រឿង អតីតកាលរបស់ម៉ាក់
Posted by Team GooShop on
អ្នកនិពន្ធ៖ កូនឈើ
រក្សាសិទ្ធដោយ៖ ហ្គូសប
ភាគ១
ម៉ាក់…
មនុស្សទូទៅតែងទទួលបានភាពកក់ក្តៅពីពាក្យមួយនេះ តែលីនមិនដែលទទួលបានអារម្មណ៍បែបនេះទេ។
ថ្ងៃនេះជាថ្ងៃដែលសិស្សទូទាំងដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យវិជ្ជសាស្រ្តជាតិកម្ពុជា មកទទួលសញ្ញាបត្រដែលតំណាងឱ្យការបញ្ចប់ការសិក្សារយៈពេលបួនឆ្នាំពេញ។ លីនកំពុងឈរកណ្តាលសាលប្រជុំដ៏ធំមួយ ដែលពោរពេញដោយមនុស្សជាច្រើនកុះករ។ សម្លេងអបអរនិងសើចសប្បាយ លឺអឺងកងពេញសាលប្រជុំ។
មិត្តរបស់លីនមិនបាននៅជាមួយនាងទេ ព្រោះពេលនេះពួកគេកំពុងបំបែកគ្នា ទៅថតរូបជាមួយក្រុមគ្រួសាររៀងខ្លួនអស់ហើយ។ ឪពុកម្តាយអ្នកខ្លះញញឹមញញែមមិនបាត់ពីមុខទេ ពីព្រោះពួកគាត់មានមោទកភាពនឹងកូនគាត់មែនទែន ដែលអាចរៀនបានខ្ពង់ខ្ពស់ពីសាកលវិទ្យាល័យលំដាប់ប្រចាំក្រុងនេះ។
ក្រឡេកមកមើលលីនវិញដែលឈរនៅក្បែរជ្រកចូលនៃសាលប្រជុំ នាងឈរតែម្នាក់ឯង រង់ចាំមិត្តរួមថ្នាក់ទាំងឡាយរបស់នាង ដើម្បីពួកគេអាចថតរូបជុំគ្នា ក្នុងរ៉ូបពណ៌ខ្មៅជាមួយមួកទទួលសញ្ញាបត្រ ដែលបង្ហាញថាការតស៊ូរយៈពេល៤ឆ្នាំត្រូវបានបញ្ចប់ដោយជោគជ័យ។
លីនពុំមានក្រុមគ្រួសារមកអបអរសាទរចំពោះភាពជោគជ័យនេះជាមួយនាងឡើយ។ នាងឈរមើលសិស្សដទៃទទួលបានផ្កានិងស្នាមញញឹមដោយស្ងៀមស្ងាត់ម្នាក់ឯង តែនាងមិនបានអន់ចិត្តដែលខ្លួនមិនបានទទួលរបស់ទាំងអស់នេះឡើយ។
មនុស្សគ្រប់គ្នាមានរបស់ខ្លះ ហើយក៏អត់របស់ខ្លះ…
នេះជាឃ្លាដែលលីនតែងរំលឹកខ្លួនឯង ពីព្រោះនៅលើលោកនេះ គ្មានមនុស្សណាមានអ្វីគ្រប់បែបយ៉ាងសមប្រកបទាំងអស់នោះទេ។ នាងមិនមានក្រុមគ្រួសារដែលនៅជាមួយនាងនៅពេលនេះក៏ពិតមែន តែគ្រាមុននេះបន្តិច នាងទទួលបានស្នូរទះដៃពីមនុស្សទូទាំងសាលប្រជុំពីភាពជោគជ័យដ៏ឥតខ្ចោះរបស់នាង។
លីនឱនមុខចុះសម្លឹងមើលសញ្ញាបត្រដែលខ្លួនកំពុងឱបជាប់ខ្លួន កំឡុងពេលដែលមនុស្សកំពុងតែដើរឈូឆរជុំវិញនាង។ សញ្ញាបត្រនេះជាសញ្ញាបត្រសិស្សពូកែលំដាប់លេខមួយប្រចាំដេប៉ាតឺម៉ង់។ វាជាសញ្ញាបត្រដែលនាងខិតខំបានយ៉ាងល្អជាងសិស្សដទៃទៀត។ នាងចាប់ផ្តើមញញឹមឡើង ដោយមានមោទកភាពចំពោះការខិតខំរបស់ខ្លួន។
រំពេចនោះ លោកយាយចំណាស់ម្នាក់ ដើរមកជិតខ្ញុំហើយនិយាយថា៖
“អបអរសាទរចៅស្រី!” គាត់និយាយជាមួយស្នាមញញឹមស្រទន់។
“អបអរសាទរមិត្ត!!!” សុខាដើរចេញពីក្រោយខ្នងលោកយាយម្នាក់នោះ រួចនិយាយមកកាន់ខ្ញុំទាំងហក់កញ្ច្រោង ដោយភាពរីករាយជាមួយសមិទ្ធផលដែលខ្ញុំទទួលបាន។
“យើងថាហើយថាទៀត… ឯងប្រាកដជាធ្វើបាន!”
“អរគុណលោកយាយ! អរគុណណាឯង!” ខ្ញុំប្រញាប់អរគុណលោកយាយចំណាស់ម្នាក់នោះនិងសុខាដោយស្នាមញញឹមវិញ។
“លោកយាយ! ចៅសុំទៅថតរូបជុំគ្នាជាមួយមិត្តចៅហើយណា៎!” សុខានិយាយជាមួយលោកយាយគេ។
“អឺៗ អាចៅ!”
“តោះលីន!”
សុខាចាប់ទាញដៃខ្ញុំចេញពីសាល ដើម្បីដើរទៅរកមិត្តរួមថ្នាក់ទាំងអស់នៅឯទីធ្លាសួនច្បារនៃសាលា។ គ្រាដែលមិត្តរួមថ្នាក់ទាំងអស់ឃើញខ្ញុំនិងសុខារត់ទាំងប្រញាប់ប្រញាល់មកនោះ ពួកគេនាំគ្នារត់មកលោមព័ទ្ធខ្ញុំភ្លាម ខ្លះឱបកខ្ញុំផង ខ្លះទះស្មាខ្ញុំផង យ៉ាងសប្បាយរីករាយ ដើម្បីជាការអបអរចំពោះសញ្ញាបត្រសិស្សលំដាប់លេខ១ មានតែមួយគ្មានពីរ ដែលខ្ញុំទទួលបាន។
“លីន! មកឈរកណ្តាលពួកយើងមកអាងថតរូបជុំគ្នា! សិស្សពូកែត្រូវឈរកណ្តាលគេណា៎!”
“ត្រូវហើយៗ ពួកយើងមានមោទកភាពណាស់ដែលបានរៀនជាមួយសិស្សពូកែប្រចាំសាលា!”
មិត្តរួមថ្នាក់នាំគ្នាទាញខ្ញុំទៅឈរកណ្តាលពួកគេ។ ពេលដែលពួកយើងប្រុងប្រៀបរួច អ្នកថតរូបក៏ស្រែកឡើងថា៖
“១ ២ ៣… បោះមួក!”
ក្រឹប!
ភាគ២
បន្ទាប់ពីមកដល់ផ្ទះវិញ ខ្ញុំដើរទៅឯផ្ទះបាយ ក៏ឃើញម៉ាក់កំពុងធ្វើម្ហូបនៅទីនោះ។ បរិយាកាសក្នុងផ្ទះស្ងៀមស្ងាត់ល្អណាស់ ពីព្រោះផ្ទះនេះមានមនុស្សតែពីរនាក់ទេដែលរស់នៅជាប្រចាំ។
ផ្ទះមនុស្សទូទៅប្រហែលជាមានសម្លេងឈូឆរ រវាងបងប្អូនឈ្លោះគ្នា ឬឪពុកម្តាយប្រកែកគ្នា។ ពេលខ្លះទៀត ក៏មានសម្លេងសើចអឺងកង យ៉ាងសប្បាយរីករាយ។ តែក្នុងផ្ទះខ្ញុំវិញ ទិដ្ឋភាពទាំងនោះពិតជាកម្រនឹងកើតឡើងណាស់។ វាមានតែទូរទស្សន៍ដ៏ធំមួយដែលទុកចោលមិនដែលបើកមើល ហើយលឺសូរតែសម្លេងនាឡិកាតិកតុកៗតែប៉ុណ្ណឹង។
“ម៉ាក់!” ខ្ញុំស្រែកហៅម៉ាក់ពេលឈានជើងចូលផ្ទះបាយរួច។
“...” ម៉ាក់មិនបានឆ្លើយតបនឹងខ្ញុំទេ ហើយក៏មិនងាកមកស្វាគមន៍វត្តមានខ្ញុំដែរ។
“ម៉ាក់! ខ្ញុំទទួលបានសញ្ញាបត្រហើយថ្ងៃនេះ!” ខ្ញុំព្យាយាមនិយាយបន្ត។
“...” ម៉ាក់មិនឆ្លើយតបខ្ញុំដូចដើម។
“ខ្ញុំជាប់ជាសិស្សពូកែប្រចាំសាលាទៀតផង!” ខ្ញុំព្យាយាមនិយាយទៀត រំពឹងថាគាត់នឹងរីករាយជាមួយតំណឹងដែលខ្ញុំនាំមក។
“...” ម៉ាក់នៅតែមិនឆ្លើយ ហើយបន្តឆាសម្លក្រោកៗ។
ម៉ាក់ប្រហែលជាដាក់ចិត្តរួចហើយថាមិននិយាយជាមួយខ្ញុំទេថ្ងៃនេះ ដូចសព្វដងអញ្ចឹង។ ខ្ញុំសម្រេចចិត្តបែរក្រោយ ដើរចេញពីផ្ទះបាយ រួចដើរឡើងជណ្តើរទៅឯបន្ទប់របស់ខ្ញុំ។
បន្ទាប់ពីខ្ញុំដាក់សញ្ញាបត្រនៅលើទូពណ៌សដ៏កញ្ចាស់មួយក្នុងបន្ទប់ខ្ញុំរួច ខ្ញុំក៏ឈរឱបដៃសម្លឹងមើលសញ្ញាបត្រនោះតែម្នាក់ឯង។ ថ្ងៃនេះមានមនុស្សជាច្រើនបានអបអរខ្ញុំ។
ខ្ញុំគួរតែត្រេកអរមែនទេ?...
ខ្ញុំដើរមកត្រេតខ្លួនលើគ្រែ ហើយបិទភ្នែកសំងំគេងបន្តិច ពីព្រោះថ្ងៃនេះជួបមនុស្សច្រើន ពិតជាហត់ខ្លាំងណាស់។ រំពេចនោះ ទឹកភ្នែកខ្ញុំស្រាប់តែហូរចេញមកកាត់តាមសៀតផ្កា ទឹកភ្នែកដែលមិនដឹងហូរចេញមកពីការក្រហាយភ្នែកពេក ឬការហត់នឿយក្នុងការទប់ទឹកភ្នែកមិនឱ្យស្រក់ ពេលឃើញក្រុមគ្រួសារទាំងហ្វូងៗរបស់សិស្សដទៃមកអបអរពួកគេកាលពីព្រឹកមិញនេះ។ ខ្ញុំហត់នឹងព្យាយាមលួងលោមខ្លួនឯងថា វាមិនអីទេ...
ហេតុអ្វីខ្ញុំមិនមានក្រុមគ្រួសារដ៏កក់ក្តៅដូចគេ?
ហេតុអ្វីខ្ញុំត្រូវរឹងមាំតែម្នាក់ឯង?
ភាគ៣
“ហឺហឺ…”
សម្លេងយំរបស់នរណាម្នាក់ បន្លឺឡើងត្រហឹងពេញត្រចៀកខ្ញុំ។ ខ្ញុំងាកសម្លឹងជុំវិញខ្លួនក៏ប្រទះឃើញខ្នងមនុស្សស្រីម្នាក់ ដែលកំពុងអង្គុយនៅលើគ្រែតែម្នាក់ឯង នៅមិនឆ្ងាយប៉ុន្មានពីខ្ញុំ។ នាងយំលឺណាស់ ហាក់បីដូចជាឈឺចាប់ពីរឿងអ្វីម្យ៉ាងខ្លាំងមែនទែន។
រំពេចនោះខ្ញុំក៏ចាប់បានថា បន្ទប់នេះមានទូពណ៌សមួយដែលខ្ញុំចាំបានថា ខ្ញុំទើបតែដាក់សញ្ញាបត្ររបស់ខ្ញុំនៅលើនោះមុននេះបន្តិច។ តែអ្វីដែលចម្លែកគឺទូនោះពុំមានសញ្ញាបត្ររបស់ខ្ញុំនៅពីលើវាទេពេលនេះ។ អ្វីដែលកាន់តែចម្លែកទៀតនោះ គឺទូនោះមានសភាពថ្មីស្រឡាង ហើយពុំមានស្នាមពុកស្នាមប្រឡាក់អ្វីបន្តិចសោះឡើយ ដែលខុសពីទូដែលខ្ញុំឈរសម្លឹងអម្បាញ់មិញនេះ។
ទូថ្មីក៏ពិតមែន តែបន្ទប់ស្ថិតក្នុងបរិយាកាសដ៏សែនងងឹតអ៊ួលអាប់។ សម្លេងទឹកភ្លៀងនិងផ្គរលាន់ពីខាងក្រៅបង្អួត បូករួមជាមួយនឹងសម្លេងយំអណ្តឺតអណ្តករបស់នារីម្នាក់ដែលមិនព្រមឱ្យខ្ញុំឃើញមុខសោះនោះ ធ្វើឱ្យទិដ្ធភាពបន្ទប់នេះមានលក្ខណៈរន្ធត់ព្រឺព្រួចខុសពីធម្មតា។
ខ្ញុំសម្លឹងមើលនារីដែលពុំស្គាល់នោះពីក្រោយខ្នង ហើយក៏កើតចិត្តចង់ដឹងរឿងរ៉ាវដែលធ្វើឱ្យនាងយំខ្លាំងយ៉ាងនេះ។ គិតមកដល់ត្រឹមនេះទើបខ្ញុំដឹងថា ខ្ញុំពុំអាចដើរទៅរកនាងបាននោះទេ។
ខ្ញុំកំពុងតែទប់ខ្លួនឈរក្នុងអង្រឹងដែកមួយ ដែលយោលទៅមកៗ។ ក្រឡេកមកមើលដៃខ្លួនឯងដែលតោងអង្រឹងដែកនោះវិញ ខ្ញុំក៏ឃើញដៃខ្ញុំមានទំហំតូចៗ ជាមួយម្រាមខ្លីៗ ដូចទៅនឹងដៃទារក។ បេះដូងខ្ញុំចាប់ផ្តើមលោតដុកដាក់ៗ ហើយអារម្មណ៍ភ័យខ្លាចក៏សន្ធិតក្នុងខ្លួនខ្ញុំមួយរំពេច។
តើមានរឿងអ្វីកើតឡើង?
សុខៗទឹកភ្នែកក៏ចាប់ផ្តើមហូរមកកាត់ផ្ទៃថ្ពាល់តូចៗរបស់ខ្ញុំ ហើយខ្ញុំចាប់ផ្តើមស្រែកយំបែកសម្លេង ដោយសម្លឹងមើលដៃខ្លួនឯង។
នារីម្នាក់នោះលឺខ្ញុំយំដូចនេះ នាងក៏ស្ងាត់បាត់សម្លេងត្រហូរយំ រួចប្រញាប់ជូតទឹកភ្នែករបស់នាងចេញ ហើយក៏ស្ទុះដើរមកជិតអង្រឹងខ្ញុំ។ ភ្លាមនោះ នាងក៏លើកខ្ញុំឡើង បីបណ្តើរ ជូតទឹកភ្នែកឱ្យខ្ញុំបណ្តើរ។
“ដៃកូនកើតថី? ហ្វាំង ហ្វាំង!!!” នារីនោះនិយាយលួងលោមមកកាន់ខ្ញុំ ដែលស្ថិតក្នុងរង្វង់ដៃរបស់នាងយ៉ាងកក់ក្តៅ។
តាមរយៈការសង្កេតរបស់ខ្ញុំ នាងប្រហែលស្ថិតក្នុងវ័យម្ភៃក្រាស់។ សម្លេងរបស់នាងស្តាប់ទៅដូចជាប្រហែលៗទៅនឹងសម្លេងរបស់នរណាម្នាក់យ៉ាងម៉េចមិនដឹង។ ខ្ញុំនៅតែស្រែកយំលឺៗដូចកូនង៉ាដដែល ទោះបីខ្ញុំប្រាប់ខ្លួនឯងមិនឱ្យយំក៏ដោយ ក៏ទឹកភ្នែកនៅតែហូរមក ជាមួយសម្លេងស្រែកចង់បែកកន្លើត។
ង៉ា ង៉ា!!!
...
ភាគ៤
វឹង!
ពេលព្រលឹងលីនចូលខ្លួនវិញ នាងក៏បើកភ្នែកឡើងសន្សឹមៗ ដែលដក់ជាប់ដោយទឹកភ្នែកយំសោក រហូតដល់គេងលក់មុននេះ។ នាងងាកក្បាលយឺតៗទៅមើលទូពណ៌ស ដែលដាក់តាំងសញ្ញាបត្ររបស់នាងយ៉ាងហំហួន ជាមួយអារម្មណ៍ចម្លែកៗជាច្រើន។
លីនទាញខ្លួនរបស់នាងឱ្យងើបអង្គុយ រួចជូតទឹកភ្នែកចេញ ជាមួយដង្ហើមដង្ហក់តិចៗ។ នាងបិទភ្នែកគិតថា តើមានរឿងអ្វីកើតឡើង។
ហេតុអ្វីនារីក្នុងការយល់សប្តិនោះ ធ្វើឱ្យនាងមានអារម្មណ៍កក់ក្តៅឥតឧបមា នៅក្នុងរង្វង់ដៃរបស់នាង?
អាចទេ មុននេះបន្តិច នារីដែលយំនៅលើគ្រែនេះ ជាម្តាយរបស់នាង ហើយនាងប្រែជាក្មេងតូចដែលយំសម្បារនៅក្នុងអង្រឹងនោះ?
លីនប្រមូលសមាធិបន្តិច រួចនាងសម្រេចចិត្តថា នាងមិនគិតច្រើនពីសុបិន្តនោះទៀតឡើយ។ មិនយូរមិនឆាប់ទេ នាងនឹងភ្លេចសុបិន្តដ៏រន្ធត់ឡាយឡំនឹងភាពសោកសៅនោះហើយ។ នាងក៏ដើរញីភ្នែកចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន សឹមទៅទទួលអាហារថ្ងៃត្រង់ជាមួយម៉ាក់។
លីនមិនបានដឹងឡើយថា ការយល់សប្តិនេះមិនមែនត្រឹមតែជាសុបិន្តធម្មតានោះទេ។ វាជាប្រភពនៃចម្លើយទៅកាន់សំណួរក្នុងបេះដូងរបស់នាង។
ភាគ៥
ខ្ញុំដើរមកដល់ផ្ទះបាយ ក៏ឃើញម៉ាក់កំពុងញាំអាហារថ្ងៃត្រង់តែម្នាក់ឯង។ ខ្ញុំដើរយឺតៗទៅដួសបាយមកអង្គុយញាំជាមួយម៉ាក់យ៉ាងស្ងៀមស្ងាត់។
“ម៉ាក់” ខ្ញុំហៅម៉ាក់ឡើង។
“អឹម…” ម៉ាក់តបជាសម្លេងក្នុងបំពង់ក។
“ខ្ញុំនឹងទៅរៀនថ្នាក់បណ្ឌិតនៅស្រុកក្រៅដើមខែក្រោយនេះហើយ!”
“...” ម៉ាក់លែងតបខ្ញុំហើយបន្តញាំអាហារបែបធម្មតា។
“ម៉ាក់មិននិយាយអ្វីជាមួយខ្ញុំទេឬ?”
“ឱ្យយើងនិយាយអ្វីជាមួយកូនដែលទុកម្តាយចោល?” គាត់និយាយសម្លេងស្មើរយ៉ាងត្រជាក់ស្រឹម។
“ទោះបីខ្ញុំនៅទីនេះ ក៏ដូចជាមិននៅដែរ…”
“...” ម៉ាក់ដង្អក់សកម្មភាពបន្តិច មុននឹងធ្វើជាមិនខ្វល់ជាមួយខ្ញុំដដែល។
“ហេតុអ្វីម៉ាក់មិនខ្វល់ខ្វាយពីខ្ញុំ?” ខ្ញុំសួរទាំងទម្លាក់ទឹកមុខចុះ។
“ឯងឈប់និយាយរឿងឥតបានការនេះទៅ! បើយើងមិនខ្វល់ពីឯង យើងធ្វើម្ហូបឱ្យឯងញាំឬ?” គាត់និយាយលាយឡំជាមួយកំហឹងឡើងមក។
“...” ខ្ញុំមិនហ៊ានតបគាត់ទៀតឡើយ។
ខ្ញុំរៀនចំណាំតាំងពីតូចមកថា ពេលដែលម៉ាក់ខឹង ខ្ញុំត្រូវថយក្រោយមួយជំហាន ទោះបីជាចង់តទល់ជាមួយគាត់យ៉ាងណាក៏ដោយ ហើយខ្ញុំមិនត្រូវទាមទារអ្វីច្រើនពីគាត់ដូចកូនដទៃឡើយ។
ខ្ញុំខំប្រឹងញាត់បាយចូលមាត់ ទាំងស្លឹកត្រចៀកក្តៅងំ។ ខ្ញុំនៅក្មេងណាស់មែនទេដែលនៅទាមទារការថ្នាក់ថ្នមពីម្តាយ? តែទោះកាលពីខ្ញុំនៅក្មេងជាងនេះ ក៏ខ្ញុំត្រូវធ្វើខ្លួនដូចជាមនុស្សធំដែរ។
បន្ទាប់ពីបាត់មាត់ទាំងសងខាង អាហារថ្ងៃត្រង់ក៏បានបញ្ចប់ទៅដោយភាពស្ងប់ស្ងាត់ដូចសព្វមួយដង។
ភាគ៦
យប់ដ៏ស្រងោស្រងាត់ បាននាំយកនារីវ័យ២៣ឆ្នាំម្នាក់ ឱ្យត្រឡប់មកវ័យ២ខួបវិញ តាមរយៈការយល់សុបិន្តរបស់នាង។ ទោះបីជារូបរាងកាយនាងមានទំហំតូចក្រូចឆ្មាក្នុងសុបិន្តនេះក៏ដោយ តែការគិតរបស់នាងមិនក្មេងខ្ចីដូចកាយនោះទេ។
លីនដើរតេសតាស់ៗ ជាមួយតុក្កតាព្រះនាងនៅជាប់នឹងដៃ សំដៅទៅកាន់ម្តាយដែលកំពុងអង្គុយលើគ្រែ។ លីនដើរមកតោងភ្លៅម្តាយ តែម្តាយនាងមិនបានខ្វល់ពីនាងឡើយ។
អ្នកជាម្តាយហាក់បីគ្មានវិញ្ញាណក្នុងខ្លួន ហើយរំពេចនោះ លីនក៏ប្រទះឃើញទឹកភ្នែកមួយតំណក់ហូរស្រក់ចេញពីភ្នែកដែលនៅនឹងថ្កល់ កាត់ថ្ពាល់ដ៏សរលោងរបស់ម្តាយនាង។
“ម៉ាម៉ា!” នេះជាឃ្លាដែលលីនអាចនិយាយចេញមកបានទៅកាន់ម្តាយ តែក្នុងខួរក្បាលរបស់ក្មេងតូចនេះមានពាក្យជាច្រើនដែលចង់និយាយចេញមក តែពុំអាចនិយាយបាន។
ទោះបីនេះជាការត្រឡប់មកអតីតកាលក៏ពិតមែន តែការយល់សប្តិមួយនេះមិនបានអនុញ្ញាតឱ្យលីនគ្រប់គ្រងសកម្មភាពនិងពាក្យសម្តីរបស់នាងឡើយ។ អ្វីដែលកើតឡើងក្នុងអតីតកាលទៅហើយនោះ គឺនៅតែកើតឡើងដដែល។ លីនគ្មានសិទ្ធអាចផ្លាស់ប្តូរអ្វីឡើយ។
បន្តិចក្រោយមក នាងប្រទះឃើញអេក្រង់ទូរស័ព្ទដែលម្តាយនាងកាន់ជាប់នឹងដៃ វាកំពុងបង្ហាញរូបភាពអ្វីម៉្យាង។ ភ្នែកនាងហាក់ស្រពេចស្រពិល មើលមិនច្បាស់ថារូបអ្វីទេ តែបេះដូងរបស់លីនហាក់ប្រេះស្រាំនៅពេលឃើញម្តាយនាងស្រាប់តែបាត់ព្រលឹងពីខ្លួន បន្ទាប់ពីមើលរូបនោះរួច។
លីនបានត្រឹមឱបម្តាយថ្នមៗ ហើយម្តាយនោះក៏តបការឱបមកកូនរបស់ខ្លួនវិញ ដោយអារម្មណ៍ឈឺផ្សារ។ កូនតូចនេះ ជាក្តីសង្ឃឹមចុងក្រោយហើយសម្រាប់ម្តាយម្នាក់នេះ បើទោះបីពន្លឺនៃក្តីសង្ឃឹមទាំងឡាយ ហាក់រលត់បាត់អស់។
ភាគ៧
ពេលដែលភ្ញាក់ឡើងពីសុបិន្តដ៏ចម្លែកនេះ ខ្ញុំហាក់មានអារម្មណ៍អួលដើមកឡើងមក។ ខ្ញុំព្យាយាមចាំពីអ្វីដែលខ្ញុំយល់សុបិន្តឃើញអម្បាញ់មិញនេះ មុននឹងខ្ញុំភ្លេចវាបាត់។ សុបិន្តនោះហាក់ស្រពិចស្រពិលសម្រាប់ខ្ញុំយ៉ាងម៉េចមិនដឹង តែអារម្មណ៍អួលដើមកនៅមានជាប់បំពង់កខ្ញុំនៅឡើយ។ សំណួរដែលផុសឡើងក្នុងគំនិតខ្ញុំរហូតមកនោះគឺ…
តើម៉ាក់បានឆ្លងកាត់រឿងអ្វី នៅក្នុងសុបិន្តនោះ? តើវាអាចជារឿងពិតដែរទេ? តើរូបភាពក្នុងទូរស័ព្ទនោះជារូបអ្វីទៅ?
ដោយសារគ្មានចម្លើយណាអាចឆ្លើយមកកាន់ខ្ញុំបាន ពីព្រោះវាគ្រាន់តែជាការយល់សប្តិ ដូចនេះខ្ញុំក៏ឈប់ស្វែងរកចម្លើយនោះម្នាក់ឯងទៀត ហើយបានត្រឹមក្តោបបេះដូងខ្លួន ដែលហាក់បីចុកចាប់អំពីការយល់សប្តិនោះឥតឧបមា។
ពេលព្រឹកក៏ចូលមកដល់ នៅប្រហែលម៉ោង៧ព្រឹក ខ្ញុំដើរសំដៅទៅឯផ្ទះបាយ ដែលអាចលឺពីចម្ងាយនូវសម្លេងឆាក្រោកៗ និងក្លិនម្ហូបឈ្ងុយៗមកប៉ះច្រមុះរបស់ខ្ញុំ។
នេះម៉ាក់ធ្វើអាហារពេលព្រឹកឬ?
ម៉ាក់មិនដែលរៀបចំអាហារពេលព្រឹកសម្រាប់ពួកយើងពីមុនមកនោះទេ។ ឱ្យតែព្រឹកឡើង ខ្ញុំចេញពីផ្ទះម៉ោងប្រាំពីរ ម៉ាក់មិនទាន់ភ្ញាក់ពីដំណេកផង។
ខ្ញុំចូលទៅផ្ទះបាយ ហើយលបមើលម្ហូបដែលម៉ាក់ឆាពីក្រោយខ្នងគាត់។
“ឆាប់ទៅលាងសម្អាតខ្លួនទៅ!” ម៉ាក់និយាយមកកាន់ខ្ញុំបណ្តើរ ដៃឆាម្ហូបបណ្តើរ។
“ចាស!” ខ្ញុំតបរួចដើរលបៗចេញទៅវិញ។
១៥នាទីក្រោយមក ពួកយើងកំពុងញាំអាហារពេលព្រឹកជាមួយគ្នា។ ពេលកំពុងតែបរិភោគសុខៗ សំណួរមួយបានផុសឡើងក្នុងគំនិតខ្ញុំ ហើយខ្ញុំក៏សួរទៅកាន់ម៉ាក់។
“ម៉ាក់! ប៉ាគាត់ជាមនុស្សបែបណា?”
“...” ម៉ាក់ស្រាប់តែបញ្ឈប់សកម្មភាព ហើយងើបមុខមកមើលខ្ញុំយ៉ាងចម្លែកចិត្ត។
“អឹម… ខ្ញុំសុខៗក៏នឹកខ្ងល់ពីប៉ា ពីព្រោះខ្ញុំមិនដែលចងចាំអ្វីពីប៉ាបន្តិចនោះទេ”
“យើងភ្លេចគាត់ទៅហើយ…”
“អូ…”
“...” ម៉ាក់មិនតប ហើយបន្តការញាំអាហារពេលព្រឹក ដោយស្ងៀមស្ងាត់រវាងពួកយើងទាំងពីរនាក់។
ម៉ាក់មិនដែលនិយាយរឿងប៉ាមកកាន់ខ្ញុំម្តងណាឡើយ ទាំងរឿងល្អនិងអាក្រក់ ម៉ាក់ហាក់បំភ្លេចប៉ាចោលបាត់ទៅហើយ ឬមួយក៏គាត់មិនចង់រំលឹកក៏ថាបាន។ ខ្ញុំមិនដែលដឹងរឿងរ៉ាវរវាងពួកគាត់ទាំងពីរឡើយតាំងពីធំដឹងក្តីមក ខ្ញុំដឹងត្រឹមថា ខ្ញុំធំដឹងក្តីឡើងជាមួយម៉ាក់តែពីរនាក់ ហើយទំនាក់ទំនងរវាងម៉ាក់និងខ្ញុំប្រៀបដូចជាមានជញ្ជាំងដ៏ធំមួយនៅចំកណ្តាលអញ្ចឹង។
ពេលខ្លះខ្ញុំនឹកខឹងម៉ាក់ ហើយក៏នឹកខឹងប៉ាដែលខ្ញុំពុំស្គាល់សូម្បីតែស្រមោលរបស់គាត់ ខ្ញុំខឹងថាហេតុអ្វីបង្កើតខ្ញុំមក ទាំងដែលមិនខ្វល់ខ្វាយពីខ្ញុំដូចនេះ។
តែទោះបីគាត់មិនព្រមបើកចិត្តនិយាយរឿងរបស់គាត់ជាមួយប៉ាឱ្យខ្ញុំស្តាប់ក៏ដោយ ខ្ញុំរីករាយដែលម៉ាក់បានធ្វើអាហារពេលព្រឹកឱ្យខ្ញុំញាំនាព្រឹកនេះ។
ភាគ៨
ពេលយប់បានមកដល់…
ព្រលឹងរបស់នារីម្នាក់ត្រូវបាននាំទៅកាន់អតីតកាលជាថ្មីម្តងទៀត។ នាងត្រឡប់ទៅវ័យដែលនាងមានអាយុ២ខួប ដែលក្មេងអាយុប៉ុននេះ ពុំទាន់មានការចងចាំបានល្អឡើយ។ តែសម្រាប់ក្មេងតូចនេះ ព្រលឹងនារី២៣ឆ្នាំទៅវិញទេដែលមកសន្ធឹតនៅក្នុងវា។
លីនត្រូវបានម្តាយពរបណ្តើរ រត់បណ្តើរក្នុងស្ថានភាពប្រញាប់ប្រញាល់បំផុត។ នាងតូចមិនយល់ថាមានអ្វីកើតឡើងទេ បានត្រឹមអោបកម្តាយយ៉ាងជាប់។ លីនសម្លឹងក្រោយ ឆ្វេងស្តាំ រកមើលថាម្តាយនិងរូបខ្លួនកំពុងបម្លាស់ទីយ៉ាងរហិតរហៃនេះ ដោយសារមូលហេតុអ្វី។
លុះមកដល់ទ្វារបន្ទប់មួយ ម្តាយនាងក៏ឈប់នៅចំពោះទ្វារនោះ ហើយចាប់ប្រកាន់ដៃរៀបនឹងបើកទ្វារ។ អ្នកជាម្តាយរៀបនឹងមូលបើកទ្វារទៅហើយ តែគ្រានោះទ្វារក៏របើកមកដោយខ្លួនឯង បង្ហាញរូបរាងបុរសម្នាក់។
សុបិន្តនេះមិនបានបង្ហាញមុខរបស់បុរសម្នាក់នោះឡើយ វាហាក់បីស្រពិចស្រពិល ក្នុងក្រសែភ្នែករបស់លីនយ៉ាងម៉េចមិនដឹង។
រំពេចនោះ ទឹកភ្នែកអ្នកម្តាយក៏ហូរចុះមកដូចទឹកទន្លេ ពេលឃើញបុរសនោះលេចចេញពីក្នុងទ្វារបន្ទប់នោះ។ លីនភ័យតក់ស្លុតពេលលឺសម្លេងយំចេញពីម្តាយម្តងហើយម្តងទៀត។
នេះមានរឿងអ្វីកើតឡើងចំពោះនារីមានកូនថ្មីថ្មោងម្នាក់នេះឱ្យប្រាកដទៅ?
ពេលលីនឃើញម៉ាក់នាងយំបែបនេះ ក្នុងរូបរាងជាក្មេងតូច នាងក៏ចាប់ផ្តើមពេបមាត់ឡើង ចង់យំតាមអ្នកម្តាយខ្លួនដែរ។
រំពេចនោះ ទ្វារក៏បិទវិញដោយឯកឯងលឺសូរក្រឹប ហើយរូបរាងបុរសនោះក៏បាត់ទៅ អ្វីៗគ្រប់យ៉ាងប្រែជាងងឹតសូន្យឈឹង។
ភាគ៩
ក្រឹប…
ខ្ញុំបើកភ្នែកសន្សឹមៗសម្លឹងទៅពិដាន ហើយភ្លាមនោះខ្ញុំក៏ទទួលដឹងបានថា ទ្វារបន្ទប់ខ្ញុំមាននរណាម្នាក់បានរុញបិទ។ ទ្វារបើកតាំងពីពេលណាខ្ញុំមិនដឹងទេ ដឹងតែថា ទ្វារនោះបិទវិញដោយដៃអ្នកម្តាយខ្ញុំ ហើយពេលនេះគាត់កំពុងឈរឱបដៃមើលមកខ្ញុំ ដែលលង់លក់ក្នុងដំណេកយ៉ាងស្តូកស្តឹងអម្បាញ់មិញនេះ។
“យល់សប្តិឃើញអី បានជាអណ្តឺតអណ្តកយ៉ាងនេះ!” ម៉ាក់និយាយមកកាន់ខ្ញុំបែបសម្លេងស្មើរៗ។
“...” ខ្ញុំមិនបានតបគាត់ទេ ខ្ញុំបានត្រឹមស្ទុះងើបពីគ្រែឡើង ហើយជូតញើសដែលជាប់លើផ្ទៃមុខ។
“រៀបចំឥវ៉ាន់ទៅដើរលេងជាមួយម៉ាក់ថ្ងៃនេះ!” មិនឃើញខ្ញុំតបដូចនេះ គាត់ក៏បង្ហើយឃ្លាដែលគាត់ចង់មកប្រាប់ខ្ញុំ។
ដើរលេង? នេះខ្ញុំកំពុងយល់សប្តិដដែលឬមិនមែន?
“ទៅណាម៉ាក់?”
“ទៅសមុទ្រ! ដើរលេងជុំគ្នាមុនឯងទៅស្រុកក្រៅ!”
គាត់និយាយបណ្តើរ ទាញទ្វារបើកបណ្តើរ ហើយដើរចេញទៅបាត់។
មកដល់ត្រឹមនេះ ទើបខ្ញុំដឹងថា ហេតុអ្វីបានជាម៉ាក់ស្រាប់តែធ្វើអាហារពេលព្រឹកឱ្យខ្ញុំញាំនៅព្រឹកម្សិលមិញនេះ។ ពីមុនមក ទោះបីខ្ញុំត្រូវសុំលុយគាត់រាប់ម៉ឺនដើម្បីទិញអាហារញាំរាល់ព្រឹកនៅសាលារៀន ក៏គាត់ហ៊ានចំណាយដែរ។ នេះដោយសារតែអាទិត្យនេះគឺជាអាទិត្យចុងក្រោយហើយដែលខ្ញុំនៅទីនេះជាមួយគាត់។
មិនយូរទៀតទេ ខ្ញុំនឹងចាកចេញហើយ។ ហើយប៉ុន្មានថ្ងៃនេះ ខ្ញុំយល់សប្តិឃើញរឿងចម្លែកៗរហូត។ តើនេះជាសញ្ញាអ្វីឬ?
នឹកដល់ត្រឹមនេះ ខ្ញុំស្រាប់តែគិតដល់បុរសម្នាក់ដែលនៅក្នុងសុបិន្តខ្ញុំអម្បាញ់មិញ។ បុរសដែលខ្ញុំមិនស្គាល់មុខ ហើយធ្វើឱ្យម៉ាក់ខ្ញុំយំជាខ្លាំង។
តើគេអាចជានរណាទៅ?
ខ្ញុំហាក់ទទួលអារម្មណ៍ម្យ៉ាងដែលសង្ស័យពីបុរសម្នាក់នេះ។
សំណួរដែលគ្មានចម្លើយ ពីព្រោះរឿងរ៉ាវគ្រប់យ៉ាងស្ថិតនៅក្នុងសុបិន្តរបស់ខ្ញុំ គ្មាននរណាដឹងលឺក្រៅពីខ្ញុំឡើយ។ បើចង់សួរមនុស្សក្នុងសុបិន្តក៏សួរមិនបានទៀត។
ភាគ១០
នៅម៉ោងប្រហែល៨ព្រឹក ខ្ញុំបានលើកវ៉ាលីរបស់ខ្ញុំទៅដាក់ជិតគូទឡាន ហើយរង់ចាំម៉ាក់ដើរចេញមក។ ប្រហែល៥នាទីក្រោយមក ម៉ាក់ក៏ដើរមកពីក្រោយខ្ញុំ រួចគាត់ចុចប៉ូតុងបើកគូទឡានឱ្យខ្ញុំបញ្ចូលវ៉ាលី។
“លីន ឯងទៅបន្ទប់ម៉ាក់យកវ៉ាលីមកបន្តិច”
“???” ខ្ញុំធ្វើមុខឆ្ងល់ដាក់ម៉ាក់។
“ឆាប់ទៅយកមក!” គាត់តឿនម្តងទៀត។
“...” ខ្ញុំធ្វើមុខស្អុយដើរចូលផ្ទះវិញ។
ចេញដើរលេង ម្តេចក៏ភ្លេចវ៉ាលីទៅកើតអ្នកម្តាយ...
ខ្ញុំដើរចូលផ្ទះវិញ ហើយឡើងជណ្តើរទូងទូង។ បន្ទប់ម៉ាក់នៅឡៅតឿផ្នែកខាងមុខ រីឯបន្ទប់ខ្ញុំនៅផ្នែកខាងក្រោយ។ ពេលខ្ញុំទាញបើកទ្វារបន្ទប់ម៉ាក់ ខ្ញុំក៏រកនឹកថាតើខ្ញុំមានភ្លេចអ្វីដែរទេ ក្រែងអាចឈាងចូលយកបាន កាលបើបានឡើងមកហើយនោះ។
គ្រាន់តែរុញទ្វារបន្ទប់ម៉ាក់បើកភ្លាម ខ្ញុំក៏លែងគិតពីអ្វីផ្សេងទៀត ក្រៅពីខ្ញុំទទួលបានញាណមួយដែលរៀបនឹងធ្វើអ្វីដែលមិនគួរធ្វើ។
តើអាចទេដែលម៉ាក់នៅមានរូបថតប៉ានៅក្នុងបន្ទប់គាត់?
ខ្ញុំមិនដែលឃើញសភាពប៉ាពីមុនមកនោះទេ ហើយក៏មិនដែលមានគំនិតចង់ឃើញរូបគាត់អ្វីដែរ ពីព្រោះខ្ញុំគិតថា រឿងអតីតកាលជារឿងដែលកន្លងផុតទៅហើយ ម៉ាក់បាននាំខ្ញុំមកដល់ទីនេះ ខ្ញុំមិនគួររំលឹកពីអតីតកាលឡើយ។
ប៉ុន្តែប៉ុន្មានថ្ងៃនេះ ខ្ញុំស្រាប់តែចង់ដឹងលឺពីប៉ាច្រើនឡើង។ វាអាចប្រហែលមកពីខ្ញុំសុបិន្តឃើញរឿងប្លែកៗទាំងនោះហើយ។
ខ្ញុំដើរយឺតៗសំដៅទៅជិតតុក្បាលគ្រែម៉ាក់ ហើយទាញបើកថតតុទី១។ ក្នុងនោះមានសោរជាច្រើន ហើយមានថ្នាំនិងប្រេងកូឡា នៅរប៉ាត់រប៉ាយពេញនោះ។ ខ្ញុំទាញវាបិទវិញ ហើយសម្លឹងឆ្វេងស្តាំ ក្រែងមានអ្នកលួចមើល។ ខ្ញុំក៏លូកដៃបើកថតតុទី២ទៀត។ ខ្ញុំឃើញមានកូនសៀវភៅតូចៗជាច្រើន ខ្លះមានកត់លេខ ខ្លះកត់អក្សរ។ អារម្មណ៍ខុសឆ្គងក៏ចាប់ផ្តើមទ្រោបមកលើខ្ញុំ ធ្វើឱ្យខ្ញុំបិទទូនោះវិញ ទាំងបេះដូងលោតដុកដាក់ៗ។ ខ្ញុំបែរក្រោយដើរសំដៅទៅវ៉ាលីរបស់ម៉ាក់ ដែលដាក់នៅកៀនទ្វារចូលបន្ទប់ និងគិតរកបញ្ចប់អំពើរុះរើឥវ៉ាន់គេផ្តេសផ្តាស់នេះ។
តើខុសឬដែលគ្រាន់តែចង់ស្គាល់មុខឪពុករបស់ខ្លួន?
សំណួរនេះបានអណ្តែតក្នុងការគិតខ្ញុំ ដែលបញ្ជូនខ្ញុំមកកាន់តុក្បាលគ្រែរបស់ម៉ាក់វិញដដែល។ ខ្ញុំបើកថតតុទី៣ ដែលជាថតខាងក្រោមគេបំផុត។ គ្រានោះ សៀវភៅបួនប្រាំក្បាលក៏លេចឡើងមក។ ខ្ញុំបើកម្តងមួយៗយ៉ាងរហ័សដៃ។
រំពេចនោះដែរ ខ្ញុំប្រទះឃើញរូបថតមួយសន្លឹកដែលមានរូបបុរសម្នាក់នៅពីលើនោះ...
ភាគ១១
“ម៉ាម៉ា!”
“ចាសលីនកូនម្តាយ!”
លីនដើរតេសតាសទៅកាន់ម៉ាក់ ហើយម៉ាក់នាងក៏លាដៃចាំឱបទទួលកូនតូចរបស់ខ្លួន។ រំពេចនោះ លីនក៏ហោះឡើងដោយកម្លាំងអ្វីម្យ៉ាង ទាំងដែលដើរមិនទាន់ដល់ម្តាយខ្លួននៅឡើយ។
“អាហា៎! ចាប់បានស្រេច!” សម្លេងបុរសម្នាក់បានបន្លឺឡើង នៅក្បែរត្រចៀកលីន ដែលធ្វើឱ្យនាងតូចបែរទៅរកមួយរំពេច។
“ប៉ាប៉ា!”
លីនពោលពាក្យនេះឡើងមក នៅពេលដែលឃើញមុខបុរសម្នាក់ ដែលនាងចាំបានថា នាងទើបតែប្រទះឃើញលើរូបថតមួយសន្លឹកក្នុងថតតុក្បាលគ្រែរបស់ម្តាយនាង។
“មិនឱ្យទៅម៉ាមីទេ! នៅជាមួយប៉ាប៉ា!” អ្នកជាឪពុក ដែលពោរពេញដោយកម្លាំងស្វាហាប់ និយាយលេងសើចជាមួយកូនតូចនេះ ទាំងចាប់បីនាងឡើងផុតដី។
“កូនរត់មករកអូន! ឃើញទេ លីនស្រឡាញ់អូនជាង!” ម្តាយលីនឌឺដងស្វាមីខ្លួនជាមួយសំណើចយ៉ាងខខឹក។
“យើងលេងម្តងទៀត!” អ្នកជាឪពុកតបទាំងមិនអស់ចិត្ត។
រំពេចនោះលីនត្រូវបានដាក់ឱ្យឈរម្តងទៀត។ លីនសម្លឹងជុំវិញខ្លួន ក៏ឃើញម៉ាក់និងប៉ានៅម្ខាងម្នាក់នៃខ្លួន។ លីនមិនបង្អង់យូរទេ ក៏បែរដើរសំដៅទៅរកម្តាយនាងម្តងទៀត។
“មិនសុខចិត្តទេ! បង្កើតកូនជាមួយគ្នា កូនទៅរកតែម៉ែវា!” ឪពុកលេងខូច កន្ត្រុបចាប់បីកូនឡើងម្តងទៀត កាលដែលនាងតូចដើរមិនទាន់ដល់គោលដៅនៅឡើយ។ គាត់ខ្នក់ខ្នាញ់នឹងកូនតូចដ៏គួរឱ្យស្រឡាញ់នេះណាស់ ដែលមិនព្រមដើរមករកឪពុកសោះ។
“បងលេងខូចណាស់!”
“តោះ មកជាមួយប៉ាប៉ា មិនឱ្យទៅរកម៉ាក់វាទេ!”
“ខឹកខឹកៗៗ”
សម្លេងសើចសប្បាយក៏បន្លឺឡើង យ៉ាងត្រហឹងពេញត្រចៀកកូនតូចនោះ។
ភាគ១២
វ៉ូៗ!
ខ្ញុំបើកភ្នែកឡើង ភ្ញាក់ពីដំណេក ហើយសម្លេងសើចក្អាកក្អាយក៏រសាត់បាត់ទៅ។ ពេលនេះ ខ្ញុំកំពុងនៅក្នុងឡាន ដែលបើកយ៉ាងលឿនស្លេវ ប៉ះទង្គិចនឹងខ្យល់លឺសូរវ៉ូៗពេញត្រចៀក នៅលើដងផ្លូវមួយនៃក្រុងកែប។
ខ្ញុំមិនដឹងជាគេងលក់តាំងពីថ្មើរណាទេនៅកៅអីអ្នកដំណើរ ហើយខ្ញុំងាកទៅសម្លឹងម៉ាក់ដែលកំពុងបើកឡាន។ ម៉ាក់រៀបនឹងឈោងដៃយកកែវកាហ្វេនៅក្នុងទម្រភេសជ្ជៈមកផឹក ខ្ញុំក៏យកកែវកាហ្វេនោះលើកឡើង ហើយដាក់ជិតមាត់គាត់ ដើម្បីកុំឱ្យគាត់ប្រលែងដៃពេលកំពុងបើកឡាន។
ម៉ាក់ស្រាប់តែវាសភ្នែក សម្លឹងមុខខ្ញុំបន្តិចមុននឹងសម្លឹងមើលផ្លូវវិញ ហើយអោនមុខបឺតទុយោ។ ម៉ាក់ប្រហែលចម្លែកចិត្តដែលឃើញខ្ញុំចេះយកអាសាគាត់អីបែបនេះ ពីព្រោះខ្ញុំមិនដែលនឹកធ្វើរឿងស្វីតៗអីបែបនេះជាមួយគាត់នោះទេ។
ត្រូវហើយ…
ថ្មីៗនេះ ពួកយើងទាំងពីរធ្វើអ្វីប្លែកៗ ដែលយើងមិនដែលធ្វើចំពោះគ្នាពីមុនមក។ ពេលវេលាដែលពួកយើងនឹងបែកគ្នា ក៏កាន់តែចូលកៀកមកដល់។
ខ្ញុំសម្លឹងមើលមុខម៉ាក់ជារឿយៗ ពេលគាត់កំពុងបើកឡាន។ អ្វីដែលខ្ញុំឃើញពេលនេះ មិនមែនជាអ្នកម្តាយដែលគំរួសគំរើយជាមួយកូនរបស់គាត់ទៀតទេ។
ខ្ញុំឃើញនារីម្នាក់ដែលរឹងមាំ!
អ្វីដែលខ្ញុំមិនដែលទទួលស្គាល់ពីមុនមកនោះគឺ ម៉ាក់បានឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយ ដែលអាចនាំគាត់ឱ្យមកដល់ត្រង់ចំណុចនេះបាន ទាំងរឿងល្អនិងអាក្រក់ដែលខ្ញុំមិនបានដឹង និងមិនបានឆ្លងកាត់ជាមួយគាត់ ហើយមិនអាចយល់ពីអារម្មណ៍គាត់បាន។
ឡានកំពុងបើកសន្សឹមៗចូលទៅជិតតំបន់សមុទ្រមួយដែលនឹងផ្តល់ពេលវេលាល្អៗជាច្រើនសម្រាប់យើងទាំងពីរនាក់ មុនពេលដែលខ្ញុំត្រូវឃ្លាតឆ្ងាយពីម៉ាក់។
ភាគ១៣
ពួកយើងកំពុងញាំអាហារពេលល្ងាចនៅលើឆ្នេរមាត់សមុទ្រកំឡុងពេលថ្ងៃកំពុងរៀបលិច។ ទីតាំងនេះស្ងប់ស្ងាត់ល្អណាស់ មានអមដោយសម្លេងទឹកសមុទ្របោកបក់លើឆ្នេរ និងតន្ត្រីដែលគេប្រគុំជាក្រុម ដែលលឺសូររង៉ូវៗក្នុងត្រចៀក។
ម៉ាក់បានរៀបចំដំណើរកំសាន្តនេះបានយ៉ាងល្អ។ ខ្ញុំរំភើបណាស់ដែលបានមកលម្ហើយកាយនៅមាត់សមុទ្រដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា មុនពេលដែលចាកចេញទៅស្រុកគេ។
ម៉ាក់មិននិយាយអ្វីដូចរាល់ដង។ តែខ្ញុំក៏នឹកឃើញសួរគាត់សំណួរប្លែកៗទៀត។
“ម៉ាក់ដែលសរសេរកំណត់ហេតុទេ?”
“យ៉ាងម៉េច? ឯងចង់អានឬ?”
“ខ្ញុំគ្រាន់គិតថា បើម៉ាក់ធ្លាប់សរសេរសៀវភៅកំណត់ហេតុពីមុនមក ម៉ាក់អាចនឹងរំលឹកពីអតីតកាលវិញបានណា៎!”
“យើងព្យាយាមបំភ្លេចអតីតកាលចោលអស់ហើយ ហេតុអ្វីយើងទៅសរសេរវាទុក ហើយយកមកអានធ្វើអី?”
“...” ខ្ញុំស្ងាត់មាត់ ព្រោះខ្ញុំចាប់ផ្តើមមានអារម្មណ៍អាណិតម៉ាក់ខ្ញុំឡើងមក។
នេះគាត់ឆ្លងកាត់រឿងអ្វីខ្លះទៅ រហូតដល់គាត់ព្យាយាមបំភ្លេចរឿងទាំងនោះចោល មិនអាល័យសោះអញ្ចឹង?
ប្រហែលជាគាត់ឈឺចាប់ណាស់ហើយ...
ពួកយើងញាំអាហារពេលល្ងាចដោយស្ងៀមស្ងាត់ តែក្នុងខួរក្បាលខ្ញុំមិនស្ងៀមស្ងាត់ឡើយ។ ខ្ញុំគិតពីរឿងដែលខ្ញុំសុបិន្តកន្លងមក គឺរាល់ទឹកភ្នែករបស់ម៉ាក់ដែលខ្ញុំប្រទះ និងសេចក្តីស្រឡាញ់ដែលខ្ញុំទទួលបានពីគាត់។
តើការយល់សប្តិទាំងនោះអាចជាការពិតដែរទេ?
ភាគ១៤
“ហឺហឺ…”
លីនកំពុងតែអង្គុយធ្វើភ្នែកម៉ក់ៗនៅលើគ្រែ។ នៅចំពោះមុខនាង មាននារីម្នាក់ដែលអង្គុយរាបនឹងឥដ្ធការូ ក្រាបមុខលើគ្រែ យំផ្ទប់សម្លេងនឹងពូកលឺសូរងូ៉វៗ។
លីននៅតូចណាស់ មិនអាចយល់ពីទុក្ខលំបាករបស់ម្តាយខ្លួនបានទេ នាងបានត្រឹមអង្គុយបៀមដៃ បើកភ្នែកភ្លឹះៗមើលមកអ្នកម៉ាក់ដែលយំឥតឈប់ឈរ។
មួយសន្ទុះក្រោយមក មុខក្រហមព្រឿងៗ ជាមួយទឹកភ្នែកដាមពេញផ្ទៃមុខ បានងើបឡើងសម្លឹងមើលកូនតែម្នាក់របស់ខ្លួន បែបគ្មានព្រលឹងក្នុងខ្លួនបន្តិចសោះ។
ក្នុងចិត្តនាងប្រេះស្រាំអស់ហើយ តែកូនតូចនៅចំពោះមុខនេះបីដូចជាពន្លឺតែមួយគត់ ដែលអាចបំភ្លឺផ្លូវក្នុងជីវិតនារីដ៏កំសត់ម្នាក់នេះម្តងទៀតបាន។
“លីនកូនម្តាយ!” នាងនិយាយដោយថ្នមៗមកកាន់កូន។
“ម៉ាម៉ា!” លីនសប្បាយចិត្តណាស់ ពីព្រោះទីបំផុតម្តាយនាងនិយាយស្តីមកកាន់នាងតូចហើយ។ លីនរៀបនឹងវារចូលទៅឱបម្តាយទៅហើយ តែរំពេចនោះ អ្នកជាម្តាយបានចាប់នាងតូចឱ្យអង្គុយនៅចំពោះមុខខ្លួន ហើយនិយាយជាមួយនាង ហាក់បីដូចជាកូនង៉ានេះអាចស្តាប់យល់សម្តីរបស់ខ្លួនអញ្ចឹង។
“កូនត្រូវចាំណា... មិនថាកាលៈទេសៈណាក៏ដោយ ពួកយើងនឹងនៅជាមួយគ្នារហូត… ចាប់ពីពេលនេះតទៅ ពួកយើងមានតែពីរនាក់ម្តាយកូននោះទេ...”
និយាយចប់ត្រឹមនេះ ទឹកភ្នែកអ្នកម្តាយក៏បាក់ទំនប់មកជាថ្មីម្តងទៀត ហើយនាងទាញកូនមកឱប ដើម្បីរំសាយនូវការឈឺចាប់ទាំងឡាយ។
ភាគ១៥
ខ្ញុំបើកភ្នែកឡើង ចេញពីសុបិន្តដ៏ឈឺចាប់ជាថ្មីម្តងទៀត។ បន្ទាប់ពីជូតទឹកភ្នែកនៅលើមុខខ្ញុំរួច ខ្ញុំមានអារម្មណ៍ធូរស្បើយបន្តិច ដោយដឹងថារឿងដែលខ្ញុំជួបអម្បាញ់មិញនេះ គ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ។ វាហាក់បីដូចជាការពិតអញ្ចឹង ដែលធ្វើឱ្យខ្ញុំទទួលអារម្មណ៍ឈឺចាប់ក្រៃលែង។
ភ្លាមនោះ ខ្ញុំលឺសម្លេងទឹកសមុទ្របក់បោក ក្រៅផ្ទះបង់ហ្គាឡូនៅលើឆ្នេរខ្សាច់។ ត្រូវហើយ ខ្ញុំនៅតំបន់សមុទ្រជាមួយម៉ាក់ខ្ញុំនៅឡើយទេ។ ខ្ញុំទាញខ្លួនងើបជាមួយសម្លេងដង្ហក់តិចៗចេញពីដង្ហើម។
នេះខ្ញុំគេងយំខ្លាំងឬបានជាដង្ហក់ដល់ថ្នាក់នេះ?
ខ្ញុំដកដង្ហើមធំមួយ ដើម្បីសម្រួលអារម្មណ៍ រួចសម្លឹងទៅក្រៅជញ្ជាំងកញ្ចក់ដែលនៅពីមុខគ្រែខ្ញុំនេះ។ ខ្ញុំឃើញសមុទ្រដ៏ធំល្វឹងល្វើយ គ្មានកោះត្រើយ ជាមួយមេឃដ៏ភ្លឺស្រឡះនាពេលព្រឹកព្រលឹម។ ហើយនៅជិតឆ្នេរនោះ មានស្ត្រីម្នាក់ដែលឈរឱបដៃសម្លឹងទៅឆ្ងាយ ហាក់កំពុងរំសាយអារម្មណ៍តាមខ្យល់ ដែលបក់ប៉ះសក់រំភើយៗរបស់គាត់។
ខ្ញុំងើបចុះពីគ្រែយឺតៗ ហើយទាញទ្វារកញ្ចក់បើក រួចដើរសន្សឹមៗទៅជិតម៉ាក់។ នៅគ្រានេះ អារម្មណ៍ខ្ញុំចំពោះម៉ាក់គឺខុសពីពេលណាៗទាំងអស់។
“ម៉ាក់!”
ម៉ាក់ងាកមករកខ្ញុំ ហើយជ្រួញចញ្ចើម ពេលឃើញសភាពខ្ញុំពេលនេះ។ មុខខ្ញុំដាមដោយទឹកភ្នែក សក់រញ៉េរញៃ ហើយរំពេចនោះ ខ្ញុំស្រាប់តែចូលទៅឱបគាត់ រួចយំលឺៗ។
“កើតអី លីន?” ម៉ាក់សួរមកខ្ញុំទាំងចម្លែកចិត្ត។
“ហឺហឺ...” ខ្ញុំមិនបានតបគាត់ទេ ហើយយំរឹតតែខ្លាំងឡើងៗ។
“អារម្មណ៍មិនល្អទាំងព្រឹក កូននេះ!” គាត់និយាយដោយលើកដៃមកអង្អែលក្បាលខ្ញុំតិចៗ។
ខ្ញុំមិនដឹងថាខ្ញុំយំដោយសារអ្វីឱ្យប្រាកដដូចគ្នា ដឹងត្រឹមថា ខ្ញុំឈឺចាប់ជំនួសម៉ាក់ជាទីបំផុតនៅពេលនេះ។ មិនថា ការយល់សុបិន្តរបស់ខ្ញុំជាការពិតឬមិនមែន អ្វីដែលខ្ញុំដឹងគឺម៉ាក់ប្រាកដជាធ្លាប់ឆ្លងកាត់រឿងរ៉ាវឈឺចាប់ជាច្រើនក្នុងជីវិតអាពាហ៍ពិពាហ៍ពីអតីតកាល ដែលនាំឱ្យគាត់ក្លាយជាម្តាយផង ជាឪពុកផងសម្រាប់ខ្ញុំមកដល់សព្វថ្ងៃនេះ។ ខ្ញុំមិនដែលគិតដល់រឿងនេះពីមុនមកទេ...
អតីតកាលរបស់ម៉ាក់!
ភាគ១៦
“ឯងប្រាប់យើងបានឬនៅថាព្រឹកមិញនេះយំរឿងអី?” ម៉ាក់សួរខ្ញុំកំឡុងពេលយើងជិះឡានត្រឡប់ពីតំបន់សមុទ្រវិញ។ ខ្ញុំអង្គុយឱបជើងឡើង សម្លឹងមើលផ្លូវក្រវ៉ាត់ក្រវែងនៅចំពីមុខពួកយើងនេះ ដែលអមដោយព្រៃភ្នំម្ខាងនិងសមុទ្រម្ខាង។
ខ្ញុំដកដង្ហើមធំមួយហើយនិយាយឡើង៖
“ម៉ាក់! ខ្ញុំមិនទៅរៀនស្រុកគេទេ!”
ភ្លាមនោះ ម៉ាក់ងាកមកមើលមុខខ្ញុំភ្លឹះៗ បែបចម្លែកចិត្តជាលើកទីពីរ។
“ម៉ាក់! មើលផ្លូវម៉ាក់!” ខ្ញុំភ័យឡើង ពេលម៉ាក់សម្លឹងខ្ញុំរាងយូរបន្តិច ព្រោះម៉ាក់កំពុងបើកឡានផង ក្រែងលោគាត់ភ្ញាក់ផ្អើលដោយសារពាក្យខ្ញុំពេក។
“យើងតាមឯងមិនទាន់ទេ លីន!” គាត់និយាយទាំងក្រវីក្បាលតិចៗ ពេលងាកទៅសម្លឹងមើលផ្លូវវិញ។
“ខ្ញុំសម្រេចចិត្តរួចហើយ…”
“ហេតុអី?” គាត់សួរទាំងលើកចិញ្ចឹមមកខ្ញុំ។
“ខ្ញុំចង់ចេញធ្វើការនៅខ្មែរតែម្តង!” ខ្ញុំតបបែបរដិបរដុប។
“ហេតុអី?” គាត់សួរទៀត។
“ព្រោះនៅខ្មែរមានអារម្មណ៍កក់ក្តៅជាង...” ខ្ញុំឆ្លើយទាំងបុកពោះឡើង ព្រោះម៉ាក់សួរបែបដេញដោលខ្ញុំ។
គាត់រាងស្ងាត់បន្តិចមុននឹងសួរខ្ញុំម្តងទៀត៖
“ហេតុអី?”
“ម៉ាក់សួរហេតុអីដល់ណាទៀត?” ខ្ញុំរកនឹកពាក្យកុហកឡើងមកទៀតលែងបាន ក៏សួរម៉ាក់វិញ។
“ឯងមិនមែនរំភើបនឹងយើងធ្វើអីប្លែកៗសម្រាប់ឯងថ្មីៗនេះ ហើយលែងចង់ទៅរៀនស្រុកគេឯណាអី?”
“ម៉ាក់ធ្វើអីខ្លះអញ្ចេះ? ខ្ញុំភ្លេចអស់ហើយ!” ខ្ញុំតបបែបមើលមេឃមើលផ្កាយក្រៅបង្អួចឡាន។
ខ្ញុំព្យាយាមនិយាយលេងជាមួយគាត់ ដែលខ្ញុំមិនដែលធ្វើពីមុនមកនោះទេ។ គាត់ប្លែកចិត្តជាលើកទីបីនៅព្រឹកនេះ ដោយសារខ្ញុំនិយាយកំប្លែងជាមួយគាត់។
នេះជាលើកដំបូងហើយ ដែលខ្ញុំមានអារម្មណ៍ថា ក្នុងចិត្តខ្ញុំទូលាយល្វឹង។ បេះដូងខ្ញុំគ្មានការទាមទារអ្វីទៀតនោះទេ។ ប្រហែលជាខ្ញុំចាប់ផ្តើមធំ ចេះគិតគូរហើយទេដឹង?
ភាគបញ្ចប់
១ ឆ្នាំកន្លងផុតទៅ…
ក្រោកៗ...
សម្លេងឆាម្ហូបបន្លឺឡើង នៅពេលស្ត្រីចំណាស់ម្នាក់ឈានជើងចេញពីបន្ទប់ឡៅតឿ ចុះជណ្តើរមកកាន់ផ្ទះបាយ។ ពេលដែលគាត់ឃើញកូនស្រីតែមួយគត់របស់គាត់ ស្ថិតក្នុងឈុតអ្នកធ្វើការ កំពុងឈរធ្វើម្ហូបអាហារយ៉ាងស្វាហាប់ជារៀងរាល់ព្រឹក គាត់រំភើបក្នុងចិត្តណាស់។ គាត់ដើរទៅជិតកូនស្រីស្ងាត់ៗ ហើយដាក់ដៃអង្អែលក្បាលនាងថ្នមៗ ដោយស្នាមញញឹមស្រទន់។
“ភ្ញាក់ល្មម! ម្ចាស់ក្សត្រីអាចប្រញាប់យាងទៅសម្អាតកាយា ដើម្បីមកសោយអាហារពេលព្រឹកបានហើយ!” លីនតបជាមួយទឹកមុខក្រមិចក្រមើមដាក់ម្តាយខ្លួន ហើយបន្តឆាម្ហូបទៀត។
“បានសម្តីណាស់នាងតូច!”
សុបិន្តដែលលីនប្រមើលឃើញក្នុងរយៈពេលបីថ្ងៃនោះបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាង។ ជញ្ជាំងដ៏សែនធំដែលនៅពាំងកណ្តាលទំនាក់ទំនងរបស់ម្តាយកូនទាំងពីរនាក់ត្រូវបានរំលាយ។ ក្រោយពីលីនបានបោះបង់ចោលការសិក្សាបន្តនៅឯស្រុកគេរួច នាងចេញធ្វើការនៅស្រុកខ្មែរតែម្តង ហើយនាងតែងងើបពីព្រលឹម ដើម្បីធ្វើអាហារពេលព្រឹកឱ្យម្តាយនាងបរិភោគ។ នាងតែងព្យាយាមបង្កើតស្នាមញញឹមនៅលើផ្ទៃមុខអ្នកម្តាយជារៀងរាល់ថ្ងៃតាមដែលអាចធ្វើបាន។ ផ្ទះមួយដ៏សែនស្ងៀមស្ងាត់ ប្រែជាមានសម្លេងសើចជារឿយៗរវាងម្តាយនិងកូននេះ។
សុបិន្តដែលនាំលីនទៅអតីតកាលនោះ មិនបានបកស្រាយរឿងរ៉ាវច្បាស់លាស់ដល់នាងឡើយ តែអ្វីដែលនាងអាចទទួលបានពីសុបិន្តទាំងនោះ គឺអារម្មណ៍ឈឺចាប់ដែលម្តាយនាងធ្លាប់ឆ្លងកាត់ពីអតីតកាលមក ដែលធ្វើឱ្យគាត់ក្លាយជាម្តាយម្នាក់ ដែលហាក់អស់សង្ឃឹមក្នុងជីវិត ហើយពុំអាចផ្តល់ក្តីស្រឡាញ់ដល់កូនបានល្អ ព្រោះជីវិតម្តាយម្នាក់នេះក៏ខ្វះសេចក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួនដូចគ្នា។ សូម្បីតែលីនផ្ទាល់ នាងសោកស្តាយដែលតែងទាមទារការយកចិត្តទុកដាក់ពីម្តាយ តែមិនបានផ្តល់សេចក្តីស្រឡាញ់ដល់ម្តាយវិញនោះទេ។
សុបិន្តនោះ បានកែប្រែនាងពីក្មេងស្រីម្នាក់ដែលតែងទាមទារក្តីស្រឡាញ់ពីម្តាយ មកជានារីម្នាក់ដែលផ្តល់ក្តីស្រឡាញ់ដល់ម្តាយវិញ។ ក្នុងឱកាសដែលនាងរៀនចប់មហាវិទ្យាល័យហើយនោះ នាងសម្រេចចិត្តថា នាងគួរតែចំណាយពេលវេលាជាមួយអ្នកម្តាយឱ្យបានច្រើនវិញ ពីព្រោះពេលវេលាមិនរង់ចាំយើងនោះទេ។ មិនថាអតីតកាលរបស់ម៉ាក់យ៉ាងណា លីនពុំអាចផ្លាស់ប្តូរបានឡើយ តែអ្វីដែលនាងអាចផ្លាស់ប្តូរបានគឺ បច្ចុប្បន្នកាលដែលលីនមានជាមួយអ្នកម្តាយ។
ចប់
វាចារអ្នកនិពន្ធ
រឿង អតីតកាលរបស់ម៉ាក់ គឺជារឿងមួយដែលផ្តួចផ្តើមឡើងពីសុបិន្តរបស់ខ្ញុំផ្ទាល់។ ខ្ញុំមិនចងចាំសុបិន្តរបស់ខ្លួនរាល់លើកនោះទេ តែសុបិន្តនៅយប់មួយនោះ បានដិតដាមក្នុងចិត្តខ្ញុំជាច្រើនថ្ងៃ ដោយសារតែអារម្មណ៍ឈឺចាប់ដែលខ្ញុំទទួលបានពីវា។ ទីបំផុត ខ្ញុំក៏អាចដាក់អារម្មណ៍នោះក្នុងការតាក់តែងសាច់រឿងនេះឡើងមក។ សូមអរគុណសម្រាប់ការចំណាយពេលអានមកដល់ត្រឹមនេះ។ ពេលវេលានិងទឹកចិត្តរបស់អ្នកពិតជាមានតម្លៃសម្រាប់ខ្ញុំមែនទែន។ សង្ឃឹមថាអ្នកអានទាំងអស់គ្នាចូលចិត្តនិងស្រឡាញ់ស្នាដៃនិពន្ធទីពីររបស់ខ្ញុំនេះ។ រីករាយបុណ្យទិវាអ្នកម្តាយ!
Share this post
- 0 comment
- Tags: book, Books, cambodia, ebook, ebooks, fiction, Khmer, khmer book online, khmer novel, khmer novel blog, khmer online book, kindle, kindle readers, novel, novel in khmer, novel khmer free reading, read khmer book online, reader, readers, reading, កូនឈើ, អតីតកាលរបស់ម៉ាក់