រឿង នេះជាអ្វីអោយប្រាកដ? (ភាគទី២)
Posted by Team GooShop on
ភាគទី២៖ ភ័ន្តច្រឡំ
អ្នកនិពន្ធ៖ ដំឡូង
រាត្រីស្ងាត់ទៅហើយ ក្នុងបន្ទប់មានភ្លើងអំពូលតូចផ្លុងៗ នារីសក់វែងស្អាតម្នាក់ មានស្នាមជាំនៅនឹងមុខ កំពុងអង្គុយសម្លឹងមើលនារីម្នាក់ទៀត ដែលកំពុងដេកលក់ស្ងប់ស្ងល់ ដាមទឹកភ្នែកជាប់ថ្ពាល់នៅឡើយ។
នាងអោនទៅថើបនារីដែលគេងលក់ តិចៗហាក់ដូចជា ខ្លាចនាងភ្ញាក់ពីដំណេក
“សាកស្រលាញ់ខ្ញុំបានទេ?”
នាងនិយាយខ្សឹបៗម្នាក់ឯង រួចទាញនារីដែលគេងលក់មកអោប ដូចដែលបានធ្វើរាល់ដង គ្រាន់តែលើកនេះ នាងមានអារម្មណ៍ថា នាងពិតជាចង់សារភាពប្រាប់អេវីលខ្លាំងណាស់ នាងមានអារម្មណ៍ថា នាងមិនអាចទ្រាំមើលអេវីល ស្រក់ទឹកភ្នែកម្តងជា២ដងបានទេ។
“ខ្ញុំស្រលាញ់ឯងមែនឬ?”
ខ្ញុំមិនដឹងថាអារម្មណ៍ពេលនេះ ខ្ញុំស្រលាញ់នារី ដែលកំពុងនៅក្នុងរង្វង់ដៃខ្ញុំឬយ៉ាងណា នាងស្មោះត្រង់ ត្រង់ពេករហូតភ្ញាក់ផ្អើល នាងពូកែរអ៊ូរឿងដែលបានកើតឡើង តែនៅពេលបាននរណាម្នាក់ស្តាប់នាង បែជាសុំទោសគេ ដែលត្រូវមកអង្គុយស្តាប់នាងរអ៊ូ។ បើខ្ញុំសារភាពប្រាប់នាង តើនាងនឹងខឹងទេ? តើមិត្តភាពយើងនឹងទៅជាយ៉ាងណា?
ទីង!
[ហ្គ្រេត - ចុម! មិុចមួយរយះនេះស្ងាត់ម្ល៉េះ?]
ខ្ញុំឃើញអេក្រក់ទូរស័ព្ទរបស់អេវីល បង្ហាញសាររបស់អ្នកណាម្នាក់ ដែលខ្ញុំស្គាល់ថាគេជានរណា
“អាម្សៀរនេះ មានបំណងអីអញ្ចេះ”
ខ្ញុំចុចបើកដើម្បីអានសារ ដោយសារតែនាងមិនដែលដាក់សោរ ការពារទូរស័ព្ទទេ ឃើញទេ ប្រាប់ហើយថា មនុស្សស្រីម្នាក់នេះ គ្មានអាថ៌កំបាំងទាល់តែសោះ!
[ហ្គ្រេត - នែ កើតអី? អត់តបអញ្ចឹង]
[ហ្គ្រេត - (Typing…)]
*Offline*
ខ្ញុំចុចបិទអ៊ីនធឺណិត ព្រោះទ្រាំនឹងអានឆាតលែងបាន
You can’t follow your heart when it is more confused than your head. - Unknown
“អេវីល យប់នេះ យើងទៅជប់លាងជុំគ្នាទេ?” ឈិន មិត្តរួមថ្នាក់ដើរមកសួរខ្ញុំ ព្រោះថ្ងៃនេះជាថ្ងៃចុងក្រោយ នៃជីវិតនិស្សិតយើងហើយ ទីបំផុត អ្វីដែលខំប្រឹងក៏បានទទួលផល ថាទៅ វាក៏មិនយូរមិនឆាប់
“ទៅដឹងតែទៅហើយ ហើយយើងទៅជប់លាងនៅឯងណា?”
“យើងទៅ Sky Bar ម្តុំមាត់ទន្លេ ចាំផ្ញើរទីតាំងតាមឆាតអោយណា” ឈិនចុចផ្ញើរទីតាំងមកខ្ញុំភ្លាម
“ជួបគ្នាល្ងាចនេះណា៎” មិត្តរួមថ្នាក់និយាយដាក់គ្នា មុនបំបែកទៅសម្រាកនៅផ្ទះសិន
“អេវីល... ឈប់សិន” ឈិនស្រែកហៅខ្ញុំ ពេលខ្ញុំចុះជណ្តើរមកដល់ជាន់ក្រោម
“ហឹម... មានការអី?”
“អឺ... ល្ងាចនេះ កុំភ្លេចមកណា ថែខ្លួនផង Bye!” ថារួច ឈិនក៏រត់ទៅបាត់ មិនអោយខ្ញុំបានសួរនាំទាន់សោះ
ខ្ញុំលើកទូរស័ព្ទឆាតទៅប្រាប់ឈីឈីសិន ថ្ងៃនេះ នាងទៅទទួលម៉ាក់នាងនៅប្រលានយន្តហោះ តាំងពីព្រលឹម មិនដឹងថាថ្មើរនេះ គាត់មកដល់ឬនៅ
[អេវីល - ម៉ាក់ឯង ចុះមកដល់នៅ?]
[ឈីឈី - ដល់ហើយ កំពុងនៅក្នុងឡាន ចេញហើយ?]
[អេវីល - ចេញហើយ ល្ងាចនេះ គ្នាយើងហៅជុំគ្នាជប់លាង ឯងបានទៅទេ?]
[ឈីឈី - ចាំមើលសិន]
[អេវីល - អូខេ បាយបាយ យើងទៅផ្ទះសិន]
*Offline*
“Cheerrrrr!!!” សម្លេងលើកកែវជល់គ្នា ដើម្បីអបអរ ត្រូវបានបន្លឺជាច្រើនលើកច្រើនសារ
“នេស តែក្រូចឆ្មា” ឈិនដើរមកជិតខ្ញុំ ហុចតែក្រូចឆ្មាមកជំនួស ដោយសារដឹងថា ខ្ញុំអត់ចេះញាុំស្រា
“អេវីល ខ្ញុំមានរឿងចង់ប្រាប់ យើងទៅនិយាយនៅខាងនោះបានទេ” ថារួចគេចង្អុលទៅរានហាល ផ្នែកម្ខាងទៀត
“មានការអី?” ខ្ញុំសួរពេលដើរដល់
“រៀនចប់ហើយ រកធ្វើការនៅណាបាននៅ?”
“អត់ទាន់ទេ ខ្ញុំចង់នៅមើលថា ខ្លួនឯងចង់ធ្វើអីសិន”
“ចាប់អារម្មណ៍ធ្វើការជាមួយខ្ញុំទេ?”
“អត់ទេ ធ្វើការជាមួយអ្នកស្គាល់គ្នា អត់រីកចម្រើនទេ ម្យ៉ាងបើឈ្លោះគ្នានៅកន្លែងធ្វើការ ពិបាកហើយ... ផ្នែកអីដែរ?”
“សង្សារខ្ញុំ”
“ហា???” ខ្ញុំភាំង ព្រោះសុខៗចេញមកបែបនេះ
“ធ្វើសង្សារខ្ញុំទៅ ការងារមិនច្រើនទេ ញាុំអី មើលកុន” គេនិយាយសើច ចេញថ្ពាល់ខួច ពុទ្ធោអើយ គួរអោយស្រលាញ់យ៉ាងហ្នឹង
“មិនបាន” សុខៗសម្លេងមនុស្សស្រីឆ្នាស់ៗដែលខ្ញុំធ្លាប់ស្គាល់ លេចចេញមក រួចនាងចាប់ទាញដៃខ្ញុំអោយដើរតាម
“ឈីឈី ឈប់! កុំអូស ឯងច្របាច់ដៃខ្ញុំឡើងឈឺហើយ”
ខ្ញុំក្រលាស់ដៃចេញពីការចាប់របស់ឈីឈីបាន
“ឯងកើតអី? ខ្ញុំសួរព្រោះសុខៗក៏ចេញមកកម្រោលបែបនេះ”
“មិត្តនាងស្រលាញ់នាង” ឈិនដើរមកនិយាយសម្លេងរឹងៗ ព្រមទាំងសម្លឹងមើលឈីឈីមិនដាក់ភ្នែក
“មានន័យថាមុិច?” ខ្ញុំងាកទៅសួរឈីឈី
“មែន ខ្ញុំស្រលាញ់ឯង ខ្ញុំហួងហែងឯង មិនចង់អោយឯងនៅស្និទ្ធស្នាលនឹងអ្នកដទៃ”
“ឈប់” ខ្ញុំស្រែកប្រាប់ឈីឈីអោយឈប់ រួចខ្ញុំក៏សម្រេចចិត្តរត់ចេញពីទីនោះ
Many fool hearts have broken because of such a fool sentence. – Unknown
សម្លេងភ្លេងការ បន្លឺតាំងពីម៉ោង៤ ខ្ញុំដែលកំពុងដេកលក់ស្កប់ស្កល់ឯនេះ ត្រូវងើបនឹងគេនឹងឯងដែរ
ខ្ញុំងើបមកងូតទឹកតែងខ្លួនមួយល្មមសម្រាប់កម្មវិធីពេលព្រឹក អង្គុយមើលគេតែងខ្លួនអោយកូនក្រមុំ
យើងប្រលងចប់ហើយ គូដណ្តឹងដែលចាំឈីឈីច្រើនឆ្នាំ ក៏ល្មមដល់ពេលឈប់ចាំដែរ ថ្ងៃនេះឈីឈី ស្អាតណាស់ ដូចព្រះនាងក្នុងរឿងនិទាន ដែលបានជួបព្រះអង្គម្ចាស់អញ្ចឹង
*៥ថ្ងៃមុន*
-ទីង! -
[ឈីឈី - កាត់រ៉ូបទុកផង]
[អេវីល - ???]
ឈីឈីចុចផ្ញើររូបថតធៀបការ បង្ហាញអោយឃើញឈ្មោះកូនក្រមុំកូនកំលោះយ៉ាងច្បាស់ ធ្វើអោយខ្ញុំញញឹមសប្បាយចិត្ត ព្រោះនៅទីបំផុត ការរង់ចាំច្រើនឆ្នាំរបស់គូដណ្តឹងនាងក៏មកដល់
[ឈីឈី - យើងដឹងថាឯងអាចនឹងមានអារម្មណ៍ថា ច្របូកច្របល់ តែយើងបានស្វែងរកចម្លើយសម្រាប់ខ្លួនឯងរួចហើយ នៅយប់នោះ ពេលយើងត្រលប់មកផ្ទះវិញ យើងបានតេទៅគូដណ្តឹងយើង ប្រាប់គាត់ពីរឿងរ៉ាវដែលបានកើតឡើង ទីបំផុតយើងក៏ដឹងថា អារម្មណ៍ដែលយើងមានចំពោះឯង ជាអារម្មណ៍ស្រលាញ់បែបមិត្តភ័ក្ត្រប៉ុណ្ណោះ ព្រោះយើងនៅជាមួយគ្នាយូរ ហើយយើងមិនចង់ឃើញឯងស្រក់ទឹកភ្នែកជាមួយមនុស្សប្រុសណាទៀត ទើបយើងគិតថា អារម្មណ៍នោះជាអារម្មណ៍ស្រលាញ់ ឯងឈប់ខឹងយើងណា?]
[អេវីល - យើងមិនដែលខឹងឯងទេ ជួបគ្នាឆាប់ៗនេះ យើងធ្វើការបន្តហើយ]
*Offline*
“បាទ!!! បន្តទៅនេះ គឺជាកម្មវិធីដែលក្រមុំៗកំលោះៗយើងរង់ចាំហើយបាទ... សូមភ្ញៀវកិត្តិយសដែលនៅលីវ សូមមកឈរនៅត្រង់នេះ ដើម្បីចាប់ផ្កាផ្សងស្នេហ៍ទាំងអស់គ្នាណា” ពិធីករចាប់ផ្តើមប្រកាស
“អាឡូៗ” សុខៗកូនក្រមុំក៏សុំមេក្រូយកទៅនិយាយ
“សុំទោសណា ផ្កាថ្ងៃនេះ ខ្ញុំសុំអោយទៅមនុស្សម្នាក់ហើយណា” និយាយចប់ នាងដើរមកកាន់ខ្ញុំ
“សម្រាប់ឯង... មនុស្សល្អរបស់ខ្ញុំ...យើងជូនពរសូមអោយឯងជួបតែមនុស្សល្អៗ បានប្តីអោយដូចមនុស្សប្រុសដែលឯងស្រមៃ ដូចជាគូអ៊ីងយ៉ាងរបស់ឯងអញ្ចឹងណា”
“អឺ...” ហាហាហាហា និយាយចប់ពួកយើងសើចដំណាលគ្នា
Cheer up, sweet, beautiful girl. You are going to be in love again and it will be magnificent. - Unknown
“លាបព័ណ៌អីដែរអូន?”
“ហឹម... ព័ណ៌ស្វាយស្អាតអត់?”
“ខូចចិត្តហេ?”
“អ្នកខូចចិត្តភាគច្រើនលាបក្រចកព័ណ៌ស្វាយហ៎?”
“បងហ្នឹងហើយ ហាហាហា”
“បងឯងស្អាតសឹងស្លាប់ទៅហើយ នៅចេះខូចចិត្តដែរ?”
“យី! អារឿងខូចចិត្ត មុខដូច ឆាងអ៊ឺ ក៏ខូចបានដែរ ព្រោះអាអ្នកមកបោក វាមានទៅគិតអី”
“បងឯងស្អាតអញ្ចឹង នៅខូចចិត្ត ទំរាំមុខដូចបង្គួយដូចខ្ញុំ ហាហាហាហា”
“ខូចចិត្ត ត្រូវធ្វើខ្លួនអោយស្អាត ជឿបងទៅ អារឿងស្នេហាស្នេហ៍ហឺតហ្នឹង គ្មានបានការទេ”
“អញ្ចឹងបងឯងរាល់ថ្ងៃនៅ Single ដែរ?”
“កូន៣ហើយ”
“ហា៎!!! ហួច (រួច-តែសរសេរជាភាសានិយាយ) អញ្ចឹងប្រាប់ខ្ញុំថា ស្នេហាអត់ប្រយោជន៍?”
“ចង់ស្តាប់រឿងល្អសើចទេ”
“ចង់”
“កាលពីបងនៅក្រមុំហា៎ បងមានសង្សារមិនស្អាតទេ ព្រោះបងគិតថា ប្រសិនបើបងយកសង្សារស្អាតមក បងពិបាកតាមដានវាណាស់ ម្ងៃៗបែបគ្មានបានធ្វើការងារអីទេ ព្រោះបែបនៅមើល តាមដើរគ្វៀលតែវាហ្នឹង តែវាមានទៅដូចការគិតអី វាក្បត់សាហាវជាង អាស្អាតៗទៀត វាទាក់ទងបង២ឆ្នាំ ថ្ងៃមួយវាបាត់ដំណឹងសូន្យឈឹង ហើយបងជាស្រីស្អាតក្នុងភូមិដែរ ក៏មិននឹកឆាត ឬតាមរកវា ស្រាប់តែ៣ថ្ងៃក្រោយ បងចាប់ផ្តើមឆ្ងល់ ក៏តេទៅវា ព្រោះបងខ្លាចវាស្លាប់បាត់”
“អាវ! បងឯងលេងដាក់ទំនាយចឹងម៉ង”
“ហឹម អូនអើយ”
“បើវាស្លាប់តែម្តង វាមានទៅអី ស្រាប់តែបងតេទៅ ក្រឺងៗ មានមនុស្សស្រីម្នាក់លើក”
“ស្រីគាត់ហ៎?”
“ស្រីល្បល់កាច់អី... ប្អូនថ្លៃ”
“ហាក៎”
“ស្រាប់តែលើកទៅ ម្នាក់ស្រីហ្នឹងថា អាឡូ បងថ្លៃខ្ញុំទៅទិញបបរអោយចែបាត់ហើយ”
និយាយចុះនិយាយឡើង ទើបបងដឹងអាម្សៀតហ្នឹង វាលួចទាក់ទងគេ មានកូនកើតបាត់ទៅហើយ
“បងឯនេះ បិទហាងភ្លាម ទៅតាមជេរវាដល់ពេទ្យបង្អែកខេត្ត ទាល់វាលុតជង្គង់សុំអង្វរបងហ្នរ”
“អូយ បងឯងកាចមិនណយដែរទេនៀក”
“បើអាសង្សារទី២ វិញគឺ មហាស្រួល! វាស្រលាញ់បងបាន ១អាទិត្យ វាហៅម៉ែវាមកចូលស្តីបងតែម្តង! តែចុងក្រោយ វាចោលម្សៀតជាងអាមុនទៀត”
“ហាក៎ ច្បាស់លាស់អញ្ចឹងហើយ នៅយកជាការអត់បានទៀតហរបង?”
“វាហៅម៉ែវាមកចូលស្តីបងមែន តែវាមានសង្សាររាប់ផ្លូន! ពេលវាត្រូវទៅដើរលេងជាមួយសង្សារវាអញ្ចឹង វាស្រែកប្រាប់បងថាមុិច ដឹងទេ?”
“អត់ដឹងទេ” ខ្ញុំគ្រវីក្បាល
“វាស្រែកប្រាប់បងថា ខ្មុំ (មុំ-តែហៅបែបដាច់សាច់) អញទៅដើរលេងជាមួយសង្សារហើយ”
“ហាហាហា!!!” ខ្ញុំទ្រាំមិនបាន សើចមិនក្រែងចិត្តគាត់ ដែលជាម្ចាស់រឿង “មែនក៏អីបង?”
“មែនណា៎”
“ចុះធ្វើមុិចទំរាំបងបានមកជួបប្តីបងសព្វថ្ងៃ?”
“ថ្ងៃមួយ បងទៅវត្តក្នុងគោលបំណងថា នឹងធ្វើបុណ្យ ព្រោះស្នេហាមិនសមប្រកប ចៃដន្យអាម៉ូតូហ្នឹង វាខូចផ្លូវចូលវត្ត ហើយស្រាប់តែប្តីបងហ្នឹង គេចុះពីឡានមកសួរ រួចក៏យើងចាប់ផ្តើមស្គាល់គ្នាទៅ”
“ចុះគាត់សុំស្រលាញ់បងដំបូង គាត់ថាមុិច?” ខ្ញុំសួរព្រោះចង់ដឹង
“គាត់ថា ប្រសិនបើបងជួបតែស្នេហា មិនសមប្រកបយ៉ាងហ្នឹងទៅហើយ សាកល្បងស្រលាញ់គាត់ម្នាក់ទៀតទៅ ឃើញគាត់និយាយលះល្អពេក បងព្រមតែម្តងទៅ មនុស្សល្អលើផែនដីនេះ មិនខ្វះទេ អោយតែយើងមិនចុះចាញ់ ជឿបងទៅ បែកបាក់ស្នេហា ពីណាធ្វើអោយខូចចិត្ត កុំទឹកភ្នែកទឹកសំបោរយំរួច ជូតទឹកភ្នែកអោយស្អាត ធ្វើខ្លួនអោយស្អាត ស្វែងរកស្នេហ៍ពិតបន្ត...”
Just because it’s taking time doesn’t mean it’s not happening. - Unknown
[ទីង-អបអរសាទរ]
[ទីង-Congratulations Oun]
[ទីង-ជូនពរសូមអោយជោគជ័យនៅក្នុងជីវិត អេវីល]
[ទីង-មិនទាន់បានយកផ្កាទៅផង]
[ទីង-Congratulations Babe]
[ទីង-Congratulations Sister]
[ទីង-Congratulations J]
[ទីង-Congratulations អេវីល]
[ទីង-idol ល្បីហើយ]
[ទីង-Big congratulations to you sister wishes you all the best]
[ទីង-Congratulations you on the run way]
[ទីង-Congratulations oun អេវីល]
[ទីង-Congratulations...]
សម្លេងលោត Notification ពី Facebook ថ្ងៃនេះ ធ្វើអោយខ្ញុំចុចបិទសម្លេងចោល ដោយសារវាលាន់ខ្លាំងពេក
ខ្ញុំអង្គុយតប Comments របស់អ្នកផ្ទះអបអរ ក្រោមរូបទទួលសញ្ញាប័ត្ររបស់ខ្ញុំ ទាំងអារម្មណ៍ធម្មតា ដោយសារឈីឈី មិនបានមកទទួលទាន់ពេល ដោយសារមួយអាទិត្យមុននឹងនាងមកខ្មែរវិញ នាងពិនិត្យឃើញមានជនជ្រៀតជ្រែកមក នៅក្នុងពោះនាងទៅហើយ ដូចនេះ ដើម្បីសុវត្ថិភាព នាងក៏មិនបានមកចូលរួម។
-ទីង! -
[ហ្គ្រេត - អត់ប្រាប់ កុំអីទិញផ្កាអោយបាត់]
[អេវីល - អត់ប្លុកចោល ទុកមុខអោយហើយ...]
[ហ្គ្រេត - ចុះបើអត់ដឹងមែន]
[អេវីល - ស៊ែរមុនមួយខែ ថាអត់ដឹង?]
[ហ្គ្រេត - ចាំជូនទៅញាុំអី អូខេ?]
[អេវីល - ទៅញាុំសាច់អាំង]
[ហ្គ្រេត - ចាំថ្ងៃសៅរ៍នេះ ជូនទៅ]
[អេវីល - អូខេ!]
*Offline*
It’s so cute when someone remembers small details about you. – Unknown
At 5:00 PM
-ទីង! –
[ហ្គ្រេត - ដល់ផ្ទះនៅ?]
At 12:00 PM
-ទីង!-
[ហ្គ្រេត - ញាុំបាយថ្ងៃ...]
-ទីង!-
[ហ្គ្រេត - ចាំជូនទៅញាុំ]
-ទីង!-
[ហ្គ្រេត - ចាំជូនទៅលេង]
-ទីង!-
[ហ្គ្រេត - រកឃើញហាងដែលចង់ទៅលើកមុនហើយ! ចាំជូនទៅ!]
-ទីង!-
[ហ្គ្រេត - ដល់ផ្ទះហើយ]
-ទីង!-
[ហ្គ្រេត - កុំនៅយូរពេកហា៎ ឆាប់ចូលដេក]
When you meet someone special, you’ll know your heart will beat more rapidly and you’ll smile for no reason. - Unknown
*Google search*
{How to know if someone likes you?}
{How to know if he likes you?}
{How to know if he has feelings for you?}
“ហឺយ!!! អេវីលអ៊ើយអេវីល!”
បន្ទាប់ពីអង្គុយមុខកំព្យូទ័រ search មួយព្រឹក ខ្ញុំឡើងចង់ឆ្កួតទៅហើយ សម្រេចថា វាស្រលាញ់យើង ឬក៏គ្រាន់តែយើងស្គាល់គ្នាយូរ ដូចនេះវាធ្វើល្អដាក់យើងបែបធម្មតា?
ខ្ញុំអង្គុយអូសមើលឆាត សាចុះសាឡើង ព្រោះមួយខែជាងនេះ យើងដើរលេងជាមួយគ្នាសឹងរាល់ថ្ងៃ អត់ទេ គឺរាល់ថ្ងៃតែម្តង ទៅញាុំអីរាល់ល្ងាចថ្ងៃសៅរ៍ ចង់ជូនខ្ញុំទៅគ្រប់កន្លែងដែលខ្ញុំចង់ទៅ បែបនេះ គេមានចិត្តលើខ្ញុំឬអត់? ចាំសឹងតែគ្រប់រឿងតូចៗដែលខ្ញុំធ្លាប់បានប្រាប់ទៀត! បើសួរត្រង់ ល្អឬអត់? តែខ្ញុំស្រលាញ់គេឬអត់ចុះ? ចុះបើនេះ មិនមែនក្តីស្រលាញ់ តែខ្ញុំគ្រាន់តែមានអារម្មណ៍រំភើបមួយពេល ព្រោះមិនដែលមានមនុស្សប្រុសល្អបែបនេះនៅក្នុងជីវិត? ចុះបើឧទាហរណ៍ ខ្ញុំសួរគេត្រង់ហើយ គេថាមិនបានស្រលាញ់ ខ្ញុំត្រូវធ្វើអីទៀត? ចុះបើគេថាស្រលាញ់ តែខ្ញុំបែរជាស្តាយក្រោយ ព្រោះខ្ញុំមិនបានស្រលាញ់ បែបស្នេហាប្រុសស្រី?
“ពុទ្ធោអ៊ើយ!!! ឈឺក្បាលខ្លាំងណាស់!”
បើសួរឈីឈី ច្បាស់ជាវាស្តីអោយមិនខាន ខ្ញុំនិយាយម្នាក់ឯងបន្តើរ អូសមើលឆាតចាស់ៗបណ្តើរ
[អេវីល - ឈីឈី យើងមានរឿងប្រាប់]
[ឈីឈី - ឯងមានកូន?]
[អេវីល - អាឆ្កួតនេះ! យើងមានរឿងត្រូវប្រាប់ ហើយពេលស្តាប់ហើយ ឯងហាមជេរយើង]
[អេវីល - (ខ្ញុំរៀបរាប់រឿងរ៉ាវ ទំនាក់ទំនងរវាងខ្ញុំនឹងហ្គ្រេត រហូតដល់ចប់អោយឈីឈីបានដឹង)]
[ឈីឈី - នេះឯងថ្លើមធំ ហ៊ានលាក់យើងយូរមកហើយ អញ្ចឹងផងហេ?]
[អេវីល - យើងមិនច្បាស់ក្នុងចិត្ត ទើបយើងសួរឯង]
[ឈីឈី - សួរត្រង់តែម្តងទៅ បើគេនិយាយថា ទេ ឯងក៏ឈប់តបឆាត រស់នៅម្នាក់ឯងបន្តទៅ តែអ្វីដែលយើងបារម្ភគឺ បើគេនិយាយថា គេស្រលាញ់ឯង តែឯងមិនច្បាស់ថា ស្រលាញ់គេឬអត់ផងហ្នឹង!]
[អេវីល - អឹម... អញ្ចឹងហើយទើបយើងពិបាកចិត្ត]
[ឈីឈី - នែ! កូនយើងយំហើយ បានហើយ ធំៗហើយ សួរត្រង់ទៅ ចាំទំនេរ យើងនិយាយគ្នាបន្ត]
*Offline*
Now that I’ve found you. I’m so scared to love you how I want to. – Unknown
“នៅចាំហេ កាលពីក្មេង យើងធ្វើការ៉េមជុំគ្នា” ហ្គ្រេតនិយាយបណ្តើរ ដួសការ៉េមចូលមាត់បណ្តើរ
“កើតអីថ្ងៃនេះ អត់និយាយអីអញ្ចឹង?” ហ្គ្រេតសួរ ព្រោះមិនឃើញខ្ញុំនិយាយថ្ងៃនេះ
“អត់អីទេ” ខ្ញុំតបទាំចិត្តចង់សួររាប់លានសំណួរ
ឡានឈប់នៅមាត់ផ្លូវចូលផ្ទះខ្ញុំទៅហើយ តែខ្ញុំនៅតែចង់សួរ តែមិនហ៊ាន... អេវីលអ៊ើយអេវីល...
“ដល់ហើយ...” ហ្គ្រេតងាកមើលមុខខ្ញុំឆ្ងល់ៗ
“ដែលធ្វើល្អដាក់ខ្ញុំកន្លងមកស្រលាញ់ខ្ញុំឬអត់? ដែលជូនខ្ញុំទៅគ្រប់កន្លែងខ្ញុំចង់ទៅ ជាការស្រលាញ់ឬគ្រាន់តែចិត្តល្អ? បើល្អដាក់ខ្ញុំអញ្ចឹង យើងធ្វើជាសង្សារគ្នាទេ?” ខ្ញុំសួរឡើងប្រាវៗ ព្រោះមិនចង់អោយ ចិត្តកាន់តែច្របូកច្របល់
ហ្គ្រេតមិននិយាយ បែរជាសើច រឹតតែធ្វើអោយខ្ញុំដឹងថា ខ្ញុំគិតខុសតែម្នាក់ឯង ខ្ញុំមិននិយាយ បើកទ្វារឡានចេញមក ដោយមិនបានលា ព្រោះមានអារម្មណ៍ថា ខ្មាសគេដែលគិតអីឆ្កួតៗតែឯង។
Part of me is afraid to get close to people because I’m afraid that they’re going to leave. – Unknown