រឿង នេះជាអ្វីអោយប្រាកដ? (ភាគបញ្ចប់)
Posted by Team GooShop on
ភាគទី៣៖ Never Give Up
អ្នកនិពន្ធ៖ ដំឡូង
*ហ្គ្រេតនិយាយ*
ខ្ញុំមើលនារីដែលតែងតែធ្វើអោយខ្ញុំសើចបានយ៉ាងងាយ រត់ចេញទៅ ព្រោះខ្ញុំកំសាក មិនហ៊ានឃាត់នាង ខ្ញុំខ្លាចថ្ងៃណាមួយ មិត្តភាពយើងនឹងផ្លាស់ប្តូរ លែងសប្បាយដូចពេលនេះ...
ប្រសិនបើថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃជីវិត តើយើងធ្វើអ្វីមុនគេ?
ខ្ញុំធ្លាប់បានចម្លើយពីសំណួរនេះដូចជា ជូនអ្នកមានគុណដើរលេង ទៅដើរលេង សារភាពស្នេហ៍ជាដើម...
តែអ្នកដឹងទេ រឿងមួយដែលជាការពិតគឺ អ្នកនឹងនៅតែមិនហ៊ានធ្វើរឿងទាំងនោះ បើទោះជា នេះជាថ្ងៃចុងក្រោយរបស់អ្នកក៏ដោយ មូលហេតុគឺ យើងមិនមានក្តីក្លាហានគ្រប់គ្រាន់ស្រាប់ ក្នុងការធ្វើវា
នេះជាករណីដែលអ្នកបានដឹងមុនថា អ្នកនឹងចាកចេញនៅប៉ុន្មានម៉ោង ប៉ុន្មាននាទីទៀត
ចុះប្រសិនបើអ្នកមិនដឹង? អ្នកនឹងនៅតែបន្តស្តាយក្រោយ ឬក៏អ្នកនឹងនៅតែគិតថា ការមិនធ្វើរឿងប្រថុយប្រថានទាំងនោះ ជាការសម្រេចចិត្តដ៏ល្អសម្រាប់អ្នក?
This love is a broken track.
*បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៦ព្រឹក*
“អេវីល ច្បាស់ហើយហេរថា មិនទៅវិញជាមួយពួកយើងថ្ងៃនេះ?” មិត្តរួមការងារ ស្រែកសួរពីបន្ទប់មួយទៀតមក
“អត់ទេ សុំដើរមើលកំលោះបាត់ដំបងមួយថ្ងៃសិន ក្រែងលោបានកូនប្រសារ ផ្ញើរម៉ែវិញ ហាហាហា”
“ច្បាស់ហើយហេរ?” មិត្តរួមការងារសួរបញ្ជាក់
“កុំបារម្ភបង! ខ្ញុំសុំនៅលេងមួយថ្ងៃទៀត ស្អែកព្រឹក សឹមខ្ញុំឡើងឡានក្រុងទៅវិញ ដោយខ្លួនឯង”
ខ្ញុំមកដល់បាត់ដំបងជាលើកទី២ យើងមកដល់ពីម្សិលមុិញ ក៏មិនបានឆ្លៀតពេលទៅណាទេ ទើបខ្ញុំសម្រេចចិត្តសុំច្បាប់មេ ដើម្បីនៅបន្តមួយថ្ងៃទៀត ដើម្បីបានដើរ ស្រូបខ្យល់អាកាស អោយណាណីម្តង។
“តាមចិត្តអញ្ចឹង! ពួកបងទៅវិញហើយ ឆាប់បានទៅធ្វើរបាយការណ៍អោយមេបន្ត...”
ខ្ញុំឈរលាបងៗមុខសណ្ឋាគារ រួចបន្តដំណើរថ្មើរជើង ទៅរកអាហារពេលព្រឹក ដែលជាទីពេញនិយម របស់ប្រជាជនខ្មែរកាត់ចិន គឺមីឬគុយទាវ ហើយច្បាស់ណាស់ថា មីគាវផ្ទះ៣ល្វែង ប្រចាំខេត្តបាត់ដំបង គឺល្បីខ្ទរខ្ទារផ្អៀងប្រទេសខ្មែរទៅហើយ អ្នកណាដែលមកបាត់ដំបងហើយ មិនបានមកសាកមីគាវនេះ គឺច្បាស់ជាអត់ន័យមិនខាន។
បាត់ដំបង ឋានសួគ៌លើដីរបស់កម្ពុជាច្បាស់ណាស់ ទឹកដីពោរពេញដោយរឿងរ៉ាវ ដាមដោយស្នាមសង្គ្រាម និងភាពរុងរឿងលាយបញ្ចូលគ្នា បន្ថែមដោយរឿងរ៉ាវស្នេហា របស់កំលោះក្រមុំមិនសមប្រកប ខាងស្រីរៀបការចោល បន្សល់កំលោះកំសត់ស្នេហ៍ រង់ចាំនៅក្រោមដើមដូងទី១០ ម្នាក់ឯង រហូតបានជាចម្រៀងច្រើនរសជាតិ សម្រាប់ទឹកដីចំណាស់មួយនេះ។ ដើរមិនបានប៉ុន្មាន ខ្ញុំក៏មកដល់ហាងមីគាវ៣ល្វែង ដែលប៉ង ហូបជាយូរមកហើយ។
“ហូបអីដែលបង?” ក្មេងស្រីមុខស្រស់ សម្បុលស្រអែម ដើរមកសួរខ្ញុំ
“យកមីគាវ ហើយតែក្រូចឆ្មា អោយខ្ញុំមួយ!”
មីគាវ សម្រស់ដូចស្រីក្រមុំ១៨ ល្អឆ្អិនឆ្អៅមួយចានធំ បានលើកមកដាក់លើតុចំពីមុខខ្ញុំ អមដោយសម្រស់តែក្រូចឆ្មា ធ្វើអោយខ្ញុំទាញទូរស័ព្ទ បង្ហោះអួតក្នុងប្រព័ន្ធបណ្តាញសង្គម ចែកញាតិមិត្តបងប្អូនភ្លាម។
អាចនិយាយបានថា បន្ទាប់ពីសង្គ្រាមរាុំរៃ ទឹកដីចំណាស់មួយនេះ អាចមានស្នាមនៃភាពជូរចត់ជាច្រើន សម្រាប់បងប្អូនកម្ពុជាយើង។ ហើយវាកាន់តែផ្ទុះខ្លាំង ពេលដែលលោកស្រី អេនជីលីណាចូលី បានមកថតកុនកាលពីប៉ុន្មានឆ្នាំមុនទៀត។
ខ្ញុំស្រលាញ់ទឹកដីចំនាស់នេះណាស់ មិនមានខេត្តណាធ្វើអោយខ្ញុំជាប់ចិត្តបាន ដូចខេត្តនេះទេ ស្រស់ស្អាត ទន់ភ្លន់ ដូចក្រមុំ១៨ អញ្ចឹង! ប្រជាជនដែលមានទឹកចិត្តល្អៗ បូករួមនឹងអាហារឆ្ងាញ់ គឺរឹតតែជាគ្រឿងបន្ថែមឱជារសនៃខេត្តនេះ។
ខ្ញុំពួយមីគាវមួយចានបឹប និងបិទគូថដោយតែក្រូចឆ្មាមួយកែវតូច។ មិនទាន់អស់ទេ ខ្ញុំនៅឆ្លៀតច្រក នំប៉ាវប្រចាំត្រកូលមួយទៀតផងដែរ រួចដើរតាមបណ្តោយដងស្ទឹងសង្កែ។ តែដើរពេលល្ងាចបែបនេះ មិនសូវជាស្រស់ស្អាតទាក់ចិត្តខ្ញុំប៉ុន្មានទេ ចាំមើលល្ងាចបន្តិច សឹមមកអង្គុយមើលព្រះអាទិត្យលេចនៅទីនេះម្តងទៀត!
ខ្ញុំមកឈប់អង្គុយនៅបង់ តាមបន្តោយដងស្ទឹង រួចបើកផែនទីមើល ព្រោះថ្ងៃនេះមានគម្រោងថា ទៅលេងភ្នំសំពៅ អោយបានម្តងទៀត រួចគម្រោងនឹងមកញាុំបាយនៅអាហារដ្ឋាន ថៃលី នៅជិតគល់ស្ពាន ហើយក៏ដើរលេងមើលគេមើលឯង រួចសឹមរសៀលបន្តិិច បើឃ្លាន ខ្ញុំនឹងទៅរកមីឆាកន្ទាំង ហើយបកមកអង្គុយនៅម្តុំមាត់ស្ទឹងវិញរហូតដល់ថ្ងៃជ្រេ ចាំទៅញាុំបាយល្ងាចនៅអាហារដ្ឋាន កុលាបស ដែលនៅទីនោះ អាហារល្បីជាងគេគឺ ទឹកខ្ទិះដូងក្រឡុក និងបញ្ចប់ដោយ ទៅផឹកស្រាក្រឡុកនៅ River Lounge នៅមាត់ស្ទឹងជិតសាលាខេត្ត។
If two people are meant to be together, eventually they’ll find their way back. – Unknown
*បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៩ព្រឹក*
*ហ្គ្រេតនិយាយ*
“ពុទ្ធោអើយ!!!” ខ្ញុំស្បថឡើង មិនខ្វល់ថា អ្នកនៅជិតខ្ញុំគិតយ៉ាងណា ចំពោះខ្ញុំទេនៅពេលនេះ
អ្នកកំលោះស្រែកស្បថរួច ងើបឡើងទាញសោឡាន
“ហាក៎! បងទៅណា?” ជំនួយការស្រែកសួរ ព្រោះថ្ងៃនេះមេដូចជា គ្មានព្រលឹងក្នុងខ្លួន
“ទៅលួងប្រពន្ធ” ថាចប់ អ្នកកំលោះយើងចេញទៅបាត់ ទុកអោយកូនចៅ ស្លឺរកនឹក មេការប្រពន្ធហើយតាំងពីពេលណា
*សុីត្រាវ Group Chat*
[រីកគី - ពួកឯងៗ វរហើយ មេមានប្រពន្ធតាំងពីអង្គាល់?]
[ឡៃ - ប្រពន្ធ?]
[រីកគី - អ៊ើរ គាត់ចេញទៅមុននេះ ថាទៅលួងប្រពន្ធ]
[អេម - បោក! គាត់មានការ ត្រូវទៅកន្លែងផ្សេងទេដឹង]
*10 people online*
[រីកគី - អត់ទេ! គាត់ប្រាប់យើងច្បាស់ណាស់មុននេះ]
[ឡៃ - គាត់មិនដែលនិយាយអីផង ឯងបោក!]
[រីកគី - បើមិនជឿ ឯងឆាតសួរគាត់ទៅ]
[អេម - (Add ហ្គ្រេត to the group chat)]
*ហ្គ្រេត seen*
*1 person online*
បុណ្យណូអែលឆ្នាំនេះ ធ្លាក់ខ្យល់ត្រជាក់ខុសធម្មតា មនុស្សម្នានាំគ្នាពាក់អាវវែងៗ ដើម្បីរក្សាកម្តៅក្នុងខ្លួន ប្លែកអីតែអ្នកកំលោះអង្គុយក្នុងឡាន រង់ចាំភ្លើងស្តុប ក្នុងចិត្តដូចកំពុងស្លរដែក ដៃកំពុងចុចមើលប្រូហ្វាល់របស់នរណាម្នាក់ ដើម្បីចង់ដឹងថា ម្ចាស់គណនីទៅដល់ណាហើយ។
ឱកាសប្រៀបដូចជាការ៉េម បើមិនញាុំវាអោយលឿនទេ វានឹងរលាយអស់
ចុះបើការ៉េមមកចំពេលដែលយើងឈឺ ញាុំវាមិនបាន? ហើយយើងយកវាទៅដាក់ក្នុងទូរទឹកកកសិន?
អ្នកដទៃដែលបើកឃើញការ៉េម គេនឹងយកទៅញាុំ...
*បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៤ល្ងាច*
ខ្ញុំដើរតាមផ្លូវ ឃើញហាងខ្លះគេដាក់តាំងតុក្កតា ដើម្បីប្រារព្ធពិធីបុណ្យណូអែលល្ងាចនេះ ខ្ញុំបណ្តែតខ្លួនមកដល់ហាងកាហ្វេតូចមួយ ដែលនៅម្ខាងផ្លូវនៃមាត់ស្ទឹង។
“សុំទឹកសូកូឡាក្តៅមួយ” ខ្ញុំឈរកុម្ម៉ង់ រួចក៏មកអង្គុយនៅកូនតុមុខហាង ដើម្បីបានមើលទេសភាព រួចក៏ឆ្លៀតបង្ហោះរូប ជាមួយកំណាព្យកាព្យឃ្លោង តាមទម្លាប់ មិនមាននរណាខ្វល់ស្រាប់ទៅហើយ តែក៏ចេះតែផុសៗទៅ កុំអោយ ហ្វេសប៊ុក អន់ចិត្តថាយើងបង្កើតគណនេយ្យលេង តែអត់លេង...
-ទីង-
[ឈីឈី - ដើរលេងម្នាក់ឯងអញ្ចឹងសប្បាយដែរ? ឆាប់ទៅដេកទៅ កុំដើរយប់ម្នាក់ឯង]
[អេវីល - នែ យើងជិត៣០អៃ ពីណាប៉ែតតី?]
[ឈីឈី - យើងខ្លាចអ្នកដំណើរ គេឃើញឯងដើរ គេស្មានតែខ្មោច រត់បាត់ទៅវិញទេ]
[អេវីល - អើ -.-]
[ឈីឈី - ឆាប់ទៅដេកវិញ លឺអត់?]
[អេវីល - ដឹងហើយ]
[ឈីឈី - យើងបិទហើយ ដល់ម៉ោងទៅយកកូនត្រេនចេញពីសាលា]
*Offline*
ខ្ញុំអូសមើលរូបក្មេងប្រុសសម្បុរស ភ្នែកមូលៗកាត់ទៅរកម្តាយវា ដែលឈរជិត Showman ទឹកមុខញញឹមគ្រប់ពេល។ តាំងពីឈីឈីទៅបាត់ ខ្ញុំត្រូវទម្លាប់រស់នៅម្នាក់ឯង ដំបូងៗខ្ញុំរៀងមិនសូវទម្លាប់ ព្រោះធ្លាប់តែមានអ្នកជូនទៅនេះទៅនោះ មានអ្នកនៅគេងអោប និយាយរឿងពិបាកចិត្ត ទំរាំតែរៀនទម្លាប់នឹងការផ្លាស់ប្តូរនេះបាន ក៏រៀងយូរគួរសម។ តែនេះក៏មិនលំបាក ដូចការដែលផ្លាស់ប្តូរទម្លាប់ថ្មីៗនេះដែរ... ខ្ញុំអូសមើលរូបកូនប្រុសឈីឈីម្នាក់ឯង មុខហាងកាហ្វេ រហូតមិនបានចាប់អារម្មណ៍ថា មានស្រមោលមនុស្សម្នាក់ មកឈរនៅពីមុខខ្ញូំតាំងពីពេលណា ...
ប្រសិនបើអ្នកមានឱកាសលើកទី២ សម្រាប់ធ្វើការសម្រេចចិត្ត តើអ្នកនឹងកែប្រែចម្លើយទេ?
No, they didn’t leave you because they didn’t love you. They left you because they didn’t love themselves enough to believe that they could be different.
*បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៤:៣០ល្ងាច*
“ឈិន?” ខ្ញុំភ្ញាក់ផ្អើលព្រោះសុខៗ គេក៏លេចមុខមកនៅចំពោះមុខខ្ញុំ “រកខ្ញុំឃើញយ៉ាងមុិច?”
ឈិនមិននិយាយលើកទូរស័ព្ទបង្ហាញរូប ដែលខ្ញុំបានបង្ហោះក្នុង Story ជាហូរហែ
“ហាហាហា នេះចង់ធ្វើជា paparazzi ឬយ៉ាងមុិចនេះ?” ខ្ញុំសួរបែបកំប្លែង បើទោះជាខ្ញុំដឹងថា ស្ថានភាពនេះមិនស្រួលក៏ដោយ
“អាចនិយាយគ្នាបន្តិចបានទេ?” គេងើបឡើងសួរខ្ញុំ បែបទឹកមុខស្ងួតចែស
“អឹម យើងដើរទៅស្ពានថ្មីទៅអញ្ចឹង” ខ្ញុំក៏បបួលឡើង
“ធ្វើសង្សារខ្ញុំបានទេ?”
ក្ឌាំង! ថាមែនៗ... ខ្ញុំថាហើយ ថាមិនស្រួល... វរហើយ ស្ថានការណ៍នេះ បើបដិសេដគេ គេអាចនឹងចាប់យើង បោះចូលស្ទឹងឬអត់ទេ អេវីលអើយ!
“អឺ... ខ្ញុំ...” ខ្ញុំចាប់ផ្តើមភ័យមែនទែនហើយ ព្រោះមិនដែលនឹកស្មានថា គេនៅតាមមកសារភាពស្នេហ៍រាប់គីឡូបែបនេះ
“សាកធ្វើសង្សារខ្ញុំសិនក៏បាន ខ្ញុំមិនបានបង្ខំ” ឈិននិយាយឡើង ពេលឃើញខ្ញុំអត់និយាយ
“ខ្ញុំពិបាកស្រលាញ់... ហើយ... ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចហើយ... សុំទោសផងណា៎” ខ្ញុំពិតជាមានមនុស្សដែលខ្ញុំស្រលាញ់មែន...
“ឈិន... ខ្ញុំសុំទោស”
“អឹម... មិនអីទេ អញ្ចឹងយើងដើរលេងជាមួយគ្នាបានទេ? បើជ្រុលជានាងបដិសេដខ្ញុំទៅហើយ ចាត់ទុកថា នេះជាកាដូចុងក្រោយ សម្រាប់ថ្ងៃបុណ្យណូអែលឆ្នាំនេះទៅចុះ មិនអញ្ចឹង?”
“អូខេ!” ខ្ញុំនិយាយយល់ព្រម ព្រោះមានអារម្មណ៍ថា ខុសតិចៗដែរ ដែលបដិសេដគេ
It’s too late…?
ប្រុសស្រីមួយគូ ឈរនិយាយគ្នានៅស្ពានសង្កែរ ទឹកមុខញញឹម ទើបខ្ញុំដឹងថា ខ្ញុំមកយឺតពេលទៅហើយ...
អ្នកកំលោះមុខមាំ អង្គុយក្នុងឡាន ភ្នែកសម្លឹងមើលម៉ោង ច្របូកច្របល់ក្នុងចិត្ត ដូចមានសំណួរក្នុងខួរក្បាល រាប់លានសំណួរ
*បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៤:៤០ល្ងាច*
“អេវីល!” សម្លេងស្រែករបស់អ្នកកំលោះក្នុងឡានអម្បាញ់មិញ លឺរហូតអ្នកលក់តាមបន្តោយមាត់ស្ទឹង នាំគ្នាក្រឡេកភ្នែកមើល ថាមានរឿងអ្វី...
“ហ្គ្រេត?!” អេវីលបើកភ្នែកធំៗ ព្រោះមិននឹកស្មានថា ប្រុសម្នាក់នេះ ឈរនៅទីនេះ ចំពោះមុខនាង
“អ្នកណាគេ?” ឈិនសួរឡើង ព្រោះសុខៗ ក៏មានមនុស្សប្រុសមកពីណាមិនដឹង ចេញមកឆ្កុយៗ
“ឈិន... ខ្ញុំសុំទោស... ខ្ញុំប្រហែលជាមិនអាចនៅដើរលេង ជាមួយលោកបានទេ... សុំទោសណា?” ខ្ញុំនិយាយឡើង ព្រោះក្នុងចិត្តច្បាស់ថា នឹងមានរឿងកើតឡើងបន្ទាប់ពីនេះមិនខាន
“ម្នាក់នេះឬ?” សុខៗឈិនក៏សួរឡើង ហើយសម្លឹងភ្នែកខ្ញុំ បែបចង់បានចម្លើយដែលគេចង់ដឹង ជាយូរមកហើយ
“អឹម...” ខ្ញុំនិយាយប៉ុណ្ណឹងរួច ឈិនក៏ញញឹម ហើយដើរចេញទៅ...
*បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៤:៥៥ល្ងាច*
“ផ្តល់ឱកាសខ្ញុំម្តងទៀតបានទេ ក្នុងការឆ្លើយសំណួរកាលពីលើកមុន?” ហ្គ្រេតសួរឡើង ពេលយើងមកឈរនៅក្បែរស្ពានថ្មី
“សោកស្តាយផង ខ្ញុំអត់ចូលចិត្តសួរសំណួរទៅនរណាពីរដង...” ខ្ញុំនិយាយឡើង ទាំងមាត់ក្បត់ចិត្ត
“យើងសាកល្បងស្រលាញ់គ្នាបានទេ?” ពេលនេះអ្នកដែលភាំងគឺខ្ញុំនេះហើយ នរណាទៅដឹងថា គេមកសួរសំណួរស្អីបែបនេះមុន
*បាត់ដំបង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ៥ល្ងាច*
“ច្បាស់ហើយហេរ ដែលចង់ធ្វើបែបនេះ?” ខ្ញុំសួរបកទៅវិញ ព្រោះខ្ញុំនៅខឹងចិត្តរឿងកាលពីលើកមុន ហ៊ានធ្វើរឹកដាក់ខ្ញុំផង!
អ្នកកំលោះរាងខ្ពស់ មុខមាំ ចិញ្ចើមជ្រួញចូលគ្នា សឹងក្លាយជាខ្សែ ខ្ជិបបបូរមាត់ មិននិយាយ ដូចជាកំពុងគិតថា គួរឆ្លើយបែបណា ចំពោះសំណួររបស់នារី នៅចំពោះមុខ
“ឆ្លើយ!” នារីម្ចាស់សំណួរប្រឹងសួរ មិនចុះចាញ់ ក្តាប់ដៃ រង់ចាំចម្លើយដោយទឹកមុខ អន្ទះសារ ប្រៀបដូចជារង់ចាំការប្រកាសលទ្ធផលប្រលងដូចច្នោះដែរ
“ច្បាស់...” អ្នកកំលោះយើង និយាយមួយម៉ាត់យ៉ាងខ្លី បូករួមនឹងទឹកមុខស្មើធេង
“ចុះបើថ្ងៃណាមួយ យើងឈ្លោះគ្នា? ចុះបើយើងបែកគ្នា? ចុះបើខ្ញុំពិតជាមិនច្បាស់មែនថា ខ្ញុំស្រលាញ់ឬអត់? វាអាចជាអារម្មណ៍ដែលខ្ញុំមានក្តីសុខ ដែលមានមនុស្សធ្វើល្អដាក់?” ខ្ញុំចាប់ផ្តើមសួរសំណួរ ដែលសូម្បីតែខ្ញុំក៏ពេលខ្លះ នៅមានអារម្មណ៍ច្របូលច្រលប់នៅឡើយ
ហ្គ្រេតមិននិយាយ គេដើរមកទាញដៃខ្ញុំដាក់លើទ្រូងឆ្វេងរបស់គេ។ សម្លេងបេះដូងហ្គ្រេតលោតញាប់ រហូតខ្ញុំអាចដឹងពីសន្ទុះនៃចង្វាក់បេះដូងរបស់គេ។
“ចាំបងជាអ្នកធ្វើអោយអូនដឹងថា នេះជាអារម្មណ៍ស្រលាញ់ឬអត់ ពេលនោះ បើទោះជាអូននៅតែគិតថា អារម្មណ៍ដែលអូនមាន មិនមែនស្នេហារវាងប្រុសនិងស្រី យើងអាចធ្វើជាមិត្តនឹងគ្នាបានដដែល យើងអាចទៅដើរលេង ទៅញាុំអី បងនឹងនៅតែជូនអូនទៅដូចដើម អូខេទេ?”
“ថ្ងៃនេះ ថ្ងៃបុណ្យណូអែល មានកាដូអោយខ្ញុំឬអត់? ជិះពីណាពីណីមកអញ្ចឹង?” ខ្ញុំថយក្រោយ សួរសំណួរចាកប្រធាន បែបភ្លៀវៗរហូតហ្គ្រេតធ្វើមុខឆ្ងល់
គេមិននិយាយ ព្រោះទំនងភាំងនឹងសំណួរខ្ញុំ
“ហុឺយ!!! ជិះរាប់គីឡូមកសុំស្រលាញ់គេហើយ អត់មានកាដូ អត់មានអីបញ្ចាំចិត្តគេសោះអញ្ចឹងនៀក” ខ្ញុំនិយាយសើច រឹតតែធ្វើអោយហ្គ្រេតជ្រួញចិញ្ចើម
ខ្ញុំរាវរកបូរចងសក់ក្នុងកាបូប រួចយកមកចងនៅដៃ។ ហ្គ្រេតសម្លឹងមើលខ្ញុំ ព្រោះមិនយល់...
ខ្ញុំចងបូរនោះនៅដៃរួច ក៏ហុចទៅមុខហ្គ្រេត ព្រមទាំងនិយាយទាំងសើចចេញធ្មេញ
“នេះកាដូបុណ្យណូអែល ស្រលាញ់ទេ?”
I always thought I was unlucky in the past. Now I guess I saved all my luck. So I could meet you. – Imsct_13
ហ្គ្រេតមិននិយាយ ក៏ដើរមកជិត រួចទាញខ្សែបូរនៅដៃ ហើយទាញខ្ញុំអោប និងនិយាយជិតត្រចៀកតិចៗ
“ស្រលាញ់!”
Thank you for making me feel things I thought I could never feel. – Unknown
កាដូបុណ្យណូអែលឆ្នាំនេះ ពួកយើងបានធំពេកទេដឹង! ^_^
ចប់...
ជូនចំពោះ បេះដូង ថ្លើម ប្រមាត់...
អរគុណដែលបានចូលមកក្នុងជីវិតខ្ញុំម្តងទៀត បន្ទាប់ពីបែកគ្នាជាយូរ
អរគុណដែលនៅទីនេះ ស្តាប់ខ្ញុំនិយាយគ្រប់រឿងរ៉ាវដែលបានកើតឡើង
អរគុណដែលនាំខ្ញុំទៅគ្រប់ទីកន្លែងដែលខ្ញុំចង់ទៅ
អ្នកមិនមែនជាមនុស្សដែលស្អាត ដូចតួប្រុសក្នុងរឿងរបស់ខ្ញុំ តែអ្នកជាមនុស្សដែលខ្ញុំតែងតែដើរស្វែងរកផ្អៀងផែនដីនេះ
ខ្ញុំសង្ឃឹមថា កាដូបុណ្យណូអែលមួយនេះ ធ្វើអោយអ្នកចងចាំរហូតដល់ទីបញ្ចប់នៃជីវិត
រឿងរ៉ាវរបស់ អេវីលនិងហ្គ្រេត នឹងបញ្ចប់ត្រង់នេះ...
ខ្ញុំសូមអរគុណមិត្តអ្នកអានរបស់ខ្ញុំ ដែលនៅចាំអានស្នាដៃខ្ញុំកន្លងមក បើទោះជាខ្ញុំសឹងនឹងបោះបង់ម្តងជាពីដងក្តី
ខ្ញុំមិនដែរភ្លេច មរកត និង ក្រុមគ្រួសារ GooShop ដែលតែងតែមានវត្តមានជួយសម្រួល ដើម្បីបានចេញជាសៀវភៅរឿងប្រលោមលោកខ្លីនេះមក អរគុណគ្រប់គ្នា
រីករាយពិធីបុណ្យណូអែល!
Merry Christmas, everyone <3
វាចារបស់អ្នកនិពន្ធ
អ្នកដឹងទេ អេវីលជាឈ្មោះដែលខ្ញុំស្រលាញ់បន្ទាប់ពីដំឡូង ហើយប្រាកដណាស់ រឿងរ៉ាវស្នេហារវាង អេវីលនិងហ្គ្រេត គឺជាស្នេហាបែបមិនគួរអោយជឿ ព្រោះតួប្រុសខ្ញុំម្នាក់នេះ មិនមែនសង្ហាបែបងាប់ឆ្កែងាប់ឆ្មា ដូចគូអ៊ីងយ៉ាងឡើយ តែអ្វីដែលខ្ញុំស្រលាញ់គឺ ភាពអត់ធ្មត់ ការតាំងចិត្ត និងភាពស្មោះត្រង់ ដែលខ្ញុំសឹងតែគិតថា ប៉ុន្មានចំណុចនេះ គឺខ្ញុំលែងរកបានពីមនុស្សប្រុសលើផែនដីនេះទៅហើយ...
ស្នេហាគឺធំធេង រហូតយកធ្វីមកវាស់មិនបាន មនុស្សស្រីដែលធ្លាប់បរាជ័យស្នេហា ច្រើនដងដូចជា អេវីល ប្រសិនបើនាងមិនមានក្តីសង្ឃឹមមុតមាំទេ នាងប្រាកដជាលះបង់ការតាំងចិត្ត ហើយរស់នៅម្នាក់ឯងជារៀងរហូតមិនខាន។
ប្រសិនបើថ្ងៃនេះ អ្នកស្រលាញ់នរណាម្នាក់ សូមទៅប្រាប់គេដោយផ្ទាល់ ព្រោះអ្នកអាចនឹងមិនមានឱកាសបែបនេះម្តងទៀត សម្រាប់ការសារភាព ឬក៏អ្នកនឹងអាច ទទួលយកចម្លើយដែលអ្នកនឹកស្មានមិនដល់ ពីបុគ្គលម្នាក់នោះផងក៏ថាបាន។
ការបរាជ័យលើស្នេហា មិនមែនជាការបញ្ចប់នៃទំព័រជីវិត ចួនកាល អ្នកអាចនឹងបិទទំព័រទី១នៃសៀវភៅ ហើយការចាប់ផ្តើមពិតប្រាកដអាចនឹងនៅទំព័រថ្មីក៏ថាបាន។