លោក Bill Gates ណែនាំសៀវភៅចំនួន ៥ក្បាលសម្រាប់អ្នកអានរាល់គ្នា ក្នុងរដូវកាលឈប់សម្រាកនាឆ្នាំ២០២១នេះ
Posted by Team GooShop on
លោក Bill Gates យល់ឃើញថា អ្នកអានគួរផ្តោតលើសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រអោយបានច្រើន។
នៅថ្ងៃច័ន្ទនេះ លោក Gates បានបង្ហាញនូវបញ្ជីសៀវភៅរបស់គាត់ សម្រាប់អានក្នុងរដូវកាលឈប់សម្រាកប្រចាំឆ្នាំនេះ រួមជាមួយ blog post មួយដែលគាត់បានរៀបរាប់ពីមូលហេតុដែល ក្នុងចំណោមសៀវភៅទាំង៥ក្បាលដែលគាត់បានជ្រើសរើស មានសៀវភៅ២ក្បាលគឺជាប្រភេទសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ គាត់បានសរសេរថា កាលពីគាត់ស្ថិតក្នុងកុមារភាព គាត់ពិតជា «ឈ្លក់វង្វេង» ក្នុងការអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្ត្រណាស់។ ហើយទោះបីជាអ្នកចូលចិត្តអានវ័យចំណាស់ដូចជាគាត់ ផ្តោតច្រើនទៅលើការអានសៀវភៅបែបមិនប្រឌិតក៏ដោយ ថ្មីៗនេះលោក Gates សង្កេតឃើញថា ខ្លួនលោកត្រលប់មកអានសៀវភៅរឿងប្រឌិតបែបវិទ្យាសាស្រ្តវិញ ដែលជាប្រភេទសៀវភៅគាត់ស្រឡាញ់កាលពីកុមារភាព។
លោកមហាសេដ្ឋីរូបនេះបានសរសេរថា នៅក្នុងយុវវ័យរបស់គាត់ គាត់បានអានស្នាដៃនិពន្ធរបស់ Edgar Rice Burroughs និង Robert Heinlein ហើយលោកក៏បានចំណាយពេលច្រើនរាប់មិនអស់ ដើម្បីពិភាក្សាអំពីសៀវភៅប្រលោមលោក ‘Foundation’ ទាំងបីវគ្គរបស់លោក Isaac Asimov។ ការពិភាក្សានេះគឺធ្វើឡើងជាមួយលោក Paul Allen ដែលសព្វថ្ងៃនេះបានទទួលមរណភាពទៅហើយ ហើយលោកជាមិត្តវ័យកុមារភាពរបស់លោក Gates ក៏ដូចជាសហស្ថាបនិកនៃក្រុមហ៊ុន Microsoft ផងដែរ។
ឆ្នាំនេះ សៀវភៅដែលលោក Gates ណែនាំក្នុងការអានក្នុងរដូវកាលឈប់សម្រាកនេះ មានរួមបញ្ចូល សៀវភៅរឿងបែបវិទ្យាសាស្ត្រសម័យទំនើបចំនួន២ក្បាលដែល «ធ្វើអោយខ្ញុំគិតអំពីរបៀបដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆ្លើយតបទៅកាន់បញ្ហានានា»។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ព្រោះលោក Gates បានចំណាយពេលជាច្រើនកាលពីឆ្នាំមុនៗ ក្នុងការខិតខំផ្សព្វផ្សាយពីតម្រូវការនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកដោះស្រាយបញ្ហានៃការបម្រែបម្រួលអាកាសធាតុ។ នៅខែកុម្ភៈ គាត់បានចេញផ្សាយសៀវភៅរបស់គាត់ ដែលទាក់ទងទៅនឹងប្រធានបទ «របៀបក្នុងការជៀសវាងគ្រោះមហន្តរាយអាកាសធាតុ»។
លើសពីនេះទៅទៀត លោក Gates ក៏បានណែនាំសៀវភៅបែបមិនប្រឌិតចំនួន២ក្បាលដែលទាក់ទងពី «ដំណាក់កាលចុងក្រោយបង្អស់នៃវិទ្យាសាស្ត្រ» និងសៀវភៅ១ក្បាលទៀតអំពីរឿងប្រឌិតបែបប្រវត្តិសាស្រ្តដែល «ធ្វើអោយខ្ញុំមើលឃើញពីជ្រុងថ្មីមួយទៀតនៃបុគ្គលល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត»។
ខាងក្រោមនេះជាបណ្តុំសៀវភៅទាំងប្រាំក្បាល ដែលលោក Gates ពេញចិត្តប្រចាំឆ្នាំនេះ ៖
1. 'Klara and the Sun' by Kazuo Ishiguro
2. 'Project Hail Mary' by Andy Weir
3. 'A Thousand Brains' by Jeff Hawkins
4. 'The Code Breaker' by Walter Isaacson
5. 'Hamnet' by Maggie O'Farrell
អត្ថបទដើម៖ https://cnb.cx/3DU8oIt