាក់ ដែលតែងតែជឿហើយជឿទៀត ថានឹងមានស្នេហាពិតដូចរឿងប្រលោមលោក
-ផាច់!
“ជួយផង! គេវាយគ្នា!” សម្លេងភ្ញៀវក្នុងហាងចាប់ផ្តើមឡូឡា ស្រែករកអ្នកមកជួយបំបែក
“ឈីឈីឈប់!” អេវីលតាំងសតិបានតិចៗ ស្រែកប្រាប់ឈីឈីអោយឈប់
“ឈីឈី យើងប្រាប់ឯងអោយឈប់!” អេវីលចាប់ទាញមិត្តខ្លួនចេញ
“បានហើយឈីឈី ឈប់ទៅ”
នៅពេលឃាត់លែងស្តាប់ អេវីលបានត្រឹមឈរយំអង្វរឈីឈីអោយឈប់ ព្រោះនាងពិតជាគ្មានកម្លាំង អាចចាប់ទាញមិត្តនាងបានទៀតទេ
*ប៉ុស្តប៉ូលីស
“សម្រេចថាសម្រួលគ្នា ឬចង់ប្តឹងបន្ត?” ពូប៉ូលីសសួរ ពេលសរសេររបាយការណ៍
“បើខ្ញុំបង់លុយហើយ វាយវាបន្ត អោយដេកបន្តក់ទឹកបបរបានទេ?” ឈីឈីសួរ ព្រោះនាងពិតជាចង់វាយ អាម្សៀរសង្សាអេវីល អោយស្លាប់ពិតមែន
“សម្រួលគ្នាចុះ លោកប៉ូលីស” អេវីលនិយាយ បន្ទាប់ពីស្ងាត់អស់ជាយូរ
“អញ្ចឹងសុីញ៉េលើក្រដាសទៅ ដើម្បីបញ្ចប់” លោកប៉ូលីសទាញក្រដាសមុខខ្ញុំ ហើយហុចប៊ិកអោយ
“អេវីល... បងសុំទោសផង” ស៊ៀរនិយាយឡើងម្តងទៀត ពេលសុីញ៉េបញ្ចប់រួច
“អឹម... មិនអីទេ”
“តាមពិត បងចង់ប្រាប់អូនមុននេះដែរ តែបងអាណិតអូន... បងសុំទោស...” ស៊ៀរនិយាយបន្ត ពេលឃើញឈីឈីដើរចេញមុនទៅបាត់
ថារួច ស៊ៀរក៏ដើរចេញទៅដែរ...
“ឈប់សិន” ខ្ញុំសម្រេចចិត្តហៅគាត់ឈប់ “ស៊ៀរ... បងដឹងទេ ខ្ញុំអាចនឹងល្ងង់ដែលមិនដឹងថានរណាស្រលាញ់ខ្ញុំអស់ពីចិត្ត ព្រោះខ្ញុំរស់នៅក្នុងគ្រួសារដែលមានបងប្អូន ពូមីង ស្រលាញ់ខ្ញុំ តាមចិត្តខ្ញុំគ្រប់ពេល ខ្ញុំមើលពិភពលោកតាមរបៀបរបស់ខ្ញុំ ខ្ញុំធ្វើល្អគ្រាន់តែសង្ឃឹមថ្ងៃណាមួយ ខ្ញុំបានជួបមនុស្សប្រុសម្នាក់ដែលអាចស្រលាញ់ខ្ញុំ ដូចរឿងព្រេងនិទានដែលខ្ញុំធ្លាប់បានអាន... ប្រាប់បានទេថា អ្វីដែលខ្ញុំតែងតែសុំចង់បាន វាហួសហេតុណាស់ឬ?” ខ្ញុំនិយាយរួច ខ្ញុំដើរចេញពីត្រង់នោះទៅរកឈីឈី ដែលអង្គុយចាំខ្ញុំនៅបង់អង្គុយកៀនប៉ុស្ត៍ប៉ូលីស
នេះមិនមែនជាលើកទី១នៃការខូចចិត្ត តែខ្ញុំនៅតែមិនទាន់សម្របខ្លួនបាននឹងមេរោគនេះ
កុំអស់សង្ឃឹម ជួនកាលការសាកល្បងមិនទាន់បញ្ចប់ឡើយ
“ឈីឈី ឯងថាល្ងាចនេះ ខ្យល់អាកាសល្អខុសធម្មតាដែរទេ?” ខ្ញុំសួរពេលដាក់គូថអង្គុយជិតឈីឈី
“ល្អត្រង់យើងហើមមុខឬ?”
“ហាហាហា ឯងនេះ!” សើចរួចខ្ញូំក៏បន្ត “ឯងដឹងទេ កាលពីក្មេង យើងតែងតែចូលចិត្តមើលរឿងតុក្កតាព្រះនាង ហើយបន់ថា សង្ឃឹមថ្ងៃណាមួយ យើងនឹងបានជួបព្រះអង្គដូចក្នុងរឿងដែរ តែឯងដឹងទេ មិនថាយើងព្យាយាមប៉ុណ្ណា ក្តីស្រលាញ់ដែលយើងផ្តល់អោយទៅគេ គឺដូចជាគ្មានតម្លៃសូម្បីតែម្តង ឯងធ្លាប់សួរយើងថា កាលពីយើងបែកគ្នាជាមួយ ស្មាយ ហេតុអ្វីយើងមិនរត់តាម មិនអង្វរអោយគេនៅ តាមពិតយើងចង់ណាស់ តែយើងដឹងថា ប្រសិនបើថ្ងៃនោះ យើងអង្វរគាត់អោយនៅ ថ្ងៃក្រោយ យើងនៅតែអង្វរសុំក្តីស្រលាញ់ពីមនុស្សម្នាក់នោះដដែល យើងមិនដែលឃើញព្រះនាង នៅក្នុងសៀវភៅរឿងណាមួយ រត់ទៅអង្វរព្រះអង្គម្ចាស់ទេ”
“ហេតុអីឯងមិនចុះចាញ់?” ឈីឈីសម្លឹងភ្នែកខ្ញុំស្វែងរកចម្លើយ
“ចុះចាញ់រឿងអី?”
“រឿងទទួលយកស្នេហាបន្ត ទាំងដែលធ្លាប់ខូចចិត្តមក”
“ឯងធ្លាប់លឺ Hopeless Romantic ទេ?” ខ្ញុំតបរួចសម្លឹងមើលផ្កាយតូចៗនៅលើមេឃ
“អស់សង្ឃឹមលើស្នេហាឬ?”
“មិនមែនទេ Hopeless Romantic គឺជាមនុស្សដែល បើទោះជាខូចចិត្តមកប៉ុន្មានដង តែក៏នៅជឿថា នឹងមានស្នេហាពិត មានមនុស្សល្អដែលរង់ចាំនៅម្ខាងទៀតនៃផែនដី ហើយក៏នៅតែជឿថា ថ្ងៃណាមួយ គេនឹងមានស្នេហា ដូចក្នុងរឿងទេវកថាអីបែបហ្នឹង” ខ្ញុំឆ្លើយតប ហើយញញឹមដាក់កូនផ្កាយលើមេឃ
“មានន័យថា ឯងនឹងនៅតែរង់ចាំមនុស្សប្រុសម្នាក់ដែលល្អ មករកឯងអញ្ចឹងឬ?” ឈីឈីសម្លឹងមើលភ្នែករបស់អេវីល ជាមួយសំណួរលើសលុប ដែលមិនអាចហាមាត់សួរចេញបាន
“មិនដឹងទេ ពេលនេះ យើងកំពុងគិតថា តើទេវតាមានគំនុំជាមួយយើង ឬក៏យើងមានបាប ធ្លាប់ធ្វើបាបគេពីមុន ទើបបានជាពេលនេះយើងជួបរឿងបែបនេះ”
“ឯងគិតថា តួអង្គទេវបុត្រជិះសេះស ទាល់តែប្រុសឬ?”
“មានន័យថាមុិច?” ខ្ញុំងាកទៅសួរឈីឈី
“គឺថា ឯងគិតឬអត់ ពេលខ្លះអ្នកដែលអាចបំពេញក្តីស្រលាញ់ ឬតាមការពារឯងបាន អាចជាទេពធីតា ដូចជាយើងក៏ថាបាន” ឈីឈីនិយាយបន្តើរ គ្រលាស់សក់បណ្តើរ ធ្វើអោយយើងទាំង២ផ្ទុះសំណើច តំណាលគ្នា
“ហាហាហាហា”
សម្លេងសើចលាន់លឺ មុខប៉ុស្ត៍ប៉ូលីស ធ្វើអោយអ្នកយាមដែលកំពុងរលីវៗ ស្វាងចែស...